អាកា​រៈទាំង​នេះ​លេចឡើង​បញ្ជាក់ថា ពោះវៀនអ្នក​​អាច​នឹង​មាន​បញ្ហា​ហើយ


របៀបរបប​នៃ​ការ​រស់នៅ ព្រមទាំង​របប​អាហារ​អាហារ​អាច​ជះ​ឥទ្ធិពល​លើ​សុខភាព​រាង​កាយ​ទាំងមូល ក៏​ដូច​ជា​ពោះវៀន​។​ទោះជា​ពេល​ខ្លះ​ការ​ឈឺពោះ​ជា​រឿង​ធម្មតា​ដែល​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ប៉ុន្តែ​ក៏​នៅ​មាន​អាកា​រៈ​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​មើល​រំលង​ឡើយ​ចៀសវាង​បញ្ហា​ធ្ងន់ធ្ងរ​កើតឡើង​។ ហើយ​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាកា​រៈ​មួយ​ចំនួន​ដែល​អាច​កើតឡើង​ដោយសារ​បញ្ហា​ពោះវៀន ៖

១. ឈឺចាប់​ក្នុង​ពោះ ៖ ជា​ញឹកញយ​ការ​ឈឺ​ក្នុង​ពោះ​អាច​បណ្ដាល​មក​ពី​អ្នក​អាហារ ឬ​ភេសជ្ជៈ​ដែល​អ្នក​ទទួលទាន​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ឧស្សាហ៍​ឈឺ​ក្នុង​ពោះ ហើយ​ការ​ឈឺចាប់​កើនឡើង​នៅ​ត្រង់​ផ្នែក​ខាងក្រោម​នៃ​ពោះ​នោះ​វា​អាច​ជា​អាកា​រៈ​នៃ​បញ្ហា​នៃ​ជំងឺ​រលាក​ពោះវៀន​ប្រភេទ​ណាមួយ ឬ​សូ​ម្បី​តែ​ជំងឺមហារីក​ពោះវៀន​។

២. ឧស្សាហ៍​ទល់លាមក ៖ ប្រសិនបើ​អ្នក​ឧស្សាហ៍​ជួប​ប្រទះ​អាកា​រៈ​ទល់លាមក​និង​មាន​អារម្មណ៍​ឈឺចាប់​កំឡុង​ពេល​បត់ជើងធំ​នោះ​វា​អាច​ជា​រោគ​សញ្ញា​នៃ​បញ្ហា​ពោះវៀន​ហើយ​។ ពេល​ខ្លះ​របប​អាហារ​ត្រឹមត្រូវ​អាច​ព្យាបាល​បំបាត់​បញ្ហា​នេះ ប៉ុន្តែ​ប្រសិនបើ​មិន​អើពើ​រយៈពេល​យូរ​ទៅ​វា​អាច​នឹង​ត្រូវការ​ការ​វះកាត់​ដើម្បី​ជា​សះស្បើយ​។

៣. រាគ​ញឹកញាប់ ៖ ឧស្សាហ៍​រាគ​ក៏​អាច​ជា​អាកា​រៈ​ដែល​បញ្ជាក់​ថា​ពោះវៀន​ដំណើរការ​មិន​ប្រក្រតី​ផង​ដែរ​។ ប្រសិនបើ​រាគ​មិន​បាត់​សោះ​លើស​ពី ២៤ ម៉ោង អ្នក​គួរ​ប្រញាប់​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ហើយ​។

៤. ឈាម​ក្នុង​លាមក ៖ ប្រសិនបើ​អាកា​រៈ​នេះ​លេចឡើង កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ​។

៥. ផោម​ញឹក​ពេក​និង​មាន​ក្លិនស្អុយ​ខ្លាំង ៖ ការ​ផោម​ច្រើន​ពេក​និង​មាន​ក្លិនស្អុយ​ខ្លាំង​អាច​មាន​ន័យ​ថា​ពោះវៀន​មិន​បាន​រំលាយ​ឬ​ស្រូប​យក​អ្វីមួយ​។ វា​អាច​បណ្ដាល​មក​ពី​កង្វះ​នៃ​ពពួក​បាក់តេរី​ល្អ​ៗ ការ​រលាក ឬ​ចលនា​ពោះវៀន​មិន​ប្រក្រតី​។ វា​ជា​ការ​សំខាន់​ដែល​អ្នក​គួរ​កត់​សម្គាល់ថា​តើ​អាកា​រៈ​នេះ​វា​បណ្ដាល​មក​ពី​ការ​ទទួលទាន​អាហារ​មួយ​ចំនួន​ដូ​ជ​ជា​សណ្ដែក ស្ពៃក្ដោប ធញ្ញជាតិ​គ្រាប់​ពេញ ឈី​ស ផ្លែ​ព្រូន ផ្លែ​សេ​រ៊ី ឬ​ជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺ​ពោះវៀន​។

៦. ខ្វះ​ថាមពល​រាង​កាយ ៖ ប្រសិនបើ​ពោះវៀន​ដំណើរការ​មិន​ប្រក្រតី នោះ​យើង​នឹង​ជួប​ប្រទះ​បញ្ហា​អស់កម្លាំង​ខ្វះ​ថាមពល​បាន​យ៉ាង​ងាយ​ដោយសារ​កង្វះ​សារធាតុចិញ្ចឹម​សំខាន់​ៗ ជាតិ​រ៉ែ និង​វីតាមីន​។ ប្រសិនបើ​ភ្លាម​ៗ​អ្នក​ស្រាប់តែ​មាន​អារម្មណ៍​ហត់នឿយ​អស់កម្លាំង​ខ្លាំង​ទាំង​មិន​បាន​ធ្វើ​អ្វី​ច្រើន​ហួស​ធម្មតា​សោះ​នោះ​វា​អាច​បណ្ដាល​មក​ពី​បញ្ហា​នៃ​ជំងឺ​ពោះវៀន​ប្រភេទ​ណាមួយ​ហើយ ឬ​សូ​ម្បី​តែ​ជំងឺមហារីក​។

សម្គាល់​៖ ដើម្បី​ថែរក្សា​សុខភាព​ពោះវៀន​ល្អ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​ពី​បន្លែ ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ ហើយ​កាត់​បន្ថយ​ការ​ទទួលទាន​សាច់​ក្រហម អាហារ​ចៀន​បំពង ស្ករ គ្រឿង​ស្រវឹង និង​កាហ្វេ​។

អ្នក​ក៏​គួរ​ផ្ដាច់​បារី​និង​ចាប់ផ្ដើម​ទទួល​ទាន​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់​ជា​ប្រចាំ​ផង​ដែរ​។ ត្រូវ​យក​ចិត្តទុកដាក់​លើ​អាកា​រៈ​មិន​ប្រក្រតី​ណាមួយ​ដូច​បង្ហាញ​ខាងលើ ប្រសិនបើ​វា​លេចឡើង​អ្នក​មិន​ត្រូវ​ស្ទាក់ស្ទើ​នឹង​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឡើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

សុខភាព

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ