​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ស្តី​ពី​«​សន្តិសុខ​»ធ្វើ​ដូចតាមការគ្រោង​ទុក


រាជធានី​ភ្នំពេញ ៖ តាម​ការ​គ្រោងទុក នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា នៅ​មូលដ្ឋានទ័ព​អាកាស ស្ថិត​ក្នុងអាកាស យានដ្ឋាន​អន្តរជាតិ​ភ្នំពេញរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​រៀបចំលំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ស្តី​ពី​«​សន្តិសុខ​»ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិ​នឈិ​ន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​អាកាស​ចរ​ស៊ី​វិល​។

នៅ​ក្នុង​សន្និសីទកាសែត​ស្តី​ពី​លទ្ធផល​នៃ​លំហាត់​សមយុទ្ធ​នេះ លោក ជា អូន រដ្ឋ​លេខាធិ​ការ​ប្រចាំការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរស៊ី​វិល បានឱ្យ​ដឹង​ថា លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយធំ (Full Scale Air​port Emergency Exercise) ដែល​មានឈ្មោះ​AIRPEX-19 ត្រូវ​បានរៀបចំ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញក្រោម​ប្រធានបទ​«​ការ​សង្គ្រោះ​ចំណាប់ខ្មាំង​លើយន្តហោះ​» ។ នៅ​ដើមឆ្នាំ​២០២០​នេះ គឺជា​លើក​ទី​មួយ​ហើយ​ដែល​ផ្តោត​លើ​ប្រធានបទ​«​សន្តិសុខ​»ព្រោះថា បណ្តា​ឆ្នាំ​កន្លង​មក​ការ​ធ្វើ​លំ​ហាត់​សម
យុទ្ធ​ផ្តោត​ទៅ​លើ​ប្រធានបទ​ស្តី​ពី​«​សុវត្ថិភាព​» ក្នុង​វិស័យ​អាកាស​ចរ​ស៊ី​វិល​តែ​ប៉ុណ្ណោះ ។

លោក ជា អូន បន្ត​ថា លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណ​ង​ដើម្បី​វាយតម្លៃ​លើ​ផែនការ​គ្រប់គ្រង និង​ពិនិត្យ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​បន្ទប់​គ្រប់គ្រង​គ្រោះអាសន្ន ក៏​ដូច​ជា​ត្រួតពិនិត្យ​លើ​ក្រុម​ការងារ​គ្រប់គ្រង​ពេល​មាន​អាសន្ន​កើតឡើង ដូច​ជា​ការ​ដឹកនាំ​បញ្ជា ចាត់ចែង និង​ការ​សម្រេចចិត្ត​ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ដែល​កើត​ចេញពី​ឧបទ្ទវហេតុ​នានា​ដែល​កើត​នៅ​ក្នុង​និង​នៅ​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ ជា​ពិសេស​ដូច​ជា​ករណី ចាប់ជំរិត​ចំណាប់ខ្មាំង​នៅ​លើ​យន្តហោះ​ពី​សំណាក់​ភេរវ​ករ​ជាដើម ។

លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ រួម​មាន​១២​ព្រឹត្តិការណ៍​សេណា​រី​យ៉ូ និង​មានការ​ចូលរួម​ពី​សំណាក់​អង្គ​ភាព​អន្តរាគមន៍​មក​ពី​ខាងក្រៅ រួមមាន កងពលតូច​លេខ​៧០ កង​កុម្ម​ង់​ដូ​៩១១កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ទ័ព​អាកាស ព្រមទាំង​កងកម្លាំង​មាន​សមត្ថកិច្ច និង​បុគ្គលិក​ភ្នាក់ងារ​ឯកជន ដែល​កំពុង​បម្រើ​ការ​ក្នុងអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ផង​ដែរ ។ ការធ្វើ​លំ​ហាត់​សមយុទ្ធ​នេះ បាន​បញ្ចប់​ដោយ​រលូន​និង​ជោគជ័យ នា​វេលា​ម៉ោង​១១​ព្រឹក ។

យោង​តាម​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​របស់​កម្ពុជា រួម​មាន អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ច្រក​ទ្វារ​អន្តរជាតិ បាននិង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​អាកាសចរណ៍​របស់​កម្ពុជា ដែល​ភ្ជាប់​កម្ពុជា​ទៅ​ក្នុង​តំបន់​និង​សកលលោក លើ​ឆាក​អន្តរជាតិ ។

យោង​តាម​សារាចរ​ណែនាំ​របស់​រាជរ​ដ្ឋា​ភិបាល ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះអាសន្ន​នៅ​ក្នុង​និង​ក្បែរ​អា​កាសយាន​ដ្ឋាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តម្រូវ​ឱ្យ​មានការ​រៀបចំ​លំ​ហាត់​សមយុទ្ធជា​ប្រចាំ ក្នុង​គោលបំណង​ធានា​សន្តិសុខ និង​សុវត្ថិភាព​នៃប្រតិបត្តិ​ការ​អាកាស​ចរ​ស៊ី​វិល សណ្តាប់ធ្នាប់​សាធារណៈ និង​សុខុមាលភាព ជូន​អ្នក​ដំណើ​រ​ជាតិ​និង​អន្តរជាតិ ។

ពិសេស ដើម្បី​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ឆ្លើយ​តប​ជា​បន្ទាន់ ចំពោះគ្រោះអាសន្ន​នានា ដែល​អាច​កើត​មាន​ជាយ​ថាហេតុ​ណាមួយ ជា​ពិសេស​ការ​វាយប្រហារ ឬ​ចាប់ជំរិត​ដោយ​ក្រុម​ភេរវកម្ម បើ​ទោះបីជា​កម្ពុ
ជា​មិន​ធ្លាប់​បាន​ជួប​ប្រទះ​ក៏​ដោយ​ចុះ ។ ដើម្បី​ឱ្យ​ស្រប​តាម​ការ​តម្រូវ​របស់​អង្គការ​អាកាស​ចរ​ស៊ី​វិល​អន្តរ​ជាតិ​នោះ អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​កម្ពុជា ត្រូវ​អនុវត្ត​ជា​ទៀងទាត់​រៀង​រាល់​២​ឆ្នាំ​ម្តង​ចំពោះ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ១​ឆ្នាំ​ម្តង​សម្រាប់​លំ​ហាត់​សមយុទ្ធ​តាម​ផ្នែក និង​៦​ខែ​ម្តង​សម្រាប់​លំ​ហាត់​សមយុទ្ធ​ដែល​ហ្វឺ​ក​ហ្វឺ​នពង្រឹងសមត្ថភាព​ដល់​អ្នកធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័​យ​អាកាសចរណ៍ ។

កាលពី​ថ្ងៃ​ទី​៩ ខែមករា ក្រសួង​ព័ត៌មាន ក៏​បានប្រកាស​ឱ្យ​ដឹង​មុន​ពី​ការ​ធ្វើ​សមយុទ្ធ​នេះ ដើម្បី​កុំឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ថានៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​រៀបចំ​ធ្វើ​លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធ​ំ​(AIRP​EX19) ប្រចាំឆ្នាំ​ក្រោម​ប្រធានបទ «​ការ​សង្គ្រោះ​ចំណាប់ខ្មាំង​លើ​យន្តហោះ​» ដោយ​មានការ​ចូលរួម​ពី​ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ រួម​ទាំង​យន្តហោះ រថយន្តពន្លត់​អគ្គិភ័យ រថយន្ត​សង្គ្រោះ​បន្ទាន់ និង​រថយន្ត
កងកម្លាំងប្រដាប់អាវុធ ។​ល​។ ចូលរួម​ធ្វើ​សមយុទ្ធទ្រង់ទ្រាយ​ធំ​ប្រចាំឆ្នាំ​នេះ ។

ដូច្នេះ​ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​កិច្ចការ​ប្រតិបត្តិការ​ឱ្យ​បាន​រលូន ទទួល​បាន​ជោគជ័យ និង​ដើម្បី​កុំឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ​អំពី​ព្រឹត្តិការណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មក​រា​នេះ សូម​ម្ចាស់​ប្រព័ន្ធផ្សព្វ​ផ្សាយ​ទាំងអស់ ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តី​ពី​ការ​ធ្វើ​លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ​ឲ្យ​បាន​ទូលំទូលាយ​បំផុត ៕​

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ