ខឹង​សុំ​មិន​បាន ដេញ​កាប់​ម្តាយ​រត់​ពេញ​ភូមិ


ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​សង្ស័យ​សេព​គ្រឿងញៀន​រហូត​ដល់​ថ្នាក់​ញៀន​អត់​លែង​បាន​ហើយ ក្រោយ​ពេល​ភ្ញាក់​ពី​ដំណេក​បាន​សុំ​លុយ​ម្ដាយ​ដើម្បី​យក​ទៅ​ទិញ​ថ្នាំ​ញៀន​មក​ជក់ ប៉ុន្តែ​ម្ដាយ​គ្មាន​លុយ​ឲ្យ ទើប​កូនប្រុស​ម្នាក់​នេះ​បាន​ទាញ​ដំបង​ឈើ និង​ដុំ​ថ្ម​គប់​ទៅ​លើ​ម្ដាយ​តែ​គប់​អត់​ត្រូវ ក៏​ទាញ​កាំបិត​ផ្គាក់ និង​កូនកាំបិត ព្រមទាំង​កាំបិត​បុ័ងតោ​ដេញ​កាប់​ម្ដាយ​រត់​ផ្អើល​ពេញ​ភូមិ ខណៈនោះ​បើ​កុំ​តែ​បាន​អ្នក​ភូមិ​ជួយ​ទូរស័ព្ទ​ប្ដឹង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​ជា​កូន​ប្រុស​ទាន់ កុំ​អី​ស្ត្រី​ជា​ម្ដាយ​ត្រូវ​បាត់បង់​ជីវិត​ទៅ​ហើយ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ឈើទាល ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ជា​កូនប្រុស​ម្នាក់​ខាងលើ​ឈ្មោះ ជុំ ចាន់​ណា​រី អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ជាមួយ​ម្ដាយ​ក្នុងភូមិ​ខាងលើ ចំណែក​ស្ត្រី​ជា​ម្តាយ​ឈ្មោះ ជុំ នី អាយុ​៥១ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

រីឯ​វត្ថុ​តាង​ដែល​នគរបាល​ដកហូត​បាន​រួម​មានកាំបិត​ផ្គាក់​គ្មាន​ដង​ចំនួន​១, កាំបិតប៉័ងតោ​ចំនួន​១, កូនកាំបិត​ចំនួន​១, ដំបង​ឫស្សី​១​កំណត់​, ដំបង​ដើម​ត្នោត​១​កំណាត់​, ដុំ​ថ្ម​១​ដុំ និង​ដំបង​ឈើមូល​១​កំណាត់​។

តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ក្រោយ​ពេល​ភ្ញាក់​ពី​ដំណេក​មិន​ទាន់​ទាំង​បាន​លុបមុខ​ផង ជនសង្ស័យ​ជា​កូន​បាន​សុំ​លុយ​ម្តាយ​ដើម្បី​យក​ទៅ​ទិញ​ថ្នាំ​ញៀន​មក​ប្រើប្រាស់ ប៉ុន្តែ​ពេល​នោះ​ម្តាយ​គ្មាន​លុយ​ឲ្យ​ឡើយ ស្រាប់តែ​ជនសង្ស័យ​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​ក៏​បាន​រើស​ដំបង និង​ដុំ​ថ្ម​គប់​ទៅ​លើ​ម្ដាយ ប៉ុន្តែ​មិន​ត្រូវ​ឡើយ ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​រឹតតែ​ផ្ទុះ​កំហឹង​ខ្លាំង​ឡើង​ថែម​ទៀត​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ទាញ​កាំបិត​ដេញ​កាប់ និង​ចាក់​ម្ដាយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្នុងភូមិ ធ្វើ​ឱ្យ​អ្នក​ភូមិ​ខ្លះ​ភ័យ​ខ្លាច​ក៏​រត់​ចូល​ក្នុងផ្ទះ​បាត់ ចំណែក​អ្នក​ភូមិ​ខ្លះ​ទៀត​ស្រែក​ឃាត់ ព្រមទាំង​ជួយ​ទូរស័ព្ទ​ប្ដឹង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ឲ្យ​មក​ជួយ​អន្តរាគមន៍ ទើប​ស្ត្រី​ជា​ម្ដាយ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​កម្លាំង​នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​យក​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​សុំ​លុយ​ម្តាយ ដើម្បី​យក​ទៅ​ទី​ញ​ថ្នាំ​ញៀន​យក​មក​ជក់​មែន ប៉ុន្តែ​ពេល​នោះ​ម្ដាយ​ចិត្តដាច់​ខ្លាំង​ណាស់ សុំ​មិន​ឲ្យ​សោះ ទើប​ខ្លួន​ខឹង​ក៏​បាន​យក​ដំបង​និង​ដុំ​ថ្ម​គប់​ម្តាយ និង​ប្អូន តែ​គប់​មិន​ត្រូវ​សោះ ទើប​ខ្លួន​យក​កាំបិត​ដេញ​កាប់​ដែរ តែ​កាប់​មិន​បាន​ទៀត ទីបំផុត​ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​តែ​ម្ដង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

សន្ដិសុខ​សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ