ព្រោះតែ​នឹករលឹក​នាង​ជា​សង្សារ​ពេក​ទើប​ជិះ​ម៉ូតូ​ទៅ​ទាំង​យប់​តែ​មិន​នឹក​ស្មានថា​កើតរឿង​នេះ​សោះ


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​អ្នក​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ ហើយ​មុន​ដំបូង​នឹក​ស្មានថា ជា​ជនអនាថា គ្មាន​ទីជម្រក​ដើរ​តែ​ដេក​គ្មាន​គោលដៅ លុះ​ពេល​ចូល​ទៅ​ដាស់​ឲ្យ​ភ្ញាក់​ហើយ​សួរនាំ​ទើប​គាត់​ប្រាប់​ថា គាត់​ពុំ​មែន​ជា​ជនអនាថា​ឡើយ តែ​គាត់​គឺជា​មេជាង​សំណង់​ម្នាក់ ។ ប៉ុន្តែ​គាត់​បាន​ផឹកស្រា​ជុំ​មិត្តភក្ដិ​រហូត​ដល់​ស្រវឹង​ក៏​បាន​ជិះ​ម៉ូតូ​១​គ្រឿង ទៅ​លេង​សង្សារ​នៅ​ឯ​ខេត្តតាកែវ​ទាំង​យប់ ខណៈនោះ​ស្រាប់តែ​ជួប​ចោរ​១​ក្រុម​ធាក់​ផ្ដួល​ប្លន់​យក​ម៉ូតូ និង​កាបូប​លុយ​ទៅ​បាត់ ។

ក្រោយមក​គាត់​មិន​អាច​បន្តដំណើរ​ទៅ​មុខ ឬ​ត្រឡប់​ក្រោយ​បាន​ឡើយ ម្យ៉ាង​បាន​រង​របួស​ផង និង​ស្រវឹង​ផង​នោះ​ក៏​បាន​ដេក​នៅ​នឹង​កន្លែង​កើតហេតុ​នោះ រួច​ហើយ​ក៏​លង់លក់​រហូត​ដល់​ភ្លឺ​បែប​នេះ​តែ​ម្ដង ។ ប៉ុន្តែ​ចំពោះ​ករណី​មួយ​នេះ លោក ម៉​ន វុ​ធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​និយាយ​តាម​ប្រព័ន្ធ​WatsApp ជា​ចំហ​រថា «​មិន​ទាន់​ច្បាស់លាស់​ថា ត្រូវ​ចោរ​ធាក់​ប្លន់ ឬ​ស្រវឹងស្រា​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួន និង​ដេក​លក់​ហើយ​ត្រូវ​គេ​យក​ម៉ូតូ​ទៅ​បាត់​ក៏​អត់​ដឹង​ដែរ ដូច្នេះ​មិនដឹង​ថា ជា​រឿង​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ ព្រោះ​ពេល​នាំ​ទៅ​សាកសួ​បំភ្លឺ​បុរស​នោះ​និយាយ​អត់​ដឹង​ថា ម៉ូតូ​ទៅ​ណា​ទេ ហើយ​ក៏​អត់​ទាន់​ប្ដឹង​ដែរ ប្ដឹង​អី​បើ​អត់​ដឹង​ថា ម៉ូតូ​ត្រ​វ​គេ​លួច ឬ​ក៏​ត្រូវ​បងប្អូន​យក​ទៅ​ផង​នឹង​» ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​យប់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង​លេខ​១ ហៅ​ផ្លូវ​តា​កន ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ លុះ​រហូត​ដល់​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៨ ខែមករា​នេះ ទើប​អ្នក​ភូមិ​ប្រទះ​ឃើញ​គាត់​ដេក​នៅ​លើ​ចិញ្ចើម​ផ្លូវត្រង់​ចំណុច​ខាងលើ​ក៏​បាន​ដាស់​សាកសួរ​នាំ​ទើប​គាត់​ដឹង​ថា គេ​យក​ម៉ូតូ​កាបូប​លុយ​បាត់​អស់​ផ្អើល​ឆោឡោ​រាយការណ៍​ទៅ​សមត្ថកិច្ច ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្តែង ។

បុរស​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​អ្នក​ភូមិ​ជួយ​លើក​នាំ​យក​ទៅ​ឲ្យ​អង្គុយ​រួច​យក​ទឹក​ឲ្យ​លុបមុខ និង​ឲ្យ​ផឹក​ភេសជ្ជៈ​រហូត​ដល់​ស្វាង​ទើប​សាកសួរ​មុន​ពេល​ប្រគល់​ជូន​នគរបាល ហើយ​គាត់​បាន​និយាយ​ថា គាត់​មានឈ្មោះ យឹ​ម វិទូ អាយុ​៣២​ឆ្នាំ មុខរបរ​មេជាង​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ​ក្រុង​ព្រៃវែង ខេត្តព្រៃវែង ។ នៅ​វេលា​យប់​ថ្ងៃ​ទី​១៧ ខែមករា គាត់​បាន​ផឹកស៊ី​ជួបជុំ​មិត្តភក្ដិ​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ លុះដល់​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ដដែល​ទើប​ឈប់​ផឹក ហើយដោយ​មានការ​នឹករលឹក​នាង​ជា​សង្សារ​ពេក ទើប​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ស៊េរី​ឆ្នាំ​២០១៩ មិន​ចាំ​ស្លាក​លេខ​ចេញពី​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឆ្ពោះទៅ​កាន់​ផ្ទះ​មិត្ត​នាង ស្ថិត​នៅ​ឯ​ផ្សារ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

បុរស​នោះ​បាន​បន្ត​ទៀត​ថា ខណៈនោះ​គាត់​ជិះ​តែ​ម្នាក់​ឯ​ប៉ុណ្ណោះ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ចោរប្លន់​១​ក្រុម​ជិះ​ម៉ូតូ​ដេញ​តាម​ធាក់ បណ្តាល​ឲ្យ​គាត់​ដួល​ម៉ូតូ​រង​របួស រួច​ហើយ​ក្រុម​ចោរ​ដណ្តើម​យក​ម៉ូតូ និង​យក​កាបូប​លុយ​គេច​ទៅ​បាត់​ស្រមោល ។ ពេល​នោះ​ដោយសារ​តែ​របួស​ផង និង​ស្រវឹង​ផង ម្យ៉ាង​នៅ​ទីនោះ​ក៏​ស្ងាត់​ទៀត​គាត់​មិន​អាច​បន្តដំណើរ​ទៅ​មុខ ឬ​ក៏​ត្រឡប់​ក្រោយ​វិញ​បាន​ឡើយ ទើប​ដេក​នៅ​លើ​ចិញ្ចើម​ផ្លូវ ហើយ​ក៏​បាន​លង់លក់​រហូត​ដល់​ភ្លឺ​តែ​ម្ដង ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ