ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ថោ​ង ខុន ៖ អ្នក​មិន​គាំទ្រ​ស្មារតី​៧​មក​រា គឺជា​អ្នក​មិន​ស្រលាញ់​សន្តិភាព និង​ប្រជាជន

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្ត​កំ​ពង​ធំ ៖ ក្នុង​ពេល​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ ៧ មក​រា (១៩៧៩-២០២០) ជាមួយ​ប្រជាជន​ប្រមាណ​ជាង ១.០០០​នាក់ នៅ​មូលដ្ឋាន​ស្រុក​បារាយណ៍…

ខេត្ត​កំ​ពង​ធំ ៖ ក្នុង​ពេល​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ ៧ មក​រា (១៩៧៩-២០២០) ជាមួយ​ប្រជាជន​ប្រមាណ​ជាង ១.០០០​នាក់ នៅ​មូលដ្ឋាន​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក ខេត្តកំពង់ធំ លោក​រដ្ឋមន្ត្រី ថោ​ង ខុន ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​ទាំង​ពីរ​ខាងលើ បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅប្រទេស ព្រមទាំង​មជ្ឈដ្ឋាន​អន្តរជាតិ​ជា​ច្រើន​បាន​គាំទ្រ និង​គោរព​ស្មារតី​ទិវា​ជ័យជម្នះ ៧ មក​រា​។ ប៉ុន្តែ​ក្រុម​ដែល​មិន​គាំទ្រ ៧​មក​រា គឺ​មាន​តែ​ក្រុម​អគតិ មួយ​ក្តាប់​តូច​ប៉ុ​ណ្ណាះ ដែល​មក​ដល់​បច្ចុប្បន្ន​សូ​ម្បី​តែ​សហគមន៍​អន្តរជាតិ​ដែល​ធ្លាប់​គាំទ្រ​ក្រុម​ពួក​នោះ ក៏​ចាប់ផ្ដើម​ភ្ញាក់ខ្លួន និង​ឈប់​គាំទ្រ​ពួក​គេ​ទៀត​ហើយ​ដែរ​។

លោក​រដ្ឋមន្ត្រី​ថោ​ង ខុន បាន​បន្ត​ថា ការ​ប្រារព្ធ​ទិវា​ជ័យជម្នះ ៧ មក​រា គឺជា​ការ​ទទួលស្គាល់​សច្ចធម៌​ប្រវត្តិសាស្ត្រ​។ អស់​រយៈពេល​៤១​ឆ្នាំ​ហើយ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ចូលរួម​ប្រារព្ធ​ទិវា​ជ័យជម្នះ ៧ មក​រា មិន​ដែល​មានការ​រុញ​រា​ម្ដងណា​ឡើយ​។ លោក​បាន​បន្ត​ថា មាន​ជ័យជម្នះ ៧ មក​រា ទើប​មាន​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ដូច​ពេល​បច្ចុប្បន្ន​។ ក្នុង​រយៈពេល​៤១​ឆ្នាំ នៃ​ដំណើរការ​អភិវឌ្ឍ​ប្រទេស​នេះ កម្ពុជា​ទទួល​បានការ​កោតសរសើរ​ល្អ​ក្រៃ​លែង និង​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់​ថា កម្ពុជា​អាច​អភិវឌ្ឍន៍​ខ្លួន​លឿន​ឆាប់រហ័ស​យ៉ាង​ដូច្នេះ​សោះ​។

លោក​រដ្ឋមន្ត្រី​ថោ​ង ខុន បាន​បន្ត​ថា កាលពី​មហាសន្និបាត​សមាគម​អភិបាលក្រុង​និយាយ​ភាសា​បារាំង នៅ​រាជធានី​ភ្នំពេញ នា​ដើមខែ​ធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ លោក​បាន​ធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ ក៏​ដូច​ជា​ប្រទេស​កម្ពុជា ក្រោយ​ការ​ដួល​រលំ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។ បណ្ដា​អភិបាលក្រុង​និយាយ​ភាសា​បារាំង​ទាំងនោះ​លើក​ឡើង​ថា ពួក​គេ​មិន​នឹក​ស្មាន​ទាល់តែ​សោះ​ថា កម្ពុជា​អាច​កសាង​អភិវឌ្ឍន៍​ខ្លួន​តាំងពី​បាតដៃ​ទទេ បាន​លឿន​ដូច្នេះ​សោះ​។

លោក​បាន​បន្ត​ថា លោក​បាន​ប្រាប់​បណ្ដា​អភិបាលក្រុង​និយាយ​ភាសា​បាំ​រាំង​ទាំងនោះ​ថា នេះ​ហើយ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក៏​ដូច​ជា​របស់​មនុស្សជាតិ​ទូ​ទាំង​ពិភពលោក​។ បណ្ដា​អភិបាលក្រុង​និយាយ​ភាសា​បាំ​រាំង​ទាំងនោះ ក៏​បាន​ចាត់​ទុក​កម្ពុជា​ជា​ប្រទេស​គំរូ​មួយ​ក្នុង​ការ​អភិវឌ្ឍ​តាំងពី​បាតដៃ​ទទេ ឬ​ក្រោយ​ដំណាក់កាល​សង្គ្រាម​។ សូម​ជម្រាប​ថា ការ​ប្រារព្ធ​ទិវា​ជ័យជម្នះ ៧ មក​រា (១៩៧៩-២០២០) ខាងលើ ត្រូវ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២០​។

ក្រោយ​បញ្ចប់​ការ​ប្រារព្ធ​ទិវា​នេះ​រួច​ហើយ លោក​រដ្ឋមន្ត្រី ថោ​ង ខុន ព្រមទាំង​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​ក៏​បាន​អញ្ជើញ​ចូលរួម​ពិសា​អាហារ​សាមគ្គី និង​នំ​បញ្ចុក​តេ​ជោ​សន្តិភាព​រួម​គ្នា​ផង​ដែរ​។ ជាមួយនឹង​បរិយាកាស​ដ៏​រីករាយ​បែប​នេះ លោក ថោ​ង ខុន ព្រមទាំង​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​បាន​ប្រកាស​ជ័យ​ឃោស និង​បន្លឺ​នូវ​និយម​ស័ព្ទ​ថា «​អរគុណ​សន្តិភាព​ៗៗៗ» «​យើង​ស្រលាញ់ និង​ការពារ​សន្តិភាព​»៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ