ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក យស បូ​វណ្ណៈ ត្រៀម​បង្ហាញ​ស្នា​ដៃ​ទី​២ ក្រោយ​ឈ្នះ​ពាន​លើ​ឆាក​អន្តរ​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ជើង​ចាស់​លោក យស បូ​វណ្ណៈ ដែល​បច្ចុប្បន្ន​បាន​ងារ​ជា​ឯកឧត្តម ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា តែងតាំង​ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នោះ ត្រៀម​នឹង​បង្ហាញ​នូវ​ស្នាដៃ​ទី​២…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ជើង​ចាស់​លោក យស បូ​វណ្ណៈ ដែល​បច្ចុប្បន្ន​បាន​ងារ​ជា​ឯកឧត្តម ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា តែងតាំង​ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នោះ ត្រៀម​នឹង​បង្ហាញ​នូវ​ស្នាដៃ​ទី​២ បន្ទាប់​ពី​លោក​បាន​ទទួល​ពានរង្វាន់​ជា​តួរង​ប្រុស ឬ​តួ​ឪពុក​ឆ្មើ​ម នៃ​រឿង «​លោកឪពុក​» ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​លើក​ទី​៥៩ អាស៊ី ប៉ា​ស៊ី​ហ្វិ​ក នៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន​។

តារា​សម្តែង​ជើង​ចាស់ ដែល​កំពុង​កសាង​ជីវភាព​ថ្មី​លើ​ទឹកដី​អា​មេ​រិ​ក​រូប​នេះ គ្រោង​នឹង​ជាប់​ពិភាក្សា​​ការងារ​ជាមួយ​ចាងហ្វាង​ផលិតកម្ម​មហាហង្ស លោក អ៊ិ​ន សុ​ភិន ពាក់ព័ន្ធ​ការ​សម្តែង​រឿង​ថ្មី ក្នុង​ពេល​ដែល​ម្ចាស់​ផលិតកម្ម​មហាហង្ស នឹង​នាំ​ពានរង្វាន់​យក​ទៅ​ប្រគល់​ជូន​លោក​នា​ឯ​គេហ​ដ្ឋាន​។

លោក យស បូ​វណ្ណៈ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ពី​សហរដ្ឋអាមេរិក​ថា លោក​ពិតជា​មាន​មោនភាព​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​លោក​បាន​ពាន​ដ៏​ធំ​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​នេះ ខណៈ​ពេល​ដែល​លោក​គ្រោង​នឹង​ជួប​ពិភាក្សា​ជាមួយនឹង​លោក អ៊ិ​ន សុ​ភិន ក្នុង​ការ​សម្តែង​រឿង​ៗ​បន្ត​ទៀត​។

លោក​ថា លោក​ចាងហ្វាង​ផលិតកម្ម​គាត់​ចង់​មក​ចរចា​ជាមួយនឹង​ខ្ញុំ​នៅ​សហរដ្ឋអាមេរិក សម្តែង​រឿង​ថ្មី ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​នៅ​ក្នុង​មហោស្រព​អន្តរជាតិ​នេះ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត ចឹ​ង​យើង​នឹង​ជួប​គ្នា ហើយ​លោក​ចាងហ្វាង​ក៏​នឹង​យក​ពានរង្វាន់​នេះ​មក​ឱ្យ​នៅ​គេហដ្ឋាន​ផ្ទាល់​របស់​លោក​ផង​ដែរ​។

លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​សិល្បករ​ខ្មែរ​មួយ​រូប លោក​ពិតជា​មានចិត្ត​សប្បាយ​រីករាយ​ជា​ពន់​ពេក​នៅ​ពេល​ដែល​លោក​ត្រូវ​បាន​គណៈកម្មការ​អន្តរជាតិ​បាន​ធ្វើការ​សម្រេច​ឲ្យ​រូប​លោក​បាន​ឈ្នះ​ពានរង្វាន់​ជា​តួរង​ប្រុស ឬ​តួ​ឪពុក​ឆ្មើ​ម នៃ​រឿង «​លោកឪពុក​» ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​ភាពយន្ត​លើក​ទី​៥៩ អាស៊ី ប៉ា​ស៊ី​ហ្វិ​ក នៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន​។ ជោគជ័យ​នេះ ក៏​ជា​មុខមាត់​មួយ​សម្រាប់​ប្រទេស​កម្ពុជា​យើង​ផង​ដែរ ខណៈ​ពេល​ដែល​ភាព​ជោគជ័យ​នេះ គឺ​បាន​មក​ដោយសារ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ ទើប​យើង​មានឱកាស​បង្ហាញ​ស្នាដៃ​ភាពយន្ត​ខ្មែរ​យើង​លើ​ឆាក​អន្តរជាតិ​។

លោក យស បូ​វណ្ណៈ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ទទួល​បាន​ជោគជ័យ​ឈ្នះ​ពានរង្វាន់​ខាងលើ​នេះ​ផង​ដែរ គឺ​បាន​មក​ពី​ការ​ខិតខំ​ហាត់​ហ្វឹកហ្វឺន និង​ប្រឡូក​លើ​ផ្នែក​សិល្បៈ​របស់​លោក​ប្រមាណ​ជាង​៣០​ឆ្នាំ​មកនេះ ក្នុង​ពេល​ដែល​ការ​សម្តែង​ជា​តួ​ឪពុក គឺ​មានការ​លំបាក​យ៉ាង​ខ្លាំង​។ លោក​បញ្ជាក់​ថា នៅ​ក្នុង​សាច់​រឿង គឺ​តួ​របស់​លោក​មានការ​ពិកា​ជើង និង​ជា​អ្នកក្រ​ផង ប្រពន្ធ​ស្លាប់​ចោល កូន​គេ​ធ្វើបាប ហើយ​មក​ធ្វើបាប​យើង​ជា​ឪពុក​ផង តែ​ក្នុង​នាម​យើង​ជា​ឪពុក​នៅ​តែ​ខិតខំ​តស៊ូ​បីបាច់​ចិញ្ចឹម​កូន ដោយ​មិន​ខ្លាច​ការ​នឿយហត់ និង​សេចក្តីស្លាប់​នោះ​ឡើយ​។ នៅ​ក្នុង​ការ​សម្តែង​រឿង​នេះ លោក​បាន​ដាក់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្ទៃរឿង ទើប​លោក​បាន​បញ្ចេញ​នូវ​ទឹកភ្នែក​បាន ហើយ​ពេល​ដែល​បាន​សម្តែង​រឿង​នេះ​ហើយ លោក​ក៏​មាន​ក្តី​រំពឹង​ថា រឿង​នេះ ប្រាកដជា​នឹង​ទាក់ទាញ​ទស្ស​និក​ឲ្យ​មក​ទស្សនា​ច្រើន​។

បើ​តាម​លោក យស បូ​វណ្ណៈ នៅ​ពេល​ដែល​លោក​បាន​ឈ្នះ​នូវ​ពានរង្វាន់​ខាងលើ​នេះ លោក​ក៏​សូម​សំណូមពរ និង​ផ្តាំផ្ញើ​ដល់​ប្អូន​ៗ​សិល្បៈ​ជំនាន់​ក្រោយ​ត្រូវ​មាន​ភាព​ជឿជាក់ និង​ថ្លៃថ្នូរ​បំផុត​ចំពោះ​វិស័យ​សិល្បៈ​ខ្មែរ​យើង យក​ទៅ​សម្តែង ដោយ​មិន​ត្រូវ​យក​សិល្បៈ​ធ្វើ​ជា​ឈ្នាន់​នោះ​ឡើយ។

លោក​ថា ក្នុង​នាម​ជាតារ​សម្តែង​មួយ​រូប គឺ​ត្រូវ​តែ​មានការ​បណ្តុះបណ្តាល​លើ​ផ្នែក​នេះ​យ៉ាង​ត្រឹម​ត្រូវ ដោយ​ត្រូវ​ចេញពី​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ ហើយ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិន័យ​ក្រមសីលធម៌ និង​ការ​គោរព​គ្នា ជា​ពិសេស​ត្រូវ​សម្តែង​អ្វី​ដែល​មាន​ភាព​ជា​សិល្បៈ​ខ្មែរ​យើង ដោយ​មិន​ឲ្យ​លើស​ពី​រង្វង់​សិល្បៈ ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ​យើង​នោះ​ឡើយ​។

ទោះជា​យ៉ាងណា ការ​ឈ្នះ​ពានរង្វាន់​អន្តរជាតិ​នា​ពេល​នេះ លោក​ក៏​បាន​ថ្លែងអំណរគុណ​ទៅ​ដល់​លោក​ចាងហ្វាង​ផលិតកម្ម និង​ភរិយា ព្រមទាំង​កូន​ៗ​ទាំងអស់​របស់​លោក ដែល​បាន​គាំទ្រ និង​ជម្រុញ​ទឹកចិត្ត​លោក​ឲ្យ​ចូលរួម​សម្តែង​ភាពយន្ត​ជា​ថ្មី​ឡើង​វិញ​នា​ពេល​នេះ​។

លោក​ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ សម្រាប់​ទស្ស​និក​ខ្មែរ​ទាំងអស់​ដែល​នៅ​តែ​គាំទ្រ​វត្តមាន​នៃ​ការ​សម្តែង​របស់​លោក ដែល​កត្តា​នេះ​គឺ​ការ​ជម្រុញ​ទឹកចិត្ត​លោក​ឲ្យ​យ៉ាង​ធំធេង បន្ត​បម្រើ និង​លើក​ស្ទួយ​វិស័យ​វិ​សិល្បៈ​ទី​៧ របស់​ខ្មែរ រហូត​ដល់​ជីវិត​ចុង​ក្រោយ បើ​ទោះបីជា​ពេល​នេះ​លោក​បាន​និង​កំពុង​រស់នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ក៏​ដោយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ