ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូត្រ ប៊ុ​ន​ធី និង​ខាំ ខ្លា​នាង ត្រៀមខ្លួន​រួច​រាល់​ប៉ះ​ថៃ​នៅ​ថ្ងៃអាទិត្យ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​កាលពី​ថ្ងៃ​សៅរ៍ សម្រាប់​ការ​ប្រកួត​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៩ មក​រា នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ក៏​មាន​វត្តមាន​កីឡាករ​កម្ពុជា និង​ថៃ​សរុប​ចំនួន​៤​រូប​ប៉ះ​គ្នា​ផង​ដែរ ។ កីឡាករ​កម្ពុជា​២​រូប​គឺ សូត្រ…

រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​កាលពី​ថ្ងៃ​សៅរ៍ សម្រាប់​ការ​ប្រកួត​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៩ មក​រា នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ក៏​មាន​វត្តមាន​កីឡាករ​កម្ពុជា និង​ថៃ​សរុប​ចំនួន​៤​រូប​ប៉ះ​គ្នា​ផង​ដែរ ។ កីឡាករ​កម្ពុជា​២​រូប​គឺ សូត្រ ប៊ុ​ន​ធី ដែល​ទើប​សម្រេចចិត្ត​ប្រើ​ឈ្មោះ​ពិត​សួន ចាន់​នី ជំនួស​វិញ និង​កីឡាករ ខាំ ខ្លា​នាង កំពុង​រង់ចាំ​ស្វាគមន៍​កីឡាករ​ថៃ​២​រូប​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា ។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ស្អែក​នេះ ត្រូវ​បាន​លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​២​រូប​ដែល​មានឈ្មោះ​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នោះ សួន ចាន់​នី គឺជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់​ដែល​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប៉ះ​គ្នា ដោយសារ​តែ​គេ​ទើប​ផ្ដួល​កីឡាករ​ជើង​ខ្លាំង​ថៃ​មួយ​ចំនួន​រួច​មក​ហើយ ។

បើ​ទោះជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អ​សម្រាប់​ការ​ប្រកួត​លើក​នេះ តែ​ម្នាក់​ៗ​នៅ​តែ​មាន​ទំនុកចិត្ត​ចំពោះ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ភាគច្រើន ។ គេ​ត្រូវ ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Fa Nimith ក្នុង​នាម​ជា​គូ​ឯក ហើយ​ភាគី​ម្ខាង​ៗ​ពិតជា​ចង់​ឈ្នះ​ខ្លាំង​ណាស់​ដោយសារ​អ្នក​ណា​ឈ្នះ​ក្រៅពី​បាន​មុខមាត់ និង​ទឹកប្រាក់​តម្លៃ​ខ្លួន​ខ្ពស់​ជាង​ក្នុង​នាម​ជា​អ្នក​ឈ្នះ​ក៏​បាន​ទទួល​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ជាង​មុន​បន្ថែម ។ ប៉ុន្តែ​បើ​ការ​ប្រកួត​នេះ បែរជា​ចាញ់​ព្រោះតែ​ប្រកួត​មិន​បាន​ល្អ​វិញ​មិន​ខុស​ពី​ត្រូវ​បាក់មុខ និង​រង​ការ​រិះគន់​ពី​អ្នកគាំទ្រ​នោះ​ទេ​។

លោក​ជឿជាក់​ថា កីឡាករ​កម្ពុជា​គូ​នេះ​នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ហើយ​ពិតជា​បើក​ការ​ប្រកួត​មិន​លាក់​ដៃ​ដើម្បី​ជៀស​ផុត​ពី​ការ​រិះគន់​ណាមួយ​មិន​ខាន​។ អ៊ីចឹង​ហើយ​ទើប​លោក​យល់​ថា ជំនួប​រវាង​ជើង​ខ្លាំង សួន ចាន់​នី ឬ​សូត្រ ប៊ុ​ន​ធី ជាមួយ​កីឡាករ​ថៃ​ជា​ដៃគូ​នឹង​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ដោយសារ​តែ​ភាគី​ខាង​ណា​ក៏​មិន ចង់​បាក់មុខ ។

យោង​តាម​ប្រវត្តិ​ប្រកួត​លោក​ថា កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​១១០​លើក ឈ្នះ​៨៤​លើក ចាញ់​២២​លើក និង​ស្មើ​៤​លើក ខណៈ​កីឡាករ​ថៃ​ប្រកួត​បាន​តិច​ជាង​គឺ​បាន​ត្រឹមតែ​៧៨​លើក ឈ្នះ​៦៣​លើក ចាញ់​១៤​លើក និង​ស្មើ​១​លើក តែ​គេ​ខ្លាំង​នា​ពេល​ចុង​ក្រោយ​ខណៈ​កីឡាករ​កម្ពុជា​រាង​ធ្លាក់ដៃ​ជាង​មុន​។

សម្រាប់​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​ទៀត គឺ​ខាំ ខ្លា​នាង ត្រូវ​គណៈកម្មការ​ផ្គូផ្គង​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​La Fan ក្នុង​នាម​ជា​គូ​រង​ឯក ។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​រូប​នេះ​នៅ​តែ​មាន​ក្រេ​ឌី​ត តែ​ពិបាក​ទុកចិត្ត​ពី​ភាព​ខ្លាំង​១០០​ភាគរយ ដោយសារ​កីឡាករ​ថៃ​ក៏​មាន​សមត្ថភាព​មិន ធម្មតា ។

លោក​យល់​ថា កីឡាករ​ថៃ​ជា​ដៃគូ​ខ្លាំង​ម្នាក់ តែ​គេ​ក៏​មិន​ទាន់​ប្រាកដ​ដូច​គ្នា​ថា​នឹង​ទទួល​បាន​ជ័យ​ជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ដែរ ដោយសារ​តែ​បទ​ពិសោធន៍​ប្រហាក់​ប្រហែល​គ្នា ។ កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​ផ្លូវការ​បាន​៩៥​លើក ឈ្នះ​៧៤​លើក ចាញ់​១៧​លើក និង​ស្មើ​៤​លើក ខណៈ​កីឡាករ​ថៃ​ប្រកួត​បាន​ដល់​៥៥​លើក ឈ្នះ​៤០​លើក ចាញ់​១៥​លើក និង​មិន​ដែល​ស្មើ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ