ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការប្រុងប្រយ័ត្ននានា ត្រូវបាន​ប្រកាស​​ដោយក្រសួងសុខាភិបាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​រលាក​សួត ដោយសារមេរោគ​នេះ​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល​មិន​ស្គាល់អត្តសញ្ញាណ និង​មិន​ដឹង​ប្រភព​ឬ​មូលហេតុ ដែលបង្ក​ឱ្យ​មាន​ជំងឺ​នេះ​នៅឡើយ ។ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​រលាក​សួត ដោយសារមេរោគ​នេះ​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល​មិន​ស្គាល់អត្តសញ្ញាណ និង​មិន​ដឹង​ប្រភព​ឬ​មូលហេតុ ដែលបង្ក​ឱ្យ​មាន​ជំងឺ​នេះ​នៅឡើយ ។ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០ បាន​ជម្រាប​ជូន​សាធារណជន​ទាំងអស់ ជា​ពិសេស​អ្នកដំណើរ​ដែល​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ ឬ​ត្រឡប់​មក​ពី​ទីក្រុង​វូ​ហាន ខេត្តហ៊ុយ​បេ ភាគ​កណ្តាល​នៃ​ប្រទេស​ចិន អំពី​ជំងឺរលាក​សួត​មិន​ស្គាល់​អត្ត​សញ្ញាណ​នូវ​ព័ត៌មានសំខាន់​ៗ និង​វិធានការ​ប្រុង​ប្រយ័ត្ន​ផ្ទាល់ខ្លួន​ដែលគួរ​យល់​ដឹង ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា មិន​ទាន់មាន​ជំងឺ​ប្រភេទ​ខាងលើ​នេះ​នៅ​ប្រទេស​កម្ពុជា​នៅឡើយ​ទេ ហើយ​ក្រសួង​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត​នូវ​ស្ថានភាព​នៃ​ការ​កើត​មាន​ករណី​ជំងឺ​រលាក​សួត​មិន​ស្គាល់​អត្តសញ្ញាណ នេះ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា ។ ករណី​ជំងឺ​រលាក​សួត​ប្រភេទ​នេះ ត្រូវ​បាន​រក​ឃើញ​និង​បាន​រាយការណ៍​ដំបូង​នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ុយ​បេ ជាមួយនឹង​រោគ​សញ្ញា​ភាគច្រើន​គឺ ក្តៅខ្លួន មាន​អ្នកជំងឺ​ពីរ​-​បី​នាក់​មាន​រោគ​សញ្ញា​ហត់ ហើយ​ថត​ដោយកាំរស្មី​អុ​ិ​ច​បង្ហាញ​ថា​មាន​ដំបៅ​សួត​ទាំង​សងខាង​។

លទ្ធផល​ទទួល​បាន​ពី​មន្ទីរពិសោធន៍​បញ្ជាក់​ថា ជំងឺ​ដែល​កំពុង​កើតឡើង​នេះ​មិនមែន​ជា​ជំងឺ​SARS ឬ​ជំងឺ​ផ្តាសាយបក្សី ឬ​ជំងឺ​ផ្តាសាយ​បង្ក​ដោយ​Adenivirus ឬ​ជំងឺ MERS ឬ​ក៏​ជំងឺ​ផ្លូវដង្ហើម​ដទៃ​ទៀត​នោះ​ឡើយ ។ ការ​អង្កេត​ស្រាវជ្រាវ​ដោយ​មន្ទីរពិសោធន៍​នៃ​ប្រទេស​ចិន កំពុង​បន្ត​ធ្វើ​ដើម្បី​ស្វែងរក​អត្តសញ្ញាណ​នៃ​វីរុស​រលាក​សួត​ចម្លែក​នេះ ។ ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ថា តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ក៏​បាន​បង្ហាញ​ផង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ភ័ស្តុតាង​ណាមួយ​បញ្ជាក់​​ពី​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅឡើយ ហើយ​ក៏​មិន​ទាន់​មានការ​ចម្លង​ទៅ​បុគ្គលិក​សុខាភិបាល​នោះ​ដែរ ។នៅ​ពេល​នេះ អ្នកជំនាញ​កំពុង​តែ​ប្រមូល​ព័ត៌មាន​អេ​ពី​ដេ​មី​សាស្ត្រ និង​មន្ទីរពិសោធន៍​បន្ថែម​ទៀត ដើម្បី​កំណត់​រក​អត្តសញ្ញាណ​នៃ​វីរុស ។

តាម​ប្រភព​ខាងលើ​បញ្ជាក់​ថា ៖ «​គិត​ត្រឹមម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២០ ខេត្តវូ​ហាន បាន​រាយ​ការណ៍​ថា មាន​អ្នកជំងឺ​សរុបចំនួន​៥៩​នាក់ ដែល​មាន​ជំងឺ​រលាក​សួត​ដោយសារវីរុស​ដែល​មិន​ស្គាល់​អត្ត​សញ្ញាណ ក្នុង​នោះ​៧ នាក់​មាន​អាការ​ធ្ងន់ ហើយ​អ្នកជំងឺ​ដទៃ​ទៀត​មាន​ស្ថានភាព​នឹងនរ ។ នា​ពេល​បច្ចុប្បន្ន អ្នកជំងឺ​ទាំងអស់​កំពុង​ទទួល​ការ​ព្យាបាល​ដោយ​ដាក់ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ ហើយ​គ្មាន​អ្នក​ស្លាប់​ទេ ។ ក្នុង​ចំណោម​អ្នកជំងឺ​៥៩​នាក់ អ្នកជំងឺ​ដំបូង​បាន​ចាប់ផ្តើម​ឈឺ​នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៩ និង​អ្នកជំងឺ​ចុង​ក្រោយបង្អស់​ចាប់ផ្តើម​ឈឺ​នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ ។ អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​មាន​ចំនួន​១៦៣​នាក់ ដែល​កំពុង​តាមដាន​សម្រាប់​ការ​សង្កេត​ផ្នែក​វេជ្ជសាស្ត្រ ។

ការ​ធ្វើ​អង្កេត​អេ​ពី​ដេ​មី​សាស្ត្រ​បាន​បង្ហាញថា អ្នកជំងឺ​ខ្លះ​ជា​ឈ្មួញកណ្តាល ឬ​ជា​អ្នកលក់​ផ្ទាល់ ឬ​អ្នកបម្រើ​សេវា​ផ្ទាល់​នៅ​ផ្សារ​លក់​គ្រឿងសមុទ្រ​ហូ​ណា​ន ដែល​ជាទី​ផ្សារ​លក់​គ្រឿង​សមុទ្រ​បោះ​ដុំ​ដ៏​ធំ​ជាងគេ​ក្នុង​ខេត្ត​នេះ ដែល​មាន​តូប​លក់​គ្រឿង​សមុទ្រ​ជាង​៦០០​តូប និង​មាន​អ្នកបម្រើ​ការងារ​ចំនួន​១៥០០​នាក់ ព្រមទាំង​មាន​សត្វព្រៃ​ក៏​ត្រូវ​បាន​ដាក់​លក់​នៅ​ផ្នែក​ខ្លះ​នៃ​ផ្សារ​នេះ​ដែរ ។ ក្នុង​គោលបំណង​ការពារ​ទុកជា​មុន​នូវ​ការ​កើតឡើង​ជាយថាហេតុ​នៃ​ជំងឺ​រលាក​សួត​មិន​ស្គាល់​អត្តសញ្ញាណ​នេះ លោក​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន
ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អំពាវនាវ​សូម​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ដែល​ទៅ ឬ​វិល​ត្រឡប់​មក​ពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ុយ​បេ ប្រទេស​ចិនត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ត្រូវ​ចេះ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន ដោយ​អនុវត្ត​នូវ​វិធានការសាមញ្ញ​ៗ​មួយ​ចំនួន ។

ប្រសិនបើ​លោក​អ្នកមាន​រោគ​សញ្ញា​ដូច​ជា គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម ទាំង​ក្នុង​អំឡុងពេល​ធ្វើ​ដំណើរ ឬ​បន្ទាប់​ពី​ការ​វិល​ត្រឡប់​មក​ពីកន្លែង​ដែល​បាន​ជម្រាប​ខាងលើ សូម​ទៅ​ជួប​វេជ្ជបណ្ឌិត​នៅ​គ្រឹះ​ស្ថាន​សុខាភិបាល​សាធារណៈ​ដែលនៅ​ជិត​បំផុត​ភ្លាម និង​ប្រាប់​ព័ត៌មាន​ដល់​គ្រូពេទ្យ​អំពី​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ និង​រោគ​សញ្ញា​របស់​លោក​អ្នក ។ លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សូម​ប្រកាស​ធ្វើការ​ក្រើនរំឭក​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ លើ​ការ​បង្ការ ការ​ចម្លងជំងឺ​រលាក​សួត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ ដែល​អាច​កើត​មាន​ជាយថាហេតុ ដោយអនុវត្ត​នូវ​វិធានការ​ដូច​តទៅ ៖

១-​ចៀសវាង​ប៉ះពាល់​ជិត​ស្និទ្ធ​ជាមួយ​អ្នក មាន​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់ ។
២-​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ​និង​ទឹក​ស្អាត ជា​ពិសេស​បន្ទាប់​ពី​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ឬ​បរិស្ថាន​ជុំវិញ​គាត់ ។
៣-​ចៀសវាង​ប៉ះពាល់​ជិត​ស្និទ្ធ ឬ​ទៅ​ទីផ្សារ​លក់​គ្រឿង​សមុទ្រ​ហូ​ណា​ន ឬ​ទីផ្សារ ឬ​កសិដ្ឋាន​ដែល​មាន​សត្វ​រស់ ឬ​សត្វព្រៃ ឬ​កន្លែង​ដែល​គេដឹង​ថា​មាន​វីរុស​កំពុង​ចរាចរណ៍ ។ ចាំបាច់​ត្រូវ​លាងដៃ​ឲ្យ​បាន​ទៀងទាត់​មុន​ពេល និង​បន្ទាប់​ពីការ​ប៉ះពាល់​សត្វ ឬ​វត្ថុ​ផ្សេង​ៗ​ដែល​អាច​ជា​ប្រភពចម្លងរោគ ។

៤-​ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ​ស្អាត និង​សុវត្ថិភាព​ម្ហូបអាហារ​ល្អ ដូច​ជា​ពិសា​អាហារ​ដែល​ចម្អិន​ឆ្អិន​ល្អ ។
៥-​អ្នកមាន​រោគ​សញ្ញា​ជំងឺ​ផ្លូវដង្ហើម ត្រូវ​ខ្ទប់មាត់​និង​ច្រមុះ​នៅ​ពេល​ក្អក​ឬ​កណ្តាស់ ដោយ​កន្សែង ក្រមា ឬ​ក្រដាស ។
៦-​ត្រូវ​ប្រកាន់​យក​នូវ​អនាម័យ​ដៃ​ស្អាត និង​អនាម័យ​ផ្លូវដង្ហើម (​ខ្ទប់មាត់​និង​ច្រមុះ​នៅ​ពេល​ក្អក​ឬ​កណ្តាស់ លាងដៃ បន្ទាប់​ពី​មាន​ប៉ះ​ជាមួយ​ទឹករំអិល​ពី​ផ្លូវ​ដកដង្ហើម និង​រក្សា​ចម្ងាយ​ច្រើន​ជាង​១​ម៉ែត្រ​ជាមួយ​បុគ្គល​ដែល​មាន​រោគ​សញ្ញា​ផ្លូវដង្ហើម​ស្រួចស្រាល់​ជាដើម​) ។

ទោះជា​យ៉ាងណា​ក្តី​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ទោះបីជា​នៅ​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ករណីជំងឺ​នេះ​នៅឡើយ ប៉ុន្តែ​ក្រសួងសុខាភិបាល​បាន​ដាក់​ម៉ាស៊ីន​ស្គែ​នក​ម្តៅ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រុងព្រះសីហនុ និង​ខេត្តសៀមរាប និង​ស្រាវជ្រាវ​រក​ករណី​សង្ស័យ​ដោយ​ក្រុម​ច​ត្តា​ឡី​ស័ក នៅ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ ព្រមទាំង​បាន​ត្រៀម​បន្ទប់​ដាក់​អ្នកជំងឺ​ឲ្យ​នៅ​ដាច់​ដោយឡែក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មន្ទីរពេទ្យ​ខេត្ត​ព្រះ​សីហ​នុ និង​មន្ទីរពេទ្យ​ខេត្តសៀមរាប ត្រៀម​សម្ភារ​បរិក្ខារ​ពេទ្យ និង​ឱសថ​ចាំបាច់​សម្រាប់​ការ​ព្យាបាល​ផង​ដែរ ។

ក្រសួងសុខាភិបាល ក៏​បាន​ផ្សព្វផ្សាយ​ជូន​ដំណឹ​ង​ដល់​មន្ទីរ​ពេទ្យ​ជាតិ និង​មន្ទីរ​សុខាភិបាល​ទាំង​២៥​រាជធានី​-​ខេត្ត ឲ្យ​ត្រៀមលក្ខណៈ​ជា​ស្រេច​ក្នុង​ការ​ឆ្លើយ​តប និង​ផ្តល់​អន្តរាគមន៍​ជាបន្ទាន់ ប្រសិនបើ​មាន​ករណី​សង្ស័យ និង​កំពុង​ពង្រឹង​ការងារ​តាមដាន​ជំងឺ​ផ្លូវដង្ហើម​ស្រួច​ស្រាល់​ធ្ងន់ធ្ងរ និង​បាន​ពិនិត្យ​វាយតម្លៃ​រក​លំនាំ​មិនធម្មតា​នៃ​ជំងឺ​នេះ ។

លោក Xu Jianguo អ្នក​ស្រាវជ្រាវ​នៅ បណ្ឌិត្យសភា​វិស្វកម្ម និង​វិទ្យាសាស្ត្រ​ចិន បាន​លើក​ឡើង​នៅ​ក្នុង​កាសែត​ចិន​ថ្មី​ថា ក្រុមការងារ​ជំនាញ​ទើបតែ​បាន​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា អ្នកជំងឺ​ទាំងនោះ​អាច​បាន​ឆ្លង​មេរោគ​ថ្មី​មួយ ដែល​ស្ថិត​នៅ​ក្នុង​អំបូរ​មេរោគ Coronavirus ។ មាន​ករណី​ផ្ទុកមេរោគ​នេះ​ចំនួន​១៥​ករណី ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ហើយ​ក្នុង​ចំណោម​អ្នកជំងឺ​ទាំង​៥៩​នាក់ ។ គណៈកម្មការ​សុខភាព​សាធារណៈ​ប្រចាំ​ក្រុង​វូ​ហាន បាន​អះអាង​ថា គេ​បាន​ដាក់​ឲ្យ​អ្នក ផ្ទុកមេរោគ​នេះ​នៅ​ដាច់​ដោយឡែក ដើម្បី​ចៀសវាង​ការ​ឆ្លង​រាលដាល ។

ចំណែក​ទីតាំង​ផ្សារ​ត្រី និង​គ្រឿង​សមុទ្រ ដែល​អ្នកជំងឺ​ភាគច្រើន​ធ្វើការ​នៅ​ទីនោះ​ត្រូវ​បាន​បិទទ្វារ​ជា​បណ្តោះអាសន្ន ។ អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ គឺ​ពិធី​បុណ្យចូលឆ្នាំ​ចិន​កាន់តែ​ខិត​ជិត​មក​ដល់ ដែល​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ចរាចរណ៍​មនុស្ស​ចុះឡើង​ច្រើន ហើយ​ដែល​អាច​ចម្លង​មេរោគ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ។ មេរោគ​ថ្មី​នេះ​បាន​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ទៅ​ដល់​ករណី​មេរោគ​SARS ដែល​ស្ថិត​ក្នុង​អំបូរ​មេរោគ Corona​virus ដែរ ។ មេរោគ SARS បាន​សម្លាប់​មនុស្ស​ប្រមាណ​៦០០​នាក់ កាលពី​ឆ្នាំ​២០០២-២០០៣ ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ