ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ទេសចរណ៍ធម្មជាតិ​អា​រ៉ែ​ង​ដ៏​ស្រស់​​ត្រកាល​គួរ​គាប់​ទៅ​កម្សាន្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតកាល​តំបន់​អា​រ៉ែ​ង ស្ថិត​ក្នុងស្រុក​ថ្ម​បាំង ខេត្តកោះកុង ដែល​គេ​ស្គាល់​ថា​ជា​តំបន់​ដាច់​ស្រយាល ហើយ​ពោរពេញ​ដោយ​បញ្ហា​ស្មុគស្មាញ និង​រង​នូវ​ការ​រិះគន់​រាប់​មិន​អស់នោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​តំបន់​អា​រ៉ែ​ង​បាន​ប្រែ​មុខមាត់​ថ្មី ហើយ​អាច​និយាយ​ថា…

រាជធានី​ភ្នំពេញ ៖ អតីតកាល​តំបន់​អា​រ៉ែ​ង ស្ថិត​ក្នុងស្រុក​ថ្ម​បាំង ខេត្តកោះកុង ដែល​គេ​ស្គាល់​ថា​ជា​តំបន់​ដាច់​ស្រយាល ហើយ​ពោរពេញ​ដោយ​បញ្ហា​ស្មុគស្មាញ និង​រង​នូវ​ការ​រិះគន់​រាប់​មិន​អស់នោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​តំបន់​អា​រ៉ែ​ង​បាន​ប្រែ​មុខមាត់​ថ្មី ហើយ​អាច​និយាយ​ថា ជាទី​ឋាន​កំពុង​ទាក់ទាញ​អ្នកទេសចរ ខណៈ​ដែល​តំបន់​នេះ​បាន​រំលេច​នូវ​សម្រស់​ធម្មជាតិ ប្លែក​ៗ គួរ​ឲ្យ​ទាក់ទាញ ។

លោក​ជុក ជំនោ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​បាន ថ្លែង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ប្រជា​សហគមន៍​តំបន់​ភ្នំ​អា​រ៉ែ​ង​បាន និង​កំពុង​បង្ហាញ​នូវ​ស្នាមញញឹម រង់ចាំ​ទទួលភ្ញៀវ​ទេសចរ សំខាន់​ទេសចរណ៍​បែប​ផ្សងព្រេង​ទៅ​កាន់​តំបន់​នោះ ដែល​មាន​ចំនួន​កាន់តែ ច្រើន​ឡើង​ៗ បន្ទាប់​ពី​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ការ​បម្រើសេវា​នៅ​តំបន់​អា​រ៉ែ​ង ត្រូវ​បាន​កែ​លម្អ និង​យក​ចិត្តទុកដាក់​ពី​អាជ្ញាធរ រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ ។

តំបន់​ភ្នំ​អា​រ៉ែ​ង​លែង​ជា​តំបន់​ឯកោ និង​ដាច់​ស្រយាល​ទៀត​ហើយ ប៉ុន្តែ​ជា​តំបន់​ដែល​បាន​និង​កំពុង​ប្រែ​មុខ​ប្រែ​មាត់​រួម​ជាមួយ​ស្នាមញញឹម របស់​ប្រជា​សហគមន៍​រង់ចាំ​ទទួលភ្ញៀវ​ទេសចរ ។ ផ្តើម​ពី​នោះ​ចំនួន​ភ្ញៀវ​ទេសចរ សំខាន់​ទេសចរ​បរទេស​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​បាន​ទៅ​លំហែ​សម្រាក​​កម្សាន្ត​នៅ​ទីនោះ ។ តំបន់​នោះ​មាន​សហគមន៍​ទេសចរណ៍​មួយ ដែល​មានឈ្មោះ​ថា សហ​គមន៍​ទេសចរណ៍​ស្ទឹង​អា​រ៉ែ​ង ដោយ​តំបន់​នោះ​មាន​ស្ទឹង​មួយ​ហូរ​កាត់​គ្រប់​រដូវ ។ តំបន់​អា​រ៉ែ​ង​មាន​កន្លែង​ដែល​ភ្ញៀវ​ទេសចរណ៍​អាច​ទៅ​សម្រាក​ម្សា​ន្ត​បាន នោះ​គឺ​មាន​ចំនួន​រហូត​ដល់​៦៨​កន្លែង​ឯណោះ ហើយ​កន្លែង នីមួយ​ៗ​មាន​សក្តានុពល​ធម្មជាតិ ប្លែក​ៗ​ពី​គ្នា ។

លោក​ជុក ជំនោ រៀបរាប់​ថា ដំបូង​បង្អស់​ភ្ញៀវ​ទេសចរ​អាច​នឹង​ទៅ​ដល់​តំបន់​ស្ទឹង​អា​រ៉ែ​ង​ដែល​មាន​ភាព​ស្រស់​ស្អាត ហើយ​ភ្ញៀវ​ទេសចរ​អាច​ចុះ​ងូតទឹក​កម្សាន្ត​ផង​ដែរ ។ បន្ទាប់​មក​គឺ​ឡើង​ទៅ​លើ​ភ្នំ​ដែល​ភ្ញៀវ​អាច​មើលឃើញ​នូវ​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ជ្រលង​អា​រ៉ែ​ង​ទាំងមូល​តែ​ម្តង ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​រំភើប​ស្រស់ស្រាយ​នឹង​ទេសភាព​ធម្មជាតិ ដែល​បាន​លាតត្រដាង​ដោយ​ពណ៌​ខៀវស្រងាត់ ។ មិនតែប៉ុណ្ណោះ​ពេល​ទៅ​ដល់ទី​នោះ​ភ្ញៀវ នឹង​មាន​អារម្មណ៍​ថា ហាក់​កំពុង​ឈរ​នៅ​លើ​ពពក​ដែល​កំពុង​ហោះ​កាត់ ។ ក្រៅពី​នោះ​ភ្ញៀវ​ទេសច​ក៏​អាច​នឹង​បន្តដំណើរ​កម្សាន្ត​ទៅ​តំបន់​ខ្នងភ្នំ​ក្រពើ​ព្រៃ​ស្រល់​ដែល​មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​សហគមន៍ ខណៈ​ដែល​តំបន់​នោះ​ក៏​មាន កន្លែង​តម្កល់​សាកសព​របស់​ជនជាតិ​នា​សម័យ​បូរាណ​ផង​ដែរ ។

ប្រភព​ដដែល​បញ្ជាក់​ថា ពេល​ទៅ​ដល់​កន្លែង​នោះ​ភ្ញៀវ​ទេសចរ​នឹង​ប្លែក​អារម្មណ៍​មិន​ខាន ឬ​អាច​និយាយ​ថា ពួក​គេ​នឹង​ហាក់​នឹក​ស្រមៃ​ដល់​អតីតកាល​នា​សម័យ​ដ៏​យូរលង់​របស់​មនុស្សជាតិ ។ អ្នកទេសចរ​ដែល​បាន​ទៅ​ដល់ទី​នោះ​ភាគ ច្រើន​ជា​ទេសចរ​បែប​ផ្សងព្រេង ព្រោះ​តំបន់​នោះ​មាន​អំណោយផល​សម្រាប់​អ្នកទេសចរ​បែប​ផ្សងព្រេង ព្រោះថា​ភ្ញៀវ​អាច​នឹង​បោះ​តង់​សម្រាក ឬ​ពិសា​បាយ​ដែល​ជា​ម្ហូប​ត្រូវ​បាន​រៀបចំ​ចម្អិន​ដោយ​ចុងភៅ​ព្រៃ​ជាមួយ​ប្រជា​សហគមន៍ ។

លោក​ជុក ជំនោ រំពឹង​ថា នៅ​ពេល​អនាគត​តំបន់​អា​រ៉ែ​ង​នឹង​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍​សហ​គមន៍​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត ។ ភ្ញៀវ​ទេសចរ​ភាគច្រើន​ដែល​ចាប់អារម្មណ៍​ទៅ​កម្សាន្ត​នៅ​តំបន់​អា​រ៉ែ​ង​នា​ពេល​ប​ច្ចុ​ប្ប​នេះ ភាគច្រើន​ជា​ក្រុម​ទេសចរ​បែប​ផ្សងព្រេង ឬ​បែប​អេកូ​ទេសចរណ៍​ព្រោះ​គេ​អាច​ប្រើ​ពេលវេលា​យូរថ្ងៃ ហើយ​ការ​សម្រាក​របស់​ពួក​គេ គឺ​គេ​សម្រាក​រួម​ជាមួយ​ប្រជា​សហគមន៍​ទេសចរណ៍ ឬ​ក៏​បោះ​តង់​សម្រាក​ដោយឡែក​តាម​អ្វី ដែល​ពួក​គេ​ចង់ ។

លោក​ជុក ជំនោ ឲ្យ​ដឹង​ដែរ​ថា ថ្មី​ៗ​នេះ ក្រុមការងារ​ជំនាញ​របស់​ក្រសួងទេសចរណ៍​មួយ​ក្រុម​បាន​ទៅ​កាន់​តំបន់​នោះ​ក្នុង​គោលបំណង​សិក្សា​ដកស្រង់​បទ​ពិសោធន៍​ពី​ការ​រៀបចំ​តំបន់​ទេសចរណ៍​ផ្សងព្រេង​នៅ​តំបន់​អា​រ៉ែ​ង សំខាន់​នោះ​គឺ​ការ​ដកស្រង់​បទ​ពិសោធន៍​ពី​រៀបចំ​សហគមន៍​ស្ទឹង​អា​រ៉ែ​ង​តែ​ម្តង ដោយសារ​តែ​សហគមន៍​មួយ​នេះ​ទើបតែ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៦​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​គាត់​​រៀបចំ​បាន​ល្អ​ដូច​ជា រចនា​សម្ព​ន្ធ័​រឹង​មាំ ប្រជា​សហគមន៍​មាន ការ​យល់​ដឹង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ។

ការ​ទៅ​សិក្សា​ស្រាវជ្រាវ និង​ដកស្រង់​បទ​ពិសោធន៍​នោះ​វា​មិន​គ្រាន់​ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ទទួល​បាន​បទ​ពិសោធន៍​យក​ទៅ​ធ្វើ​ជា​គំរូ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ទទួល​បាន លើស​ពី​នេះ​គឺ​ការ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ប្រកបដោយ​ការ​ទាក់ទាញ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​តំបន់​អា​រ៉ែ​ង​តែ​ម្តង ។

លោក​ជុក ជំនោ បាន​កោតសរសើរ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​សហគមន៍ ស្ទឹង​អា​រ៉ែ​ង​ដែល​មានការ​យល់​ដឹង​ខ្ពស់​ពី​ការ​ទទួលផល​ប្រយោជន៍​ពី​ភ្ញៀវ​ទេសចរ ហើយ ពួក​គាត់​បាន​បង្ហាញ​នូវ​ស្នាមញញឹម​ត្រៀមចាំ​ទទួលភ្ញៀវ​ទេសចរ ។ ទន្ទឹម​នោះ​ពួក​គាត់​ក៏ បាន​ថែរក្សា​នូវ​ទំនៀមទម្លាប់​នៃ​ការ​រស់​បែប​ប្រពៃណី​របស់​ខ្លួន​បាន​ខ្ជាប់ខ្ជួន​ដូច​ជា ឥរិយាបថ ការ​ស្លៀកពាក់ វប្បធម៌ រហូត​ដល់​ម្ហូបអាហារ​ជាដើម ដែល​អ្វី​ទាំង​អស់នេះ​គឺជា​ការ​ទាក់ ទាញ​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ ។

អ្វី​ដែល​ជា​ការ​លះបង់​របស់​ប្រជា​សហគមន៍​ស្ទឹង​អា​រ៉ែ​ង ហើយ​គួរ​ឲ្យ​កោតសរសើរ​បំផុត​នោះ​គឺ​ការ​លះបង់​ស្ទើរ​ទាំងស្រុង​នូវ​មុខរបរ​បែប​ប្រពៃណី​ដូច​ជា ការ​បរបាញ់​សត្វ ការ​អាស្រ័យ​ផល​ដោយ​ការ​កាប់​ព្រៃឈើ​ជាដើម នៅ​ក្រោយ​ពេល​ដែល​បាន​បង្កើត​ជា​សហគមន៍ ហើយ​អភិវឌ្ឍ​សហគមន៍​ស្ទឹង​អា​រ៉ែ​ង​ឲ្យ​ងាក​មក​ទទួល​សេវា​ទេសចរណ៍​វិញ ។ ទន្ទឹម​នោះ​ពួក​គាត់​ថែម​ទាំង​បង្កើត​ឡើង​នូវ​ក្រុម​ល្បាត​ព្រៃ ខណៈ​ដែល​ក្រុម​ល្បាត​នេះ​តែងតែ​ដើរ​ល្បាត​ក្នុង​រយៈពេល​៣ ឬ​៤​ថ្ងៃ​ម្តង ដើម្បី​ការពារ​ព្រៃ​ផង ហើយ​ប្រសិនបើ​ពួក​គាត់​ប្រទះ​ឃើញ​សកម្មភាព​ដើរ​បរបាញ់​សត្វព្រៃ​ឬ​ក៏​ដាក់​អន្ទាក់​យក​សត្វព្រៃ​ជាដើម​នោះ​ពួក​គាត់ នឹង​ហៅ​សាមីខ្លួន​មក​ណែនាំ​និង​ឲ្យ​បញ្ឈប់​សកម្មភាព ហើយ​ងាក​មក​ចូលរួម​ក្នុង​សហគមន៍​វិញ ។

ចំពោះ​បញ្ហា​ផ្លូវ​គម​ន៍​ទៅ​កាន់​តំបន់​អា​រ៉ែ​ង​មក​ដល់​ពេល​នេះ​ពុំ​មាន​បញ្ហា​ប្រឈម ឬ​លំបាក​ដូច​ពេល​មុន​នោះ​ទេ ។ ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ពី​ភ្នំពេញ​ទៅ​ដល់​ផ្លូវបំបែក​ថ្ម​បាំង​មុន​ទៅ ដល់​ខេត្តកោះកុង​ប្រមាណ​៣០​គីឡូម៉ែត្រ មាន​ផ្លូវបំបែក​បត់​ស្តាំ ហើយ​នៅ​ឆ្ងាយ​ពី​ផ្លូវបត់​ប្រហែល​៥០០​ម៉ែត្រ​នឹង​ឃើញ​ស្លាក​សញ្ញា​មួយ​ដាក់​ថា​សហគមន៍​អេកូ​ទេសចរណ៍​ស្ទឹង​អា​រ៉ែ​ង ។ បន្ទាប់​មក​យើង​អាច​ធ្វើ​ដំណើរ​ក្នុង​រយៈពេល​ប្រមាណ​មួយ​ម៉ោង​នឹង​ទៅ​ដល់​ទីរួមស្រុក​ថ្ម​បាំង ហើយ​ហួស​ទៅ​មុខ​ទៀត​ប្រហែល​៨​គីឡូ​ម៉េ​ត្រ​យើង​នឹង​ទៅ​ដល់​តំបន់​ភ្នំ​អា​រ៉ែ​ង​តែ​ម្តង ។ ចំណែក​ផ្លូវ​ឆ្ពោះទៅ​តំបន់​នោះ​ទោះជា​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ផ្លូវ​ក្រួស​ស​ក្រហម ប៉ុន្តែ​មិន​លំបាក​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ