រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អុិត សំហេង បានជំរុញក៏ដូចជាផ្តល់អនុសាសន៍ដល់បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) បន្តធ្វើការអភិវឌ្ឍការងារឲ្យកាន់តែប្រសិទ្ធភាពទៅមុខទៀត ។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០របស់បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារតារាអ៊ែរផត លោករដ្ឋមន្ត្រី អុិត សំហេង បានផ្ដល់អនុសាសន៍ដល់បេឡាជាតិរបបសន្តិសង្គម(ប.ស.ស)ចំនួន៥ចំណុច ដើម្បីបង្កើនវឌ្ឍនភាពនិងប្រសិទ្ធភាពឱ្យកាន់ខ្លាំងក្លាបន្តទៀត ។
អនុសាសន៍ទាំងនោះរួមមាន ៖
ទី១-ពង្រឹងការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ រៀបចំពិនិត្យកែសម្រួលបទដ្ឋានគតិយុត្តមួយចំនួនឱ្យស្របទៅនឹងវិសាលភាពច្បាប់ថ្មី ។ សម្របសម្រួលដោះស្រាយបញ្ហាប្រឈមដែលកើតមានឱ្យបានទាន់ពេលវេលា ។
សហការរៀបចំផ្សព្វផ្សាយអំពីការពង្រឹង ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ។ បន្តផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម ពិសេសគឺការអប់រំអំពីវិធានការទប់ស្កាត់ហានិភ័យការងាររួមមាន ៖ ការការពារគ្រោះថ្នាក់ក្នុងកន្លែងការងារ ការការពារសុវត្ថិភាពក្នុងពេលធ្វើដំណើរ និងការការពារសុវត្ថិភាពដទៃផ្សេងៗទៀត ។
ទី២-ពង្រឹងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយរៀបចំពិនិត្យកែសម្រួលបទដ្ឋានគតិ
យុត្តមួយចំនួន ឱ្យស្របទៅនឹងវិសាលភាពច្បាប់ថ្មី ។ បន្តចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាល ។ សម្របសម្រួលដោះស្រាយបញ្ហាប្រឈមជាប្រចាំភ្លាមៗ ជាមួយមូលដ្ឋានសុខាភិបាល និយោជក និងកម្មករនិយោជិត ។
ផ្សព្វផ្សាយគោលការណ៍អនុវត្តថ្មីៗដល់និយោជក មូលដ្ឋានសុខាភិបាល និងកម្មករនិយោជិតឱ្យបានទូលំទូលាយ និងគ្រប់រូបភាព ។ លើកកម្ពស់សេវាបង្ការសុខភាពដល់កម្មករនិយោជិត តាមរយៈការចុះផ្សព្វផ្សាយអប់រំផ្ទាល់នៅនឹងកន្លែងការងារនិងគ្រប់រូបភាព ។ ដាក់ភ្នាក់ងារសម្របសម្រួល និងបរិក្ខារអេឡិចត្រូនិកតាមមូលដ្ឋានសុខាភិបាល ដែលមានកម្មករនិយោជិតទៅប្រើប្រាស់សេវាច្រើន ។
ទី៣-ជំរុញការដាក់ឱ្យដំណើរការផ្នែកប្រាក់សោធន ដោយត្រូវដាក់ឱ្យដំណើរការរបបប្រាក់សោធនក្នុងឆ្នាំ២០២០នេះ ។ ជំរុញដល់និយោជក ម្ចាស់សហគ្រាស ធ្វើការចុះបញ្ជិកា និងបង់ភាគទាន ។ ផ្តល់នូវតាវកាលិកជូនដល់សមាជិកឱ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ធ្វើការផ្សព្វផ្សាយគោលការណ៍អនុវត្តថ្មីៗដល់និយោជក និងកម្មករនិយោជិតឱ្យបានទូលំទូលាយ និងគ្រប់រូបភាព ។
ទី៤-ពង្រឹងការអនុវត្តរបបសន្តិសុខសង្គមសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន
ត្រូវជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីដាក់ឱ្យដំណើរការផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈឱ្យបានក្នុងឆ្នាំ២០២០ ។
បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការធ្វើបច្ចុប្បន្នភាពមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនជាប់ជាប្រចាំ ។ សម្របសម្រួលដោះស្រាយបញ្ហាប្រឈមជាប្រចាំភ្លាមៗជាមួយមូលដ្ឋានសុខាភិបាល និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ។
ទី៥-ការអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្ត្រីនៅពេលសម្រាលកូន ក្នុងនោះនិយោជក និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវចុះឈ្មោះនៅបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមនេះ ។ សម្របសម្រួលផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់ស្ត្រីសម្រាលកូនឱ្យបានទាន់ពេលវេលា ។ សម្របសម្រួលដោះ ស្រាយបញ្ហាប្រឈមជាប្រចាំភ្លាមៗ ជាមួយ
មូលដ្ឋានសុខាភិបាល ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា មិនថាមន្ត្រីសាធារណៈ ឬកម្មករនិយោជិតឡើយ សុទ្ធតែមានការធានារ៉ាប់រងសន្តិសុខសង្គមដូចៗគ្នា ។ សមិទ្ធផលទាំងឡាយដែលកម្ពុជាមានសព្វថ្ងៃនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានការចូលរួមសហការរបស់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ។
លោករដ្ឋមន្ត្រីក៏បានលើកឡើងថា សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ អំពីការរីកចម្រើននៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីឈានទៅរកប្រព័ន្ធមួយដែលមានលក្ខណៈជាសកល និងសង្គតិភាព ដែលរក្សាបាននូវប្រសិទ្ធភាពនៃការអនុវត្តការងារខាងលើជាប់ជាប្រចាំ ៕
ចែករំលែកព័តមាននេះ