ល្បែងភ្នាល់​បាល់​តាម​ប្រព័ន្ធ​អុីន​ធើ​រ​ណេ​​ត​បន្ត​កើត​មាននៅ​ក្រុង​ប៉ោយ​ប៉ែ​ត


ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ល្បែងភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត នៅ​បន្ត​កើត​មាន ប៉ុន្តែ​ក្រៅ​តំបន់​កាស៊ីណូ​បើ​ទោះជា​កន្លង​ទៅ​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ឱសានវាទ​ឲ្យ​បញ្ឈប់​ទាំងស្រុង​នៅ​អាជីវកម្ម​ល្បែង​ភ្នាល់​​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច ឬ​តាម​រយៈ​អ៊ី​ន​ធើ​រ​ណេ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស និង​គ្រប់​រូបភាព ត្រឹម​ថ្ងៃ​ទី​01 ខែមករា ឆ្នាំ​2020 ក៏​ដោយ​។

សេចក្តីរាយការណ៍​បន្ត​ថា ល្បែង​អន​ឡាញ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត តាម​ទីតាំង​ធំ​ៗ​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​មួយ​ចំនួន​នា​ពេល​កន្លង​មក ពេល​នេះ​គេ​ឃើញ​បិទ​លែង​ដំណើរការ​អស់ហើយ ក្រោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកាស​ពី​សារាចរ​ណែនាំ​លេខ​07 របស់​រាជរដ្ឋាភិបាល និង​បញ្ឈប់​ការ​បន្ត​សុពលភាព និង​ផ្តល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​ល្បែងភ្នាល់​អន​ឡាញ ក៏​ដូច​ជា​បញ្ឈប់​ការ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​ទាំងនេះ នៅ​ទូ​ទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​01 ខែមករា ឆ្នាំ​2020​។

បើ​ទោះជា​បែប​នេះ​ក្តី ទីតាំង​បើក​ល្បែងភ្នាល់​បាល់​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត គេ​នៅ​តែ​ស​ង្គេ​ត​ឃើញ​កើត​មាន​ដដែល ដោយ​កន្លែង​ខ្លះ​ហ៊ាន​បើក​ជា​ចំហ​មាន​ទាំង​សន្តិសុខ​យាមកាម និង​កន្លែង​ខ្លះ បើក​​លួចលាក់​នៅឡើយ ពោល​គឺ​បិទទ្វារ​ពេល​ថ្ងៃ លួច​បើក​ពេល​យប់​។

បើ​តាម​សន្តិសុខ​ឯកជន​ម្នាក់​ដែល​យាមកាម​នៅ​ទីតាំង​លួច​បើក​ល្បែងភ្នាល់​បាល់​មួយ​កន្លែង​ជាប់​នឹង​ចំណតរថយន្ត​ធំ (​ចំណត​បេន​ចាន​) ស្ថិត​នៅ​ភូមិ​បា​លិ​លេ​យ្យ​01 សង្កាត់​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ទីតាំង​ដែល​លោក​យាម​នេះ គឺ​គេ​បើក​លក់​ក្រដាស់​ភ្នាល់​បាល់​។

នៅ​ពេល​លើក​ឡើង​ពី​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខាងលើ សន្តិសុខ​រូប​នេះ​បាន​ឆ្លើយ​តប​ថា លោក​មិនដឹង​រឿង​ទេ គឺ​ដឹង​ត្រឹម​ស៊ីឈ្នួល​យាម​កន្លែង​ឲ្យ​គេ បាន​ប្រាក់​កម្រៃ​1​ខែ​170​ដុល្លារ ដើម្បី​ចិញ្ចឹម​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ​។

សន្តិសុខ​ដដែល​រូប​នេះ បាន​ហៅ​បុគ្គលិក​ប្រុស​ម្នាក់​ឲ្យ​ចេញ​មក​ក្រៅ​ដែរ តែ​ពេល​ឮ​ថា អ្នក​ព័ត៌មាន​សុំ​ការ​បំភ្លឺ​នោះ បុគ្គលិក​ម្នាក់​នោះ​បាន​ទាញ​ទ្វារ​បិទ រួច​ដើរ​ចូល​ទៅ​ក្នុង​វិញ​យ៉ាង​ប្រ​ញ៉ាប់​តែ​ម្តង​។

ជុំវិញ​ករណី​ខាងលើ លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត មិន​អាច​ទាក់ទង​សុំ​កា​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​មិន​ចូល​ជា​ច្រើន​ដង​។

ដោយឡែក​លោក​វរសេនីយ៍ ព្រំ ពិសិដ្ឋ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ហើយ​ប្រាប់​ឲ្យ​សាកសួរ​លោក​អធិការ​ក្រុង​វិញ​។ ដើម្បី​ឲ្យ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​ប្រសិទ្ធភាព​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ក្រុង​មួយ​នេះ គួរតែ​ពិនិត្យ និង​ចាត់វិធានការ​លើ​បញ្ហា​នេះ​ចៀសវៀង​រង​ការ​រិះគន់​ពី​គ្រប់​មជ្ឈ​ដ្ឋាន៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ