សហរដ្ឋអាមេរិក-អ៊ីរ៉ាក់ ៖ មេបញ្ជាការជាន់ខ្ពស់ម្នាក់នៃកងទ័ពអាមេរិក ដែលមានវត្តមានក្នុងមូលដ្ឋានយោធាអ៊ីរ៉ាក់ ដែលជាគោលដៅនៃការវាយប្រហារកាលពីថ្ងៃទី៨ ខែមករា ដោយមីស៊ីលអ៊ីរ៉ង់ រៀបរាប់ កាលពីថ្ងៃទី១៤ មករានេះថា លោករត់ចូលលេណដ្ឋានរយៈពេលជាច្រើនម៉ោង ពេលមានការបាញ់មីស៊ីលអ៊ីរ៉ង់ ដែលពេលធ្លាក់បណ្ដាជញ្ជាំងញ័ររង្គើរ។ មីស៊ីលដែលផ្ទុះពិតជាគួរឲ្យខ្លាច។
ក្នុងបទសម្ភាសន៍មួយជាមួយ AFP នៅឯមូលដ្ឋានអាកាសចរណ៍អាអ៊ីនអាល់អាសាដ ខាងលិចក្រុងបាដាដ វរសេនីយទោ TIM GARLAND អះអាងថា បណ្ដាថ្នាក់លើរបស់លោក បានប្រាប់ឲ្យដឹងមុនពីការវាយប្រហារ របស់អ៊ីរ៉ង់ប៉ុន្មានម៉ោងមុន។ ការភ្ញាក់ផ្អើលដំបូងរបស់ខ្ញុំ គឺវាស្ទើរមិនគួរឲ្យជឿដែលអ៊ីរ៉ង់អាចវាយ្រប្រហារចំៗបែបនេះ។
ការវាយប្រហារតាមអាកាសប្រើមីស៊ីលរបស់អ៊ីរ៉ង់ លើមូលដ្ឋានយោធាអ៊ីរ៉ាក់ប្រើដោយកងទាហានអាមេរិក ជាការសងសឹកចំពោះការផ្តាច់យកជីវិតឧត្ដមសេនីយអ៊ីរ៉ង់ដ៏ខ្លាំង លោកកាសេមសូឡីម៉ានី ដោយសារការវាយប្រហារតាមអាកាសរបស់អាមេរិកនៅក្រុងបាដាដ កាលពីថ្ងៃទី៣មករា។ មូលដ្ឋានរងការវាយប្រហារស្ថិតក្នុងខេត្តអានបារ ជាមូលដ្ឋានធំមួយ ក្នុងចំណោមមូលដ្ឋានយោធាធំៗរបស់អ៊ីរ៉ាក់ ដោយនៅទីនោះ មានទាហានអ៊ីរ៉ាក់ច្រើនពាន់នាក់ ហើយមួយផ្នែកប្រគល់ឲ្យកងទាហានអាមេរិកដែលមានប្រមាណជា១៥០០នាក់បោះទីតាំង។
នាយទាហានជាន់ខ្ពស់អាមេរិករូបនេះបន្តថា ការឲ្យកងទាហានរត់ទៅរកលេណដ្ឋានគឺជាអាទិភាព។ នាវេលាម៉ោង២៣ម៉ោងក្នុងស្រុក កងទ័ពអាមេរិក និងកងទាហាននៃក្រុមចម្រុះប្រឆាំងជីហាដ បាននាំគ្នារត់ចេញពីអគារទៅរកលេណដ្ឋាន ចំណែកអ្នកឯទៀតៗបំបែកគ្នារត់ទៅកន្លែងផ្សេងៗនៃមូលដ្ឋាន។
អ្វីដែលសំខាន់ជាបទពិសោធន៍ គឹការនឹកស្មានមិនដល់ដែលការវាយប្រហារពិតជាសាហាវ ចាប់ផ្ដើមពីម៉ោង១និង៣៥នាទីរំលងអាធ្រាត្រទៅ។ ពេលគ្រាប់មីស៊ីលធ្លាក់មានស្នូរផ្ទុះខ្លាំងណាស់ អ្វីៗត្រូវញ័ររង្គើរ។ អស់ពេលប្រមាណ៣ម៉ោងមីស៊ីលបាលីស្ទិកអ៊ីរ៉ង់វាយប្រហារមូលដ្ឋាននេះបន្តបន្ទាប់គ្នា។ ខ្ញុំមិនដែលភ័យដូចពេលនោះឡើយ ក៏ទោះជាលោកធា្លប់មកអ៊ីរ៉ាក់ដែលមានសង្គ្រាមច្រើនលើកក្ដី។
យើងមិនដឹងថា ប្រៀបប្រដូចនឹងអ្វីឡើយ ដែលទីតាំងមួយក្លាយជាកម្រាលនៃគ្រាប់មីស៊ីល។ នាវេលាម៉ោង៤ព្រឹកកងទាហាននាំគ្នាចេញពីលេណដ្ឋាន ហើយឃើញមូលដ្ឋានកំពុងមានភ្លើងឆាបឆេះ ព្រមទាំងឃ្រើញរណ្ដៅគ្រាប់នានា ព្រមទាំងទំហំនៃការបំផ្លាញ។ វាជារឿងអស្ចារ្យដែលពុំមានទាហានណាម្នាក់បានបាត់បង់ជីវិត។ មានតែទាហាន២នាក់ប៉ុណ្ណោះដែលលោតទម្លាក់ខ្លួន ពីលើប៉ុស្តិ៍យាម តែក៏មិនកើតអីដែរ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ