រាជធានីភ្នំពេញ ៖ បន្ទាប់ពីប្រកាសដាក់លក់ជាផ្លូវការនូវផ្លាកលេខពិសេសផ្ទាល់ខ្លួនកាលពីថ្ងៃ៧ មករាមក ក្រសួងសាធារណការនិងដឹកជញ្ជូន លក់ផ្លាកលេខនេះបានជាង៤០ផ្លាក ហើយ ដោយបានចំណូលជាង៩០០លានរៀលប្រហែលឬស្មើនឹងជាង២២ម៉ឺនដុល្លារ ។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងឱ្យដឹង ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងជាប្រធានព័ត៌មានវិទ្យា ផ្នែកទំនាក់ទំនងសាធារណៈ បានឲ្យកោះសន្តិភាពដឹងនៅថ្ងៃទី៩ ខែមករា ថាគិតមកដល់ថ្ងៃនេះ ក្រសួងបានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួនជាង៤០ផ្លាកហើយ និងបានប្រមូលថវិកាចូលរដ្ឋជាង៩០០លានរៀល ។លោកបានពន្យល់ថាតម្លៃលេខមានច្រើនសណ្ឋានខុសៗគ្នា ហើយផ្លាកលេខពិសេស ផ្ទាល់ខ្លួននេះមានតម្លៃចាប់ពី២លានរៀលឬស្មើនឹង៥០០ដុល្លាអាមេរិកឡើងទៅ ។ អ្នកដែលទិញលេខផ្ទាល់ខ្លួនដែលមានអក្ស៨តួ ។ អ្នកដែលទិញទៅភាគច្រើនក្នុងតម្លៃជាង៣លានរៀលតែប៉ុណ្ណោះ ។
លោកបញ្ជាក់ថា៖«ហេតុដែលក្រសួងរកលុយបានច្រើននេះ ដោយសារតែមានអ្នកទិញផ្លាកលេខដែលមានតម្លៃថ្លៃ ហើយតួអក្សរតិច ។ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ អាចទិញផ្លាកលេខពិសេសនោះបានទៅតាមតម្លៃផ្សេងគ្នា» ។លោកក៏បានឲ្យដឹងថា ផ្លាកលេខនេះមានតម្លៃខ្ពស់បំផុតនឹងដាក់ដេញថ្លៃគ្នា ហើយទាប បំផុតស្មើ២លានរៀល ឬ៥០០ដុល្លារ ។ តម្លៃនេះអាចធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពក្រោម មធ្យម ឬមធ្យម អាចមានលទ្ធភាពទិញមកប្រើប្រាស់បាន ។ ចំណែកអ្នកមានជីវភាពធូរឬមាន គេអាចទិញផ្លាកលេខពិសេសដែលមានតម្លៃថ្លៃ ។
ជាមួយគ្នានោះដែរអ្នកនាំពាក្យក៏បានបកស្រាយចំពោះការលើកឡើង ការប្រើប្រាស់ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះនឹងធ្វើឱ្យសង្គមមានការបែងចែកវណ្ណៈ អ្នកមានអ្នកក្រយ៉ាងដូច្នេះថា៖«ខ្ញុំសូមបញ្ជាក់ ទោះបីមានលេខពិសេសផ្ទាល់ដាក់លក់ក៏យើងនៅតែមិនបំភ្លេចផ្លាកលេខរាជធានី-ខេត្តដដែល គឺនៅតែបន្ត ។ លេខរាជធានី-ខេត្តក៏មានលេខហ្វ្រី លេខបញ្ចុះតម្លៃ ។ លេខរាជធានី-ខេត្ត ក៏មានលេខថ្លៃផងដែរ នៅពេលគេចង់បានលេខខ្ពស់ ឬផ្លោះស៊េរី» ។
អ្នកនាំពាក្យក៏បានឲ្យដឹងថា ការទិញផ្លាកលេខពិសេសផ្ទាល់ខ្លួនដែលមានតម្លៃខ្ពស់ និងផ្លាកលេខរាជធានី ខេត្តដែលមានតម្លៃខ្ពស់នោះក្រសួងមិនបានបង្ខិតបង្ខំនោះទេ ។ ផ្ទុយទៅវិញការទិញបង្ហាញឲ្យឃើញថាប្រជាពលរដ្ឋមានជីវភាពធូរធាឬមានលទ្ធភាពទិញ ។លោកបញ្ជាក់ថា៖«ទោះបីយើងចេញលេខពិសេសផ្ទាល់ខ្លួនក្តី យើងនៅតែចេញលក់ផ្លាកលេខរាជធានី ខេត្តដដែល ។ ចំណុចនេះមានន័យយើងនៅផ្តល់ជម្រើសជូនប្រជាពលរដ្ឋដដែល ។ ផ្ទុយទៅវិញបើរាជរដ្ឋាភិបាលកំណត់ថានៅពេលចុះបញ្ជីរដ្ឋយន្ត ត្រូវតែទិញលេខពិសេសផ្ទាល់ខ្លួនតម្លៃ៥០០ដុល្លារនោះនឹងធ្វើឲ្យប៉ះពាល់ តែក្នុងករណីពេលនេះមិនមែនទេ» ។
លោកបន្ថែមថា ដាក់លក់ផ្លាកលេខនេះក៏ផ្តល់ជំរើសជូនប្រជាពលរដ្ឋថាបើផ្លាកលេខនោះលើសសមត្ថភាព អាចពិចារណលេខផ្សេងបានផងដែរ ។
ចំណែកទាក់ទិននឹងការលើកឡើងថា មានពិបាកអានអក្សឡាតាំង ដោយខ្លួនមិនចេះយ៉ាងដូច្នេះថា ការដាក់តួអក្សនេះមានតាំងពីយូរមកហើយ ប៉ុន្តែចំពោះផ្លាកលេខពិសេសផ្ទាល់នេះ គ្រាន់តែដាក់តួលេខនៅចំហៀង និងអក្សរនៅមួយចំហៀងដោយអានពីខាងឆ្វេងមក ។លោកក៏បានគូសបញ្ជាក់ថាការផ្តល់លេខពិសេសផ្ទាល់ខ្លួន គឺជាការផ្តល់ជម្រើសដល់ម្ចាស់រថយន្តក្នុងការផ្គុំតួអក្សរ ដែលជាឈ្មោះរបស់ខ្លួនតែប៉ុណ្ណោះ ។ ជាមួយគ្នានោះដែរអ្នកនាំពាក្យដដែលក៏បានឲ្យដឹងថា ការផ្តល់ផ្លាកលេខនេះក៏ធ្វើតាមគោលការណ៍អាស៊ានផងដែរ ដែលរាជដ្ឋាភិបាលបានកំណត់រួចហើយ ។
យ៉ាងណាក្តីអ្នកនាំពាក្យដដែលក៏បានអះអាងថាចេញលេខពិសេសផ្ទាល់នេះក៏នៅតែមានភាពងាយស្រួលដដែលចំពោះការចំណាំ ដោយយើងអានអក្សពីឆ្វេងនៅតាមតួអក្សរដដែល ។ ប៉ុន្តែលោកថាចំពោះអក្សរឡាតាំងនេះក៏នៅមានជារបាំងបន្តិចបន្តួច ចំពោះអ្នកមិនចេះអក្សរឡាតាំងផងដែរ ។ក្នុងកិច្ចសម្ភាសន៍ជាមួយកោះសន្តិភាពអ្នកនាំពាក្យបានបញ្ជក់ថាក្រសួងស្វាគមន៍ចំពោះការរិះគន់ក្នុងន័យស្ថាបនា ហើយក្រសួងព្យាយាមធ្វើការបកស្រាយចម្ងល់មួយចំនួនជូនមហាជន ផងដែរ ទាក់ទិននឹងផ្លាកលេខពិសេសផ្ទាល់នេះ ដោយសារទើបតែចាប់ផ្តើមដំណើរការដំបូង ។
គួររំឭកថា«ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យប្រកាសដាក់លក់ជាផ្លូវការ កាលពីថ្ងៃទី៧ មករា ឆ្នាំ២០២០កន្លងទៅនេះ ខួប៤១ឆ្នាំនៃការផ្តួលរំលំ របបខ្មែរថ្ងៃដែលពលរដ្ឋខ្មែរក្រហមរស់រានមានជីវិតឡើងវិញ ។ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបោះពុម្ពដោយមានអក្សរ«កម្ពុជា» នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរ ចាប់ពី១ដល់ត្រឹម៨ខ្ទង់ បោះពុម្ពនៅ ផ្នែកកណ្តាល ។
ផ្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ ។ គេអាចជ្រើសរើសផ្លាកលេខរថយន្តពិសេសនេះ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh ។
ផ្លាកលេខពិសេសនេះ មានជម្រើសរហូតដល់ទៅ៣.៥ទ្រីលាន ។ ផ្លាកលេខនេះ មាន តម្លៃចាប់ពី២លានរៀលឡើងទៅរហូតដល់ ១.០០០លានរៀល តែសម្រាប់ការដេញថ្លៃអាច នឹងមានតម្លៃច្រើនជាងនេះ ។
ជាងនេះផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ អាចជ្រើសរើស និងកំណត់ឈ្មោះតាមការចង់បានលើកលែងតែពាក្យមិនសមរម្យ ឈ្មោះថ្នាក់ដឹកនាំ និងទីតាំងប្រវត្តិសាស្ត្រ ។
លើសពីនេះផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ អ្នកដែលទិញអាចរក្សាទុកពេញជីវិត ដោយគ្រាន់តែកាត់ឈ្មោះចេញនៅពេលលក់រថយន្ត ឬគេអាចលក់ផ្លាកលេខ ពេលលក់ទាំងរថយន្ត ក៏បាន ។ ម្ចាស់ផ្លាកលេខក៏អាចរក្សាផ្លាកលេខនេះទុកដល់កូនចៅផងដែរ ដោយគ្រាន់តែធ្វើការ ផ្លាស់ប្តូរព័ត៌មាន អ្នកដែលត្រូវបន្តគ្រប់គ្រងផ្លាកលេខប៉ុណ្ណោះ ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់ បានឱ្យដឹងថា ការបង្កើតឱ្យមានផ្លាកលេខរថយន្តពិសេសនេះដើម្បីបំពេញតម្រូវការបន្ថែមទៀតជូនប្រជាពលរដ្ឋដែលចង់ប្រើប្រាស់ផ្លាកពិសេសផ្ទាល់ខ្លួន ដូចជាចង់ដាក់ឈ្មោះ ឬលេខពិសេសដែលខ្លួនពេញចិត្ត ។
ក្រៅពីបង្កើតជម្រើសសម្រាប់អ្នកប្រើប្រាស់រថយន្តហើយនោះ ការរៀបចំឱ្យមានផ្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួននេះក៏ដើម្បីចូលរួមស្វែងរកចំណូលពីការលក់ផ្លាកលេខជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ និងពង្រឹងដល់ការគ្រប់គ្រងយានយន្តនៅកម្ពុជាផងដែរ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ