វិស័យ​មូល​ប​ត្រ​មានដំណើរ​ការ អាស្រ័យ​​លើ​ប្រព័ន្ធ​ធនាគារ​រឹង​មាំ


រាជធានី​ភ្នំពេញ ៖ នា​ពេល​បច្ចុប្បន្ន​វិស័យ​មូល​ប​ត្រ​កម្ពុជា​ចាប់ផ្ដើម​មានដំណើរ​ការ​និង​រីក​ចម្រើន​ជា​បន្តបន្ទាប់ ខណៈ​វិស័យ​គឺជា​វិស័យ​ថ្មី​មួយ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ។ យ៉ាងណា​ក៏​ដោយ​បើ​តាម​អ្នកជំនាញ ក្នុង​វិស័យ​មូល​ប​ត្រ​កម្ពុជា​បាន​លើក​ឡើង​ផង​ដែរ​ថា វិស័យ​មូល​ប​ត្រ​មានដំណើរ​ការ​ល្អ គឺ​វា​អាស្រ័យ​លើ​ប្រព័ន្ធ​ធនាគារ​ក្នុង​ប្រទេស​នោះ​មាន​ភាពរឹងមាំ​ផង​ដែរ ហើយ​វា​ក៏​ជា​ការ​ផ្ដល់​ទំនុកចិត្ត​ដល់​វិនិយោគិន​ក្នុង​និង​ក្រៅប្រទេស​ផង​ដែរ ។

បើ​តាម​លោក​ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្នុង​វិស័យ​ហិរញ្ញវត្ថុ មាន​វិស័យ​ពីរ ដែល​ធ្វើការ​ជាមួយ​គ្នា​ផ្សា​ភ្ជាប់​ជាមួយ​គ្នា គឺ​វិស័យ​មូល​ប​ត្រ និង​វិស័យ​ធនាគារ ហើយ​វិស័យ​ធនាគារ​គ្រប់គ្រង​ទៅ​លើ​ផលិតផល និង​សេវាកម្ម​ប្រាក់​បញ្ញើ​និង​កម្ចី​ផ្សេង​ៗ ។

ធនាគារ​ត្រូវការ​ផ្សា​ភ្ជាប់​ការ​វិនិយោគ​ដូច្នេះ​ហើយ​ទើប​នៅ​ក្នុង​ប្រ័​ន្ធ​ទាំងមូល តែង​តែមាន​ធនាគារ​ផង​និង​ក្រុមហ៊ុន​វិនិយោគ​ផង ដែល​ក្រុមហ៊ុន​វិនិយោគ​នោះ​ត្រូវ​នៅ​ក្រោម​ការ​គ្រប់គ្រង​និង​ផ្ដល់​អាជ្ញាប័ណ្ណ​ពី​គណៈកម្មការ​មូល​ប​ត្រ លោក​បាន​បន្ត​ថា ប្រព័ន្ធ​ធនាគារ​គឺ​មាន​សារសំខាន់​ណាស់ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ ហើយ​វិស័យ​មូល​ប​ត្រ​មានដំណើរ​ការ​ល្អ គឺ​អាស្រ័យ​លើ​ប្រព័ន្ធ​ធនាគារ ហើយ​អ្នក​វិនិយោគ​ពី​ខាងក្រៅ​មាន​ទំនុកចិត្ត​លើ​វិស័យ​មូល​ប​ត្រ និង​ចង់​មក​វិនិយោគ​នៅ​កម្ពុជា គេ​ក៏​មើលទៅ​លើ​ប្រព័ន្ធ​ធនាគារ ដូច្នេះ​ហើយ​កម្ពុជា ត្រុ​វ​ការ​ពង្រឹង​ប្រព័ន្ធ​ធនាគារ និង​ចង់អោយ​អ្នកមាន​វិជ្ជាជីវៈ​ពិតប្រាកដ​ក្នុង​វិស័យ​ធនាគារ​មក​ជួយ​កម្ពុជា​ទាំង​បច្ចេកទេស និង​ការ​វិនិយោគ ។

លោក​ស៊ូ សុ​ជាតិ បាន​មាន​ប្រសាសន៍​បន្ត​ថា « អ្វី​ដែល​យើង​ត្រូវការ​ពី​អ្នក​វិនិយោគ​ក្នុង​និង​ក្រៅ​ប្រទេស​នោះ គឺ​ការ​កសាង​នូវ​ទីផ្សារ​មួយ​ប្រកបដោយ​វិជ្ជាជីវៈ​ពិតប្រាកដ និង​ចែករំលែក​ទៅ​ដល់​វិនិយោគិន​ក្នុងស្រុក និង​ចែ​ល​រំលែក​ពី​បទ​ពិសោធន៍​និង​វិជ្ជាជីវៈ​ទៅ​ដល់ទី​ផ្សារ​ទាំងមូល » ។

លោក​បាន​បន្ថែម​ថា ដើម្បី​អោយ​គៀងគរ​វិនិយោគិន​មក​ចាប់អារម្មណ៍​លើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​កាន់តែ​ច្រើន​ទៀត​នោះ គឺ​ត្រូវការ​ក្រុមហ៊ុន​មូលនិធិ​ដែល​មានបទពិសោធន៍ និង​ត្រូវការ​អោយ​ក្រុមហ៊ុន​មូលនិធិ​នេះ ជួយ​ពង្រឹង​អ្នក​វិនិយោគ​តាម​រយៈ​ការ​ផ្ដល់​ចំណេះ​ជំនាញ ដល់​ប្រជាជន ជួយ​បំផុស​អោយ​អ្នក​ដែល​នៅ​សល់​សាច់ប្រាក់​អោយ​ក្លាយជា​អ្នក​វិនិយោគ​ប្រកបដោយ​វិជ្ជាជីវៈ។

លោក​បាន​បន្ត​ថា « ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ​ទៅ​មុខ​ទៀត មាន​តែ​គណៈកម្មការ​មូល​ប​ត្រ​តែ​ម្នាក់ឯង​ក៏​មិន​ងាយស្រួល​ដែរ គឺ​ត្រូវការ​អោយ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​មូលនិធិ​ធំ​ៗ​និង​មាន​បទពិសោធន៍​ក្នុង​វិស័យ​មូល​ប​ត្រ​នេះ ជា​ពិសេស​មក​ពី​បរទេស​ដែល​គេ​មានបទពិសោធន៍​ខាង​វិស័យ​មូល​ប​ត្រ » ។

បើ​តាម​លោក​ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បច្ចុ​ប្បន្ន​នេះ មាន​ធនាគារ​និង​ក្រុមហ៊ុន​ជា​ច្រើន​បាន​ប្រកាស​លក់​សញ្ញាប័ណ្ណ​មូលនិធិ​បំណុល និង​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ ដែល​ធ្វើ​អោយ​វិស័យ​កាន់តែ​មាន​សន្ទុះ​មួយ​កម្រិត​ទៀត ។​ក្រៅពី​នោះ​ដែរ ក្នុង​វិស័យ​មូល​ប​ត្រ​ទាំងមូល ក៏​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​បាន​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម ពាក់ព័ន្ធ​នឹង​វិស័យ​ហិរញ្ញវត្ថុ ដូច​ជា​ការ​ជួញដូរ​ឧបករណ៍៍​និ​ស្ស​ន្ទ និង​ជា​សម​ភាគី​កណ្ដាល​ជាដើម ។

បើ​តាម​លោក​ស៊ូ សុ​ជាតិ​ក៏​បានអោយ​ដឹងផង​ដែរ​ថា ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ គឺជា​ឆ្នាំ​ដែល​វិស័យ​មូល​ប​ត្រ​មានការ​កើនឡើង​គួរ​អោយ​កត់សម្គាល់​និង​ជា​មោទនភាព​បំផុត ។

លោក​បាន​បន្ត​ថា « ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មី គឺជា​សករាជ​នៃ​វិស័យ​មូល​ប​ត្រ​កម្ពុជា ដោយ​ក្នុង​នោះ​យើង​ឃើញ​ថា​កំនើន​នៃ​ការ​វិនិយោគ​លើ​វិស័យ​មួយ​នេះ​មានការ​លូតលាស់​លឿន​បើ​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ដែល​ធ្វើ​អោយ​ទុន​ក្នុង​វិស័យ​មូល​ប​ត្រ​ចុះបញ្ជី មាន​រហូត​ដល់​ជាង​១០​លាន​ដុល្លារ​អា​មេ​រិ​ក ក៏​ប៉ុន្តែ​បើ​ធៀប​នឹង​ប្រទេស​ជិតខាង​ឃើញ​ថា​វិស័យ​មូល​ប​ត្រ​កម្ពុជា​នៅ​មាន​កម្រិត និង​ទាមទារ​អោយ​មានការ​វិនិយោគ​បន្ថែម​ទៀត ។

សម្រាប់​ឆ្នាំ ២០២០​នេះ​ដែរ វិស័យ​មួយ​នេះ នៅ​តែ​មាន​សញ្ញាណ​ល្អ​ដោយសារ​តែ​មាន​ក្រុមហ៊ុន​ធំ​លំដាប់​អន្តរជាតិ​បាន​លូកដៃ​ក្នុង​ការ​ជួយ​កែ​លម្អ​និង​ជំរុញ​អោយ​មាន​សកម្មភាព​កាន់តែ​ខ្លាំង និង​មាន​ក្រុមហ៊ុន​ក្នុងស្រុក​ធំ​ៗ ក៏​បាន​ចាប់ផ្ដើម​បោះផ្សាយ​ភាគហ៊ុន​របស់​ខ្លួន​ក្នុង​ផ្សា​រមូល​ប​ត្រ​ផង​ដែរ​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ