ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ត្រូវ​ផ្លាស់​ប្តូរ​គោល​នយោ​បាយ​ ឬ​អាច​បាត់បង់​នៅ​​ក្នុង​ឧស្សាហ​កម្ម

4 ឆ្នាំ មុន

ហានូយ​៖ វៀតណាម​នា​ពេល​នេះ​គឺ​ត្រូវការ​បដិវត្ត​ក្នុង​ការ​បង្កើត​គោលនយោបាយ​របស់​ខ្លួន​មុន​ពេល​ដែល​ខ្លួន​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី ៤ បាន ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Phạm Xuân Hòe មក​ពី​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​ធន​គារ​នៅ​ឯ​វេទិកា​មួយ​កាលពី​ថ្ងៃ​ទី…

ហានូយ​៖ វៀតណាម​នា​ពេល​នេះ​គឺ​ត្រូវការ​បដិវត្ត​ក្នុង​ការ​បង្កើត​គោលនយោបាយ​របស់​ខ្លួន​មុន​ពេល​ដែល​ខ្លួន​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី ៤ បាន ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Phạm Xuân Hòe មក​ពី​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​ធន​គារ​នៅ​ឯ​វេទិកា​មួយ​កាលពី​ថ្ងៃ​ទី ០៧ ខែមករា​ឆ្នាំ​២០២០ ។

​នា​ឱកាស​ចូលរួម​វេទិកា​ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​និង​គោល​នយោ​បាយ​វៀតណាម​ណា​ម (VEPR) Phạm Xuân Hòe បាន​មាន​ប្រសាសន៍ថា «​ប្រសិនបើ​វៀតណាម​អាច​តាម​ទាន់​បដិវត្ត​ទាន់​ពេលវេលា ដូច្នេះ​សេដ្ឋកិច្ច​ឌី​ជី​ថ​លអាច​ជួយ​ប្រទេស​បិទ​បញ្ចប់​នូវ​គម្លាត​ជាមួយ​ប្រជាជាតិ​ដទៃ​ទៀត​ជុំវិញ​ពិភពលោក​» ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ vietnamnews ។

​ទោះ​យ៉ាងណា​ក៏​ដោយ​គាត់​មានការ​ព្រួយបារម្ភ​អំពី​គោលនយោបាយ​ដើម្បី​ជួយ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​ដោយ​និយាយ​ថា «​វៀតណាម​នៅ​តែ​អនុវត្ត​គោលនយោបាយ​ដែល​ហួស​សម័យ​នៅ​ក្នុង​បរិបទ​សេដ្ឋកិច្ច​ថ្មី​នៅឡើយ​» ។

​សេដ្ឋវិទូ Nguyễn Trí Hiếu បាន​ប្រាប់​វេទិកា​នេះ​ថា «​ចាប់តាំងពី​ឆ្នាំ ២០១៦ មក​ប្រទេស​នេះ​និយាយ​ច្រើន​អំពី​គុណប្រយោជន៍​ពី​បដិវត្ត​ឧស្សាហកម្ម​ទី ៤ ប៉ុន្តែ​បន្ទាប់​ពី​រយៈពេល ៤ ឆ្នាំ​នេះ​ខ្ញុំ​មិនឃើញ​មាន​បដិវត្ត​បែប​ណាមួយ​ល្អ​នោះ​ទេ​» ។

​ឆ្លើយ​តប​ទៅ​នឹង​ការ​អត្ថាធិប្បាយ​ទាំង​ពីរ លោក Hồ Tú Bảo មក​ពី​វិទ្យាស្ថាន​ឈានមុខ​នៃ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ជប៉ុន​បាន​និយាយ​ថា «​វៀតណាម​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​បដិវត្ត​» ដោយ​បន្ថែម​ថា​បដិវត្ត​នីមួយ​ៗ​ត្រូវ​ចំណាយពេល​ពី ៥០ ទៅ​រាប់រយ​ឆ្នាំ​។ លោក បាន​និយាយ​បន្ត​ថា​បដិវត្ត​ឧស្សាហកម្ម​ទី ៤ គឺជា​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​ដែល​ជួយ​កាត់​បន្ថយ​គម្លាត​ក្នុង​ទំនាក់ទំនង​សង្គម ជួយ​សម្រាល​បន្ទុក​ការងារ​និង​ដក​តួនាទី​របស់​អន្តរការី​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​។

​លោក Hồ Tú Bảo កំពុងធ្វើការ​ជាមួយ​ក្រសួងសុខាភិបាល​លើ​ផែនការ​ភ្ជាប់​កំណត់​ត្រា​វេជ្ជ​សាស្ត្រ​របស់​ប្រជាជន​ជាង ៥០ លាន​នាក់​ជាមួយនឹង​ព័ត៌មាន​លម្អិត​អំពី​ការ​ធានា​រ៉ាប់រង​សុខភាព​របស់​ពួក​គេ​និង​ផែនការ​មួយទៀត​ជាមួយ​ក្រសួង​ដឹក​ជញ្ជូន​ដើម្បី​ភ្ជាប់​កំណត់​ត្រា​ដឹក​ជញ្ជូន​ចំនួន ១,២ លាន​គ្រឿង​។

​លោក​បាន​និយាយ​ថា «​វា​ជា​ឱកាស​ចុង​ក្រោយ​សម្រាប់​ប្រទេស​វៀតណាម​ក្នុង​ការ​ទាញ​យក​ប្រយោជន៍​ពី​យុគសម័យ​នេះ​»​។

​វិស័យ​សំខាន់​ពីរ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល គឺ​វិស័យ​ទេសចរណ៍​និង​កសិកម្ម​ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច​នៅ​វៀតណាម​។

​លោក Hồ Tú Bảo បាន​បន្ត​ថា​ក្រសួង​ខ្លះ​ដំណើរការ​លឿន ហើយ​ខ្លះ​ទៀត​ដំណើរការ​យឺត​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល ទោះ​យ៉ាងណា​ការ​យល់​ដឹង​របស់​អ្នកដឹកនាំ​ជា​ច្រើន​ត្រូវ​បាន​កែ​លម្អ​។ ​លោក បាន​និយាយ​ថា «​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​គឺជា​គម្រោង​រយៈពេល​វែង​ហើយ​គួរតែ​ចំណាយ​ពេល​យ៉ាងតិច ១០ ឆ្នាំ​” ។

​ជា​អ្នក​រៀបចំ​នូវ​វេទិកា​នេះ លោក Nguyễn Đức Thành ប្រធាន វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​និង​គោលនយោបាយ​វៀតណាម​ណា​ម​ប្រធាន (VEPR) បាន​បង្ហាញ​នូវ​ការ​យល់ព្រម​ថា​សេដ្ឋកិច្ច​វៀតណាម​កំពុង​ផ្លាស់​ប្តូរ​។ ​ដោយ​ទទួលស្គាល់​នូវ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល លោក​នាយក VERP បាន​និយាយ​ថា​វៀតណាម​កំពុង​ចំណាយ​លើ​ការ​កសាង​រដ្ឋាភិបាល​អេ​ឡិច​ត្រូ​និ​ច​មួយ ប៉ុន្តែ​ដំណើរការ​នេះ​យឺត​។ ពាក់កណ្តាល​នៃ​ក្រសួង​របស់​ប្រទេស​មិន​ទាន់​មាន​លក្ខណៈ​ឌី​ជី​ថ​ល​នៅឡើយ​ទេ​។

​លោក Nguyễn Đức Thành បាន​ប្រាប់​វេទិកា​នោះ​ថា «​ការ​ផ្លាស់​ប្តូរ​នឹង​ត្រូវការ​ពេលវេលា ព្រោះ​ប្រជាជន (​ដែល​ធ្វើការ​សម្រេចចិត្ត​) នៅ​តែ​ដដែល​។ គ្មាន​អ្វី​ក្រៅពី​ការ​រង់ចាំ​សម្រាប់​ពួក​គេ​ផ្លាស់​ប្តូរ​គំនិត​របស់​ពួក​គេ​នោះ​ទេ​» ។​ ​សាស្ត្រាចារ្យ Cao Đoàn​បាន​ប្រាប់​វេទិកា​នោះ​ថា «​វៀតណាម​គួរតែ​កំណត់​ផែនការ​ច្បាស់លាស់​សម្រាប់​បដិវត្ត​បើ​មិន​ដូច្នេះ​ទេវា​នឹង​បាត់បង់​ទៅ​» ។

​យោង​តាម​វិទ្យាស្ថាន​កណ្តាល​សម្រាប់​ការ​គ្រប់គ្រង​សេដ្ឋកិច្ច (CIEM) ការ​អនុវត្ត​បដិវត្ត​ឧស្សាហ​កម្ម​ទី ៤ អាច​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ពី ២៨,៥ ពាន់​លាន​ដុល្លារ​ដល់ ៦២,១ ពាន់​លាន​ដុល្លារ​ស្មើនឹង ៧-១៦ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​រយៈពេល ១០ ឆ្នាំ​ខាង​មុខ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ