ខេត្តស្វាយរៀង ៖ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៤ មករា ឆ្នាំ២០២០ នៅក្នុងភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត មានករណីស្ត្រីម្នាក់គ្រប់ខែឈឺពោះឆ្លងទន្លេក៏បានដើរតែម្នាក់ឯងទៅកាន់មណ្ឌលសុខភាព ដើម្បីសម្រាលកូន ប៉ុន្តែខណៈកំពុងដើរតាមដងផ្លូវ ស្រាប់តែឈឺពោះឆ្លងទន្លេនៅតាមដងផ្លូវម្នាក់ឯងធ្វើឲ្យអ្នកដំណើរបានឃើញក៏នាំទៅសំរាកនៅសំយ៉ាបផ្ទះរបស់អ្នកស្រុក ហើយទូរសព្ទ័ហៅពេទ្យឆ្មបមណ្ឌលសុខភាពមេសរថ្ងកឲ្យមកជួយសង្គ្រោះ និងបង្កើតកូនឲ្យ ក៏ប៉ុន្តែក្រុមគ្រូពេទ្យមកមិនទាន់នោះទេ គឺស្ត្រីរងគ្រោះសម្រាលបានកូនស្រីម្នាក់ដោយសុវត្ថិភាព ។
បន្ទាប់មកអ្នកភូមិបានរត់ទៅរាយការណ៍ជូនលោកស្រីចិន មុំ សមាជិកក្រុមប្រឹក្សាសង្កាត់ប្រាសាទឲ្យមកជួយ ហើយលោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ក៏បានរត់ទៅទិញស្រោមដៃ និងសម្ភារៈមកជួយសំអាតទារិកា ក្រោយមកទើបពេទ្យឆ្មបបានមកដល់ជួយចងទងផ្ចិតឲ្យ ។
ស្ត្រីម្នាក់សម្រាលកូនតាមផ្លូវខាងលើឈ្មោះហ៊ាន សារ៉ាន អាយុ២៩ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ។
បើតាមលោកស្រីចិន មុំ សមាជិកក្រុមប្រឹក្សាសង្កាត់ប្រាសាទបានឲ្យដឹងថា ស្ត្រីរងគ្រោះមានប្តីឈ្មោះអ៊ុយ សៅ អាយុ៣៤ឆ្នាំ ហើយប្តីម្នាក់នេះបានបោះបង់ប្រពន្ធនិងកូនចំនួន៤នាក់(ក្នុងនោះកូនស្រីម្នាក់) ទុកចោលឲ្យរស់នៅយ៉ាងលំបាកវេទនា ។ ដោយសារតែជីវភាពក្រលំបាកពេក និងគ្មានលទ្ធភាពចិញ្ចឹមកូន ទើបឱ្យកូនប្រុសម្នាក់ទៅគេចិញ្ចឹមធ្វើជាកូនស្មុំ ។ ដូច្នេះគឺនៅសល់កូនចំនួន៣នាក់ក្នុងបន្ទុកគ្រួសារ។
លោកស្រីចិន មុំ បានបន្តថា ក្រោយមកទៀត ប្តីបានក៏មកសុំរួមរស់ជាមួយនឹងប្រពន្ធវិញ លុះពេលប្រពន្ធមានផ្ទៃពោះ ប្តីក៏ចុះចោលផ្ទះម្តងទៀត ដោយទុកឲ្យប្រពន្ធនិងកូនរស់នៅក្នុងខ្ទមយ៉ាងវេទនារកព្រឹកខ្វះល្ងាច។ ចំណែកប្តីគឺមិនដឹងចុះចោលផ្ទះទៅរស់នៅឯណាទេ ។ ដូច្នេះក្នុងបន្ទុកគ្រួសារនាពេលនេះមានកូនតូចៗចំនួន៤នាក់ (ស្រី២នាក់) គឺរាប់ទាំងទារិកាម្នាក់ដែលទើបតែកើតនេះ ហើយទារិកាម្នាក់ដែលទើបនឹងកើតនាពេលនេះគឺមានសុខភាពល្អធម្មតា ។
លោកស្រីក្រុមប្រឹក្សាសង្កាត់ប្រាសាទក៏បានសុំអំពាវនាវដល់សប្បុរសជនមេត្តា ជួយឧបត្ថម្ភដល់ស្ត្រីក្រីក្រខាងលើនេះផង តាមរយៈលេខទូរសព្ទ័លោកស្រីក្រុមប្រឹក្សាសង្កាត់ប្រាសាទ ០៧១ ៦២ ៨២ ៩៦១ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ