រាជធានីភ្នំពេញ ៖ វេទិការសភាអាស៊ីប៉ាស៊ីហ្វិកក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់» ដែលប្រទេសអូស្ត្រាលីបានធ្វើជាម្ចាស់ផ្ទះត្រូវបានបញ្ចប់ដោយស្ថាពរ ។ ជាក់ស្តែងសម្ដេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១៧ ខែមករានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាត្រឡប់ពីការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APPF) នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលីវិញដោយសុវត្ថិភាព និងជោគជ័យ ។
សម្តេចប្រធានរដ្ឋសភាត្រូវបានសភាប្រទេសអូស្ត្រាលីផ្តល់កិត្តិយសចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងបានថ្លែងសុន្ទរកថា គន្លឹះក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ ។ សភាប្រទេសអូស្ត្រាលី និងប្រតិភូដែលបានចូលរួមបានសម្តែង ការកោតសរសើរចំពោះសម្តេចដែលបានដឹកនាំសភាកម្ពុជារៀបចំកិច្ចប្រជុំ APPF លើកទី២៧ កាលពីឆ្នាំកន្លងទៅនៅខេត្តសៀមរាបបានទទួលជោគជ័យ ហើយជោគជ័យនៅកម្ពុជានោះធ្វើឲ្យការប្រជុំរបស់ APPF កាន់តែមានលក្ខណៈល្អប្រសើរឡើង ។
កំឡុងពេលចូលរួមកិច្ចប្រជុំនេះសម្តេចអគ្គមហាពញាចក្រី បានជួបពិភាក្សាការងារ ជាមួយប្រធានរដ្ឋសភាអូស្ត្រាលី ដើម្បីជំរុញទំនាក់ទំនងសភា និងស្នើសុំអូស្ត្រាលីជួយផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ក្នុងវិស័យពាណិជ្ជកម្មវិនិយោគ និងទេសចរណ៍ ។ ជាមួយគ្នានោះដែរ សម្តេចក៏បានស្នើសុំអូស្ត្រាលីផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ។ ក្រៅពីនេះសម្តេចប្រធានរដ្ឋសភាបានជួបពិភាក្សាការងារជាមួយលោកជំទាវប្រធានរដ្ឋសភាប្រទេសឡាវ លោកជំទាវអនុប្រធានរដ្ឋសភាប្រទេសវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរនិងបានផ្លាស់ប្តូរព័ត៌មានបច្ចុប្បន្នភាពពីគ្នាទៅវិញទៅមកក្នុងការជំរុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការល្អក្នុងនាមប្រទេសជិតខាង ។ ប្រតិភូសភាកម្ពុជាក៏បានចូលរួមនៅក្នុងគណៈកម្មាធិការព្រាងសេចក្តីប្រកាសរួមដោយបានផ្លាស់ប្តូរយោបល់ជាមួយសមាជិក APPF យ៉ាងផុលផុសផងដែរ ។
សូមជម្រាបថា កិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៨ បានបិទបញ្ចប់ដោយបានអនុម័តសេចក្តីសម្រេចចំនួន១៩ ដែលជាយន្តការមួយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់តួនាទីសភាក្នុងការពង្រឹងសន្តិភាព និងសន្តិសុខ ការពង្រឹងស្ថាប័នពហុភាគី ដើម្បីអនុវត្តពាណិជ្ជកម្មសេរី និងរួមគ្នាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឆ្ពោះទៅរកការរីកចម្រើនប្រកបដោយចីរភាព និងវិបុលភាពនៅក្នុងតំបន់ និងសកលលោក ។ កិច្ចប្រជុំ APPF លើកទី២៩ នឹងប្រារព្ធធ្វើនៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០២១ និងនៅព្រះរាជាណាចក្រថៃ ក្នុងឆ្នាំ២០២២ ។
APPF បានដំណើរការកិច្ចប្រជុំរបស់ខ្លួនក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់» ដោយមានគណៈប្រតិភូសភាជាសមាជិក APPF ចំនួន២០ប្រទេស និងប្រទេសសង្កេតការណ៍ចំនួន១០ មានចំនួនគណៈប្រតិភូជាង៣៥០នាក់ បានចូលរួមកិច្ចប្រជុំ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ