ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លៀក​បំពាក់​ក្នុង​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង​នឹង​អភិរក្ស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្លៀក​បំពាក់​ជន​រង​គ្រោះ​នៅ​មន្ទីរឃុំឃាំង​ស​-២១ បច្ចុប្បន្ន​ជា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង នឹង​ធ្វើការ​អភិរក្ស និង​រៀបចំ​ឯកសារ​កាតាឡុក ដោយ​ប្រើប្រាស់​ថវិកា​ចំនួន ៧៥០០០​ដុល្លារ​អា​មេ​រិ​ក​ ពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ។…

រាជធានីភ្នំពេញ ៖ សម្លៀក​បំពាក់​ជន​រង​គ្រោះ​នៅ​មន្ទីរឃុំឃាំង​ស​-២១ បច្ចុប្បន្ន​ជា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង នឹង​ធ្វើការ​អភិរក្ស និង​រៀបចំ​ឯកសារ​កាតាឡុក ដោយ​ប្រើប្រាស់​ថវិកា​ចំនួន ៧៥០០០​ដុល្លារ​អា​មេ​រិ​ក​ ពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ។

ពិធី​ចុះហត្ថលេខា​លើ​គម្រោង​មួយ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ រវាងឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក W. Patrick Murphy និង​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង ។ គម្រោង​ស្តី​ពី ការ​អភិរក្ស​វត្ថុ​ជាតិ​ពន្ធ នា​សតវត្ស​ទី​២០ ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែងដំណាក់កាល​ទី​២ នៅ​ភ្នំពេញ​” រំលេច​​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក​ ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​កម្ពុជា និង​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​ រវាង​អា​មេ​រិ​ក​ជាមួយ​អាជ្ញាធរ​នានា​របស់​កម្ពុជា ក្នុង​ការ​ចងក្រង​ឯកសារ​ស្តី​ពី​អំពើ​ឃោរ​ឃៅ​នៅ​សម័យ​ខ្មែរក្រហម​។

គម្រោង​នេះ អនុវត្ត​ដោយសារ​មន្ទីរ​ទួល​ស្លែង​ក្រោម​ជំនួយ​បច្ចេកទេស​របស់​លោកស្រី Julia Brennan​ជនជាតិ​អា​មេ​រិ​ក ដែល​ជា​អ្នកជំនាញ​ផ្នែក​ការងារ​អភិរក្ស​វាយ​ន​ភណ្ឌ នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ​។ លោកស្រី Julia​នឹង​ជួយ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​សារមន្ទីរ ឲ្យ​មាន​លទ្ធភាព​អាច​បន្តការងារ​គម្រោង​ដោយ​ខ្លួនឯង​បាន​ ។ គម្រោង​អភិរក្ស​វាយ​ន​ភណ្ឌ​នេះ នឹង​ផ្តោត​ទៅ​លើ​សិក្ខាសាលា​បណ្តុះបណ្តាល​ការ​អភិរក្ស ការ​កំណត់​ស្ថានភាព​វត្ថុ​សម្រាប់​អភិរក្ស ការ​ថែទាំ​វត្ថុ​ទូទៅ​ការ​រៀប​ចងក្រង​ឯកសារ​កាតាឡុក និង​ជ្រើសរើស​វត្ថុ​ពី​សុម​ច្ច័​យ​វាយ​ន​ភណ្ឌ​ជាង​៥០០០ ​ដែល​អាច​ដាក់​តាំង​បង្ហាញ​បាន​រយៈពេល​យូរ ។​

គម្រោង​នេះ​ ជា​គម្រោង​ដំបូង​គេ​បង្អស់​ដែល​ប្រើ​បច្ចេកវិទ្យា​នេះ​ សម្រាប់​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​។ កាលពី​ឆ្នាំ​២០១៧ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ទទួល​ថវិកា​ចំនួន ៥៥.៥០០​ដុល្លា​រអា​មេ​រិ​ក​សម្រាប់​ គម្រោង​អភិរក្ស​នា​ដំណាក់កាល​ដំបូង​ ។ គម្រោង​នេះ ជា​សមិទ្ធិ​ផល​ដំបូង​ដែល​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​ក្នុង​ការ​ចងក្រង​ឯកសារ និង​អភិរក្ស​សម្លៀក​បំពាក់​ជន​រង​គ្រោះ​មន្ទីរ​ស​-២១ ដែល​រក្សា​ទុក​នៅ​សារមន្ទីរ​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍ ​។

លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​អះអាង​ថា អស់​រយៈកាល​ជិត​៤០​ឆ្នាំ​កន្លង​មកនេះ សមុច្ច័យ​វត្ថុ​តាង​មួយ​ចំនួន​ប្រឈម​នឹង​ការ​ខូចខាត ជា​ពិសេស​គឺ​វាយ​ន​ភណ្ឌ ឬ​សម្លៀក​បំពាក់​និង​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផ្សេង​ៗ​។ ដោយ​មើលឃើញ​ពី​ស្ថានភាព​នៃ​ការ​ខូចខាត​សម្លៀក​បំពាក់​របស់​ជន​រង​គ្រោះ ក្រសួង​បាន​ខិតខំ​ស្វែងរក​ដៃគូរ​ដើម្បី​ផ្តល់​ថវិកា​ជំនួយ​និង​អ្នកជំនាញ​បច្ចេកទេស​។

លោក​ជំទាវ​បញ្ជាក់​ថា នា​អំឡុង​ដើមឆ្នាំ​២០១៤ ក្រសួង​បាន​ណែនាំ​អ្នកជំនាញ​អភិរក្ស និង​ជួសជុល​វាយ​ន​ភណ្ឌ​មក​ពី​សហរដ្ឋអាមេរិក គឺ​លោកស្រី ជូ​លា ប៊ី​ណិ​ន មក​ជួយ​សិក្សា វាយតម្លៃ និង​លើក​គម្រោង​សម្រាប់​ការ​អភិរក្ស​សមុច្ច័យ​សម្លៀក​បំពាក់​ទាំងនោះ​។ ជា​លទ្ធផល​មូលនិធិ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​សម្រាប់​អភិរក្ស​លើ​វិស័យ​សម្បត្តិ​វប្បធម៌ បាន​យល់ព្រម​ផ្តល់​ថវិកាចំនួន៥៥.៥០០ដុល្លា​រអា​មេ​រិ​ក ដើម្បី​ជួយ​គាំទ្រ​ដល់​ដំណើរការ​ជួសជុល​និង​អភិរក្ស​រយៈពេល​១​ឆ្នាំ កំឡុង​ឆ្នាំ​២០១៨ ​។ បើ​តាម​លោក​ជំទាវ ភឿ​ង ស​ក្កុ​ណា ក្រោយ​ពេល​ទទួល​បានការ​ផ្តល់​ថវិកា សារមន្ទីរ​បាន​អនុវត្ត​ការងារ​អភិរក្ស​វាយ​ន​ភណ្ឌ បាន​ចំនួន​៨៣៦​វត្ថុ បំណែក​ក្រណាត់​ចំនួន​២១​កេស និង​ការ​រៀបចំ​ទុកដាក់​វាយ​ន​ភណ្ឌ​ទាំង​អស់នោះ​នៅ​ក្នុង​ឃ្លាំង​សរុប​ទាំង​អស់​មាន​ចំនួន​៦៧​កេស ក្នុង​ដំណាក់កាល​ទី​១​។

ចំណែក​ការ​អភិរក្ស​ដំណាក់កាល​ទី​២ នឹង​ចាប់ផ្តើម​អនុវត្ត​ក្នុង​ខែមករា ឆ្នាំ​២០២០​នេះ​។ លោក​ជំទាវ បន្ថែម​ថា ក្រោយ​ទទួល​បាន​លទ្ធផល​ជោគជ័យ លើ​គម្រោង​អភិរក្ស​វាយ​ន​ភណ្ឌ​នៅ​ដំណាក់កាល​ទី​១ ក្នុង​ឆ្នាំ​២០១៨​សារមន្ទីរ​ទួល​ស្លែង បាន​រៀបចំ​ស្នើ​សុំ​ថវិកា​ចំនួន ៧៥.០០០ ដុល្លា​អា​មេ​រិ​ក ពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​សម្រាប់​អភិរក្ស​វិស័យ​សម្បត្តិ​វប្បធម៌ ដើម្បី​បន្ត​អនុវត្ត​គម្រោង​នេះ នា​ដំណាក់កាល​ទី​២ ចាប់ពី​ខែមករា​ឆ្នាំ​២០២០​នេះ​តទៅ​។

គម្រោង​នា​ដំណាក់កាល​ទី​២​នេះ នឹង​ផ្តោត​ទៅ​លើ​វាយ​ន​ភណ្ឌ​នៅ​ជាន់​ផ្ទាល់​ដី​នៃ​សាល​ពិព័រណ៍​អគារ​ខ្ញុំ​” ដែល​សម្លៀក​បំពាក់​ទាំងនោះ ដាក់​តាំង​គរ​លើ​គ្នា​ក្នុង​ទូ អស់​រយៈកាល​ជាង​៩​ឆ្នាំ​មក​ហើយ​។ ក្រៅពី​ការងារ​អភិរក្ស​និង​ចុះបញ្ជី ក្រុមការងារ​ជំនាញ​នឹង​គិតគូរ រក​បច្ចេកទេស​នៃ​ការ​ដាក់​តាំង​ថ្មី ដោយ​បង្កើត​ទូ​តាំង​ពិសេស​មួយ​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ខូចខាត​ពី​សត្វល្អិត​និង​សំណើម​ពី​អាកាសធាតុ​៕​

អត្ថបទសរសេរ ដោយ