ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ពិការ​អង្គុយ​លើ​រទេះរុញ​ទទួល​បាន​អំណោយ (មានវីដេអូ​)

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​ពី​ជីវិត​ពិការ​របស់​បុរស​ម្នាក់​ដែល​អង្គុយតែ​លើ​រទេះរុញ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ធ្វើ​អោយ​សប្បុរសជន​ដែល​មានចិត្ត​អាណិតអាសូរ​បាន​ចំណាយធន​ធាន​ផ្ទាល់ខ្លួន ដើម្បី​ចែករំលែក​ជូន​ដល់​បុរស​ពិការ​ខាងលើ​សម្រាប់​ទុក​ដោះស្រាយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។ ថ្វី​ត្បិត​តែ​អំណោយ​ទាំងនេះ​ហាក់​តិចតួច​ក៏​ពិតមែន តែ​ស្តែង​អោយ​ឃើញ​នូវ​មនោសញ្ចេតនា​អាណិតអាសូរ​ចំពោះ​បុរសពិការជា​អ្នកក្រ​​ខ្សត់​ពី​សំណាក់​ម្ចាស់​ទាន​ជា​អនេក​។ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែមករា…

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​ពី​ជីវិត​ពិការ​របស់​បុរស​ម្នាក់​ដែល​អង្គុយតែ​លើ​រទេះរុញ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ធ្វើ​អោយ​សប្បុរសជន​ដែល​មានចិត្ត​អាណិតអាសូរ​បាន​ចំណាយធន​ធាន​ផ្ទាល់ខ្លួន ដើម្បី​ចែករំលែក​ជូន​ដល់​បុរស​ពិការ​ខាងលើ​សម្រាប់​ទុក​ដោះស្រាយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។ ថ្វី​ត្បិត​តែ​អំណោយ​ទាំងនេះ​ហាក់​តិចតួច​ក៏​ពិតមែន តែ​ស្តែង​អោយ​ឃើញ​នូវ​មនោសញ្ចេតនា​អាណិតអាសូរ​ចំពោះ​បុរសពិការជា​អ្នកក្រ​​ខ្សត់​ពី​សំណាក់​ម្ចាស់​ទាន​ជា​អនេក​។

កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បាន​នាំ​យក​អំណោយ​របស់​សប្បុរសជន​ទៅ​ជូន​បុរស​ពិការ​ខាងលើ​ដោយ​ផ្ទាល់​ដៃ​នៅ​ភូមិ​នរាយណ៍ ឃុំ​ពោធិ​អង្គ្រង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

ម្ចាស់​អំណោយ​ទាំងអស់​ខាងលើ រួម​មាន ១-​ព្រះ​សុមេធ​វង្ស​បណ្ឌិត សុខ ប៊ុ​ន​ធឿ​ន មន្ត្រី​សង្ឃ​ជាន់ខ្ពស់​នៃ​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​អំណោយ​រួម​មាន​អង្ករ​៥០​គីឡូក្រាម​, មី​១​កេស​, ទឹកស៊ីអ៊ីវ​និង​ទឹកត្រី​១​យួរ ២-​លោក​សុខ ប៊ុ​ន​វិ​រៈ មន្ត្រី​អធិការកិច្ច​ក្រសួង​ការងារ ផ្តល់​ថវិកា​ចំនួន​៥០.០០០​រៀល ៣-​លោកស្រី​នួន បុគ្គលិក​មណ្ឌល​កំសាន្ត​ឌឹ​ឃ្វី​ន ផ្តល់​ថវិកា​ចំនួន​៤០.០០០​រៀល និង៤-​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ប្រចាំ​ខេត្តកំពង់ស្ពឺ ផ្តល់​ថវិកា​ចំនួន​៦០.០០០​រៀល​។

បន្ទាប់​ពី​ទទួល​បាន​អំណោយ​របស់​សប្បុរសជន​ខាងលើ​រួច​មក បុរស​ពិការ​ឈ្មោះ​ឆិល សាក់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ម្ចាស់​ទាន​ដែល​បាន​ចែករំលែក​ធនធាន​ផ្ទាល់ខ្លួន​ជូន​ដល់​គាត់ និង​ក្រុម​គ្រួសារ​ ។ ជា​ចុង​ក្រោយ លោក​ឆិល សាក់ បាន​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិ​ទ្ឋិ សូម​ជួយ​តាម​បីបាច់​និង​ថែរ​រក្សា​ម្ចាស់​ទាន​ទាំងអស់​ជួប​ប្រទះ​តែ​សេចក្តីសុខ​គ្រប់ពេលវេលា​។

សូម​រំលឹក​ថា លោក ឆិល សាក់ ជា​ជន​ពិការ រស់នៅ​ភូមិ​នរាយណ៍ ឃុំ​ពោធិ៍​អង្គ្រង ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ជា​រៀងរាល់ថ្ងៃ​គាត់​មិន​អាច​ប្រកប​កិច្ចការ​អ្វី​ក្រៅពី​អង្គុយ​លើ​រទេះរុញ​សុំទាន​គេ​នោះ​ទេ ជួនកាល​ថ្ងៃ​ខ្លះ​សុំ​បាន ហើយ​ជួនកាល​ថ្ងៃ​ខ្លះ​ក៏​សុំ​មិន​បាន​។

បុរស​ពិការ​ខាងលើ​រៀបរាប់​ថា គាត់​ពិតជា​អាណិត​ប្រពន្ធ​និង​កូន​ខ្លាំង​ណាស់ ជា​ពិសេស​គឺ​កូនស្រី​ម្នាក់​ដែល​សតិ​មិន​គ្រប់ ។ រាល់ថ្ងៃ​គាត់​ចេញ​ទៅ​សុំទាន​បាន​លុយ​បន្តិចបន្តួច​យក​មក​ឲ្យ​ប្រពន្ធ ដើម្បី​ទិញ​ម្ហូប​ហូប​ជាមួយ​កូនស្រី ។ គាត់​មិន​អាច​ធ្វើ​អ្វី​បាន​ទេ​ក្រៅពី​សុំទាន​គេ​និង​អង្គុយ​ក្រោម​កំ​ដៅ​ថ្ងៃ​ក្តៅហែង ជួនកាល​ថ្ងៃ​ខ្លះ​សុំ​បាន ជួនកាល​ថ្ងៃ​ខ្លះ​ក៏​សុំ​មិន​បាន តែបើ​ជួប​អ្នក​ចិត្ត​បុណ្យ​គេ​ក៏​ហុច​១​ពាន់​ទៅ​២​ពាន់​រៀល​ក៏​មាន ប៉ុន្តែ​ថ្ងៃ​ខ្លះ​បើ​មិន​បាន​ជួប​ជាមួយ​អ្នក​ចិត្ត​បុណ្យ​ទេ គឺ​គាត់​ក៏​គ្មាន​ប្រាក់​ដែរ​។

បុរស​ពិការ​ខាងលើ​បាន​រៀបរាប់​បន្ត​ថា រាល់ថ្ងៃ ប្រពន្ធ​របស់​គាត់​ស៊ីឈ្នួល​មើលថែ​កូន​តូច​ឱ្យ​គេ​បាន​ប្រាក់​កម្រៃ​តិចតួច​ដែរ​។ គាត់​ក្រខ្សត់​ខ្លាំង​ណាស់ សូ​ម្បី​តែ​ដំបូល​និង​ជញ្ជាំង​ផ្ទះ​ក៏​ត្រូវ​បាន​អ្នក​ជិតខាង​ឱ្យ​ស័ង្កសី​យក​មក​បិទ​បាំង​ដែរ ព្រោះ​គាត់​គ្មាន​លទ្ធភាព​រក​លុយ​ទិញ​នោះ​ទេ ។ រាល់ថ្ងៃ​គ្រួសារ​របស់​គាត់​រស់​អាស្រ័យ​លើ​ការ​សុំទាន និង​ប្រាក់​កម្រៃ​របស់​ប្រពន្ធ​ស៊ីឈ្នួល​មើល​កូន​តូច​ឲ្យ​គេ​តែ​ប៉ុណ្ណោះ គឺ​ពុំ​មាន​អ្វី​នោះ​លើស​ពី​នេះ​ទៀត​ទេ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ