ហៅ​ឲ្យ​ទៅ​ពិនិត្យ​មើល​ប្រព័ន្ធ GPS ដូច​ហៅ​ឲ្យ​ទៅ​លួច​រថយន្ត


រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់ ម្ដាយ និង​កូនស្រី​បាន​ទំនាក់ទំនង​ទៅ​ខាង​ក្រុមហ៊ុន​ប្រព័ន្ធ GPS មួយ​ដែល​ពួក​គាត់​ធ្លាប់​ហៅ​ឲ្យ​ជួយ​ត​ភ្ជាប់​ប្រព័ន្ធ​នេះ ដើម្បី​ឲ្យ​មក​ជួយ​ពិនិត្យ​មើល​ប្រព័ន្ធ GPS ដែល​បំពាក់​ក្នុង​រថយន្ត​ថ្មី​មួយ​គ្រឿង​ទៀត ។ លុះ​ក្រោយ​ពី​ការ​ទំនាក់ទំនង​រួច ខាង​ក្រុមហ៊ុន​ខាងលើ​បាន​ចាត់​បញ្ជូន​ជាង​ម្នាក់​មក​ត្រួតពិនិត្យ​រថយន្ត​នោះ​ដល់​ផ្ទះ​របស់​គាត់ ប៉ុន្តែ​អ្វី​ដែល​មិន​នឹក​ស្មាន​ដល់​នោះ គឺ​ដូច​ជា​បញ្ជូន​ចោរ​ឲ្យ​ទៅ​លួច​រថយន្ត​ទៅ​វិញ ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមករា​នេះ នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ

ជនសង្ស័យ​ខាងលើ​ឈ្មោះ ខន ពន្លក អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត នៅ​ខេត្តកំពង់ចាម ជន​នេះ​បាន​លួច​យក​រថយន្ដ​១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស NX200T ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-6695 ដែល​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ឈ្មោះ សាញ់ ចិន្តា អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ និង​កូនស្រី​ឈ្មោះ សន ស៊ីវ​ហុង អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ ហើយ​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប៉ុន្តែ​ទោះជា​បែប​ណា​ជាង​ដែល​មានគំនិត​ជា​ចោរ​នេះ ក៏​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​អស់ហើយ មិនតែប៉ុណ្ណោះ​ជនសង្ស័យ​ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន​ប្រព័ន្ធ GPS មួយ​ផ្សេង​ទៀត ហើយ​ធ្លាប់​លួច​យក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 ១​គ្រឿង​របស់​អតិថិជន​បាន​សម្រេច​ម្តង​រួច​ហើយ​ដែរ ។ បន្ទាប់​មក​បាន​ចេញពី​ក្រុមហ៊ុន​ចាស់​នោះ​មក​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ថ្មី​នេះ រួច​ក៏​បាន​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស NX200T នេះ​ទៀត ។ ក្រោយ​ពេល​កើតរឿង​បែប​នេះ​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​ម្តាយកូន​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ដាក់​ពាក្យបណ្ដឹង និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ពេញ​១​រាជធានី​ភ្នំពេញ​ទាំង​ព្រឹក ។

មន្ត្រី​នគរបាល​ម្នាក់​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន GPS មួយ​នេះ គឺជា​ម៉ូយ​របស់​ស្ត្រី​រង​គ្រោះ​ដែល​កន្លង​មក​ពួក​គាត់​ធ្លាប់​ហៅ​ឲ្យ​ទៅ​ភ្ជាប់​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព​នេះ នៅ​ក្នុង​រថយន្ត​របស់​ពួក​គាត់​ចំនួន​៤​គ្រឿង​រួច​មក​ហើយ ។ ដោយឡែក​កាលពី​ជាង​១​ខែ​មុន ពួក​គាត់​បាន​ឲ្យ​ដាក់​រថយន្ត​ទី​៥​ម៉ាក​ឡិច​ស៊ី​ស NX200T ទៀត ប៉ុន្តែ​ក្នុង​ពេល​ថ្មី​ៗ​នេះ​រថយន្ត​មាន​បញ្ហា​ផ្នែក​ប្រព័ន្ធ​ភ្លើង ហើយ​ពួក​គាត់​មានការ​សង្ស័យ​ថា ក្រែង​បណ្ដាល​មក​ពី​ការ​ភ្ជាប់​ប្រព័ន្ធ​តាមដាន GPS នេះ​មិនល្អ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស ទើប​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​ខាង​ក្រុមហ៊ុន​ឲ្យ​ជួយ​ពិនិត្យ​មើល​ឡើង​វិញ ។

ក្រោយមក​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា​នេះ ខាង​ក្រុមហ៊ុន​បាន​ចាត់​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ខន ពន្លក ទៅ​ធ្វើការ​ត្រួតពិនិត្យ​និង​កែសម្រួល​ឡើង​វិញ ហើយ​មុន​ដំបូង​ជន​រង​គ្រោះ​ទាំង​២​នាក់​ម្ដាយ និង​កូនស្រី​បាន​នៅ​មើល​ជនសង្ស័យ​ត្រួតពិនិត្យ ប៉ុន្តែ​ក្រោយមក​ដោយ​យូរ​ពេក​ហើយ​មានការ​រវល់​ផង កូនស្រី​បាន​ប្រាប់​ឲ្យ​ម្ដាយ​នៅ​មើល​ជាង​បន្ទាប់​មក​នាង​បាន​ចាកចេញ​ទៅ​លក់ដូរ​នៅ​ឯ​សន្ធរ​ម៉ុ​ក​បាត់​ទៅ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ដែល​ស្ត្រី​ជា​ម្ដាយ​ជាប់រវល់​តែ​មើល​កម្មករ​លើកដាក់​ឥ​វ៉ា​ន់​ភ្លេចខ្លួន ម្យ៉ាង​អាង​ថា ក្រុមហ៊ុន​ប្រព័ន្ធ GPS​នេះ គឺជា​ម៉ូយ​ស្រាប់​កន្លង​មក​ហៅ​ដាក់​រថយន្ត​៤​គ្រឿង​ហើយ​មិន​ដែល​មាន​បញ្ហា​ផង​នោះ ទើប​មិន​មានការ​សង្ស័យ​អ្វី​ឡើយ ។ មិនតែប៉ុណ្ណោះ ខណៈនោះ​ក៏​បានឃើញ​ជនសង្ស័យ​បើករថយន្តរ​យ៊ែ​ទៅ​មុខ ថយក្រោយ​ចុះឡើង​ៗ​ដែរ តែ​នឹក​ស្មានថា បើក​សាក​លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​បើក​ចេញ​ទៅ​បាត់​មិន​ត្រឡប់​ក្រោយ​ទើប​ឲ្យ​ប្រើ​ឲ្យ​កម្មករ​ជិះ​ម៉ូតូ​តាម​មើល​ដែរ​តែ​តាម​មិន​ទាន់​ឡើយ ។ បន្ទាប់​មក​បាន​នាំ​គ្នា​ឆែក​មើលរូប​ភាព​ក្នុង​កាមេរ៉ា​សុវត្ថិភាព ដើម្បី​យក​រូបភាព​ទៅ​ប្តឹង​នគរបាល ហើយ​រហូត​មក​ដល់​វេលា​រសៀល​ថ្ងៃ​ដដែល កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ​សែន​ជ័យ និង​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​ម្ដាយ និង​កូន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុមហ៊ុន GPS ដែល​ស្ថិត​នៅ​ក្បែរ​សាលា​ទិច​ណូ ដើម្បី​សុំ​ឲ្យ​សហ​ការណ៍​ស្វែងរក​ជនសង្ស័យ​ខាងលើ​ផ្ដន្ទាទោស​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ