ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​គ្នា​ផ្តល់​អុក​ស៊ី​សែន​ដល់​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ រដ្ឋមន្ត្រី​ទាំងអស់ និង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ដែល​រួម​មាន សមា​ជិក​ជា​គណបក្ស​ទាំងអស់​ដែល​បាន​ចូលរួម​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៨ នឹង​ជួប​អ្នក​សារព័ត៌​មាន​ទូ​ទាំង​ប្រទេស នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែមករា​នេះ​។ នេះ​ជា​លើក​ដំបូង ដែល​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ទាំងអស់…

សម្តេច​តេ​ជោ រដ្ឋមន្ត្រី​ទាំងអស់ និង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ដែល​រួម​មាន សមា​ជិក​ជា​គណបក្ស​ទាំងអស់​ដែល​បាន​ចូលរួម​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៨ នឹង​ជួប​អ្នក​សារព័ត៌​មាន​ទូ​ទាំង​ប្រទេស នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែមករា​នេះ​។

នេះ​ជា​លើក​ដំបូង ដែល​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ទាំងអស់ រួម​ជាមួយ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ដែល​មាន​សមាជិក​ជា​គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៨ ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ទទួលស្គាល់​តួនាទី​ដ៏​មាន​សារសំខាន់​របស់​សារព័ត៌​មា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។

ដូច្នេះ​វា​នឹង​ក្លាយជា​ឱកាស​ដ៏​កម្រ​មួយ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​មានការ​យល់​គ្នា​កាន់តែ​ច្បាស់​រវាង​អ្នក​សារព័ត៌មាន មន្ត្រី​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​។

ទាំង​អ្នក​សារព័ត៌មាន រដ្ឋាភិបាល និង​គណបក្ស​នយោបាយ មាន​បេសកកម្ម​រួម​គ្នា​មួយ​គឺ​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ គេ​មាន​ភារកិច្ច និង​ការ​ទទួលខុសត្រូវ​ផ្សេង​ៗ​គ្នា​។ ក្នុង​ការ​បំពេញ ភារកិច្ច​ផ្សេង​ៗ​គ្នា​នេះ ពេល​ខ្លះ​ក៏​នាំ​អោយ​មានការ​យល់​ច្រឡំ ឬ​ក៏​ការ​មិន​សប្បាយចិត្ត​ទៅ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​។ អ្នក​សារព័ត៌មាន​ពេល​ខ្លះ​ត្រូវ​បន្ទោស​ថា ចូល​ចិត្ត​ផ្សាយ​តែ​ព័ត៌មាន អវិជ្ជមាន ជា​ជាង​វិជ្ជមាន ខណៈ​ដែល​អ្នក​សារព័ត៌មាន​រអ៊ូ​អំពី​ភាព​ស្ទាក់ស្ទើរ និង​យឺតយ៉ាវ​របស់​មន្ត្រី និង​អ្នកនយោបាយ​នៅ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​។

ខណៈ​ដែល​រដ្ឋាភិបាល និង​អ្នកនយោបាយ​មាន​ភារកិច្ច​ដឹកនាំ​ប្រទេស​ឱ្យ​មាន​សន្តិភាព ការ​អភិ​វឌ្ឍន៍ យុត្តិធម៌​សង្គម​ជាដើម ដោយ​ធ្វើ​យ៉ាងណា​អោយ​ប្រទេស​ជាតិ​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​មួយ តាម​រយៈ​ការ​រៀបចំ​កម្មវិធី​នយោបាយ និង​អនុវត្តន៍​កម្មវិធី​នយោបាយ​យ៉ាង​មាន​ប្រសិទ្ធភាព​នោះ អ្នក​សារព័ត៌មាន​មាន​តួនាទី​ឃ្លាំមើល និង​ធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​ជូន​ដល់​ប្រជាជន ដើម្បី​អោយ​ធ្វើការ​សម្រេចចិត្ត​ជ្រើសរើស​មេដឹកនាំ​របស់​ពួក​គេ​តាម​រយៈ​ការ​បោះ​ឆ្នោត​។

អ្នកបោះឆ្នោត​ដែល​មាន​ព័ត៌មាន​គ្រប់គ្រាន់ គឺជា​កត្តា​ដ៏​ចាំបាច់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។

ក្ន​ង​នាម​ជា​អ្នក​សារព័ត៌មាន យើង​គ្រប់​គ្នា​សប្បាយចិត្ត និង​គាំទ្រ​ដល់​គ្រប់​កិច្ច​ប្រឹងប្រែង​ដើម្បី​ធ្វើ​អោយ​មាន​លំហូរ​សេរី​ព័ត៌មាន​ដែល​មាន​សារសំខាន់​បំផុត​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។

រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា បាន​ចែង​ថា កម្ពុជា​កាន់​លទ្ធិប្រជាធិបតេយ្យ ហើយ​សេរីភាព​សារ​ព័ត៌​មាន និង​សេរីភាព​ពាក់ព័ន្ធ​ផ្សេង​ទៀត​ត្រូវ​បាន​ធានា​។

ការ​វិវត្តន៍​នយោបាយ​ចាប់តាំងពី​ឆ្នាំ​២០១៧ មក​នាំ​អោយ​មានកា​រិះគន់​អំពី​ដំណើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ប៉ុន្តែ​ខាង​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​អះអាង​ថា​កម្ពុជា ធ្វើ​ដំណើរ​លើ​​​ផ្លូវ ប្រជាធិបតេយ្យ​ដ៏​រឹង​មាំ​មូ​យ​។

ការ​ជួបជុំ​នៅ​ថ្ងៃ​ទី​១៤ ខែមករា ជា​ភស្តុ​តាង​នៃ​ការ​យកចិត្តទុកដាក់​របស់​សម្តេច​តេ​ជោ​និង​រដ្ឋា​ភិបាល ដើម្បី​ពង្រឹង​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ព្រមទាំង​លទ្ធិប្រជាធិបតេយ្យ​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ លំហូរ​សេរី​នៃ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កត្តា​ជា​ច្រើន​។ សម្តេច​តេ​ជោ បាន​បង្ហាញ​អំពី​ឆន្ទៈ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​នៅ​ក្នុង​ការ​លើក​ស្ទួយ​សេរីភាព​សារព័ត៌​មាន​នៅ​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​សេរីភាព​សារព័ត៌មាន​រឹង​មាំ ឬ​ទន់ខ្សោយ​ក៏​ទាក់ទង​ផង​ដែរ ទៅ​លើ​វិជ្ជា​ជីវ​:​របស់​អ្នក​សារព័ត៌មាន​ទាក់ទង​ទៅ​នឹង​ទំនាក់ទំនង​រវាង​អ្នក​សារព័ត៌មាន និង​អ្នកនាំពាក្យ ឬ​ក៏​មនុស្ស​ទទួលខុសត្រូវ​ផ្នែក​ព័ត៌មាន​នៅ​ក្នុង​ស្ថាប័នរដ្ឋ ព្រមទាំង​កត្តា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។

សេរីភាព​សារព័ត៌មាន​នឹង​កាន់តែ​បើក​ជើងមេឃ​របស់​វា​កាន់តែ​ទូលំទូលាយ កាលបើ​អ្នក​សារ​ព័ត៌មាន មាន​សមត្ថភាព​គួប​ផ្សំ​នឹង​សេរីភាព​ដែល​គេ​មាន​។ នៅ​ក្នុង​ន័យ​នេះ វា​មាន​សារសំខាន់​ខ្លាំង​ណាស់ ដល់​ការ​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន​អោយ​មាន​ចំណេះ​​ដឹង​ខ្ពង់ខ្ពស់ និង​មាន​សីលធម៌ ព្រមទាំង​មាន​ឆន្ទៈ​ខ្ពស់​នៅ​ក្នុង​ការ​លើកកម្ពស់​បេសកកម្ម​បម្រើ​ផលប្រយោជន៍​របស់​មហាជន​ទូទៅ​ដែល​ជា​បេសកកម្ម​ធំ​បំផុត​របស់​សារព័ត៌មាន​។

ភាព​ក្លាហាន​របស់​អ្នក​សារព័ត៌មាន​ក៏​មាន​សារសំខាន់​ខ្លាំង​ណាស់​ដែរ​។ អ្នក​សារព័ត៌មាន​ដែល​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​តែ​ខ្វះ​ភាព​ក្លាហាន ប្រៀប​ដូច​ជា «​ដាវ​មុត ដែល​មិន​ដក​ចេញពី​ស្រោម»។ ក្នុង​ន័យ​នេះ អ្នក​សារព័ត៌មាន​ត្រូវ​ហ៊ាន​និយាយ​ពិត និយាយ​ត្រង់ រាល់​គ្រប់​បញ្ហា​ទាំងអស់​នៅ​ក្នុង​សង្គម មិន​ថា ព័ត៌មាន វិជ្ជមាន ឬ​អវិជ្ជមាន​ឡើយ​។

ការ​សរសេរ​អំពី​ព័ត៌មាន វិជ្ជមាន ពិតប្រាកដ​នឹង​ក្លាយជា​ការ​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល ដើម្បី​បន្តការងារ សកម្ម​របស់​ខ្លួន​សម្រាប់​ប្រជាជន និង​ប្រទេស​ជាតិ​។ សំខាន់​ដូច​គ្នា​នេះ​ព័ត៌មាន​អំពី​បញ្ហា​សង្គម​ដែល​មិន​ទាន់​ដោះស្រាយ​រួច​ដូច​ជា បញ្ហា​ភាព​ក្រីក្រ​នៅ​តំបន់​ដាច់​ស្រយាល ការ​ខ្វះ​ខាត​សាលារៀន ឬ​ក៏​មណ្ឌល​សុខភាព​ជាដើម នឹង​ជួយ​អោយ​រដ្ឋាភិបាល​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​បញ្ហា​នៅ​ក្នុង​សង្គម ហើយ​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ជូន​ដល់​ប្រជាជន​ដែល​ជា​ម្ចាស់​ឆ្នោត​នៅ​ក្នុង​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​។

ទំនាក់ទំនង​រវាង​អ្នក​សារព័ត៌មាន និង​អ្នកនាំពាក្យ​របស់​ស្ថាប័នរដ្ឋ​ក៏​ជា​កត្តាចាំបាច់​មួយទៀត​នៅ​ក្នុង​ការ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ពេល​ខ្លះ អ្នក​សារ​ព័ត៌មាន បាន​ត្អូញត្អែរ​អំពី​ការ​ខ្វះ​កិច្ចសហការ​ល្អ​ពី​ស្ថាប័នរដ្ឋ​នៅ​ពេល​ដែល​ពួក​គេ​សាកសួរ​ព័ត៌​មាន​បន្ថែម ដើម្បី​ផ្ទៀងផ្ទាត់​ការ​ពិត ឬ​ក៏​ធ្វើ​អោយ​ព័ត៌មាន​មាន​តុល្យភាព​។ ក្នុង​ន័យ​នេះ ការ​ពង្រឹង​សមត្ថភាព មន្ត្រី​អ្នកនាំពាក្យ របស់​ស្ថាប័នរដ្ឋ​ក៏​ជា​រឿង​មួយ​ដែល​ត្រូវធ្វើ​។

មិនតែប៉ុណ្ណោះ អ្នកនាំពាក្យ​ក៏​ចាំបាច់​ត្រូវ​មាន​សិទ្ធិ​អំណាច គ្រប់គ្រាន់​នៅ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជូន​ដល់​អ្នក​សារព័ត៌មាន​ផង​ដែរ​។ ដូច្នេះ​អ្នកនាំពាក្យ​គួរ​យល់​ដឹង​ច្បាស់ រាល់​គ្រប់​កិច្ចការ​របស់​ស្ថាប័ន​ដែល​ខ្លួន​ធ្វើការ​អោយ​។ ទន្ទឹម​នោះ ពួក​គេ​គួរ​មាន​សិទ្ធិ​អាច ទំនាក់ទំនង​ផ្ទាល់​គ្រប់ពេលវេលា​ជា​មួយនឹង​មេដឹកនាំ​ស្ថាប័ន ដើម្បី​អាច​ឆ្លង​យោបល់​អំពី​ព័ត៌មាន​ដែល​គួរ​ផ្តល់​អោយ​ដល់​អ្នក​សារ​ព័ត៌​មាន​។

អ្នកនាំពាក្យ​ដ៏​មាន​សមត្ថភាព​មិន​ត្រឹមតែ​ជួយ​ធ្វើ​អោយ​មាន​លំហូរ​សេរី​ព័ត៌មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​អាច​ជួយ​លើកមុខ​មាត់​របស់​រដ្ឋាភិបាល​ផង​ដែរ ដោយ​បាន​ផ្តល់​ព័ត៌មាន​ស្តី​ពី​សមិទ្ធផល​នានា​ដែល​រដ្ឋាភិបាល​សម្រេច​បាន​។

ក្នុង​ន័យ​នេះ​អ្នក​សារព័ត៌មាន និង​អ្នកនាំពាក្យ គឺ​ប្រៀប​ដូច​ជា ផ្នែក​ទាំង​សងខាង នៃ « កាក់​ប្រជា​ធិប​តេយ្យ​មួយ​» ដែល​មិន​អាច​អត់​ខាង​ណា​បាន​ឡើយ​។ នៅ​ពេល​ដែល​ទាំង​អ្នក​សារព័ត៌មាន និង​អ្នកនាំពាក្យ​បាន​យល់​ដឹង​ច្បាស់​អំពី ទំនាក់ទំនង​របស់​ពួក​គេ និង​បំពេញការងារ​តាម​ការ​ទទួល​ខុសត្រូវ​រៀង​ៗ​ខ្លួន​បាន​នោះ សេរីភាព សារព័ត៌​មាននៅ​កម្ពុជា នឹង​កាន់តែ​លើកកម្ពស់​បន្ថែម​ទៀត ហើយ​ប្រទេស​ជាតិ​នឹង​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​។

ជា​ចុង​ក្រោយ ការ​ចេញ​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល​គេ​រង់ចាំ​ជា​យូរណាស់​មក​ហើយ​នោះ​ក៏​ជា​កត្តាចាំបាច់​មួយទៀត ដើម្បី​ធ្វើ​អោយ​សេរីភាព​សារព័ត៌​មាននៅ​កម្ពស់​កាន់តែ​រីក​លូតលាស់​ខ្លាំង​ឡើង​។

នៅ​ពេល​ដែល​កត្តានយោបាយ កត្តា​មនុស្ស និង​កត្តា​ច្បាប់ ត្រូវ​បាន​ធានា​សម្រាប់ សេរីភាព​សារ​ព័ត៌មាន​នោះ ប្រទេស​កម្ពុជា​នឹង​កាន់តែ​មានមុខមាត់​ខ្ពស់​ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ ដែល​​ផ្តល់​ការ​ធានា​យ៉ាង​ពេញលេញ​ដល់​សេរីភាព​សារព័ត៌មាន​។

សូម​អោយ​ការ​ជួប​គ្នា​រវាង​រដ្ឋាភិបាល ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ និង អ្នក​សារ​ព័ត៌​មាន ក្លាយទៅជា​កម្លាំង​ច​លករ​ដែល​មិន​ចេះ​នឿយហត់ ដើម្បី​បុព្វហេតុ​សេរីភាព​សារព័ត៌មាន សន្តិ​ភាព ការ​អភិវឌ្ឍន៍ និង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ