រាជធានីភ្នំពេញ ៖ ដីឡូត៍ទុកចោលមួយកន្លែងដែលមានស្មៅដុះទ្រុបទ្រុលស្រាប់តែមានភ្លើងឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ហើយករណីនេះត្រូវបានគេសង្ស័យថា មានអ្នកដុតសំរាមទើបង្កជាអគ្គិភ័យឆាបឆេះបែបនេះ ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់កាលពីវេលាម៉ោង១០យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចដីឡូត៍ទុកចោលមួយកន្លែង តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដីឡូត៍កើតហេតុខាងលើត្រូវបានម្ចាស់សង់របងសង្ក័សីកំពស់៣ម៉ែត្រហ៊ុមព័ទ្ធជុំវិញទុកចោលអស់រយៈពេលជាយូរណាស់មកហើយ ដោយមានស្មៅព្រៃដុះទ្រុបទ្រុល។ កន្លងមកគេតែងឃើញមានជនអនាថា និងអ្នកដើររើសអេតចាយ ផ្លោះរបងចូលទៅបន្ទោរបង់និងខ្លះទៀតចូលទៅសង្ងំជក់គ្រឿងញៀនថែមទៀតផង។
តាមប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញមកពីចំណុចកណ្ដាលនៃបរិវេណដីឡូត៍កើតហេតុខាងលើ បន្ទាប់មកក៏ស្រាប់តែមានលេចចេញជាអណ្ដាតភ្លើងលាយឡំជាមួយ នឹងផ្សែងហុយខ្មួលខ្មាញ់ស បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុភ័យខ្លាចនាំគ្នាចេញទៅមើល និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍ ដោយឃើញអណ្ដាតភ្លើងបានឆាបឆេះរាលដាលកាន់តែខ្លាំងឡើងៗ ។ ស្របពេលនោះដែរ ក៏មានសមត្ថកិច្ចមូលដ្ឋានរួមជាមួយនឹងរថយន្តពន្លត់អគ្គីភ័យបានចុះមកអន្តរាគមន៍ភ្លាមៗផងដែរ ប៉ុន្តែដោយសារទ្វាររបងដីឡូត៍កើតហេតុខាងលើត្រូវបានម្ចាស់ចាក់សោជាប់ ទើបបង្កការពិបាកដល់រថយន្តពន្លត់អគ្គិភ័យមិនអាចបើកចូលទៅបាញ់ទឹកពន្លត់អោយបានទាន់ពេលវេលានោះទេ ។
តាមប្រភពដដែលបានបន្តទៀតថា ពេលនោះភ្លើងក៏បានឆាបឆេះរាលដាលស្មៅជាបន្តបន្ទាប់ថែមទៀត ដោយសារខ្លាចអណ្ដាតភ្លើងឆេះឆាបដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ ទើបសមត្ថកិច្ចក៏សម្រេចចិត្តធ្វើការបាញ់ទឹកពីខាងក្រៅរបងដីឡូត៍ ដើម្បីកុំអោយឆេះរាលដាលជាបន្តទៀត។ ដោយប្រើរយៈពេលបាញ់ទឹកពន្លត់ប្រមាណមួយម៉ោងទើបអណ្តាតភ្លើងរលត់ទៅវិញជាស្ថាពរ។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍អគ្គីភ័យឆាបឆេះស្មៅខាងលើ បានប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន៦គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៣គ្រឿង បាញ់ទឹកអស់ចំនួន៥រថយន្ត និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរចំនួន១គ្រឿងបាញ់ទឹកអស់១រថយន្ត។
តាមប្រភពដដែលបានបន្តថា ហេតុការណ៍អគ្គីភ័យខាងលើនេះមិនបង្កឲ្យមានការឆាបឆេះរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុនេះទេ គឺឆាបឆេះតែស្មៅដែលដុះនៅក្នុងបរិវេណដីឡូត៍ទំហំប្រមាណ២០០ម៉ែត្របួនជ្រុងប៉ុណ្ណោះ។ ជំហានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា មានអ្នកដុតសំរាម ទើបបណ្ដាលឲ្យឆេះរាលដាលដល់ស្មៅបែបនេះ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ