ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឪពុកស្រែក​សុំរកយុ​ត្តិ​ធ​ម៌ ​ក្រោយ​​ដោះ​លែង​ឡាន​បង្ក​ដោយ​គ្មាន​សំណង១សេន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​​អះអាង​ថា ត្រូវជា​ឪពុក​ជន​រង​គ្រោះ​ដែល​កូនប្រុស​គាត់​ម្នាក់​បានបាត់​​បង់​ជីវិតនៅ​ក្នុង​ឧប្បត្តហេតុគ្រោះថ្នាក់​ចរាចរ​ណ៍​មួយ កាលពី​អំឡុង​ខែធ្នូ​២០១៩ កន្លង​ទៅ​នេះ ដោយបាន​ស្វះស្វែង​ជួប​ជាមួយ​កោះសន្តិភាព ​ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​ទម្លុះទម្លាយ​នូវ​រឿង​ដ៏​អ​យុ​ត្តិ​ធ​ម៌​បំផុត ដែល​មន្ត្រី​ការិយាល័យ​ចរាចរ​ណ៍​ជើង​គោក​នៃ​ស្នងការ​ខេត្ត បាន​ឃុបឃិត​គ្នា​ធ្វើ​របាយ​ការ​ណ៍​ភូត​កុហក់​ថ្នាក់ដឹកនាំ…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​​អះអាង​ថា ត្រូវជា​ឪពុក​ជន​រង​គ្រោះ​ដែល​កូនប្រុស​គាត់​ម្នាក់​បានបាត់​​បង់​ជីវិតនៅ​ក្នុង​ឧប្បត្តហេតុគ្រោះថ្នាក់​ចរាចរ​ណ៍​មួយ កាលពី​អំឡុង​ខែធ្នូ​២០១៩ កន្លង​ទៅ​នេះ ដោយបាន​ស្វះស្វែង​ជួប​ជាមួយ​កោះសន្តិភាព ​ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​ទម្លុះទម្លាយ​នូវ​រឿង​ដ៏​អ​យុ​ត្តិ​ធ​ម៌​បំផុត ដែល​មន្ត្រី​ការិយាល័យ​ចរាចរ​ណ៍​ជើង​គោក​នៃ​ស្នងការ​ខេត្ត បាន​ឃុបឃិត​គ្នា​ធ្វើ​របាយ​ការ​ណ៍​ភូត​កុហក់​ថ្នាក់ដឹកនាំ ដើម្បី​ដោះ​លែង​រថយន្ត​បង្ក ជា​ថ្នូរ​និង​ផល​ប្រ​យោ​ជ​ន៍ ដោយ​គ្មាន​បង់​សំណង​១​សេន​ដល់​គ្រួសារ​គាត់ ​។

បុរស​នោះ​ឈ្មោះ​អ៊ី​វ ប៊ុ​ន​ធឿ​ន អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ហ្លូ​ង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​ ។ គាត់​បាន​ជួប​និង​ផ្ដល់​បទ​សម្ភាស​៍​ផ្ទាល់ជាមួយ​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ មក​រា ដោយ​បាន​និយាយ​ថា កូនប្រុស​គាត់​ឈ្មោះ​អ៊ី​វ ប៊ុ​ន​ថា អាយុ​២៤​ឆ្នាំ បាន​បាត់បង់ជីវិត​​យ៉ាង​រន្ធត់​ នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍ តែ​មិន​ត្រូវ​បាន​អង្គភាព​ការិយាល័យ​ចរាចរ​ណ៍នេះ ផ្ដល់​យុ​ត្តិ​ធ​ម៌​ដល់​កូនប្រុស​គាត់​ឡើយ​រហូត​ដល់​ពេល​នេះ ​។ មិនតែប៉ុណ្ណោះ ក្រោយ​ពី​មន្ត្រី​ចរាចរ​ណ៍​ហៅ​គាត់ ទៅ​សម្រប​ស​ម្រួលជាមួយ​ភាគី​រថយន្ត​បង្ក​ចំនួន​២​លើក​មិន​ត្រូវរ៉ូវ​គ្នា ដោយ​សន្យា​ជួប​ដោះស្រាយ​លើក​ទី​៣​ទៀត តែ​មិន​ទាន់​បាន​ជួប​លើក​ទី​៣ តាម​សន្យា​ផង ស្រាប់តែ​ផ្នែក​ដំណោះស្រាយ នៃ​ការិយាល័យ នេះ​ឃុំ​ឃិ​ត​គ្នា​ដោះ​លេង​រថយន្ត​បង្ក​នោះ​ទៅ​បាត់ ដោយ​មិន​ផ្ដល់​សំណង​១​សេន​ដល់​គ្រួសារ​គាត់​ឡើយ​។

សូម​បញ្ជាក់​ថា បើ​តាម​គ្រួសារ​ជន​រង​គ្រោះសំណុំរឿង​គ្រោះថ្នាក់​ចរាចរ​ណ៍នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​ និង​៥០​នាទី​យប់​ថ្ងៃ​ទី​៨ ធ្នូ ២០១៩ កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​លើ​កំណាត់​ផ្លូវ​មួយ​កន្លែង ខាងត្បូង​ស្ដុ​ប​ពេទ្យ​ពពីរ ដែល​ស្ថិត​ក្នុងភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​ ។ យោង​តាម​កំណត់ហេតុ​របស់​សមត្ថកិច្ច គឺ​ជន​រង​គ្រោះ​ឈ្មោះ​អ៊ី​វ ប៊ុ​ន​ថា បាន​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត​នោះ​ដែល​មាន​ដឹក​ស្រា​បៀរ ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង ខណៈ​ដែល​រថយន្ត​នោះ​កំពុង​ចត​នៅ​លើ​ចិញ្ចើមថ្នល់ តែ​មិន​បាន​ដាក់​ស្លាក​សញ្ញា ឬ ចំណាំង​ផ្លា ត​ដើម្បី​ឲ្យ​អ្នកដំណើរ​មើលឃើញ​នៅ​ពេល​យប់​ទេ​។ រថយន្ត​នោះ​ម៉ាក HINO ពាក់​ស្លាក​លេខភ្នំពេញ 3E-2786 តែ​គេ​មិន​បាន​ប្រាប់​ឈ្មោះ​អ្នកបើកបរ​ឡើយ​។

ប្រភព​ពី​សមត្ថកិច្ចបាន​ប្រាប់​ថា រថយន្ត​នេះ​ទំនង​មិនមែន​ជា​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​ទេ តែ​អាច​ត្រូវ​ក្រុម​ហ៊ុនស្រា​បៀរ ជួល​ឲ្យ​ដឹក​យក​មក​ដាក់​នៅ​ដេប៉ូ​ធំ​មួយ​កន្លែង នៅ​ជិត​ទីតាំង​កើតហេតុ​នោះ​។ ប៉ុន្តែ​ពេល​បើក​មក​ដល់​នា​យប់​នោះ រថយន្ត​នេះ​មិន​បាន​ដឹក​ចូល​ទម្លាក់​ឲ្យ​ដេប៉ូ​ភ្លាម​ៗ​ទេ ហើយ​បាន​ឈប់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ ដើម្បី​រង​ចាំ​ទម្លាក់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ តែ​អ​កុស​ល្យ​ស្រាប់តែ​រថយន្ត​នេះ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​រហូត​ដល់​បាត់បង់ជីវិតមនុស្ស ដោយសារ​ការ​ចត​នៅ​លើ​ដងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន មិន​ដាក់​ស្លាក​សញ្ញា​សម្គាល់ ដើម្បី​ឲ្យ​អ្នកដំណើរ​បាន​មើលឃើញ​នៅ​ពេល​យប់​ ។ មន្ត្រី​ចរាចរ​ណ៍​បាន​នាំ​យក​ទាំង​រថយន្ត ទាំង​ម៉ូតូ​ជន​រង​គ្រោះ ទៅ​កាន់​ស្នងការ​ដើម្បី​រង​ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។

ពាក់ព័ន្ធ​នឹង​ចំណាត់ការ​របស់​មន្ត្រី​ច្បាប់ ឪពុក​ជន​រង​គ្រោះ លោក​អ៊ី​វ ប៊ុ​ន​ធឿ​ន បាន​រៀបរាប់​ថា ក្រោយ​គ្រួសារ​លោក​ធ្វើ​បុណ្យសព​កូន​រួច លោក​ហេង ពិសិដ្ឋ នាយ​រង​ការិយាល័យ​នេះ បាន​កោះ​អញ្ជើញលោក​ឲ្យ​ចូល​ទៅ​ជួប​ច​រចា​សំណង​ជាមួយ​ភាគី​រថយន្ត​ចំនួន​២​លើកជា​បន្តបន្ទាប់ តែ​មិន​ត្រូវរ៉ូវ​គ្នា​ទេ​ ។ លោក​បាន​ប្រាប់​ថា ជួប​គ្នា​លើក​ទី​១ ភាគី​រថយន្ត​សុំ​សង​ចំនួន​២.០០០​ដុល្លារ ខណៈ​លោក​ប្ដឹង​ទាមទា​ចំនួន​១៥.០០០​ដុល្លា​រ ។ ដោយសារ​មិន​ត្រូវ​គ្នា ទើប​ប៉ុន្មាន​ថ្ងៃក្រោយ លោក​ហេង ពិសិដ្ឋ ហៅ​លោក​ទៅ​ជួប​ចរ​ចា​​គ្នា​ជា​លើក​ទី​២​ទៀត ហើយ​ភាគី​រថយន្ត​សុំ​បង់​សំណង​ចំនួន​៣,០០០​ដុល្លា ខណៈ​លោក​ទាមទា​បញ្ចុះ​មក​ត្រិ​ម​ចំនួន​៧.៥០០​ដុល្លារ តែ​នៅ​មិន​ត្រូវ​គ្នា​ដដែល ប៉ុន្តែ​បាន​សន្យា​នឹង​ជួប​ច​រចាគ្នា​លើក​ទី​៣​ទៀត​ ។

លោក​ហេង ពិសិដ្ឋ នាយ​រង​ការិយាល័យទ​ទូល​ផ្នែក​ដំណោះស្រាយ បាន​ប្រាប់​ភាគី​ទាំង​២ ឲ្យ​រង​ចាំ​ជួប​ចរ​ចាគ្នា​នៅ​លើក​ទី​៣​ទៀត តែ​រហូត​មក​ដល់​ពេល ការ​ណាត់ជួប​លើក​ទី​៣​ក៏​ស្ងាត់ រីឯ​រថយន្ត​បង្ក​ក៏​ត្រូវ​លោក​ហេង ពិសិដ្ឋ ដោះ​លែងទៅ​បាត់​ទៀត​។ ឪពុក​ជន​រង​គ្រោះ​បាន​និយាយ​ទាំង​ក្ដុក​ក្ដូ​ល​ថា «​ខ្ញុំ​មានការ​ឈឺចាប់​បំផុត នៅ​ពេល​ដឹង​ថា គេ​ដោះ​លេង​រថយន្ត​បង្ក ដោយ​មិន​ទាន់​បង់​សំណង​១​សេន​ដល់​គ្រួសារ​ខ្ញុំ ដែល​កូនប្រុស​ខ្ញុំ​ត្រូវបាត់បង់ជីវិតយ៉ាង​អាណោច​អ​ធ​័ម ។ ខ្ញុំ​បាន​ទៅ​ការិយាល័យ​ច​រារ​ច​ណ៍ សួរនាំ​អំពី​រឿង​នេះ តែ​លោក ឆៃ ច័ន្ទ​តារា ប្រធាន​ការិយាល័យ​នេះ បាន​បដិសេធ​ថា មិន​បានដឹង រីឯ​លោក​ហេង ពិសិដ្ឋ នាយ​រង​ការិយាល័យ ទ​ទូល​ផ្នែក​ដោះស្រាយ​នេះ បែរជា​ដេញ​ខ្ញុំ ឲ្យ​ទៅ​សួរ​លោក​ព្រះរាជអាជ្ញា​រង ហេង លុយ ទៅ​វិញ ? ដោយ​អះអាង​ថា លោក​ហេង លុយ អ្នក​ចេញ​ដីកា​ឲ្យ​ដោះ​លេង​រថយន្ត​នេះ​»​។

ជាមួយនឹង​ម្រាមដៃ​ដប់​លើក​សំពះ​អង្វរ​.​ក លោក​អ៊ី​វ ប៊ុ​ន​ធឿ​ន បាន​ពោល​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ហាក់​មាន​អារមណ៍​តក់ស្លុត និងឈឺចាប់​ខ្លាំង​ណាស់ នៅ​ពេល​ដែល​មេ​ការិយាល័យ​នេះ ម្នាក់​ៗ​មិន​ទ​ទូល​ខុស​ត្រូវ ឆ្លើយ​បដិសេធ និងឆ្លើយ​ដាក់​គ្នា​បែប​នេះ ​។ ខ្ញុំ​សូម​អង្វរ​.​ក​ដ៏​ទទូច​ដល់​លោកស្នងការ​ខេត្ត ឬ ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន មេត្តា​ជួយ​រក​យុ​ត្តិ​ធ​ម៏​ដល់​កូនប្រុស​ខ្ញុំ និង ក្រុម​គ្រួសារ​ខ្ញុំ​ផង​។ ព្រោះ​ខ្ញុំ​យល់​ថា សំណុំរឿង​នេះ ត្រូវ​គេ​ឃុំ​ឃិ​ត​គ្នា​ដោះ​លេង​រថយន្ត​បង្ក​នោះ វា​ជា​រឿង​អ​យុ​ត្តិ​ធ​ម៏​ខ្លាំង​ណាស់​សម្រាប់​គ្រួសារ​ខ្ញុំ ដែល​កូន​​បាត់​បង់​ជីវិត ហើយ​បែរជា​មិន​បាន​ទ​ទួល​សំណង សូ​ម្បី​តែ​១​សេន​.. អ​យុ​ត្តិ​ធ​ម៌បំផុត​»​។

កោះសន្តិភាពមិន​អាច​ទំនាក់ទំនង សុំ​ការ​បំភ្លឺ​ពី​លោក​ហេង ពិសិដ្ឋ នាយ​រង​ការិយាល័យ​ចរាចរ​ណ៍ដែ​ល​
ទ​ទួល​បន្ទុក​ដំណោះស្រាយ​នេះ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​៩ មក​រា ​។ ប៉ុន្តែ​លោក ឆៃ ច័ន្ទ​តារា នាយការិយាល័យ​ចរាចរ​ណ៍បាន​បញ្ជាក់​ប្រាប់​កោះ​សន្តិ​ភា​ប​ដោយ​ផ្ទាល់ នៅ​ព្រឹក​ថ្ងៃ​ដដែល​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ពិតជា​មិន​បាន​ដឹង ដែល​លោក​អនុប្រធាន​ខ្ញុំ (​ហេង ​ពិសិដ្ឋ​) ដោះ​លែង​រថយន្ត​បង្ក​នោះ​មែន នៅ​ពេល​ឪពុក​ជន​រង​គ្រោះ​មក​សូរ​នាំ តែ​ខ្ញុំ​បាន​រាយ​ការ​ណ៏​អំពី​ករណី​នេះ ជូន​លោកស្នងការ​ជ្រាប​រួច​ហើយ​»​។

ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​រថយន្ត​បង្ក​គ្រោះថ្នាក់​ផ្លោះ​រំលង​នីតិវិធី របស់​លោក​ហេង ពិសិដ្ឋ នេះ បើ​តាម​ប្រភព​ពី​មន្ត្រី​ចរាចរ​ណ៍​ដែរ បាន​បង្ហើប​ឲ្យ​ដឹង​ថា មុន​ពេល​ដោះ​លែង​រថយន្ត លោក​ហេង ពិសិដ្ឋ បាន​រាយ​ការ​ណ៍ប្រាប់​លោកស្នងការ​ដែរ​ថា «​សំណុំរឿង​នេះ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ហើយ​ រវាង​ភាគី​ទាំង​២ ហើយ​ភាគី​រថយន្ត​សុំ​ដោះស្រាយ​យក​រថយន្ត ទើប​លោកស្នងការ​ឯកភាព តែ​ជា​ការ​ភូត​កុហក់​»​។ ប៉ុន្តែ​ក្រោយ​ពី​គ្រូ​សារ​ជន​រង​គ្រោះ​ដឹង ហើយ​ទៅ​ឡាំប៉ា​ពេញ​ការិយាល័យ ទើប​បែកធ្លាយ​ការ​ឃុប​ឃិ​ត​គ្នា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នេះ ដល់​លោកស្នងការ​ខេត្ត​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា សំណុំរឿង​នេះ មិនមែន​ត្រឹម​តែ​រាយ​ការ​ណ៍​ភូត​កុហក់​លោកស្នងការ​ប៉ុណ្ណោះ​ទេ ទំនង​គេ​រាយ​ការ​ណ៍ភូត​កុហក់​លោក​ហេង លុយ ព្រះរាជអាជ្ញា​រង​ទៀត​ផង ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​លោក​ព្រះរាជអាជ្ញា​រង​រូប​នេះ​ជឿជាក់ និង​ចេញ​ដីកា​ប្រគល់​រថយន្ត​បង្ក ដែល​ជា​វត្ថុ​តាង​ឲ្យ​ម្ចាស់​ដើម​វិញ ជា​ថ្នូរ​បាន​ផល​ប្រ​យោ​ជ​ន៍​មួយ​ចំនួន​ដល់​ពួក​គេ (​ដល់​មន្ត្រី​ខិលខូច​)​។ នេះ​ជា​ល្បិច​កលរបស់​មន្ត្រី​ខូច ដែល​តែង​ធ្វើ​បាន​កាក់កប​ នា​ពេល​កន្លង​មក​។

បើ​តាម​ការ​កត់សម្គាល់ នេះ​មិនមែន​ជា​លើក​ទី​១ទេ ដែល​មន្ត្រី​ផ្នែក​ដំណោះស្រាយនៃ​ការិយាល័យ​ចរាចរ​ណ៍​នេះ ដោះស្រាយ​ផ្លោះ​រំលង​នីតិវិធី​។ ពេល​ខ្លះ​ លោកនាយ​រង​ការិយាល័យ​ខាងលើ ណាត់​ភាគី​រង​គ្រោះ ឬ ភាគី​បង្ក​ទៅ​ជួប​ដោះស្រាយ​គ្នា​ស្ងាត់​ៗ នៅ​ខាង​ក្រៅរបង​ការិយាល័យ​ក៏​មាន​។ ប្រភព​ពី​ក្នុង​អង្គភាព​មួយ​នេះ បាន​ទម្លាយ​ថា កន្លង​មក​មានរឿង​អាស្រូវ​ស្រ​ដៀង​ៗ​គ្នា​នេះ​ជា​ច្រើន ដែល​ការិយាល័យ​ចរាចរ​ណ៍​មួយ​នេះ តែង​ឃុបឃិ​ត​គ្នា​ប្រព្រឹត្ត​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ថ្នាក់ដឹកនាំ ឬតុលាការ​។ ពេល​ខ្លះ ​ពួក​គេ​ប្រើ​ឈ្មោះ​«​ព្រះរាជអាជ្ញា​» យក​មក​កំញើញ​ភាគី​បង្ក ដើម្បី​កៀប​យក​ប្រ​យោ​ជ​ន៍​ធំ​។ ជា​ពិសេស ​ការ​ដោះស្រាយ​បញ្ចប់​រឿង ហើយ​ប្រគល់​វត្ថុ​តាង​បទល្មើស​(​រថយន្ត​ឬ​ម៉ូតូ​)​ឲ្យ​ទៅ​ភាគី​បង្ក ដោយ​ផ្លោះ​រំលង​នីតិវិធី មិន​ចាំបាច់​ឆ្លង​យោបល់​ថ្នាក់ដឹកនាំ ឬស្នើ​សុំ​ទៅ​តំណាង​អយ្យការ​ ។ ព្រោះ​ធ្វើ​បែប​នេះ​ ជា​នីតិវិធី​ស៊ីលុយ​ផុយ​។ ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​លេប​ប៉ះ​ដុំ​ថ្ម​ម្ដងម្កាល​ដែរ ដូច​ជា​ករណី​ខាងលើ​នេះ​ជាដើម តែ​ក្រុម​មន្ត្រី​ខូច​ទាំងនេះ​មិន​រាងចាល​ទេ នៅ​តែ​ព្យាយាម​រក​វិធី​ស៊ីដាច់​បាន​ដដែល​។

ទោះ​យ៉ាងណា ជុំវិញ​សំណុំរឿង​ដ៏​ក្ដៅ​គគុក​ខាងលើ​នេះ បើ​តាម​លោក​ឆៃ ច័ន្ទ​តារា នាយការិយាល័យ​ចរាចរ​ណ៏​ខេត្ត បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា ក្រោយ​ពី​លោក​បាន​រាយ​ការ​ណ៍​ទៅ​លោកស្នងការ​ខេត្ត ពេល​នេះ​ លោកស្នងការ​បាន​ទំនាក់ទំនង​ទៅ​លោក​ព្រះរាជអាជ្ញា ដើម្បី​ចេញ​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ តាម​ចាប់​រថ​យន្ត​បង្ក​នោះនាំ​មក​កាន់​ស្នងការ​ខេត្ត ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ថ្មី​ហើយ​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ លោកស្នងការ​ខេត្ត គួរតែ​មាន​វិធានការ​ដុះ​ក្អែល​មន្ត្រី​ខិលខូច​មួយ​ចំនួន ដែល​កំពុង​ជ្រក​បង្កប់​នៅ​ក្នុង​ការិយាល័យ​មួយ​នេះ ឬ ួរតែ​កាត់​សាច់​ស្អុយ​ចោល​ខ្លះទៅ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ក្លិន​ដ៏​អា​សោចន៍​នេះ ជះ​ទៅ​លើ​មន្ត្រី​ដ​ទៃ​ទៀត ដែល​កំពុង​ប្រឹងប្រែង​បំពេញការងារ​បាន​យ៉ាង​ល្អ​នៅ​ក្នុង​អង្គភាព​ជាមួយ​គ្នា ​។

អត្ថបទសរសេរ ដោយ