ខេត្តមណ្ឌលគិរី ៖ ដើម្បីអាចរកប្រាក់ចំណូលក្នុងការផ្គត់ផ្គង់ក្នុងគ្រួសារឱ្យមានលក្ខណៈសមរម្យ ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ស្នើដល់ភ្នាក់ងារសុខភាពសត្វភូមិទាំងអស់ ត្រូវធ្វើជាគំរូក្នុងការចិញ្ចឹមជ្រូកកណ្តុរ ដើម្បីបង្កើននូវប្រាក់ចំណូលបន្ថែមទៀត ។ លោក សុង ឃាង ថ្លែងបែបនេះ ក្នុងពិធីបិទវគ្គបំពាក់បំប៉នភ្នាក់ងារសុខភាពសត្វភូមិ មកពីបណ្តាក្រុង-ស្រុកទាំង០៥ ក្នុងខេត្តប្រមាណជា៤០នាក់ ដែលប្រព្រឹត្តទៅនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាថ្ងៃទី១០ មករា ឆ្នាំ២០២០។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ ជ្រូកកណ្តុរឬជ្រូកជនជាតិនេះ កំពុងតែពេញនិយមពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលមកទស្សនាកំសាន្តនៅទឹកដីនៃខេត្តមណ្ឌលគិរី ជាពិសេស ជ្រូកកណ្តុរនេះ ពួកគាត់យកទៅអាំង ឫខ្វៃ ទៅតាមចំណង់ចំណូលចិត្ត និងយកទៅធ្វើពិធីសែនព្រេន ឫកម្មវិធីផ្សេងៗទៀត។
លោកបញ្ជាក់ថា នៅក្នុងក្រុងសែនមនោរម្យ មានពីរទីតាំង ដែលបានចិញ្ចឹមកូនជ្រូកកណ្តុរ ឬហៅថា ជ្រូកជនជាតិនេះ តែមិនអាចគ្រប់គ្រាន់តាមតម្រូវការរបស់អតិថិជននោះទេ ដូច្នេះ លោកប្រធានមន្ទីរកសិកម្ម បានស្នើដល់ពេទ្យសត្វភូមិទាំងអស់ ត្រូវធ្វើជាគម្រូ ក្នុងការចិញ្ចឹមជ្រូកកណ្តុរនេះ និងត្រូវដាក់ទ្រុងឱ្យបានត្រឹមត្រូវ និងមានតម្លៃសេដ្ឋកិច្ច ដែលអាចរកប្រាក់ចំណូលបាន សម្រាប់ចិញ្ចឹមគ្រួសារឱ្យមានលក្ខណៈសមរម្យ ។
លោក សុង ឃាង បានសំណូមពរដល់ពេទ្យសត្វភូមិទាំងអស់ ដែលបានចូលរួមវគ្គបំពាក់បំប៉ននាពេលនេះ ត្រូវយកទៅប្រើប្រាស់ឱ្យចំគោលដៅ និងឱ្យទទួលបានផលប្រយោជន៍ ហើយប្រសិនបើមានបញ្ហាផ្ទុះជំងឺផ្សេងៗនៅក្នុងភូមិ/ឃុំ ឫស្រុកណាមួយ ត្រូវរាយការណ៍ជាបន្ទាន់មកមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីមានលទ្ធភាពអន្តរាគមន៍បានទាន់ពេលវេលា ។
លោក អ៊ិន ណារ៉ា ភ្នាក់ងារសុខភាពសត្វភូមិ រស់នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក បានឱ្យដឹងថា ការបើកវគ្គបំបំប៉ននេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ពួកគាត់ ហើយក្នុងនាមលោកជាភ្នាក់ងារសុខភាពសត្វភូមិ នឹងយកចំណេះដឹង និងបទពិសោធន៍ទាំងនេះ យកទៅអនុវត្តជាក់ស្តែង នៅក្នុងមូលដ្ឋាន ក្នុងការចុះពិនិត្យសត្វដែលមានជំងឺ និងសហការជាមួយមន្ត្រីជំនាញ ចូលរួមចាក់វ៉ាក់សាំង និងព្យាបាលជំងឺសត្វជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។ លោក អ៊ិន ណារ៉ា ក៏បានសូមពរដល់លោកប្រធានមន្ឬីរកសិកម្ម ត្រូវបើកវគ្គបំប៉ននេះជារៀងរាល់ឆ្នាំ ដល់ភ្នាក់ងារសុខភាពសត្វភូមិទាំងអស់បន្ថែមទៀត ដើម្បីជាមូលដ្ឋានក្នុងការពិនិត្យ និងព្យាបាលជំងឺផ្សេងៗ ដែលមិនធ្លាប់ជួបប្រទះ ។
នាឱកាសនោះ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏បាននាំយកសម្ភារបរិក្ខាបសុឱសថចំនួន ១០មុខ ចែកជូនដល់ភ្នាក់ងារសុខភាពសត្វភូមិចំនួន៣៥នាក់ផងដែរ៕
ចែករំលែកព័តមាននេះ