ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ បើកសវនាការសំណុំរឿង កឹម សុខា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ ១៥ មករា ២០២០ សាលាដំបូង​រាជធានីភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំ​រឿង​លោក កឹ​ម សុខា…

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ ១៥ មករា ២០២០ សាលាដំបូង​រាជធានីភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំ​រឿង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិពាក់ព័ន្ធ​នឹង​បទល្មើស​«​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរ​ទេស​»ដែល​ស្មើនឹង​ទោស​ក្បត់ជាតិ តាម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ទោះជា​យ៉ាងណា​ក្តី​សម្រាប់​ការ​ចូល​រូ​ម​សវ​នា​ការ​នេះ ត្រូវ​បាន​តុលា ការ​កំណត់​អនុញ្ញាត​ឲ្យ​ចូល​តែ​៣០​នាក់​ប៉ុណ្ណោះ​ពោល​គឺ​មិន​អាច​លើស​ពី​នេះ​បាន​ទេ ដែល​មក​ដល់​ពេល​នេះ​ចំនួន​កំណត់​នោះ​បាន​ពេញ​ហើយ​។

លោក អ៊ូ ច័ន្ទ​រ័​ត្ន អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​១៤​ខែមករា ឆ្នាំ​២០២០​ថា លោក​មិន​បាន​ចូលរួម​ស្តាប់​សវនាការ​លើ​សំណុំរឿង​លោក កឹ​ម សុខានោះ​ទេ ព្រោះថា​មក​ដល់​ពេល​នេះ​ចំនួន​បានពេញ​ហើយ បើ​តាម​ខាង​តុលាការ​ប្រាប់​ទៅ​ក្រុមការងារ​របស់​លោក ។ លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​បញ្ជាក់​ថា ៖ «​ខ្ញុំ​បាន​ទទួល​ដំណឹង​ពី​សាលាដំបូង​ពី​ម្សិលមិញ​ហើយ​ថា​បន្ទប់​សវនាការ​លោក កឹ​ម សុខា ពេញ​ហើយ​កាលពី​ថ្ងៃ​ទី​១៣ ខែមករា ចំនួន​៣០​នាក់ ។ ដូច្នេះ​ខ្ញុំ​មិន​អាច​ស្នើ​បាន​ទេ អី​ុ​ចឹ​ង​ខ្ញុំ​មិន​ចូលរួម​សវនាការ​នេះ​ទេ​»​។ លោក​បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​រៀបចំ​របស់ខុ​ទ្ទ​ល័យ​លោក​កឹ​ម សុខា ឬ​មេធាវី​របស់​លោក​នោះ មាន​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជិត​១០​នាក់ ក្នុង​នោះ​ក៏​មាន​លោក ប៉ុ​ល ហំ​មផង​ដែរ ។

ទាក់ទិន​ន​នឹង​សវនាការ​លើ​សំណុំរឿង​លោក កឹ​ម សុខា នេះ​ដែរ ត្រូវ​បាន​លោក អ៊ូ ច័ន្ទ​រ័​ត្ន លើក​ឡើង​ថា មាន​សេណា​រី​យ៉ូ​មួយ​ចំនួន​ដូច​ជាការ​ផ្តល់​យុត្តិធម៌​ចំពោះ​លោក កឹ​ម សុខា ដោយ​មានការ​បន្ធូរបន្ថយ​និង​ផ្តល់​សេរីភាព នោះ​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA)​ពី​សហភាព​អឺរ៉ុប​មក​កម្ពុជា នឹង​អាច​យក​ទៅ​ពិភាក្សា​សា​ជា​ថ្មី​ផង​ដែរ ។

ពេល​នោះ​ប្រពល​រដ្ឋ​ដែល​ប៉ះពាល់​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នឹង​លែង​ប៉ះពាល់ ដោយ​ទទួល​បាន​ភាព​វិជ្ជមាន​វិញ ហើយ​វិបត្តិ​សង្គម​នឹង​ធូរស្រាល ។ ជាង​នេះ​ទៀត បញ្ហា​នយោបាយ​ក៏​ធូរស្រាល​មក​វិញ​ដែរ។អតីតមន្ត្រី​គណបក្សប្រឆាំង​រូប​នេះ លើក​ឡើងថា ក្នុង​ករណី​ដែល​លោក កឹ​ម សុខា មិន​ត្រូវ​បានលើកលែង​ឲ្យ​មាន​សេរីភាព​វិញ​ទេ នោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA)​នឹង​ត្រូវ​បាន​ផ្តាច់ ហើយ​លោក កឹ​មសុខា នឹង​ទទួល​ភាព​អយុត្តិធម៌ ប្រជាពលរដ្ឋ​នឹង​រង​គ្រោះ សង្គម​នឹង​មាន​វិបត្តិ ហើយ​ប្រជាធិបតេយ្យ​ក៏​មិន​អាច​ងាយ​ស្តារ​ឡើង​វិញ​ដែរ​។

ទោះជា​យ៉ាងណា​ក្តី លោក អូ​៊ ច័ន្ទ​រ័​តុ្ន បានសម្តែង​សុទិដ្ឋិនិយម​ថា អ្វី​ៗ​នឹង​ប្រសើរ​ឡើង​វិញជាង​ការ​គិត​របស់​លោក​ផង​ដែរ ។ លោក​ថ្លែង​ថា ៖ «​ខ្ញុំ​គិត​ថា លោក​នឹង​អាច​ត្រូវ​តុលាការ​បន្ធូរបន្ថយ​ឲ្យ​នៅ​ក្រៅ​ឃុំ ឬ​អាច​កាត់ទោស​រួច​ហើយ នឹង​មានការ​លើកលែងទោស​ដោយ​ព្រះមហាក្សត្រ ផង​ដែរ​» ។ ចំពោះ​ដំណើរ​សវនា​ការ​លើ​សំណុំរឿង​លោក កឹ​ម សុខា នេះ លោក អ៊ូ ច័ន្ទ​រ័​ត្ន អះអាង​ថា​លោក​មិន​ទៅ​ឃ្លាំង​មើល​សវនាការ​នោះ​ទេ ដោយសារ​ការ​រារាំង​ពី​សមត្ថកិច្ច ហើយ​ការ​រារាំង​(​របាំង​)នេះ​នៅ​ឆ្ងាយ​ពី​តុលាការ ។ ជាង​នេះ​ទៀត បើសិនមានការ​ជួបជុំ​ណាមួយ​អាច​នឹង​មានការ​ចោទប្រកាន់​ពី​អាជ្ញាធរ និង​មិន​ចង់​មានការ​ប្រឈម​ជាមួយ​អ្នក​ជ្រុលនិយម​មួយ​ចំនួន​ដែល​ចោទប្រកាន់​ថា​លោក​ក្បត់បក្ស​ឬ​ក្បត់​មេ​ជាដើម ។

សូម​ជម្រាប​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បើក​សវនាការ​ដំបូង​លើ​សំណុំរឿង​លោក កឹ​ម សុខា រយៈពេល​២​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​១៥ និង​១៦​ខែមករា ឆ្នាំ​២០២០ ហើយ​ប្រសិនបើ​សំណុំរឿង​នេះ​ស្មុគស្មាញ​ច្រើន ដំណើរការ​សវនាការ​លើរឿង​ក្តី​នេះ នឹង​មាន​រយៈពេល​រហូត​ដល់​៣​ខែ​។ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​លោក កឹ​ម សុខានេះ​ធ្លាប់​ត្រូវ​បាន​ក្រុម​មេធាវី​របស់​លោក​ឲ្យ​ដឹងថា បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​តតាំង​ក្តី​លើ​សំណុំរឿង​នេះ និង​នៅ​តែ​ទទូច​ឲ្យ​មានការ​ទម្លាក់​បទចោទប្រកាន់​លើ​លោក កឹ​ម សុខា ដដែល ។ជា​មួយ​គ្នា​នេះ ក្រុម​មេធាវី​របស់​លោក​បាន​អះអាង​ថា សំណុំរឿង​លោក កឹ​ម សុខា គឺជា​រឿង​របស់​អ្នកនយោ​បាយ​តែ​ប៉ុណ្ណោះ ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​នា​ពេល​កន្លង​មក​ថា ចំពោះ​សំណុំរឿង​លោក កឹ​ម សុខា ការ​សម្រេច​យ៉ាងណា​គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ មិន​អាច​អ្នក​ណា​ម្នាក់​លូកដៃ​ចូល​ក្នុង​កិច្ច​តុលាការ​បាន​ទេ ។ គួរ​រំឭក​ថា លោក កឹ​ម សុខា បាន​ត្រូវ​សមត្ថ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កិច្ច​ចាប់ខ្លួន​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ។

ក្រោយ​ពី​ជាប់​ឃុំ​អស់​រយៈពេល​ជាង​១​ឆ្នាំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ងក្នុង​ខេត្ត​ត្បូងឃ្មុំ មក​ដល់​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​លោក កឹ​ម សុខា មក​នៅ​គេហដ្ឋាន​របស់​លោក​វិញ ប៉ុន្តែ​មិន​ឲ្យ​ធ្វើ​សកម្មភាព​ទាក់ទង​នឹងន​យោ បាយឡើយ ។តុលាការ​បាន​អះអាង​ថា ការ​សម្រេច​ឲ្យ​មក​នៅ​គេហដ្ឋាន​វិញ ដោយសារ​តែ​លោក កឹ​ម សុខា បាន​គោរព​ត្រឹមត្រូវ​តាម​កាតព្វកិច្ច​នៃ​ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ និង​មាន​កិច្ចសហការ​ល្អ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ ។

កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​ថ្មី​តាម​ផ្លូវ​តុលាការ ដែល​លោក កឹ​ម សុខា ត្រូវ​អនុវត្ត​ចាប់ពី​ពេល​នេះ មាន​៣​ចំណុច​គឺ ៖ ទី​១-​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី​២-​មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ និង ទី​៣-​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច ។តាម​ការ​អះអាង​របស់​លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​ឲ្យដឹង​ថា ដំបូង​នេះ​តុលាការ​បើក​សវាន​ការ​លើ​សំណុំរឿង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១៥​និង​១៦ ខែមករា ឆ្នាំ​២០២០ ប៉ុន្តែ​បើ​សំណុំរឿង​នេះ​ស្មុគស្មាញ​ខ្លាំង ដំណើរការ​សវនាការ​រឿង​ក្តី​នេះ​នឹង​មាន​រយៈពេល​រហូត​ដល់​៣​ខែ ។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​កោះសន្តិភាព នាព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០ តាម​ទូរស័ព្ទ​ដែល​បាន​សាកសួរ​ថា បើ​លោក កឹ​ម សុខា មានសេរីភាព តើ​រូប​លោក​អាច​នឹង​វិល​ចូល​ទៅ គណបក្ស​សិទ្ធិ​មនុស្ស​វិញ​ឬ​ទ ? លោក អ៊ូ ច័ន្ទ​រ័​ត្ន​លើក​ឡើង​ថា លោក​កំពុង​តែ​គិត​ថា បើសិន​មិន​អាច​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​ងើបឡើង​វិញ​ទេ នោះ​លោក​នឹង​សម្រាក​ពី​ឆាកនយោបាយ​មួយ​រយៈពេល ដោយ​មិន​ចូលរួម​ក្នុង​បញ្ហា​នយោបាយ​ទាំងអស់​។

លោក​បាន​ឲ្យ​ដឹង​ថា ការ​សម្រាក​នេះ​មិន​ទាន់សម្រេច​ថា​នៅ​ពេល​ណា​ទេ ប៉ុន្តែ​លោក​នៅ​ចាំ​មើល​លទ្ធផល​នៃ​សវនាការ​លោក កឹ​ម សុខា សិន ។ទោះជា​យ៉ាងណា​ក្តី លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​បង្ហាញ​ជំហរ​ថា លោក​ចង់​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​រួម​រួម​គ្នា បើ​មិន​ដូច្នេះ​ទេ​មិន​អាច​យកឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ទេ​។

លោក​បាន​លើក​ឡើង​ថា ទោះបីជា​លោក កឹ​មសុខា មាន​សេរីភាព​ឡើង​វិញ​ក៏​ដោយ ក៏​ការ​ស្តារ​លទ្ធិប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​តែ​ដើរ​យឹត​ដដែល បើសិន​លោក កឹ​ម សុខា ចេញ​មក​ដឹកនាំ​គណបក្ស​នយោបាយ​ណាមួយ ។ លោក អូ​៊ ច័ន្ទ​រ័​ត្ន បាន​បញ្ជាក់​ថា ៖ «​ខ្ញុំ​ជឿ​ថា​នឹង​មានការ​ពិបាក ដោយសារ​ប្រជាពលរដ្ឋ​ច្បាស់​មើលឃើញ​លោក កឹ​ម សុខា ស្ថិត​នៅ​ក្រោម​គណបក្ស​កាន់​អំណាច​រួច​ហើយ ។ ជាង​នេះ​ទៀត ក្រុម​សម រ​ង្ស៊ី និយម​នឹង​វាយប្រហារ​លើ​លោក កឹ​ម សុខា ជា​មិន​ខាន ។ ដូច្នេះ ការ​ងើបឡើង​វិញ​នៃ​គណបក្សប្រឆាំង​ណា​មួយ ដែល​ដឹកនាំ​ដោយ​លោក កឹ​ម សុខា ក៏​នឹង​ជួប​ឧបសគ្គ​ច្រើន ហើយ​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ពិបាក​»​។

ទោះបីជា​យ៉ាងណា​ក្តី លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​លើក​ឡើង​ថា នៅ​ពេល​លោក​កឹ​ម សុខា មាន សេរីភាព ប្រពល​រដ្ឋ​នឹង​មិន​ប៉ះពាល់​ក្នុង​ជីវភាព​រស់នៅ​នោះ​ទេ ។ លោក​គូសបញ្ជាក់​ថា ៖ «​តែ​ខ្ញុំ​សូមជម្រាប​ថា ទោះបី​លោក កឹ​ម សុខា មាន​សេរីភាពវិញ​ក្តី ក៏​លទ្ធិប្រជាធិបតេយ្យ​មិន​អាច​ស្តារ​ឡើង​វិញ​នោះ​ទេ ហើយ​ទោះបីជា​លោក​បំពេញ​តួនាទី ជា​អ្នកនយោបាយ​វិញ​ក៏​ដោយ​»​។

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​ជួប​ពិភាក្សា​ជាមួយ​សមាជិក​គណបក្ស​ប្រជា​ធិ​ប​តេ​យ្យ​មូលដ្ឋាន កាលពី​ពេល​កន្លង​មក ប៉ុន្តែ​លោក​ប្រកាស​ជំហរ​ថា​មិន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នោះ​ទេ​។ លោក​ថ្លែង​ថា ៖ «​ខ្ញុំ​មិន​ចូល​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឬ​គណបក្ស​ណាមួយទេ ។ ប៉ុន្តែ​ខ្ញុំ​មាន​បំណង​បង្រួបបង្រួម​អ្នក​ប្រជាធិ​ប​តេ​យ្យ ឬ​អ្នក​ដែល​មាន​និ​ន្ន​ការ​ក្រៅពី​គណ បក្ស​​ក្នុង​រាជរដ្ឋាភិបាល ។ ខ្ញុំ​គិត​ថា អ្នក​ដែល​បែកបាក់​តូច​ទៅ​ៗ រួម​ទាំង​គណបក្ស​សង្គ្រោះ​ជាតិផង មិន​អាច​ធ្វើ​ដៃគូ​ប្រកួត​ជាមួយ​គណបក្សកាន់​អំណាច​បាន​ទេ​» ។

លោក អូ​៊ ច័ន្ទ​រ័​ត្ន បន្ត​ថា បើ​គណបក្សប្រឆាំង​នៅ​តែ​បែកបាក់​តូច​ទៅ​ៗ នោះ​ប្រទេស​កម្ពុជានឹង​ធ្លាក់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ដោយ​គណបក្សកាន់​អំណាច​រយៈពេល​យូរអង្វែង ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​នយោបាយ ដែល​ករណី​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​នេះ​មិន​ជឿនលឿន​នោះ​ទេ ។លោក​បាន​លើក​ឡើង​ថា ចំពោះ​ជំនួប​នោះ​លោក​បាន​លើក​ពី​ទស្សនៈ​ថា មាន​តែ​ការ​រួបរួម​គ្នា​រវាង​អ្នក​នៅ​ក្រៅ​រាជរដ្ឋាភិបាល​ទេ ទើប​ធ្វើ​ឲ្យ​ទៅ​ជា​កម្លាំង​មួយ​ដែល​អាច​ប្រ​កូត​ប្រជែង​ជាមួយ​គណបក្សកាន់អំណាច​បាន ។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​បង្ហាញ​ឆន្ទៈ​ថា
លោក​ចង់​ឲ្យ​មានការ​ជួប​ជាមួយ​គណបក្ស​កាន់​អំណា​ច ដើម្បី​ធ្វើការ​សម្រួល​សម្រួល​ពី​បញ្ហា​ប្រជា​ធិប​​តេ​យ្យ​នៅ​ពេល​អនាគត​ផង​ដែរ ។

មេធាវី​លោក កឹ​ម សុខា ថា​មិនបាន​ទទួល​ព័ត៌មាន​គ្រោង​សវនាការ​លោក​កឹ​ម សុខា រយៈពេល​3​ខែ

មេធាវី​លោក កឹ​ម សុខា បាន​អះអាង​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ការ​បើកសវនាការ​លើ​សំណុំ​រឿង​​កូនក្តី​របស់​លោក​រយៈ ពេល​៣​ខែ​នោះ​ទេ ។ការ​បញ្ជាក់​របស់​លោក​មេធាវី​នេះ គឺ​បន្ទាប់​ពី​លោក តាំង ស៊ុន​ឡាយ ប្រធាន​សាលាដំបូង​រាជ ធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​លោក កឹ​ម សុខា អតីត​មេដឹកនាំ​គណបក្សសង្គ្រោះ​ជាតិ អាច​ប្រើ​រយៈពេល​ទៅ​ដល់​៣​ខែ ។

លោក ចាន់ ចេ​ន សហ​មេធាវី​លោក កឹ​ម សុខា បាន​ប្រាប់​កោះសន្តិភាព​នា​រសៀល​ថ្ងៃ​ទី​១៤​ខែមក​រា ឆ្នាំ​២០២០​ថា​៖ «​ខ្ញុំ​មិន​ទាន់​ទទួល​បាន ព័ត៌មាន​ពី​សវនាការ​រយៈពេល​៣​ខែ ឬ​លើស​ពីនេះ​ទេ ប៉ុន្តែ​យើង​ដឹង​តែ​ថា តុលាការ​ចេញ​កាលបរិច្ឆេទ​បើក​សវនាការ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១៥ និង​១៦ ខែមករា តែ​ប៉ុណ្ណោះ​» ។ លោក ចាន់ ចេ​ន បាន​ឲ្យ​ដឹង​ថា សម្រាប់សវនាការ​រយៈពេល​២​ថ្ងៃនេះ ក្រុម​មេធាវី​លោកចំនួន​៤​រូប​នឹង​ចូល​ការពារ​ក្តី ប៉ុន្តែ​លោក​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ដំណើររឿង​ក្តី​នោះ​ទេ ដោយសារ​ថា​មិន​ទាន់​ចូល​ស្តាប់​ក្នុង​សវនាការ​នៅឡើយ ។

ទោះជា​យ៉ាងណា លោក​មេធាវី​បាន​អះអាងថា ក្រុម​មេធាវី​របស់​លោក​មាន​ក្តី​សង្ឃឹម​ក្នុងកា​រត​តាំងនៅ​ក្នុង​អង្គ​សវនាការ​នៅ​ថ្ងៃ​ទី​១៥ និង​១៦ ខែមករា​នេះ ។ ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​លោក​មេធា​វី​នេះ គឺ​បន្ទាប់​ពី​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​បាន​ស្រង់​សម្តី​លោក តាំង ស៊ុន​ឡាយ ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា​ថា ៖ «​ដោយសារ​រឿង​ធំ​ប្រហែលជា​យើង​គ្រោង​៣​ខែ ។ យើង​គ្រោង​៣​ខែ​បាន​ចប់​» ។ លោក​បន្ថែម​ថា តុលាការ​គ្រោង​យក​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​រៀង​រាល់​ស​ប្តា​ហ៍​ដើម្បី​ដំណើរការ សវនាការ​នេះ ។

បើ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា លោក តាំង សុ​៊​ន​ឡាយ ក៏​បាន​បញ្ជាក់​ថា បន្ទប់​សវ​នាការ​អាច​ដាក់​មនុស្ស​បាន​តែ​៣០​នាក់​ប៉ុណ្ណោះ ហើយ​ភាគច្រើន​កន្លែង​នេះ​ត្រូវ​ផ្តល់​ដល់​មន្ត្រី​ទូតនិង​មន្ត្រី​សិទ្ធិ​មនុស្ស មិនមែន​សម្រាប់​អ្នក​សារព័ត៌មាន​នោះ​ទេ ។ លោក​ថ្លែង​ថា «​ពីព្រោះ​ថា​យើង​អត់​មានជម្រើស​ល្អ​ជាង​ហ្នឹង​ទេ គ្រាន់តែ​ខាង​ទូត​ចូលរួមហ្នឹង​ចូល​ជិត​២០​នាក់​បាត់​ហើយ ។ អាហ្នឹង​សុំអធ្យាស្រ័យ ។ មិនមែន​ថា យើង​ត្បិតត្បៀត​មិនឲ្យ​អ្នក​សារព័ត៌មាន​ចូល​ទេ ប៉ុន្តែ​ជម្រើស​វា​អត់​មាន​អុ​ី​ចឹ​ង​» ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ