ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម​កាត់​បន្ថយ​​នាំ​ចូល​មាន់​រស់​ពី​ក្រៅប្រទេស ​ដើម្បី​ទប់​ស្កាត់​​ការ​ធ្លាក់​ចុះ​តម្លៃ​មាន់​រស់​ក្នុងស្រុក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ០៩ ខែមករា ម្សិលមិញ​នេះ​ថា​ក្នុង​ន័យ​ជួយ​ដល់​កសិករ សមាគម​ន៍ និង​ក្រុមហ៊ុន​ចិញ្ចឹម​មាន់ក្នុងស្រុក​ជៀស​ផុត​ពី​ហានិភ័យ​ធ្ងន់​ធ្ងន់​ដែល​ប៉ះពាល់​ថ្លៃដើម​នៃ​ដំណើរការ​ចិញ្ចឹម​មាន់រស់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក…

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ០៩ ខែមករា ម្សិលមិញ​នេះ​ថា​ក្នុង​ន័យ​ជួយ​ដល់​កសិករ សមាគម​ន៍ និង​ក្រុមហ៊ុន​ចិញ្ចឹម​មាន់ក្នុងស្រុក​ជៀស​ផុត​ពី​ហានិភ័យ​ធ្ងន់​ធ្ងន់​ដែល​ប៉ះពាល់​ថ្លៃដើម​នៃ​ដំណើរការ​ចិញ្ចឹម​មាន់រស់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ចាត់​វិធានការណ៍​កាត់​បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំ​ចូល​មាន់​រស់​ពី​បរទេស​មក​កាន់​កម្ពុជា ។

​នាយកដ្ឋាន​សុខភាព​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់​ថា ចាប់តាំងពី​ដើមឆ្នាំ ២០១៩ មក អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ពិនិត្យ ឃើញ​ថា «​កសិ​ករ សមាគម​ន៍ និង​ក្រុមហ៊ុន​ចិញ្ចឹមសត្វ នៅ​កម្ពុជា​បាន​ជួប​ប្រទះ នឹង​បញ្ហា ធ្លាក់​ចុះ​តម្លៃ​មាន់​រស់​យ៉ាង​គំហុក​។ ពោល​គឺ​ថ្លៃដើម​ផលិត​ក្នុង​មួយ​គីឡូក្រាម ត្រូវ​ចំណាយអស់​៥០០០​រៀល តែ​ចំពោះ​ការ​លក់ ចេញ​មាន់រ​ស់មាន​តម្លៃ​ត្រឹមតែ​៤៨០០​រៀល ក្នុង​មួយ​គីឡូក្រាម​» ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ទន្ទឹម​នឹង​មាន​គម្រោង​កម្មវិធី​ជា​ច្រើន តាម​រយៈ​ទទួល​បាន​ហិរញ្ញ​ប្បទាន​ដៃគូ​និង​ថវិកាជាតិ​ជា​បន្តបន្ទាប់​ក្នុង​ការ​បណ្តុះបណ្តាល សហគមន៍​ចិញ្ចឹម​បក្សី​នៅ​កម្ពុជា ហើយ​សមាជិក​សហគមន៍​មាន​ក្តី​សង្ឃឹមថា​ទទួល​បាន​ប្រាក់​ចំណូល បាន​គ្រប់គ្រាន់ ក្នុង​ការ​ដោះ ស្រាយ​ជីវភាព​របស់​ប្រជាពលរដ្ឋ ស្រប​តាម​កំណើនសេដ្ឋកិច្ច​កម្ពុជា ពេល​បច្ចុប្បន្ន ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា «​ដោយ​មើលឃើញ​ពី​សភាពការណ៍​ខាងលើ​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​កាត់​បន្ថយ ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា នាំ​ចូល​មាន់​រស់ ពី​បរទេស​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ពី​១៣​ក្រុមហ៊ុន មក​ត្រឹ ម​ចំនួន​៧​ក្រុមហ៊ុន​វិញ ដែល​ចំនួន​នាំ​ចូល​ពី​មុន​៤៤០០០​ក្បាល​ក្នុង​មួយ​ថ្ងៃ មក​ត្រឹម ១៧០០០ ក្បាល​ក្នុង​មួយ​ថ្ងៃ​»​។

​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន​មួយ​ចំនួន​មិន​ច្បាស់លាស់​ពី​វិធាន​ការណ៍​របស់​ក្រសួង ក៏​បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា លទ្ធផល​ដែល​ទទួល​បាន​ក្រោយ​ពី​ការ​កាត់​បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំ​ចូល បក្សី​ពី​បរទេស​មាន​ជា​អាទិ៍​៖

១)- តម្លៃ​មាន់​រស់​កើនឡើង​បាន ល្អ​ប្រសើរ​ពី ៦៩០០ ទៅ​ដល់ ៧៤០០​រៀល​ក្នុង​មួយ​គីឡូក្រាម​,

២)- អ្នក​ចិញ្ចឹម​បក្សី ប្រជាជន ក្រុមហ៊ុន​ចិញ្ចឹម​បក្សី​និង សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​គាំទ្រ និង​កោតសរសើរ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង លើ​ការ​កាត់​បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា នាំ​ចូល​មាន់​រស់​ពី​បរទេស​មក​កាន់​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ដល់​ផលិតកម្ម​ចិញ្ចឹម​បក្សី ក្នុងស្រុក គ្រប់​រូបភាព «​ក្នុង​កា​រក្សា​តុល្យភាព​តម្លៃ មិន​ប៉ះពាល់ ដល់​អ្នក​ចិញ្ចឹម និង​ជួយ​រក្សា​កម្លាំង​ពល កម្ម​និង​កាត់​បន្ថយ​ការ​ចំណាកស្រុក​»,

៣)- បង្កើន​ទីផ្សារ​ជូន​អ្នក​ចិញ្ចឹម​បក្សី​ក្នុងស្រុក​,

៤)- គ្រប់គ្រង​បាន​ល្អ​ប្រសើរ​នូវ​ស្ថានភាព នៃ​ការ​រាល ដាល​នៃ​ជម្ងឺឆ្លង​បក្សី​, ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ២០១៩-២០២៣ បាន​កំណត់​អត្រាកំណើន​ផលិតផល​សាច់​កើន ៣% ក្នុង​មួយ​ឆ្នាំ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ