ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ឺ​ម៉ក​ម៉ូតូ​លក់​ផ្កា​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​​ជួប​​លំបាក​អ្វីខ្លះ ?

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មុខរបរ​អ្វី​ក៏​ល្អ​ដែរ​ឱ្យ​តែ​ជា​មុខរបរ​សុចរិត មិន​លួច​ឆក់​ប្លន់​កេងប្រវ័ញ្ច​កម្លាំង​ញើស​ឈាម​អ្នក​ដទៃ ។ ប៉ុន្តែ​ក៏​មានមុខ​របរ​ខ្លះ​ងាយស្រួល​ក្នុង​ការ​រក​ប្រាក់​សម្រាប់​ចិញ្ចឹមជីវិត​គ្រួសារ ហើយ​មុខរបរ​មួយ​ចំនួន​ទៀត ក៏​ពិបាកដែរ​ទម្រាំ​នឹង​បាន​ប្រាក់​ទិញ​អង្ករ​ដាំបាយ ត្រូវ​ចាក​ចេញពីផ្ទះ​សម្បែង​រយ​:​ពេល​យូរថ្ងៃ លុះ​លក់ដាច់​ល្មម​គ្រប់គ្រាន់​ហើយ…

ខេត្ត​ប៉ៃលិន ៖ មុខរបរ​អ្វី​ក៏​ល្អ​ដែរ​ឱ្យ​តែ​ជា​មុខរបរ​សុចរិត មិន​លួច​ឆក់​ប្លន់​កេងប្រវ័ញ្ច​កម្លាំង​ញើស​ឈាម​អ្នក​ដទៃ ។ ប៉ុន្តែ​ក៏​មានមុខ​របរ​ខ្លះ​ងាយស្រួល​ក្នុង​ការ​រក​ប្រាក់​សម្រាប់​ចិញ្ចឹមជីវិត​គ្រួសារ ហើយ​មុខរបរ​មួយ​ចំនួន​ទៀត ក៏​ពិបាកដែរ​ទម្រាំ​នឹង​បាន​ប្រាក់​ទិញ​អង្ករ​ដាំបាយ ត្រូវ​ចាក​ចេញពីផ្ទះ​សម្បែង​រយ​:​ពេល​យូរថ្ងៃ លុះ​លក់ដាច់​ល្មម​គ្រប់គ្រាន់​ហើយ ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ជាក់ស្តែង​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​បរិវេណ វត្ត​ពោធិ​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន មាន​បុរស​ចំនួន​៣​នាក់ មាន​ម៉ូតូ​រ៉ឺ​ម៉ក​វែង​ម្នាក់​មួយ​គ្រឿង​ចេញដំណើរ​រួម​គ្នា​បាន​ដឹក​ដើម​ផ្កា​គ្រប់​ប្រភេទ​ពេញ​ម៉ូតូ​រ៉ឺ​ម៉ក មក​ពី​ខេត្ត​ផ្សេង​ៗ ចូល​ស្នាក់​នៅ ដើម្បី​បន្ត​លក់ដូរ​នៅ​តាម​ភូមិ​ក្នុង​ក្រុងប៉ៃលិន ។

បើ​តាម​សម្តី​របស់​បុរស ឈ្មោះ ឆេ​ង ថា អាយុ​៣០​ឆ្នាំ ឈ្មោះ សុំ ឆាយ អាយុ​៣០​ឆ្នាំ និង​ឈ្មោះ សុខ លី​ន អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង បាន​រៀបរាប់​ទាំង​ការ​ត្អូញត្អែរ​ឱ្យ​ដឹង​ថា ពួក​គេ​មាន​គ្នា​៣​នាក់ បាន​ទិញ​ដំណាំ​ផ្កា​ដាំ​តាម​ផើង​ជា​ច្រើន​ប្រភេទ​ដូច​ជា​ផ្កា​កុលាប ផ្កាចំប៉ា​ចំប៉ី ប្រទាល ស្លឹក​តយ ឬ​តើយ ដើម​ជ្រៃក្រឹម ផ្កាក្រដាស ផ្កាអ័រគីដេ ផ្កាក្រវ៉ាន់ ផ្ការំដួល​ជាដើម ដោយ​ធ្វើ​ដំណើរ​លក់ដូរ​នៅ​តាម​បណ្តា​ខេត្ត​ទូ​ទាំង​ប្រទេស​តាម​រយៈ​ម៉ូតូ​រ៉ឺ​ម៉ក​វែង​ម្នាក់​មួយ​គ្រឿង ។

ការ​ធ្វើ​ដំណើរ​លក់ដូរ​ផ្កា​ចល័ត​ផ្សងព្រេង​នេះ ពិតជា​មានការ​លំបាក​ខ្លាំង ដោយ​យប់​ត្រង់​ណា​ដេក​ត្រង់​នឹង ហើយ​ជួនកាល​ក្នុង​១​ថ្ងៃ លក់​អត់​ដាច់​សូ​ម្បី​តែ​១​ដើម​ក្តី ប៉ុន្តែ​ទោះបីជា​យ៉ាងណា ក៏​ពួក​គេ​នៅ​តែ​ខិតខំ​ប្រឹងប្រែង​តស៊ូ​លក់​បន្ត​ទៀត ដើម្បី​ជីវភាព​គ្រួសារ ដោយ​ព្យាយាម​ចល័ត​លក់​រហូត​ដល់​អ្នក​ភូមិ​ទិញ​ផ្កា​ទាំងនោះ អស់​បី​រ៉ឺ​ម៉ក​ម៉ូតូ​ទើប​នាំ​គ្នា​ត្រឡប់​ចូល​ផ្ទះ​វិញ ។

ប្រភព​បន្ត​ទៀត​ថា ពួក​គេ​គ្មាន​ដីស្រែ​ចម្ការ​ដាំ​ដុះ​នឹង​គេ​នោះ​ទេ មាន​តែ​របរ​មួយ​នេះ ដែល​ជា​មុខរបរ​សុចរិត ។ ពួក​គេ​រៀបរាប់​ថា បន្ទាប់​ពី​មក​ដល់​ខេត្ត​ប៉ៃលិន ក៏​បាន​សុំ​បរិវេណ​វត្ត​ព្រះសង្ឃ​ចត​សម្រាក​នាំ​គ្នា​ដាំបាយ​ហូប រហូត​ដល់​ព្រឹក ទើប​នាំ​គ្នា​ធ្វើ​ដំណើរ​បន្ត​លក់ដូរ​តាម​ដងផ្លូវ​ក្រែង​មាន​អ្នកទិញ​យក​ទៅ​ដាំ​លំអ​មុខ​ផ្ទះ ឬ​មុខ​ផ្ទះសំណាក់ សណ្ឋាគារ​ជាដើម ។

ផ្កា​គ្រប់​ប្រភេទ​ដែល​ពួក​គេ​លក់ដូរ​មាន​តម្លៃ​ចាប់ពី​៨០០០​រៀល រហូត​ដល់​១០​ម៉ឺន​រៀល តាម​ខ្នាត​តូច​ឬ​ធំ ព្រោះ​ទិញ​ពី​គេ​មក​ក៏​មាន​តម្លៃ​ខ្ពស់​ដែរ ។ បើ​លក់ដូរ​ទាប​ជាង​នេះ មិន​រួចខ្លួន​នោះ​ទេ ។ ពួក​គេ​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​បែប​នេះ ពិតជា​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​បារម្ភ​ពី​ការ​ស្វែងរក​ប្រាក់ តាម​រយ​:​ការ​លក់​ផ្កា ព្រោះ​ពួក​គេ​ធ្លាប់​ប្រកប​របរ​នេះ​អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយនៅ​កន្លែង​ខ្លះ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់ ម្ចាស់​ហាង​លក់ដូរ​ផ្កា​គេ​ទិញ​ច្រើន យក​ទៅ​ទុក​លក់ដូរ​បន្ត លុះ​ដាច់​អស់​ក៏​ត្រឡប់​ទៅ​ផ្ទះ​ជួបជុំ​ក្រុម​គ្រួសារ​ម្តង ។

លុះ​ពេល​ក្រោយមក​ក៏​ចាប់ផ្តើម​ទិញ​ដឹក​យក​ទៅ​លក់ដូរ តាម​បណ្តា​ខេត្ត​នានា​ដូច​ជា ខេត្តកណ្តាល កំពង់ឆ្នាំង កំពង់ស្ពឺ ពោធិ៍សាត់ រហូត​ដល់​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ។ តែការ​ធ្វើ​ដំណើរ​លក់ដូរ​ផ្កា គ្មាន​បញ្ហា​រឿង​ក្មេង​ទំនើង មក​រករឿង​ពេល​យប់​ព្រលប់​នោះ​ទេ គឺ​មាន​ភាព​សុខសាន្ត​ជា​បន្តបន្ទាប់​តែ​ម្តង ហើយ​យប់​ទី​ណា សុំ​គេ​ស្នាក់​នៅ​ទីនោះ ។ ពួក​គេ​ក៏​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ភូមិ​ឃុំ​ទាំងអស់ ចូលរួម​ទិញ​ផ្កា​របស់​ពួក​គេ​យក​ទៅ​ដាំ​ដើម្បី​លម្អ​គេហដ្ឋាន​ក៏​ដូច​ជា​ជួយ​សង្គ្រោះ​ពួក​គេ ដែល​ប្រកប​របរ​សុចរិត​មួយ​នេះ​មាន​ជីវភាព​ធូរធា​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ