រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើដល់រដ្ឋមន្ត្រីគ្រប់ក្រសួង ឬប្រធានស្ថាប័ននានាត្រូវទទួលខុសចំពោះការឆ្លើយ ឬបញ្ចេញព័ត៌មានជាមួយអ្នកសារព័ត៌មាន ហើយកុំចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ ។ ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅសាលសន្និបាតកោះពេជ្រ ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើដល់គ្រប់បណ្តាស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវមានយន្តការសម្រាប់ការងារព័ត៌មានមួយច្បាស់លាស់ដូចជា អ្នកនាំពាក្យ និងគេហទំព័រហ្វេសប៊ុកជាដើម ។ សម្តេចបានបញ្ជាក់ថា ៖«ចំណុចនេះ គឺជាត្រូវបានថ្នាក់ដឹកនាំយើងមួយចំនួនបានធ្វើមួយចំនួនរួចហើយ ជាក់ស្តែងលោក ស៊ុន ចាន់ថុល សម្តេច ពិជ័យសេនា ទៀបាញ់ សម្តេច ក្រឡាហោម ស ខេង និងរដ្ឋមន្ត្រីមួយចំនួនទៀតបានធ្វើរួចហើយ នៅពេលចេញពីប្រជុំ ហើយឆ្លើយជាមួយអ្នកសារព័ត៌មានផ្ទាល់» ។
សម្តេចតេជោបានបន្តថា អភិបាលខេត្តពេលចេញពីប្រជុំត្រូវធ្វើការសម្ភាសន៍ជាមួយអ្នកសារព័ត៌មានផ្ទាល់ ឬស្នើសុំសម្ភាសន៍ផ្តាច់មុខជាមួយអ្នកសារព័ត៌មាន ។ មានតែថ្នាក់រដ្ឋមន្ត្រីទេ ដែលអំណាចផ្តល់ពេញលេញ ប៉ុន្តែក៏សុំអ្នកសារព័ត៌មានយោគយល់ថា រដ្ឋមន្ត្រីអភិបាលខេត្តពុំមានពេលទំនេរ២៤ម៉ោងសម្រាប់អ្នកសាព័ត៌មាននោះទេ ដូច្នេះត្រូវចែករំលែកបញ្ហានោះទៅឲ្យអភិបាលរងខេត្ត អ្នកនាំពាក្យ ឬប្រព័ន្ធបណ្តាញសង្គមដែលអ្នកសារព័ត៌មានអាចទាញយកមកផ្សព្វផ្សាយ ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងទៀតថា នៅពេលមានព័ត៌មានបន្ថែមថ្នាក់ដឹកនាំគប្បីត្រូវធ្វើការឆ្លើយតប ។ សម្តេចបន្ថែមថា ទាំងអស់នេះ គឺជាបទពិសោធន៍របស់សម្តេចអស់រយៈពេល៤១ ឆ្នាំហើយ នៅក្នុងមុខតំណែងជារដ្ឋមន្ត្រី២ឆ្នាំ ឧបនាយករដ្ឋមន្ត្រី៤ឆ្នាំ និងជានាយករដ្ឋមន្ត្រី៣៥ឆ្នាំ ខ្ញុំរស់ជាមួយអ្នកសារព័ត៌មាន ។ សម្តេចគូសបញ្ជាក់ថា ៖«អស់លោកជួបអ្នកសារព័ត៌មានមិនដូចខ្ញុំទេ មានអ្នកសារព័ត៌មានធំៗល្បីណាស់ដែលខ្ញុំបានជួបនៅពេលក្រោយជំនួបសីហនុ ហ៊ុន សែន , កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងកិច្ចជំនួបមួយចំនួនទៀតមានកាសែតត្រឹមតែរាប់ដៃបានទេ គឺអ្នកកាសែតចង់ជាន់យើងផង ។ នៅឆ្នាំ១៩៨៩ មានអ្នកកាសែតរាប់រយនាក់នៅពោចិតុង ខណៈពេលកងទ័ពវៀតណាមដកខ្លួនចេញពីកម្ពុជា» ។
សម្តេចបន្តថា ៖«អីញ្ចឹងសុំអស់លោកកុំខ្លាចអ្នកសារព័ត៌មាន ហើយកុំចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ សូមចាត់ទុកអ្នកសារព័ត៌មានជាដៃគូរដែលមិនអាចខ្វះបានសម្រាប់ការងាររបស់អស់លោក ។ ខ្ញុំបញ្ជាក់ថា ខ្ញុំត្រូវបានគេប្រសិទ្ធនាមថា ជាតារាកំពុងរះតាមរយៈសារព័ត៌មានបាងកកប៉ុស្តិ៍ ដែលខ្ញុំល្បីដោយសារតែអ្នកកាសែត» ។ សម្តេចបន្ថែមថា អ្នកដែលធ្វើឲ្យសម្តេចល្បីនោះគេជាអ្នកសារព័ត៌មាន ដូច្នេះបើអស់លោកគេចពីអ្នកសារព័ត៌មាននោះប្រជាពលរដ្ឋមិនស្គាល់អស់លោកនោះទេ ។
ជាមួយគ្នានោះដែរ សម្តេចក៏បានឲ្យដឹងថា អ្វីដែលសំខាន់នោះ គឺទស្សនកិច្ចរំជួយផែនដី ឬទស្សនកិច្ចលើកដំបូងនៅថៃដែលសារព័ត៌មានសរសេរដោយមានអ្នកសារព័ត៌មានយ៉ាងច្រើនមកសួរព័ត៌មានសម្តេច ។ ក្នុងឱកាសនោះដែរ សម្តេចតេជោក៏បានអរគុណដល់ប្រធានស្ថាប័ន អភិបាលខេត្ត មន្ទីរដែលហ៊ានចេញមុខបកស្រាយជាមួយអ្នកសារព័ត៌មានដោយផ្ទាល់ដោយមិនចាំបាច់ប្រើអ្នកនាំពាក្យ ។
ជាក់ស្តែងនោះ គឺសុំកោតសរសើរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលទទួលទំនាក់ទំនងផ្ទាល់ជាមួយអ្នកសារព័ត៌មានដែលជាគំរូដល់ស្ថាប័ននានា ។ សម្តេចបន្តថា ការធ្វើបែបនេះ គឺជាការទទួលខុសត្រូវខ្ពស់បំផុតរបស់ក្រសួងស្ថាប័នក្នុងការបកស្រាយចម្ងល់ដល់អ្នកសារព័ត៌មានដែលធ្វើការផ្សព្វផ្សាយទៅកាន់មហាជនឲ្យបានដឹង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ