អាសូរ​រថយន្ត​ពន្លត់​អគ្គិភ័យ​បន្តកន្ទុយ​រង់​ចាំ​បូមទឹក


រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​នៃ​អង្គភាព​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ក្បាល​បូមទឹក​ដែល​ដាក់​នៅ​តាម​ទី​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូល​ទៅ​បូម​ម្តង​ៗ​ដើម្បី​យក​ទៅ​ពន្លត់ ពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង មាន​ចំនួន​៩៦​ទីតាំង តែ​នៅ​ឆ្ងាយ​ពី​គ្នា ដែល​ទាមទារ​ឱ្យ​ដាក់​បន្ថែម​ឱ្យ​បាន​ច្រើន​ជាង​នេះ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល និង​ជួយ​សង្គ្រោះ​ឱ្យ​បាន​ទាន់​ពេល ។

លោក ព្រហ្ម យ៉​ត ប្រធាន​អង្គភាព​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ រាជធានី​ភ្នំពេញ បានឱ្យ​កោះសន្តិភាព​ដឹង​ថា បច្ចុប្បន្ន​នេះ​អង្គភាព​របស់​លោក​មាន​ចំនួន​១៦៥​នាក់ រាប់​ទាំង​បុគ្គលិក​ជាប់កិច្ចសន្យា​ផង ។ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២២​គ្រឿង ដោយ​បាន​បែងចែក និង​ត្រៀម​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ចាំ​អន្តរាគមន៍​គ្រោះ​អគ្គិភ័យ ដែល​អាច​នឹង​កើត​មាន​ឡើងជា​យថាហេតុ​ក្នុង​រាជធានី ។

លោក​បន្ត​ថា រាល់​ថ្ងៃនេះ​នៅ​ពេល​មាន​អគ្គិភ័យ​កើតឡើង​ម្តង​ៗ ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ និង​ក្រុមការងារ​បាន​ខ្នះខ្នែង និង​រួសរាន់​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្តង ប៉ុន្តែ​នៅ​មាន​បញ្ហា​មួយ​ចំនួន​ដែល​ត្រូវ​សំណូមពរ ដូច​ជា​ក្បាល​បូមទឹក​ដែល​ដាក់​ពង្រាយ នៅ​តាម​ទី​សាធារណៈ សម្រាប់​បូមទឹក ចូល​ក្នុង​រថយន្ត​ពន្លត់​អគ្គិភ័យ ដើម្បី​បន្ត​យក​ទៅ​បាញ់​ពន្លត់​គ្រោះ​អគ្គិភ័យ​នានា​នោះ មាន​តែ​ចំនួន​៩៦​ទីតាំង​ប៉ុណ្ណោះ គឺ​មិន​អាច​គ្របដណ្តប់​ទូ​ទាំង​រាជធានី​ភ្នំពេញ​បាន​ឡើយ ដែល​ទាមទារ​ឱ្យ​មានការ​សាងសង់​បន្ថែម​ឱ្យ​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ ។

លោក ព្រំ យ៉​ត បានឱ្យ​ដឹង​ទៀត​ថា អង្គភាព មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២២​គ្រឿង ដែល​មាន​ចំណុះ​ដាក់​ទឹកបាន​ចាប់ពី​១៥០០​លី​ត្រ​ដល់​២​ម៉ឺន​លី​ត្រ ហើយ​នៅ​ពេល​ក្រុមការងារ​ចូល​ទៅ​បូមទឹក​តាម​រយៈ​ក្បាល​បូមទឹក ដែល​ដាក់​ពង្រាយ​នៅ​តាម​ទី​សាធារណៈ​នោះ មានការ​យឺតយ៉ាវ​ខ្លះ ដោយសារ​ទឹក​ខ្សោយ ម្យ៉ាងទៀត​ក្បាល​បូម​មាន​ទី​តាំងនៅ​ឆ្ងាយ​ពី​គ្នា​ឬ​ឆ្ងាយ​ពី​ទន្លេ និង​ស្រះ​ទឹកជា​ដើម ដែល​ត្រូវ​រង់ចាំ​រថយន្ត​បូម​ពេញ​មួយ ទើប​មួយទៀត​ចូល ។ លោក​ថា ដូច​ជា ក្បាល​បូមទឹក​នៅ​ក្បែរ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ​ជាដើម​ត្រូវ​ចត​ត្រៀបត្រា​បន្តកន្ទុយ​គ្នា​លើ​ផ្លូវ​យ៉ាង​ចង្អៀត ។ បូមទឹក​មួយ​ពេញ ទើប​បូមទឹក​ចូល​មួយ​គ្រឿង​ទៀត ។
លោក ព្រំ យ៉​ត បាន​បញ្ជាក់​ថា បញ្ហា​កង្វះ​ក្បាល​បូមទឹក​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​តែ​សិក្សា ដើម្បី​រក​ទីតាំង​ដាក់​បន្ថែម​ឱ្យ​បាន​ច្រើន ធ្វើ​យ៉ាងណា​បង្ក​លក្ខណៈ​ងាយស្រួល និង​ជួយ​សង្គ្រោះ​អគ្គិភ័យ​ឱ្យ​បាន​ទាន់​ពេល ។

គួរ​កត់​សម្គាល់ថា ទាក់ទិន​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ ជា​ចៃដន្យ​ថ្ងៃមួយ​ភ្នាក់ងារ​កោះសន្តិភាព​យើងខ្ញុំ​បាន​ទៅ​អង្គុយ​ផឹក​កាហ្វេ​នៅ​ក្នុង​ហាង​មួយ​នៅ​ជាប់​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា មាន​ករណី​ភ្លើង​ឆេះ​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ​រួច​មក ។ ពេល​អង្គុយ​ផឹក​កាហ្វេ​បាន​មួយសន្ទុះ ស្រាប់តែ​ឮ​សំឡេង​រថយន្ត​ពន្លត់​អគ្គិភ័យ​បន្តកន្ទុយ​គ្នា ទៅ​បូមទឹក​នៅ​ក្បាល​បូម​ដែល​ស្ថិត​នៅ​ជិត​រង្វង់​មូល​នោះ ដោយ​បានឃើញ​រថយន្ត​ពន្លត់​អ​គ្​ិ​ភ័យ​ពណ៌​ក្រហម​តម្រង់​ជួរ​គ្នា ទម្រាំ​តែ​បូម​បាន និង​ពេញ​រថយន្ត​មួយ​ៗ​នោះ​ភ្លើង​ស៊ី​ផ្ទះ​អស់​ខ្ទេច​ទៅ​ហើយ​…​ខ្វល់​អី ?

ខណៈ​ពេល​នោះ​អ្នក​ដែល​អង្គុយ​ហូប​គុយទាវ បាយ​ឬ​កាហ្វេ​បាន​រិះគន់​ថា មិន​គួរ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​តម្រង់​ជួរ​រង់ចាំ​បូមទឹក​ដាក់​ដូច​មក​សុំ​ភ្លើង​យក្ស​បែប​នេះ​ទេ សម័យ​ទំនើប​ទៅ​ហើយ​ទម្រាំ តែ​បាន​ពេញ​មួយ​ៗ ។ គួរតែ​ដាក់​បន្ថែម​ក្បាល​បូម​នេះ​ឱ្យ​បាន​ច្រើន​ទីតាំង និង​ជួយ​សម្រួល​ប្រព័ន្ធ​ទឹក​នៅ​ក្បាល​បូម​នោះ​ឱ្យ​បាន​ខ្លាំង ដើម្បី​ងាយស្រួល និង​បាន​លឿន​ទាន់​ពេលវេលា ។ មានការ​រិះគន់​ថា ដោយសារ​អុ​ី​ចឹ​ង​បានជា​ភ្លើង​ឆេះ​មួយ​កន្លែង​ៗ​ជួយ​មិន​ដែល​បាន​ទាន់​ពេល ។ ជួយ​ដែរ ប៉ុន្តែ​យឺត​ពេល​ទៅ​ហើយ ។ បើ​តែ​យ៉ាងហ្នឹង​ឱ្យ​សង្ឃឹម​លោក​ម្ចាស់​ជួយ​ពន្លត់ ដូច​សង្ឃឹម​ផ្កាយ​លើ​មេឃ ឬ​ដូច​ទៅ​សុំ​ភ្លើង​យក្ស​មែនឬ​អត់ ?

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ