ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ស្ត្រី​រង​គ្រោះ​ដោយ​សម្រាលកូន​នៅ​គ្លីនិក​ឯកជន​អំពាវនាវ​រក​យុត្តិធម៌

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​ក្នុង​ពិធីបុណ្យ​គម្រប់​៧​ថ្ងៃ​នៃ​មរណៈភាព​របស់​ស្ត្រី និង​កូន ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​សម្រាលកូន​នៅ​គ្លីនិក​ឯក ហើយ​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​សំណូមពរ និង​អំពាវនាវ​ដល់​ក្រសួងសុខាភិបាល ​ព្រមទាំង​​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​គ្រួសារ​របស់​​ពួក​គាត់​ផង ព្រោះ​ការ​បាត់បង់​ជីវិត​មនុស្ស​ដល់​ទៅ​២​នាក់…

ខេត្តកំពង់ឆ្នាំង ៖ នៅ​ក្នុង​ពិធីបុណ្យ​គម្រប់​៧​ថ្ងៃ​នៃ​មរណៈភាព​របស់​ស្ត្រី និង​កូន ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​សម្រាលកូន​នៅ​គ្លីនិក​ឯក ហើយ​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​សំណូមពរ និង​អំពាវនាវ​ដល់​ក្រសួងសុខាភិបាល ​ព្រមទាំង​​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​គ្រួសារ​របស់​​ពួក​គាត់​ផង ព្រោះ​ការ​បាត់បង់​ជីវិត​មនុស្ស​ដល់​ទៅ​២​នាក់ ពិតជា​មិនធម្មតា​ទេ ។

ការ​សំណូមពរ​​របស់​ក្រុមគ្រួសារ​ស្ត្រីរងគ្រោះ​​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២០ នៅ​លំនៅ​ដ្ឋា​ន​ស្ត្រី​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ បុរស​ជា​ប្តី​មិន​អាច​ផ្ដល់​ការ​សម្ភាសន៍​បាន​ទេ ដោយសារ​តែ​នៅ​មានការ​សោកសង្រេង​ខ្លាំង​ពេក​ចំពោះ​ការ​បាត់បង់​ភរិយា​និង​កូន​ដែល​ទើបតែ​ចាប់បដិសន្ធិ ។ ប៉ុន្តែ​អ្នកស្រី ទុ​យ សុខ​កៀង ដែល​ត្រូវជា​បងស្រី​របស់​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​ប្អូនស្រី​របស់​គាត់​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​សម្រាលកូន​នៅ​គ្លីនិក​ឯកជន យឹ​ម ផល្លា រួច​មក គាត់​ឃើញ​មេធាវី​របស់​គ្លីនិក​ឯកជន​យឹ​ម​ ផល្លា បាន​មក​ទំនាក់ទំនង​សុំ​ច​ចារ​សម្របសម្រួល​ជា​សំណង​រដ្ឋប្បវេណី ប៉ុន្តែ​ការ​ចរចា​របស់​មេធាវី​គ្លីនិក​ឯកជន​យឹ​ម​ផល្លា គឺ​មិន​អាច​ទទួលយក​បាន​ឡើយ ព្រោះ​សំណង​មាន​តម្លៃ​ទាប​ពេក ហើយ​ជីវិត​មនុស្ស​២​នាក់​បាន​បាត់បង់​ក្នុង​ពេល​តែ​មួយ គឺ​សោកស្តាយ​ខ្លាំង​ណាស់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ម្យ៉ាងវិញទៀត ប្អូនស្រី​របស់​គាត់​ពេល​នៅ​មានជីវិត​បាន​ចងការ​ប្រាក់​គេ​ដើម្បី​បើក​តូប​កាត់ដេរ​ទើបតែ​បាន​១​ខែ​ប៉ុណ្ណោះ​ក៏​បាន​បាត់បង់​ជីវិត ហើយ​ធ្លាក់​បន្ទុក​មក​លើ​ប្អូនថ្លៃ​របស់​គាត់​ដែល​ជា​ប្តី ដែល​កំពុង​ទទួល​ការ​ខុស​ត្រូវ​មើលថែ​កូនស្រី​តូច​ម្នាក់​ទៀត​ផង​។ ក្នុង​នាម​គាត់​ជា​បង និង​ក្រុម​គ្រួសារ​ទាំងអស់ សូម​លើកដៃ​សំពះ សុំ​អង្វរ​ដល់​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏​ដូច​ជាស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន សូម​មេត្តា​អន្តរាគមន៍​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ផង ។ ម្យ៉ាងវិញទៀត​សូម​ជួយ​ពិនិត្យ​មើល​គ្លីនិក​ឯកជន យឹ​ម ផល្លា បើ​នៅ​តែ​បណ្ដោយ​បែប​នេះ​ទៀត​ច្បាស់​ជា​មាន​មនុស្ស​បាត់បង់​ជីវិត​ទៀត​ជាក់​ជា​ពុំខាន​ឡើយ​។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២០ ស្ត្រី​រង​គ្រោះ ឈ្មោះ ទុ​យ ចរិយា អាយុ​៣១​ឆ្នាំ បាន​មក​សម្រាលកូន​ទី​២ នៅ​គ្លីនិក​ឯកជន យឹ​ម​ផល្លា មា​នទី​តាំងនៅ​ក្នុងភូមិ​ត្រពាំង​បី​ សង្កាត់​ផ្សារឆ្នាំង​ ក្រុង​កំពង់ឆ្នាំង ។

បន្ទាប់​ពី​ពេល​កូន​កើតមក​ក៏​បាន​បាត់បង់​ជីវិត​ភ្លាម ចំណែក​ស្ត្រី​ជា​ម្តាយ​មាន​អាកា​រៈ​ធ្លាក់ឈាម​ខ្លាំង ។ ពេល​នោះ​បុរស​ជា​ប្តី ឈ្មោះ សេង គឹ​ម​ហេង ឃើញ​សភាព​ប្រ​ព​ន្ឋ​ចេះ​តែ​ខ្សោយ​ខ្លាំង​ទៅ ក៏​សុំ​ឱ្យ​អ្នក​គ្រូ​ពេទ្យ ឆ្មប​បញ្ជូន​ប្រ​ព​ន្ឋ​គាត់​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ប៉ុន្តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត ត្រូវ​បាន​គ្រូ​ពេទ្យ​ប្រាប់​ថា ហួសពេល​ទៅ​ហើយ និង​បាន​ព្យាយាម​ជួយ​សង្គ្រោះ​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​បាន​ឡើយ ហើយ​ស្ត្រី​រង​គ្រោះ​ក៏​បាន​បាត់បង់​ជីវិត​តែ​ម្តង ។

ក្រោយ​ការ​បាត់បង់​ជីវិត​របស់​ស្ត្រី​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ខេត្ត​បញ្ជូន​ស្ត្រី​រង​គ្រោះ​មក​កាន់​លំនៅ​ដ្ឋា​ន​វិញ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ