ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​គួរ​ទុក​ពេល​នៅ​ម្នាក់ឯង​ខ្លះ ប្រសិនបើ​ចង់រក​លុយ​បាន​ច្រើន

4 ឆ្នាំ មុន

សង្គម​នីមួយ​ៗ​ភាគច្រើន​ឲ្យ​តម្លៃ​ខ្ពស់​លើ​អ្នកដឹកនាំ​ក្រុម​ដែល​មាន​សមត្ថភាព​ធ្វើការ​ជា​ក្រុម​ខ្ពស់​ដែល​អាច​បង្កើត​បរិស្ថាន​ការងារ​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​ចូលរួម​។ ប្រាកដ​ណាស់ ការ​ធ្វើការ​ជា​ក្រុម​ជា​កត្តា​សំខាន់​សម្រាប់​អាជីវកម្ម និង​ក្រុមហ៊ុន​ថ្មី​ៗ ហើយ​អាជីវករ​ដែល​ជោគជ័យ​ភាគច្រើន​ជា​មនុស្ស​ដែល​ពូកែ​ធ្វើការ​ជាមួយ​មនុស្ស​ផង​ដែរ​។ ផ្ទុយ​មក​វិញ អ្នក​ដែល​ចូល​ចិត្ត​ធ្វើការ​តែ​ម្នាក់ឯង​ត្រូវ​បាន​អ្នក​ដទៃ​លាប​ពណ៌​មិនល្អ​លើ ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ទាំងនេះ​បែរជា​មានគុណ​សម្បត្តិ​ល្អ​ៗ​ជា​ច្រើន​សម្រាប់​អាជីវកម្ម​ដូច​ជា​ភាព​ច្នៃប្រឌិត ការ​ដោះស្រាយ​បញ្ហា…

សង្គម​នីមួយ​ៗ​ភាគច្រើន​ឲ្យ​តម្លៃ​ខ្ពស់​លើ​អ្នកដឹកនាំ​ក្រុម​ដែល​មាន​សមត្ថភាព​ធ្វើការ​ជា​ក្រុម​ខ្ពស់​ដែល​អាច​បង្កើត​បរិស្ថាន​ការងារ​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​ចូលរួម​។ ប្រាកដ​ណាស់ ការ​ធ្វើការ​ជា​ក្រុម​ជា​កត្តា​សំខាន់​សម្រាប់​អាជីវកម្ម និង​ក្រុមហ៊ុន​ថ្មី​ៗ ហើយ​អាជីវករ​ដែល​ជោគជ័យ​ភាគច្រើន​ជា​មនុស្ស​ដែល​ពូកែ​ធ្វើការ​ជាមួយ​មនុស្ស​ផង​ដែរ​។

ផ្ទុយ​មក​វិញ អ្នក​ដែល​ចូល​ចិត្ត​ធ្វើការ​តែ​ម្នាក់ឯង​ត្រូវ​បាន​អ្នក​ដទៃ​លាប​ពណ៌​មិនល្អ​លើ ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ទាំងនេះ​បែរជា​មានគុណ​សម្បត្តិ​ល្អ​ៗ​ជា​ច្រើន​សម្រាប់​អាជីវកម្ម​ដូច​ជា​ភាព​ច្នៃប្រឌិត ការ​ដោះស្រាយ​បញ្ហា និង​ភាព​ជា​អ្នកដឹកនាំ​ជាដើម​។

១. ភាព​ច្នៃប្រឌិត
នៅ​ពេល​ដែល​អ្នក​ត្រូវ​គិត​រក​ដំណោះស្រាយ​ដែល​ច្នៃប្រឌិត ការ​ចំណាយពេល​នៅ​ម្នាក់ឯង​ដើ​ម្ប​គិត​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​។ ឧទាហរណ៍​ដូច​ជា​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ជាដើម​ដែល​តែងតែ​ចំណាយពេល​ប៉ុន្មាន​ស​ប្តា​ហ៍​នៅ​ម្នាក់ឯង​យ៉ាងតិច​ណាស់​ក៏​២​ដង​ក្នុង​មួយ​ឆ្នាំ​ដែរ​ដើម្បី​សិក្សា និង​គិត​។
យោង​ទៅ​តាម​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ និង​អ្នកនិពន្ធ​សៀវភៅ The Call of Solitude បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​មនុស្ស​ដទៃ​ជំរុញ​ទឹកចិត្ត​ពួក​យើង ព័ត៌មាន​ផ្តល់​ចំណេះដឹង​ដល់​យើង និង​ការ​ហ្វឹកហាត់​ជំរុញ​ដល់​ការ​អនុវត្ត ពួក​យើង​នៅ​តែ​ត្រូវការ​ពេលវេលា​នៅ​ម្នាក់ឯង​ដើម្បី​គិត​ឲ្យ​យល់ គិត​ឃើញ​អ្វី​ថ្មី​ៗ និង​គិត​ឃើញ​ចម្លើយ​ថ្មី​ៗ​ផង​ដែរ​។

២. ការ​ស្គាល់​ខ្លួនឯង​ច្បាស់
អ្នកប្រាជ្ញ​ប្រទេស​ក្រិ​ច​ជា​អ្នក​ដែល​ឲ្យ​តម្លៃ​ខ្ពស់​លើ​ការ​ត្រួតពិនិត្យ​មើល​ខ្លួនឯង​។ សម្រាប់​ពួក​គេ វា​ស្ទើរតែ​មិន​សម​ហេតុ​សម​ផល​ឡើយ​សម្រាប់​មនុស្ស​ម្នាក់​ដែល​រៀន​ពី​អ្វី​ផ្សេង​ខណៈ​ដែល​មិន​ទាន់​ស្គាល់​ខ្លួនឯង​ច្បាស់​។ ក្នុង​នាម​ជា​អាជីវករ វា​ក៏​សំខាន់​សម្រាប់​អ្នក​ក្នុង​ការ​ស្គាល់​ខ្លួនឯង​ឲ្យ​កាន់តែ​ច្បាស់លាស់​ដែរ ដើម្បី​ដឹង​ពី​ចំណុចខ្លាំង និង​ខ្សោយរ​របស់​ខ្លួន និង​ផ្នែក​ផ្សេង​ៗ​ដែល​ពួក​យើង​ចង់​ពង្រឹង​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើងជា​ដើម​។

៣. ភាព​ជា​អ្នកដឹកនាំ
ភាព​ជា​អ្នកដឹកនាំ​ត្រូវការ​ឲ្យ​មនុស្ស​ម្នាក់​នៅ​ម្នាក់ឯង​ក្នុង​កម្រិត​ណាមួយ​ដែរ​។ អ្នកដឹកនាំ​ត្រូវ​តែ​ធ្វើការ​សម្រេចចិត្ត​ដែល​សំខាន់ និង​ភាគច្រើន​ដោយ​ប្រញាប់​។ ពួក​គេ​ត្រូវ​តែ​ណែនាំ និង​បង្ហាញផ្លូវ​ដល់​មនុស្ស​ដោយ​យោង​ទៅ​តាម​ទស្សនៈវិស័យ និង​តម្លៃ​ដែល​ពួក​គេ​ប្រកាន់ខ្ជាប់​។ ដូច្នេះ​ពួក​គេ​ត្រូវការ​ពេលវេលា​នៅ​ម្នាក់ឯង​ដើម្បី​ដឹង​ច្បាស់​ពី​រូបភាព​ដែល​ខ្លួន​ចង់​ឲ្យ​ក្រុមការងារ​ខ្លួន​សម្រេច ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ