ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្កួច ​ក្នុង​គម្រោង​លើកកម្ពស់​កុំឱ្យ​បាត់​បង់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧបករណ៍​តន្ត្រីបុរាណ​អង្កួច​ដែល​ជនជាតិ​ខ្មែរ​និយម​ប្រើ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៦០ ត្រូវ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​សហការ​ជាមួយ​សាកលវិទ្យាល័យ​ហ្គ្រី​ហ្វ​ហ្វី​ធ​នៃ​ប្រទេស​អូស្ត្រាលី ចាប់ផ្តើម​គម្រោង​ស្រាវជ្រាវ និង​ចងក្រង​ទុកជា​ឯកសារ ។ គម្រោង​នេះ​ខណៈ​ពេល​អង្កួច​ស្ទើរតែ​បាត់បង់​ទៅ​ហើយ ។ បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ឧបករណ៍​តន្ត្រីបុរាណ​អង្កួច​ដែល​ជនជាតិ​ខ្មែរ​និយម​ប្រើ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៦០ ត្រូវ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​សហការ​ជាមួយ​សាកលវិទ្យាល័យ​ហ្គ្រី​ហ្វ​ហ្វី​ធ​នៃ​ប្រទេស​អូស្ត្រាលី ចាប់ផ្តើម​គម្រោង​ស្រាវជ្រាវ និង​ចងក្រង​ទុកជា​ឯកសារ ។ គម្រោង​នេះ​ខណៈ​ពេល​អង្កួច​ស្ទើរតែ​បាត់បង់​ទៅ​ហើយ ។

បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​នៃ​គម្រោង​នេះ ក្រុម​ស្រាវជ្រាវ​នឹង​យក​ពេល​អំឡុង​ខែមករា ឆ្នាំ​២០២០ ដើម្បី​ថត​ឯកសារ​នៅ​ក្នុងភូមិ​ចំនួន​២ គឺ​ភូមិ​ស្រះស្រង់​ខាងជើង និង​ភូមិ​ព្រះ​គោ​ថ្មី ក្នុង​ខេត្តសៀមរាប ដើម្បី​សម្ភាសន៍​អ្នកលេង និង​អ្នក​ធ្វើ​អង្កួច ព្រមទាំង​ថត​គ្រប់​សកម្មភាព​ពាក់ព័ន្ធ​ទៅ​នឹង​ការ​លេង និង​ការ​ធ្វើ​អង្កួច​ជា​វី​ដេ​អូ ។

គោលបំណង​នៃ​គម្រោង​នេះ គឺ​ដើម្បី​លើកកម្ពស់ និង​ផ្សព្វផ្សាយ​អំពី​ឧបករណ៍​អង្កួច​កម្ពុជា​ឲ្យ​បាន​ទូលំទូលាយ​ទាំង​ថ្នាក់​មូលដ្ឋាន ថ្នាក់​ខេត្ត ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ​។ គោលដៅ​នៃ​គម្រោង​នេះ​គឺ​ធ្វើ​ជា​វី​ដេ​អូ​ឯកសារ​ខ្លី​រយៈពេល​២០​នាទី​ជា​ភាសា​ខ្មែរ និង​អង់គ្លេស អំពី​ឧបករណ៍​អង្កួច និង​របៀប​ធ្វើ​វា ។ ធ្វើ​ជា​វី​ដេ​អូ​ឯកសារ​រយៈពេល​វែង ដោយ​បញ្ចូល​សកម្មភាព​លម្អិត​អំពី​ឧបករណ៍​អង្កួច និង​ការ​ធ្វើ​វា ។ បោះពុម្ព​កូនសៀវភៅ​និយាយ​ពី​ឧបករណ៍​អង្កួច និង​ការ​ធ្វើ​វា ជា​អក្សរ​ខ្មែរ និង​អង់គ្លេស ដោយ​បញ្ចូល​រូបថត ខ្លះ​ៗ ។ រៀបចំ​វេទិកា​នៅ​មជ្ឈមណ្ឌល​បេ​តិ​ភណ្ឌ ដើម្បី​បង្ហាញ​ជូន​អំពី​សមិទ្ធផល​ដែល​បាន​សម្រេច​ក្នុង​គម្រោង​នេះ ។

នៅ​ចុងបញ្ចប់​នៃ​គម្រោង​នេះ​វី​ដេ​អូ​ឯកសារ និង​កូនសៀវភៅ​ដែល​បាន​បោះ​ពុ​ម្ភ​រួច ព្រមទាំង​ឃ្លី​ប​វី​ដេ​អូ ខ្លះ​ៗ​អំពី​ការ​សម្ភាស និង​ចែក​ជូន​ដល់​សាធារណជន​ដែល​មាន​បំណង​ចង់​ស្វែង​យល់​អំពី​វា​នៅ​មជ្ឈមណ្ឌល​បេ​តិ​ភណ្ឌ​ដែល​មាន​ទីតាំង​នា​បរិវេណ​វត្ត​រាជ​បូព៌​នៃ​ខេត្តសៀមរាប ។

ឯកសារ​ទាំងនោះ​នឹង​រក្សា​ទុក​នៅ​កន្លែង​ផ្សេង​ៗ​ដូច​ជា​នៅ​មជ្ឈមណ្ឌល​សោត​ទស្សន៍​បុប្ផា​ណា​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​បណ្ណសារដ្ឋាន​នៃ​សារមន្ទីរ​ចក្រភព​អង់គ្លេស ។ នៅ​ចុងឆ្នាំ​នេះ​មជ្ឈ​មណ្ឌល​បេ​តិ​ភណ្ឌ និង​រៀបចំ​ព្រឹត្តិការណ៍​មួយ​នៅ​សៀមរាប ដែល​នឹង​មានការ​អញ្ជើញ និង​បើក​ទូលាយ​ដល់​សារ​ធា​ណ​ជន​ឲ្យ​ចូលរួម​ដោយ​សេរី ដើម្បី​មើល​វី​ដេ​អូ​ឯកសារ និង​សមិទ្ធផល​ដែល​បាន​សម្រេច​ហើយ​នេះ ។

បើ​យោង​ទៅ​តាម​សម្តី​លោកតា​ប៊ិ​ន សុង ដែល​ជា​អ្នក​ធ្វើ​អង្កួច​ដែក​នៅ​ក្នុងភូមិ​ព្រះ​គោ​ថ្មី​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ប្រជាជន​ខ្មែរ​ក្នុង​ទសវត្សរ៍​ឆ្នាំ​៦០​ចូល​ចិត្ត​ផ្ទាត់​អង្កួច​សម្រាប់​ឆ្លើយឆ្លង​ស្នេហា ក្នុង​ន័យ​មិន​ឲ្យ ចាស់​ៗ​ដឹង​ពី​ការ​ទាក់ទង​របស់​ពួក​គេ ។ យុវជន​សម័យ​នោះ​ទាំងប្រុស​ទាំងស្រី​ចូល​ចិត្ត​ប្រើ​អង្កួច​នៅ​ពេល​មានកម្ម​វិធី​បុណ្យ​នៅ​វត្ត ជា​ពិសេស​គេ​ផ្ទាត់​អង្កួច​ពេល​ជួប​គ្នា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​។

ក្រៅពី​ផ្ទាត់​ដើម្បី​សាសង​គ្នា​តាម​បែប​បុរាណ លោក​ជី ចិន ដែល​ជា​អ្នក​ធ្លាក់​លក់​អង្កួច​ឫស្សី​នៅ​ប្រាសាទតាព្រហ្ម​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ​នោះ​បាន​ប្រាប់​ថា សម័យនេះ​មាន​តែ​ប្រុស​ៗ​ទេ​ដែល​ចេះ​លេង​អង្កួច ។ ចំណែក ស្រី​ៗ​វិញ ពួក​គេ​មិន​លេង​អង្កួច​ទេ តែ​ពួក​គេ​ចូល​ចិត្ត​ទិញ​អង្កួច​ទុក​សម្រាប់​សៀត​សក់ ។

អង្កួច​ធ្វើ​អំពី​ខ្សែ មាន​ប្រវែង​មិន​លើស​ពី​មួយ​សាច់​ឫស្សី​ទេ មាន​ទំហំ​ប៉ុនកដៃ ឬ​តូច​ជាង ។ គេ​យក​ឫស្សី​មួយ​សាច់​ដោយ​ទុក​ថ្នាំង​សងខាង រួច​ចោះ​ប្រហោង​ប៉ុន​ចង្កឹះ តាម​បណ្តោយ​រហូត​ពី​ថ្នាំង​ម្ខាង​​ទៅ​ថ្នាំង​ម្ខាង​ទៀត ។ នៅ​ចំ​ពីលើ​ប្រហោង​បណ្តោយ​នោះ​មាន​លាតសន្ធឹង​ដោយ​ខ្សែ​សំនៀង​ធ្វើ​អំពី​ខ្សែ​កៅស៊ូ​សំប៉ែត​តូច​ល្មម​មួយ ដែល​ចង​ភ្ជាប់​ចុង​សងខាង​ត្រង់​ថ្នាំង​មាន​កំណល់​តូច​ពីរ ដែល​កល់​ខ្សែ​ត្រង់​ចុង​ប្រហោង​សងខាង​ឱ្យ​ផុត​ពី​បំពង់​ឫស្សី ងាយ​នឹង​គោះ​ខ្សែ​នោះ​ឱ្យ​ចេញ​សំនៀង ។

គេ​យក​អង្កួច​មក​ផ្អឹប​នឹង​មាត់​ត្រង់​គល់​ខ្សែ​ម្ខាង រួច​គេ​យក​អន្លូង​ធ្វើ​អំពី​បន្ទះ​ឫស្សី​តូច​ស្តើង​មួយ​មក​គោះ​ខ្សែ​ឱ្យ​ចេញ​សំនៀង ។ គេ​ប្រើ​សំនៀង​ទៅ​តាម​បទ​បែប​ដោយសារ​ការ​បើក​បិទ​បបូរមាត់​ទាំង​ពីរ​គួប​ផ្សំ​នឹង​ការ​កម្រើក​អណ្តាត​យើង​ខាងក្នុង ដូច​អង្កួច​ទាំង​ពីរ​ប្រភេទ​ខាងលើ​ដែរ ។ អង្កួច​ឫស្សី និង​អង្កួច​ដែក​របស់​យើង​មាន​សណ្ឋាន​រាងរៅ​មិន​ប្រែប្រួល​ទេ តាំងពី​សម័យ​ដើម​ដ៏​យូរលង់​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ