តុលាការ​កំណត់​ឲ្យ​អ្នក​ចូល​ស្តាប់​សវនា​ការ​​លោក​កឹ​ម សុខា តែ​ជាង​៣០​នាក់​ប៉ុណ្ណោះ


រាជធានី​ភ្នំពេញ ៖ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឲ្យ​សាធារណជន​ចូល​ស្តាប់​សវនាការ​លើ​សំណុំរឿង​លោក កឹ​ម សុខា ចំនួន​ប្រមាណ​ជាង​៣០​នាក់​ប៉ុណ្ណោះ នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ ខាង​មុខ​នេះ​។

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​តុលាការ​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​សូម​ជម្រាប​ជូន​សាធារណជន ជាតិ និង​អន្តរជាតិ​ឱ្យ​បាន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១០ វេលា​ម៉ោង ០៨ និង​៣០​នាទី​ព្រឹក សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​ជា​សាធារណៈ​នៅ​សាល​សវនាការ​ទី​១ ដើម្បី​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ លេខ​៤៧៧៧ ចុះ​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ ដែល​មាន​ជនជាប់ចោទ​ឈ្មោះ កឹ​ម សុខា ភេទ​ប្រុស សញ្ជាតិ​ខ្មែរ កើត​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​១៩៥៣ ជាប់ចោទ​ពី​បទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រម ព្រហ្មទណ្ឌ​។

តុលាការ​បាន​បញ្ជាក់​ថា «​ដោយហេតុ​ថា សាល​សវនាការ​នេះ អាច​ទទួល​សាធារណជន​ចូលរួម​ស្តាប់​បាន​ត្រឹម​ចំនួន​ប្រមាណ​ជាង ៣០ នាក់ តែ​ប៉ុណ្ណោះ ហើយ​ដើម្បី​ឱ្យ​ដំណើរការ សវនាការ​ប្រព្រឹត្តិ​​ទៅ​បាន​រលូន ធានា​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ល្អ ប្រសើរ​នោះ សាធា​រណជន​ដែល​មាន​បំណង​ចូលរួម​ស្តាប់​សវនាការ​នេះ អញ្ជើញ​មក​ទំនាក់ទំនង​ជាមួយ​លេខា​ធិការដ្ឋាន​រដ្ឋបាល នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ឈ្មោះ និង​ទទួលយក​ប័ណ្ណ​ចូលរួម ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០ ត្រឹម​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក»​។

សូម​ជម្រាប​ថា ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​លោក កឹ​ម សុខា​នេះ ត្រូវ​បាន​មេធាវី​លោក ធ្លាប់​បាន​ឲ្យ​ដឹង​ថា ក្រុម​មេធាវី​លោក​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ ក្នុង​តតាំង​ក្តី​លើ​សំណុំរឿង​នេះ​។ លោក​មេធាវី ក៏​ដូច​ជា​សហ​មេធាវី​ផ្សេង​ទៀត នៅ​តែ​ទទូច​ឲ្យ​មានការ​ទម្លាក់​បទ ចោទប្រកាន់​ចំពោះ​លោក កឹ​ម សុខា ដដែល​។ ជាមួយ​គ្នា​នោះ​ដែរ លោក​មេធាវី​បាន​អះអាង​ថា ចំពោះ​សំណុំ​រឿង​លោក​កឹ​ម សុខា ជា​រឿង​របស់​អ្នកនយោបាយ​តែ​ប៉ុណ្ណោះ​។

សូម​ជម្រាប​ថា លោក​កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​កណ្តាលអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ។ ក្រោយ​ពី​ជាប់ពន្ធ​នាគា​អស់​រយៈពេល​ជាង​១​ឆ្នាំ​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង ។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឲ្យ​លោក កឹម សុខា នៅ​គេហដ្ឋាន​របស់​លោក​វិញ ប៉ុន្តែ​មិន​ឲ្យ​ធ្វើ​សកម្មភាព​ទាក់ទង​នឹង​នយោបាយ​។

តុលាការ​បាន​អះអាង​ថា ការ​សម្រេច​ឲ្យ​នៅ​គេហដ្ឋាន​វិញ ដោយសារ​តែ​លោក កឹ​ម សុខា បាន​គោរព​ត្រឹមត្រូវ​តាម​កាតព្វកិច្ច​នៃ​ការ​ដាក់​ឱ្យ ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ និង​មាន​កិច្ចសហការ​ល្អ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​។ កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលា​ការ​ថ្មី​ដែល​លោក កឹ​ម សុខា ត្រូវ​អនុវត្ត​ចាប់ពី​ពេល​នេះ មាន​បី​ចំណុច គឺ ទី​១.​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ទី​២.​មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ និង​ទី​៣.​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ