ព្រះសង្ឃ​១​អង្គ​ស្នើ​សមត្ថកិច្ច​ជួយ​រក​យុត្តិ​ធម៌​រឿង​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ប្ដឹង​បទ​​ចាប់រំលោភ


ខេត្តបាត់ដំបង ៖ «​អាត្មា​.. សំណូមពរ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ ជួយ​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​អាត្មា​ផង ដែល​ក្មេង​ស្រី​ម្នាក់​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ចោទ​អាត្មា​ថា បា ន​ចាប់រំលោភ​នាង​បាន​សម្រេច​ជា​ច្រើន​លើក នៅ​ក្នុង​កុដិ​អាត្មា​… កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ព្រោះ​អាត្មា សង្ស័យ​មាន​អ្នក​ប្រើ​ល្បិច​កល​រៀបចំ​រឿង​នេះ ដើម្បី​ទម្លាក់​កំហុស​មក​លើ​អាត្មា ព្រោះ​ចង់បាន​ប្រាក់ »​។ នេះ​ជា​សង្ឃដីកា​ផ្ទាល់​របស់​ព្រះ​តេជគុណ គុយ សាមី គង់នៅ​វត្ត​បាយដំរាំ ស្ថិត​ក្នុងភូមិ​បាយដំរាំ ឃុំ​បាយ ដំរាំ ស្រុក​បាណ​ន់ ដែល​រង​ការ​ប្ដឹង​ចោទប្រកាន់​ពី​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ថា បាន​ចាប់រំលោភ​នាង​។

ព្រះ​តេជគុណ គុយ សាមី បាន​សំណូមពរ បែប​នេះ​តាម​រយៈ​អ្នក​សារព័ត៌មាន ដែល​ព្រះ​អង្គ​បាន​ផ្ដល់​បទ​សម្ភាសន៍​ផ្ទាល់ កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ មក​រា នៅ​ក្នុង​កុដិ​ព្រះ​អង្គ ក្នុង​វត្ត​បាយដំរាំ គឺ​ក្រោយ​ពី​បុរស​ម្នាក់​បាន​នាំ​ក្មេង​ស្រី​នោះ​ទៅ​ដាក់​ពាក្យបណ្ដឹង ហើយ​ត្រូវ​មន្ត្រី​ជំនាញ​នៃ​អធិការ​ស្រុក​បាណ​ន់ និមន្ត​ព្រះ​អង្គ​ទៅ​សាកសួរ​អំពី​ករណី​នេះ កាលពី​ប៉ុន្មាន​ថ្ងៃមុន​។

ព្រះ​អង្គ គុយ សាមី បាន​មាន​សង្ឃដីកា​ថា «​អាត្មា ត្រូវ​បាន​សមត្ថកិច្ច​និមន្ត​ទៅ​សួរ​ដេញដោល​អំពី​រឿង​នេះ នៅ​អធិការ​នគរបាល​ស្រុក​បាណ​ន់ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ដែល​គេ​ប្រាប់​ថា ក្មេង​ស្រី​ម្នាក់​បាន​ប្ដឹង​ចោទ​អាត្មា​ថា បាន​ចាប់រំលោភ​នាង​ច្រើន​លើក​ច្រើន​សារ តែ​រឿង​នេះ​អាត្មា សូម​បដិសេធ​ទាំងស្រុង​។ អាត្មា សង្ស័យ​មាន​អ្នក​រៀបចំ​បង្កើត​រឿង​នេះ រួច​ទម្លាក់​កំហុស​មក​លើ​អាត្មា ព្រោះតែ​ចង់បាន​ផលប្រយោជន៍​ពី​អាត្មា​»​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ដែល​ប្ដឹង​ចោទប្រកាន់​អ្នកបួស​ខាងលើ​នេះ ឈ្មោះ​អឿ​ង ស្រី​ណែ​ត អាយុ​១០​ឆ្នាំ នៅ​ភូមិ​ស្ដៅ ឃុំ​បាយដំរាំ ស្រុក​បាណ​ន់​។ ក្មេង​ស្រី​រូប​នេះ រស់នៅ​ជាមួយ​ឪពុកធម៌​ម្នាក់​ឈ្មោះ ង៉ុ​ង ឆាត់​លី អាយុ​ជាង​៥០​ឆ្នាំ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​នោះ​ដែរ ហើយ​ឪពុកធម៌​នេះ​ហើយ ជា​អ្នក​ផ្ដើមគំនិត​រៀបចំ​ឲ្យ​ក្មេង​ស្រី​នោះ ប្ដឹង​ចោទប្រកាន់​ព្រះ​តេជគុណ គុយ សាមី​។

កោះសន្តិភាព បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​ករណី​នេះ ពី​លោក​ថោ​ង ធិ​ន អធិការរង​ស្រុក​បាណ​ន់ កាលពី​រសៀល​ថ្ងៃ​ទី​១៤ មក​រា តែ​មិន​អាច​ទំនាក់ទំនង​បាន​ឡើយ ព្រោះ​លោក​មិន​លើក​ទូរស័ព្ទ​។ ប៉ុន្តែ​នៅ​ក្នុង​របាយការណ៍ លោក​ថោ​ង ធិ​ន បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​២៤ ធ្នូ ២០១៩​។ របាយការណ៍​នេះ​បាន​ស្រង់​សំដី​ក្មេង​ស្រី​នោះ​ដោយ​សង្ខេប​យ៉ាង​ដូច្នេះ​ថា «​ក្នុង​រយៈពេល​២​ខែ​កន្លង​ទៅ​នេះ ព្រះសង្ឃ​នាម គុយ សាមី តែង​ហៅ​នាង​ទៅ​ក្នុង​កុដិ​។ ព្រះសង្ឃ​អង្គ​នេះ បាន​ឲ្យ​នាង​មើល​រឿង​សិច ឲ្យ​ដេក​លើ​គ្រែ ហើយ​ឲ្យ​នាង​ស្រាត​សម្លៀក​បំពាក់​អស់ តែបើ​នាង​មិន​ព្រម​ស្រាត សង្ឃ​អង្គ​នេះ​គំរាម​សម្លាប់ ហើយ​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច​»​។ របាយការណ៍​បាន​ស្រង់​សំដី​នាង​ទៀត​ថា សកម្មភាព​បែប​នេះ បាន​ប្រព្រឹត្តិ​ឡើង​ប្រហែល​៣​ដង ក្នុង​មួ​យស​ប្ដា​ហ៍ និង​តែង​ឲ្យ​ប្រាក់​ក្មេង​ស្រី​នោះ ក្រោយ​ពី​រំលោភ​នាង​រួច ចាប់ពី​២,០០០​រៀល ដល់​១៥,០០០​រៀល​។

នៅ​ក្នុង​សម្រង់​សំដី​ចោទប្រកាន់​របស់​ក្មេង​ស្រី​វ័យ​១០​ឆ្នាំ ខាងលើ​នេះ ត្រូវ​បាន​ព្រះសង្ឃ គុយ សាមី បដិសេធ​ចោល​ទាំងស្រុង​។ ព្រះ​អង្គ គុយ សាមី ដែល​មាន​ជំងឺ​ពិការ​ភាព​ដៃជើង​ម្ខាង​ផង បាន​បំភ្លឺ​ថា ព្រះ​អង្គ​មិន​ធ្លាប់​មាន​ទូរស័ព្ទ​ដែល​អាច​មើល​រឿង​ស៊ិ​ច​បាន សម្រាប់​ប្រើប្រាស់​ដូច​គេ​ទេ គឺ​ទើប​មាន​ទូរស័ព្ទ​ស៊េរី «​អ៊ិ​ន​ចុច​ពិល​» ប្រើ​ចំនួន​២​គ្រឿង​ប្រហែល​ជាង​១​ខែ​នេះ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ព្រះ​អង្គ​បាន​ទទួលស្គាល់​ថា ក្មេង​ស្រី​នោះ​ពិតជា​ធ្លាប់​មក​លេង​កុដិ​ព្រះ​អង្គ​មែន តែ​មិន​ដែល​មក​ម្នាក់ឯង​ទេ គឺ​មក​ម្ដង​ៗ​យ៉ាងតិច​ក៏​២​នាក់​ដែរ​។ ព្រះ​អង្គ​បាន​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​ចោទប្រកាន់​របស់​នាង​។ ព្រះ​អង្គ​បាន​ដាក់​ការ​សង្ស័យ​ថា រឿង​នេះ​ប្រាកដជា​មាន​អ្នក​រៀបចំ​បង្កើត​បញ្ហា រួច​ទម្លាក់​កំហុស​មក​លើ​ព្រះ​អង្គ ព្រោះតែ​ចង់បាន​ប្រាក់​។

ត្រង់​ចំណុច​នេះ ព្រះ​អង្គ គុយ សាមី បាន​រំលឹក​ឡើង​វិញ​ថា មុន​ពេល​គេ​នាំ​ក្មេង​ស្រី​នោះ​ទៅ​ប្ដឹង​សមត្ថកិច្ច គឺ​ឈ្មោះ ង៉ុ​ង ឆាត់​លី ដែល​ជា​ឪពុកធម៌​ក្មេង​ស្រី​នោះ បាន​ទៅ​រករឿង​អុកឡុក​ព្រះ​អង្គ​ដល់​កុដិ​ចំនួន​៤​លើក ដោយ​ចោទប្រកាន់​ព្រះ​អង្គ​ថា បាន​រំលោភ​កូនធម៌​គាត់ ហើយ​គំរាម​ទារប្រាក់​ពី​ព្រះ​អង្គ​រាល់​លើក​។ ប៉ុន្តែ​ព្រះ​អង្គ​មិន​បាន​ធ្វើ​តាម​ការ​ទាមទា​របស់​ឈ្មោះ​ឆាត់​លី នោះ​ទេ ព្រោះ​ព្រះ​អង្គ​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទប្រកាន់​នេះ​។

ព្រះ​អង្គ​បាន​បញ្ជាក់​ថា នៅ​លើក​ទី​៤ ដែល​ជា​លើក​ចុង​ក្រោយ ឈ្មោះ​ឆាត់​លី នេះ បាន​ទៅ​គំរាម​ទារប្រាក់​ពី​ព្រះ​អង្គ​ទៀត ទាំង​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ផង តែ​ព្រះ​អង្គ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ឆ្លើយ​តប​ដដែល​។ ដោយសារ​តែ​គំរាម​ទារប្រាក់​ញឹកញាប់​ពេក ព្រះ​អង្គ​ក៏​បាន​ជម្រុញ​ឲ្យ​ឈ្មោះ​ង៉ុ​ង ឆាត់​លី នេះ ទៅ​ប្ដឹង​សមត្ថកិច្ច​ដើម្បី​រក​ខុស​ត្រូវ ទើប​បុរស​នេះ​ដឹក​កូនធម៌​របស់​ខ្លួន​ទៅ​កាន់​អធិការ​ស្រុក​បាណ​ន់ ដើម្បី​ដាក់​ពាក្យបណ្ដឹង​ព្រះ​អង្គ​តែ​ម្ដង​។

ចំពោះ​ក្មេង​ស្រី​រង​គ្រោះ​ឯណេះ​វិញ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ពិតជា​មាន​ស្នាម​របួស​ប្រដាប់​ភេទ​មែន នៅ​ពេល​ដែល​មន្ត្រី​ជំនាញ​ធ្វើ​កោសល្យវិច័យ​។ ប៉ុន្តែ​សំណុំរឿង​នេះ ភាគី​រង​គ្រោះ​ហាក់​គ្មាន​ភស្ដុ​តាង ឬ​សាក្សី​សម្រាប់​ការ​ចោទប្រកាន់​នេះ​ទេ គឺ​មន្ត្រី​ជំនាញ ទទួល​បាន​ត្រឹមតែ​ចម្លើយ​បំភ្លឺ​របស់​ក្មេង​ស្រី​តែ​ប៉ុណ្ណោះ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ បាន​និមន្ត​ព្រះសង្ឃ គុយ សាមី ទៅ​សាកសួរ ក្រោយ​ពី​រង​ការ​ចោទប្រកាន់ តែ​បាន​ឲ្យ​ព្រះ​អង្គ​ត្រឡប់​ទៅ​វិញ​។ ដោយសារ​តែ​សំណុំរឿង​នេះ ហាក់​មាន​មន្ទិល និង​ស្មុគស្មាញ ទើប​លោក​ព្រះរាជ​អាជ្ញាធរ​បញ្ជា​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​បន្ត​តាម​នីតិវិធី​។

កោះសន្តិភាព មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​លោក​ង៉ុ​ង ឆាត់​លី បាន​ភ្លាម​ៗ​ទេ នៅ​ថ្ងៃ​ទី​១៤ មក​រា ។ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ករណី​នេះ មាន​ប្រភព និង​សាក្សី​មួយ​ចំនួន​នៅ​ក្នុង​មូលដ្ឋាន ហាក់​បាន​និយាយ​ការពារ​ភាព​ត្រឹមត្រូវ​របស់​ព្រះសង្ឃ គុយ សាមី ។ អ្នក​ភូមិ​ហាក់​មិន​ជឿ​ថា ព្រះ​អង្គ គុយ សាមី ប្រព្រឹត្តិ​នូវ​ទ​ង្វើ​មិន​គប្បី​ដូច​ការ​ចោទប្រកាន់​នេះ​ទេ​។ ព្រោះ​ពួក​គេ​យល់​ថា ព្រះ​អង្គ​មាន​ជំងឺ​ពិការ​ដៃជើង​ម្ខាង មិនសូវ​ចេះ​លេងសើច ហើយ​ក៏​មិន​ដែល​មាន​ទូរស័ព្ទ​ស៊េរី​ទំនើប​ប្រើ​ដូច​ការ​ចោទ​ប្រកាន់​​នេះ​ដែរ​។

ផ្ទុយ​ទៅ​វិញ គេ​តែង​ឃើញ​បុរស​វ័យ​ជាង​៥០​ឆ្នាំ ឈ្មោះ ង៉ុ​ង ឆាត់​លី នេះ តែង​ជិះ​ម៉ូតូឌុប​កូនស្រី​ធម៌​នោះ​ទៅ​ណា​មក​ណា​ទាំង​យប់​ទាំង​ថ្ងៃ មិនសូវ​ខាន​ម្ដងណា​ឡើយ​។ មិនតែប៉ុណ្ណោះ សូ​ម្បី​តែ​ចុះ​ងូតទឹក​ស្ទឹង ក៏​ត្រូវ​រួម​ដំណើរ​គ្នា​យ៉ាងរ​មួ​ត​ដែរ ហើយ​ថែម​ទាំង​ថតរូប​យ៉ាង​ស្អិត​ស្នាល​ជាមួយ​កូនធម៌ ផុស​ក្នុង​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ត្រជាក់ចិត្ត​ទៀត​ផង​។ ប៉ុន្តែ​គេ​មិន​ហ៊ាន​ស​ន្និ​ដាន​បែប​ណា​អំពី​សកម្មភាព​ទាំងនេះ​ទេ​។

យ៉ាងណា​ក៏​ដោយ ជុំវិញ​ការ​ចោទប្រកាន់​នេះ តាម​រយៈ​កោះសន្តិភាព ព្រះ​តេជគុណ គុយ សាមី បាន​សំណូមពរ​យ៉ាង​ទទូច សូម​ឲ្យ​សមត្ថកិច្ច និង​តុលាការ មេត្តា​ជួយ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​ជន​ណា​ពិត​ប្រាកដជា​អ្នក​ចាប់រំលោភ​ក្មេង​ស្រី​នោះ? សមត្ថកិច្ច​គួរតែ​ធ្វើ​ស្រាវជ្រាវ​ឲ្យ​បាន​ល្អិតល្អន់ ដើម្បី​ស្វែងរក​ការ​ពិត និង​រក​យុត្តិធម៌​ដល់​ព្រះ​អង្គ ដែល​កំពុង​រង​ការ​ចោទប្រកាន់​ក្នុង​រឿង​ដ៏​អាស្រូវ​នេះ​។ ព្រោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​កិត្តិ​យក​ព្រះ​អង្គ ក៏​ដូច​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ