ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​ជនជាប់ចោទជា​​ម្តាយ​ពេជ្រ សូលីកា ក្រោយ​បញ្ជូន​ទៅ​​សាលា​ដំបូង​​ថ្ងៃនេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ជាប់ចោទ​ជា​ឃាតករ​ដែល​ត្រូវជា​ម្តាយ​តារាចម្រៀង ពេជ្រ សូលី​កា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ នេះ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ជាប់ចោទ​ជា​ឃាតករ​ដែល​ត្រូវជា​ម្តាយ​តារាចម្រៀង ពេជ្រ សូលី​កា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ នេះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ហើយ​សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ដៃ​លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញា​រង បើក​ការ​សាកសួរ រួច​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ «​ឃាតកម្ម​» ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា បទ «​ឃាតកម្ម​» តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បាន​តម្រូវ​ឲ្យ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​ចាប់​១០​ទៅ​១៥​ឆ្នាំ ។ ក្រោយ​លោកស្រី​ព្រះ​រាជអាជ្ញា​រង បាន​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ ជន​ជាប់​ជាប់​ដែល​មានឈ្មោះ ស៊ិ​ន ស្រី​នាង (​តួ​អង្គ​ជា​ប្រពន្ធ​) អាយុ​៤៥​ឆ្នាំ ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើប ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​សវនាការ​ផ្ត​ន្តា​ទោស​តាម​ច្បាប់​ជា​ធរមាន ។

គួរ​រលឹក​ថា តាម​ព័ត៌មាន​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ខណ្ឌមានជ័យ បាន​នាំ​ស្ត្រី​ជា​ជន​ដៃ​ដល់​ទៅ​យក​ចិញ្ចៀនពេជ្រ ដែល​បាន​យក​ទៅ​បញ្ចាំ​នៅ​ហាង​មួយ​ក្នុង​ផ្សារ​ចាស់ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០ ដែល​មាន​តម្លៃ​បញ្ចាំ​ចំនួន​២.០០០​ដុល្លារ ។ ការ​រក​ឃើញ​ចិញ្ចៀន​នេះ បាន​បង្ហាញ​ថា ការ​ចោទ​ជន​រង​គ្រោះ​ធ្វើ​ឱ្យ​បាត់​ចិញ្ចៀន​នោះ​មិនមែន​ជា​ការ​ពិត​ទេ តែ​ជន​ដៃដល់​ជា​អ្នក​ប្លន់​សម្លាប់​យក​ចិញ្ចៀន​ជន​រង​គ្រោះ ។ ប្រភព​ដដែល​បញ្ជាក់​ថា នៅ​សល់​ចិញ្ចៀន​ពេជ្រ​មួយ​វង់​ទៀត មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ។

សូម​រំលឹក​ទៀត​ថា កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ដដែល​នោះ ព័ត៌មាន​ខាងលើ​បាន​ធ្វើ​ឱ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយសារ​តែ​រឿង​ឃាតកម្ម​ដែល​ស្មាន​មិន​ដល់​មួយ គឺ​ស្ត្រី​ជា​ម្តាយ​តារាចម្រៀង ពេជ្រ សូលី​កា បាន​ជាប់ចោទ​ពី​បទ​សម្លាប់​ស្ត្រី​ម្នាក់​តែងខ្លួន​ជា​ប្រុស​។ រឿង​ក្តី​នេះ មិន​ជាប់​ទាក់ទិន​នឹង​តារាចម្រៀង​រូប​នេះ​ទេ តែ​ដោយសារ​ស្ត្រី​ជា​ម្តាយ​របស់​តារាចម្រៀង​នាង ពេជ្រ សូលី​កា ទើប​រឿង​នេះ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ផង​ដែរ ។

អំពើ​ឃាតកម្ម​មួយ​នេះ បាន​កើតឡើង​រវាង​គូ​ស្នេហា​វ័យ​ចំណាស់​ស្រី​ស្រឡាញ់​ស្រី​ដូច​គ្នា​កើតជា​ជម្លោះ​ឈ្លោះប្រកែក​គ្នា រហូត​ឈាន​ដល់​ការ​ប្រើប្រាស់​ហិង្សា​បញ្ចប់ជីវិត​តួ​ប្រុស និង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ក្នុងផ្ទះ​លេខ L42A ស្ថិត​នៅ​បុរី​វីឡា​ថោ​ន ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​២២​យប់ ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២០ ។

ស្ត្រី​ដៃដល់​ខាងលើ​ឈ្មោះ ស៊ិ​ន ស្រី​នាង (​តួអង្គ​ជា​ប្រពន្ធ​) អាយុ​៤៥​ឆ្នាំ ស្នាក់​នៅ​ចំណុច​កើត​ហេតុ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ងិ​ន សុខ​លី ( តួអង្គ​ជា​ប្តី ) អាយុ​៥០​ឆ្នាំ មុខរបរ​លក់​កាហ្វេ​នៅ​ផ្សារ​ដេប៉ូ មាន​ទីលំនៅ​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក ។ ទាំង​២​នាក់​ជា​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយ​ពួក​គេ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​អស់​រយៈពេល​៩​ឆ្នាំ​កន្លង​មក​ហើយ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ