ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ​…​តើ​មាន​អ្វី​គួរ​​កត់សម្គាល់ ?

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ អាជីវករ​ជា​អ្នក​លក់ដូរ នៅ​រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ​ដូច​ៗ​គ្នា បាន​ត្អូញត្អែរ​គ្រប់​ៗ​គ្នា​ថា បាត់​ភ្ញៀវ​​មិនសូវ​មក​កម្សាន្ត​មួយ​ចំនួន​ធំ​នៅ​ក្នុង​ចុងឆ្នាំ​២០១៩​កន្លង​មក សូ​ម្បី​ថ្ងៃឆ្លង​ឆ្នាំ​សកល​ក៏​មិនសូវ​មាន​ភ្ញៀវ​ចូល​មក​កម្សាន្ត​ដូច​បណ្តា​ឆ្នាំ​កន្លង​ដែរ ។ ស្ត្រី​ម្នាក់​ដែល​ជា​ម្ចាស់ «​អាហារ​ដ្ឋា​ន…

ខេត្តតាកែវ ៖ អាជីវករ​ជា​អ្នក​លក់ដូរ នៅ​រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ​ដូច​ៗ​គ្នា បាន​ត្អូញត្អែរ​គ្រប់​ៗ​គ្នា​ថា បាត់​ភ្ញៀវ​​មិនសូវ​មក​កម្សាន្ត​មួយ​ចំនួន​ធំ​នៅ​ក្នុង​ចុងឆ្នាំ​២០១៩​កន្លង​មក សូ​ម្បី​ថ្ងៃឆ្លង​ឆ្នាំ​សកល​ក៏​មិនសូវ​មាន​ភ្ញៀវ​ចូល​មក​កម្សាន្ត​ដូច​បណ្តា​ឆ្នាំ​កន្លង​ដែរ ។ ស្ត្រី​ម្នាក់​ដែល​ជា​ម្ចាស់ «​អាហារ​ដ្ឋា​ន ឡែ​ន សុ​ជាតិ​» នៅ​តំបន់​រម​ណីយដ្ឋាន​ភ្នំ​តា​ម៉ៅ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ពិបាក​រក​ប្រាក់​ចំណូល​ណាស់​សព្វ​ថ្ងៃនេះ​លោក​អើយ​…​ដោយ​សារ​តែ​បាត់​ភ្ញៀវ​ច្រើន​មិនសូវ​មក​កម្សាន្ត​ទី​នេះ អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ និយាយ​ពិត​ទៅ​នៅ​ចុង​ឆ្នាំ​២០១៩​តែ​ម្តង ។ ដោយឡែក​នៅ​ថ្ងៃ​ចូល​ឆ្នាំ​សកល​ក៏​មិនសូវ​មាន​ភ្ញៀវ​មក​ដែរ ។

អ្នកស្រី សុ​ជាតិ បាន​បន្ត​ថា រាល់ថ្ងៃ​បាន​ភ្ញៀវ​តែ​១​ម៉ូយ​ឬ​២​ម៉ូយ ជួនកាល​អត់​មាន​ភ្ញៀវ​សោះ​ក៏​មាន​ដែរ ម្យ៉ាងវិញទៀត​នៅ​រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ ពេល​នេះ​តូប​លក់ដូរ​បាន​កើនឡើង​មិន​ក្រោម​២០០​តូប​នោះ​ទេ ពេល​មាន​ភ្ញៀវ​មក​ដល់​ម្នាក់​ៗ​រត់​បោយ​ដៃ ហៅ​សឹង​ជ្រុះ​ដៃ​ទៅ​ហើយ ទម្រាំ​បាន​ភ្ញៀវ​មួយ​ៗ ។ ស្ត្រី​ម្នាក់​ឈ្មោះ សុខ សុភា​រម្យ ម្ចាស់ «​អាហារ​អាហារ​ដ្ឋា​ន​ភ្នំ​តា​ម៉ៅ​»​បាន​និយាយ​ថា​៖ ការ​អត់​សូវ​មាន​ភ្ញៀវ​ចូល​នេះ គឺជា​លក្ខណៈ​ទ្រង់ទ្រាយ​ទូទៅ មិនមែន​អត់​មាន​តែ​ហាង​របស់​គាត់​ទេ ដោយ​អ្នកស្រី​បាន​លើកដៃ​ចង្អុល​ទៅ​ហាង​អាហារ​ដ្ឋា​ន​ផ្សេង​ៗ​ជា​ច្រើន​ទៀត ម្ចាស់​មិន​មក​លក់ដូរ​ទេ ច្រើន​តែ​បិទទ្វារ ។

ហាង​របស់​គាត់​លក់​តែ​ថ្ងៃ​សៅរ ថ្ងៃអាទិត្យ ឬ​ថ្ងៃ​បុណ្យ​ទេ ព្រោះ​គ្មាន​ភ្ញៀវ​មក​កម្សាន្ត​ទេ​នៅ​ចន្លោះ​ពី​ច័ន្ទ ដល់​ថ្ងៃ​សុក្រ តែបើ​ថ្ងៃ​សៅរ៍​និង​អាទិត្យ​អាច​មាន​ខ្លះ​ប៉ុន្តែ​មិន​ច្រើន​ទេ ។ គាត់​ត្អូញត្អែរ​ថា ឥឡូវនេះ​ពិបាក​រកស៊ី​ណាស់​យ៉ាប់​គ្រប់កន្លែង ។ តែ​ទោះបី​យ៉ាងណា អ្នកស្រី​មិន​ភ្លេច​ថ្លែង​អំណរ​អរគុណ​ដល់​អ្នកគ្រប់គ្រង​រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ​ទេ ដែល​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ជាប់​រមណីយដ្ឋាន អាច​សង់​តូប​លក់ដូរ​បាន ដោយ​មិន​យក​ប្រាក់​គ្រាន់តែ​ចូលរួម​ជួយ​ថែរក្សា​អនាម័យ​និង​បរិស្ថាន​តែ​ប៉ុណ្ណោះ ។

មន្ត្រី​ម្នាក់​ដែល​មាន​ទីស្នាក់ការ​នៅ​ច្រកចូល​ភ្នំ​តា​ម៉ៅ​បាន​ប្រាប់​ឲ្យ​ដឹង​ថា បញ្ហា​ខ្សត់​ភ្ញៀវ​មិនសូវ​មក​កម្សាន្ត នៅ​រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ យើង​នេះ​វា​ខ្សត់​បាត់​ភ្ញៀវ​ច្រើន​ពិតមែន​ហើយ ។ លោក​ក៏​បាន​លើក​ឡើង​ថា វា​មិនមែន​មក​ពី​យើង​លក់​ថ្លៃ ថោក​អី​នោះ​ទេ គឺ​វា​មាន​បញ្ហា​ដូច្នេះ​ទូទៅ​ហើយ សូ​ម្បី​តែ​នៅ​អង្គរវត្ត ខេត្តសៀមរាប ក៏​ខ្សត់​ភ្ញៀវ​ដែរ ។

លោក​ថា បើ​តាមតែ​លោក​បានដឹង​នោះ ប៉ុន្តែ​លោក​មិន​ហ៊ាន​និយាយ​ថា វា​បណ្តាល​មក​ពី​ស្ថានភាព​នយោបាយ​ឬ​ដោយសារ​រមណីយដ្ឋាន​មិន​មានការ​អភិវឌ្ឍន៍​នោះ​ទេ ។ តាម​ការ​ឱ្យ​ដឹង​ជា​ទូទៅ ពី​ម្ចាស់​អាហារ​ដ្ឋា​ន​ជា​ច្រើន​នាក់​នៅ​តំបន់​នោះ​បាន​បញ្ជាក់​ថា នៅ​រាល់ថ្ងៃ​បុណ្យ​ទាន​តូច​ៗ ឬ​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ មាន​ភ្ញៀវ​ខ្លះ​ៗ​ដែរ ប៉ុន្តែ​មិន​ច្រើន​ដូច​ពេល​មុន​ៗ​ទេ រាល់ថ្ងៃ​លក់​បាន​ត្រឹមតែ​បាន​លុយ​ទិញ​អង្ករ​ស្ងោរ​និង​ឱ្យ​កូន​ទៅ​រៀន​មិន​ចង់​គ្រប់គ្រាន់​ផង​ទេ ។

គួរ​រំលឹក​ផង​ដែរ​ថា ឧទ្យាន​ភ្នំ​តា​ម៉ៅ ឬ​រមណីយដ្ឋាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​ដំណើរការ​ពី​ឆ្នាំ​២០០០ មាន​ផ្ទៃដី​ការពារ​សរុប​២៥០០​ហិ​កតា ក្នុង​នោះ​ផ្ទៃដី​៧០​ហិ​កតា ត្រូវ​បាន​គេ​រៀបចំ​ដាំ​ដើមឈើ និង​ធ្វើ​ជា​សួនសត្វ​តាម​ភ្នំ​ចំនួន​៥ គឺ​ភ្នំ​តា​ម៉ៅ ភ្នំ​ថ្មដុះ ភ្នំ​ផ្តៅ​ពន្ធ ភ្នំ​ឆ​យ និង​ភ្នំ​បាំង មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​-​ឃុំ​ក្រាំង​សាប ស្រុក​បាទី ខេត្តតាកែវ ចម្ងាយ​៤០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ កាត់​តាម​ផ្លូវជាតិ​លេខ​២ បត់​ស្តាំ​៥​គីឡូម៉ែត្រ ។

សត្វ​ដែល​គេ​អភិរក្ស​នៅ​ទី​នេះ​មាន​៤ ប្រភេទ​ធំ​ៗ គឺ​សត្វ​ល្មូ​ន សត្វ​ជើង​បួន សត្វ​ស្លាប និង​សត្វ​ទឹក (​សត្វ​កម្រ​៦​ប្រភេទ​ដែល​ត្រូវ​បាន​គេ​យក​មក​អភិរក្ស​មាន​ដូច​ជា ពោះ​ថ្លាន់ ក្រពើ ខ្លា តោ ដំរី និង​ខ្លាឃ្មុំ​) ។ រម​ណីយ​ដ្ឋាន​ចម្រុះ​មាន​ទីតាំង​ទស្សនា​ដូច​ជា ប្រាង្គ​ប្រាសាទ ព្រៃ​ភ្នំ ធម្មជាតិ សួនសត្វ ។ សួនសត្វ​ភ្នំ​តា​ម៉ៅ មាន​សត្វ​ជាង​១០០​ប្រភេទ​រស់នៅ និង​មាន​ជាង​១ ៣០០​ក្បាល ដោយ​មិន​រាប់​បញ្ចូល​សត្វ​នៅ​ក្រៅ​ទ្រុង ។ សត្វ​ទាំង​អស់នោះ​មាន​ដូច​ជា ប្រើស ឈ្លូស ឆ្កែចចក ប្រភេទ​សត្វ​ស្លាប ល្មូ​ន ពពួក​ស្វា ទោច និង​សត្វ​ដ៏​ទៃ​ជា​ច្រើន​ប្រភេទ ថែម​ទៀត ។ សត្វ​អភិរក្ស​ទី​នេះ​ច្រើន​បាន​មក​ពី ៖

ទី​១-​ការ​បង្ក្រាប​បាន​ពី​ឈ្មួញ​ជួញដូរ ។
ទី​២-​បាន​មក​ពី​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម យក​មក​ប្រគល់​ឲ្យ ។
ទី​៣-​បាន​មក​ពី​ការ​បង្កាត់​ពូជ សត្វ​ដែល​រស់នៅ​ទី​នេះ​ស្រាប់តែ​ម្ដង ។
ទី​៤-​ការ​ដោះ​ដូរ​ពី​សួនសត្វ​ក្រៅប្រទេស ប៉ុន្តែ​មាន​មួយ​ចំនួន​តិចតួច ។

ក្នុង​មួយ​ឆ្នាំ​ៗ ឧទ្យាន​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ និង អាច​បង្កើត​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​បាន​ជាង​១០​ម៉ឺន​នាក់ ។ ប្រាក់​ចំណូល​ទាំង​ប៉ុន្មាន​ត្រូវ​បាន​គេ​យក​ទៅ​ផ្គត់ផ្គង់​ដល់​ការ​ជួសជុល​ថែទាំ អភិរក្ស​ឧទ្យាន ផ្តល់​ជា​ចំណី ឬ​ព្យាបាល​សត្វព្រៃ និង​បើក​ប្រាក់ខែ​ជូន​បុគ្គលិក​បម្រើ​ការងារ​ជិត​១០០​នាក់ (​ក្នុង​នោះ បុគ្គលិក​ជា​មន្ត្រីរាជការ​ក្របខ័ណ្ឌ​ក្រសួងកសិកម្ម​១៣​នាក់ មន្ត្រី​ជាប់កិច្ចសន្យា​៥១​នាក់ និង បុគ្គលិក​អង្គការ​ជាង​៥០​នាក់​) ។ ក្រៅពី​ទីតាំង​សិប្បនិមិត្ត និង​ធម្មជាតិ​ឧទ្យាន​នេះ​មាន​ទីតាំង​ប្រវត្តិសាស្ត្រ​គួរ​ជាទី​ចាប់អារម្មណ៍​ចំនួន​ពីរ ដូច​ជា​ប្រាសាទភ្នំតាម៉ៅ និង​ប្រាសាទភ្នំ​ថ្មដុះ ៕​

អត្ថបទសរសេរ ដោយ