ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​បន្ត​កិច្ច​សហប្រតិបត្តិការ​ស្វែងរក​អដ្ឋិធាតុ​កងទ័ព​វៀតណាម​ពលី​ជីវិត​ក្នុង​សម័យ​សង្គ្រាម

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២០ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​ប្រជុំ​ពិភាក្សា​ការងារ…

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២០ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​ប្រជុំ​ពិភាក្សា​ការងារ ជាមួយ​គណៈប្រតិភូ​វៀតណាម ដែល​ដឹកនាំ​ដោយ លោក ផា​ម វ៉ា​ន់​កាញ់ អនុប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេ​ត្តឡុង​អាន នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ពិភាក្សា​ពី​ផែនការ​សហប្រតិបត្តិការ​ស្វែង​រុករក ជីក​គាស់ និង​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​យុទ្ធ​ជន​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ពលី​ជីវិត​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា ដំណាក់កាល​ទី​១៩ (​រដូវប្រាំង ឆ្នាំ​២០១៩-២០២០)​។

លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា កិច្ច​សហប្រតិបត្តិការ​ស្វែង​រុករក ជីក​គាស់ និង​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​យុទ្ធ​ជន​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ពលី​ជីវិត​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា គឺជា​កិច្ច​សហប្រតិបត្តិការ​ល្អ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ។

លោក​អភិបាលខេត្ត​បាន​បន្ត​ថា ជា​ពិសេស​គឺ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ខេត្ត​ប៉ៃលិន និង​ខេ​ត្តឡុង​អាន ក៏​ជា​ការងារ​មនុស្សធម៌ និង​ជា​ការ​បង្ហាញ​ពី​ទឹកចិត្ត​របស់​ប្រជាជន​កម្ពុជា​ផង ពីព្រោះ​ការ​ពលី​អាយុជីវិត​របស់​កងទ័ព​វៀតណាម លើ​ទឹកដី​កម្ពុជា គឺជា​ការ​រួមចំណែក​ក្នុង​រំដោះប្រទេស​ជាតិ​យើង ឱ្យ​មាន​សុខ​សន្តិភាព​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ដូច្នេះ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ទាំងអស់ ត្រូវ​បន្ត​ខិតខំ​សហប្រតិបត្តិការ និង​បង្ក​លក្ខណៈ​ងាយស្រួល ដល់​ដំណើរការ​ស្វែង​រុករក គាស់ អដ្ឋិធាតុ​កងទ័ព​វៀតណាម ដែល​បាន​ពលី​ជីវិត​នៅ​ទឹកដី​ខេត្ត​ប៉ៃលិន ដែល​នៅ​សេសសល់​បន្ត​ទៀត ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​ប្រទេស​វៀតណាម​វិញ​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក ផា​ន់ ចាន់​ធុ​ល មាន​បំណង​ចង់ឱ្យ​ខេត្ត​ទាំង​២ ប៉ៃលិន​-​ឡុ​ង​អាន ចងសម្ព័ន្ធ​មេត្រីភាព​នឹង​គ្នា ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ណ៍ លើ​វិស័យ​មួយ​ចំនួន​ដូច​ជា វិស័យសេដ្ឋកិច្ច ពាណិជ្ជ​កម្ម ទេសចរណ៍ កសិកម្ម វិស័យ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​កីឡា ការ​ផ្លាស់​ប្តូ​បទ​ពិសោធន៍​នឹង​សហការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​កិច្ចការ​សង្គម និង​ពង្រឹងសមត្ថភាព​យុវជន ការ​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​សង្គម បង្កើត​នូវ​ទំនាក់​ទំនងជា​ទៀងទាត់​រវាង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​របស់​ភាគី​ទាំង​ពីរ ដើម្បី​សម្របសម្រួល​និង​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​កិច្ច​សហប្រតិបត្តិការ និង ចាត់តាំង​ការ​ប្រជុំ​បូក​សរុប​លទ្ធផល​រីក​ចំរើន​ក្នុង​កិច្ច​សហប្រតិបត្តិការ​អោយ​បាន​ទៀងទាត់​។

ជា​ការ​ឆ្លើយ​តប លោក ផា​ម វ៉ា​ន់​កាញ់ អនុប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេ​ត្តឡុង​អាន បាន​មាន​ប្រសាសន៍​សំណូមពរ​ដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន គ្រប់​ជាន់ថ្នាក់ បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ ក្នុង​ការ​រុករក ជីក​គាស់ អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​នៅ​សេសសល់ ក្នុងភូមិ​សាស្ត្រ​ក្រុងប៉ៃលិន និង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍ ដំណាក់កាល​ទី​១៩ រដូវប្រាំង​ឆ្នាំ ២០១៩-២០២០ នា​ពេល​ខាង​មុខ ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ ពីព្រោះ​ការ​ស្វែង​រុករក និង​ធ្វើ​មាតុភូមិនិវត្តន៍​អ​ដិ្ឋ​ធាតុ​យុទ្ធ​ជន​កងទ័ព​វៀតណាម​នៅ​កម្ពុជា គឺ​អនុវត្តន៍​តាម​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម និង​រវាង​ខេត្ត​ប៉ៃលិន និង​ខេ​ត្តឡុង​អាន​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ផា​ម វ៉ា​ន់​កាញ់ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំង​គ្រប់​ប្រភេទ ព្រមទាំង​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន​ទាំងអស់ ដែល​កន្លង​មក​បាន​សហការ​ល្អជា​មួយ​ក្រុមការងារ​គណៈកម្មាធិការ​ប្រជាជន​ខេ​ត្តឡុង​អាន ធ្វើ​ឱ្យ​ដំណើរការ​រុករក​អ​ដិ្ឋ​ធាតុ​កងទ័ព​វៀតណាម​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​។

គួរ​បញ្ជាក់​ថា​ ៖ ការ​រុករក ជីក​គាស់​អដ្ឋិធាតុ​កងទ័ព​វៀតណាម ដែល​បាន​ពលី​ជីវិត​ក្នុង​សម័យ​សង្គ្រាម​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន ចាប់ពី​ឆ្នាំ​២០០៥ ដល់​បច្ចុប្បន្ន សរុប​មាន​ចំនួន ១០៥​អដ្ឋិធាតុ ដោយឡែក​នៅ​ឆ្នាំ​២០១៩-២០២០​នេះ មាន​ព័ត៌មាន​ចំនួន​៩​ទីតាំង សរុប​ចំនួន​២៧​អដ្ឋិធាតុ ដែល​ក្នុង​នោះ​ក្រុងប៉ៃលិន​មាន​៤​ទីតាំង រក​ឃើញ​មាន​ចំនួន​១០​អដ្ឋិធាតុ និង​ស្រុក​សាលា​ក្រៅ​មាន​ចំនួន​៥​ទីតាំង រក​ឃើញ​ចំនួន​១៧​អដ្ឋិធាតុ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ