ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ណែនាំ​ពលរដ្ឋ​ឈប់​ធ្វើស្រែ​បំពាន​​ប្រាសាទ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត និង​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ ២០២០​បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​កំពង់លែង មន្ត្រី​សូ​រិ​យោ​ដី មន្ត្រី​នគរបាល​ការពារ​បេតិកភណ្ឌ…

ខេត្តកំពង់ឆ្នាំង​៖ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត និង​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ ២០២០​បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​កំពង់លែង មន្ត្រី​សូ​រិ​យោ​ដី មន្ត្រី​នគរបាល​ការពារ​បេតិកភណ្ឌ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ផង បាន​វាស់វែង និង​ឈូស​កំណត់​ព្រំ​ដី​ទួល​ប្រាសាទ​សក្ល ហៅ​ប្រាសាទ​ប្រុស ស្ថិត​ក្នុងភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ។

លោក​សំ ចាន់​ថន អភិបាលស្រុក​ឲ្យ​ដឹង​ថា ដោយសារ​ជើង​ទីទួល​ប្រាសាទ​មាន​ផ្ទៃរាប​ស្មើ ប្រជាពលរដ្ឋ​តែងតែ​ធ្វើស្រែ​ជាប់ជើង​ទីទួល​ប្រាសាទ​ជា​រៀង​រាល់​ឆ្នាំ ។

លោក​សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង បញ្ជាក់​ថា ជុំវិញ​ទីទួល​ប្រាសាទ​សក្ល មិន​អនុញ្ញាត​ឲ្យ​មានការ​បំពាន​ឡើយ ។ កន្លង​មក​ប្រជាពលរដ្ឋ​ធ្លាប់​បាន​ធ្វើ​កិច្ច​សន្យា ហើយ​ខាង​មន្ទីរ​ធ្លាប់​បោះ​ព្រំ​ដី​ដែរ ប៉ុន្តែ​ពួក​គាត់​មិន​យល់​នៅ​តែ​ចូល​ធ្វើស្រែ​ជាប់ជើង​ទួល​ប្រាសាទ​ដដែល ។ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ដីស្រែ​នៅ​ជាប់ជើង​ទួល​ប្រាសាទ កាន់តែ​ច្បាស់ អាជ្ញាធរ​ស្រុក​បាន​យក​ត្រាក់ទ័រ​ឈូស​លើក​ភ្លឺ​ព័ទ្ធ​ជុំវិញ​ជើង​ទួល​ប្រាសាទ​ដើម្បី​ជា​កំណត់​សម្គាល់ ឲ្យ​បញ្ឈប់​ការ​ធ្វើស្រែ​តទៅ​ទៀត ។

លោក​សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បញ្ជាក់​ថា ប្រាសាទ​សក្ល គឺជា​ប្រាសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​ជា​ច្រើន ដែល​រាប់​បញ្ចូល​ជាទី​តាំង​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត ប៉ុន្តែ​មិនសូវ​មាន​ភ្ញៀវ​ទេសចរ ទៅ​កម្សាន្ត​ទេ ។ លោក​គាំទ្រ​ការ​លើក​ភ្លឺ​ព័ទ្ធ​ជុំវិញ​ទីទួល​ប្រាសាទ​ដើម្បី​កំណត់​ព្រំ​ឲ្យ​កាន់តែ​ច្បាស់ កុំ​ឲ្យ​ប្រជាពលរដ្ឋ​រំលោភ​បំពាន ។

នៅ​ព្រឹក​នោះ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស្រែ​ជុំវិញ​ទីទួល​ប្រាសាទ ត្រូវ​អាជ្ញាធរ​ឃុំ​ស្រុក​អញ្ជើញ​ទៅ​មើល​ការ​លើក​ភ្លឺ​សម្គាល់​ព្រំ​រវាង​ដី​ទីទួល​ប្រាសាទ និង​ដីស្រែ​របស់​ពួក​គាត់ ។ អាជ្ញាធរ​បាន​ណែនាំ​ឲ្យ​ពួក​គាត់​ឈប់​ធ្វើស្រែ​ចូល​ក្នុង​ជើង​ទីទួល​ប្រាសាទ​ទៀត ។

លោក​សំ ចាន់​ថន អភិបាលស្រុក​កំពង់លែង ឲ្យ​ដឹង​ថា​នៅ​ដើមឆ្នាំ​២០២០ នេះ​រដ្ឋបាល​សាលា​ស្រុក​កំពង់លែង បាន​ដាក់​ប្រាក់​មួយ​ចំនួន​ដើម្បី​ធ្វើ​ផ្លូវ​ថ្មី ចូល​ទៅ​កាន់​ទីទួល​ប្រាសាទ ប៉ុន្តែ​ជំហាន​ដំបូង​ធ្វើ​បាន​តែ​ជាង​១០០​ម៉ែត្រ​ប៉ុណ្ណោះ​ហើយនឹង​ធ្វើ​ជា​បន្តបន្ទាប់​ទៀត​រហូត​ដល់​មាន​ផ្លូវ​ធំ​អាច​មាន​រថយន្ត​បើក​ចេញចូល ទៅ​ប្រាសាទបុរាណ​សក្ល ដែល​កសាង​ឡើង​ក្នុង​ចន្លោះ​សតវត្ស​ទី​៧ និង​ទី​៨ តាម​រចនាបថ​កំពង់ព្រះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ