ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លាឈប់​របស់​កីឡាករ​ឆ្នើម​ល្បី​ល្បាញ ឃួ​ន ឡា​បូ​រ៉ា​វី នៅ​តែ​ជា​មន្ទិល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មិន​តិច​នោះ​ទេ បន្ទាប់​ពី​មានការ​ប្រកាស​ថា ខ្សែប្រយុទ្ធ​ជើង​ចាស់​របស់​បឹង​កេ​ត លោក ឃួ​ន ឡា​បូ​រ៉ា​វី សម្រេច​ចិត្ត​ដើរ​ចេញពី​វិស័យ​បាល់ទាត់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មិន​តិច​នោះ​ទេ បន្ទាប់​ពី​មានការ​ប្រកាស​ថា ខ្សែប្រយុទ្ធ​ជើង​ចាស់​របស់​បឹង​កេ​ត លោក ឃួ​ន ឡា​បូ​រ៉ា​វី សម្រេច​ចិត្ត​ដើរ​ចេញពី​វិស័យ​បាល់ទាត់ ខណៈ​ដែល​ហ្វេ​ន​គាំទ្រ​លោក​មិន​តិច​នោះ​ទេ បាន​សម្ដែង​អារម្មណ៍​​សោកស្ដាយ​យ៉ាង​ខ្លាំង​។

នៅ​មិន​ទាន់​មានការ​បញ្ជាក់​លម្អិត​ពី​មូលហេតុ ដែល​នាំ​ឱ្យ​កីឡាករ​ដែល​ធ្លាប់​សាង​ឈ្មោះ​ល្បី​ល្បាញ​រូប​នេះ សម្រេចចិត្ត​លា​ចេញពី​អាជីព ទាំង​ទីផ្សារ​នៅ​ឈាន​ឡើង​នោះ​ទេ ប៉ុន្តែ​វត្តមាន​ដើរ​ចេញ​របស់​លោក​មាន​ប្រភព​ខ្លះ​លើក​ឡើង​ថា កើត​ពី​ការ​អន់ចិត្ត បើ​ទោះជា​សាមីខ្លួន​ប្រកាស​ថា ជាប់​ភារៈកិច្ច​។ ការ​ប្រកាស​ពី​ការ​លាឈប់​នេះ គឺ​ស្ថិត​ក្នុង​វ័យ​៣១​ឆ្នាំ ដែល​មាន​ន័យ​ថា ជា​វ័យ​ពេញកម្លាំង​របស់ ឃួ​ន ឡា​បូ​រ៉ា​វី និង​មិនមែន​ជា​វ័យ​ដែល​គួរតែ​ចូល​និវត្តន៍​។

យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​បាល់ទាត់​បឹង​កេ​ត បាន​ប្រកាស​នា​ប៉ុន្មាន​មុន​ថា កីឡា​ករ​រូប​នេះ ពិតជា​សម្រេចចិត្ត​លាឈប់​មិន​បក​ក្រោយ​មែន ដោយ​មិនមែន​គ្រាន់តែ​ដើរ​ចេញពី​ក្លិប ហើយ​ស្រវា​រក​ក្លិប​ផ្សេង​ដើម្បី​ជ្រកកោន​នោះ​ឡើយ​។ ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​៩ មក​រា ឆ្នាំ​២០២០ ខណៈ​ដែល​ដំណឹង​នេះ នៅ​តែ​មានការ​ចាប់អារម្មណ៍​នៅឡើយ​។

ភាគី​សាមីខ្លួន​នៅ​តែ​គ្មាន​ចេតនា​បកស្រាយ​ពី​ការ​ប្រកាស​នេះ​ឱ្យ​ទូលំទូលាយ​នោះ​ទេ ដែល​ហាក់ដូចជា​លោក​ចង់​ដើរ​ចេញ​ឱ្យ​ស្ងប់ស្ងាត់ ឬ​អាច​មក​ពី​លោក​មានរឿង​ក្នុង​ចិត្ត ហើយ​មិន​ចង់​លាឈប់​ដោយ​វែង​ឆ្ងាយ​។

ការ​ប្រកាស​របស់​ក្លិប គឺ​ផ្ទុយ​ស្រលះ​ពី​អ្វី​ដែល ឃួ​ន ឡា​បូ​រ៉ា​វី ធ្លាប់​ប្រកាស​នា​ពេល​កន្លង​មក​។ មាន​ការ​ជឿជាក់​ថា កីឡាករ​មក​ពី​ខេត្តកំពង់ចាម ដែល​ប្រកប​អាជីព​បាល់ទាត់​តាំងពី​ឆ្នាំ​២០០៨​រូប​នេះ ទំនងជា​មិន​ចាក​ឆ្ងាយ​ពី​វិស័យ​កីឡាបាល់ទាត់​នោះ​ទេ ព្រោះ​កន្លង​មក ឡា​បូ​រ៉ា​វី គេ​បាន​ទាំង​អះអាង​ថា បើ​ទោះជា​វ័យ​របស់​ខ្លួន នឹង​លែង​ក្លាយជា​កីឡាករ​ដែល​មាន​សក្ដានុពល ក៏​លោក​នឹង​បន្ត​ធ្វើ​ជា​គ្រូបង្វឹក ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ដែល​ខ្លួន​មាន​ទៅ​ដល់​អ្នក​ជំនាន់​ក្រោយ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ