ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅ​ចាក់​សាំង បែរជា​ធ្វើ​សកម្មភាព​លើ​អ្នកលក់ អស់លក្ខណ៍​ត្រឹម​ប៊ូស៊ី​ម៉ូតូ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​ប្រកប​របរ​លក់​អីវ៉ាន់​ចាប់ហួយ និង​លក់​សាំង​តាម​ចិញ្ចើម​ផ្លូវ គឺ​លក់​២៤​ម៉ោង ខណៈ​ពួក​គាត់​កំពុង​តែ​ដេក​លក់ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មក​ដល់​ធ្វើ​ជា​ហៅ​ចាក់​សាំង រួច​ហើយ​ក៏​ធ្វើ​សកម្មភាព​យក​កាំបិត​បុ័ងតោ​គំរាម​ប្លន់​យក​ម៉ូតូ តែ​មិន​បាន​សំរេច…

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​ប្រកប​របរ​លក់​អីវ៉ាន់​ចាប់ហួយ និង​លក់​សាំង​តាម​ចិញ្ចើម​ផ្លូវ គឺ​លក់​២៤​ម៉ោង ខណៈ​ពួក​គាត់​កំពុង​តែ​ដេក​លក់ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មក​ដល់​ធ្វើ​ជា​ហៅ​ចាក់​សាំង រួច​ហើយ​ក៏​ធ្វើ​សកម្មភាព​យក​កាំបិត​បុ័ងតោ​គំរាម​ប្លន់​យក​ម៉ូតូ តែ​មិន​បាន​សំរេច ដោយសារ​ជន​រង​គ្រោះ​បាន​ដក​ប៊ូស៊ី​ម៉ូតូ​ចេញ ធ្វើ​ឱ្យ​ជនសង្ស័យ​ធាក់​អត់​ឆេះ ហើយ​ក៏​ត្រូវ​ជន​រង​គ្រោះ​ដេញ​វាយ​នាំ​គ្នា​រត់គេច​ខ្លួន បាត់​ស្រមោល កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២០ ចំណុច​ផ្លូវ​៦០​ម៉ែត្រ​កែង​នឹង​៥០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ ដោយ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ហេង ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ ស្នាក់​នៅ​សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មានស្រុក​កំណើត​នៅ​ភូមិ​បឹង​ទូក ស្រុក​ទឹកឈូរ ខេត្តកំពត ចំណែក​បុរស​ជា​ប្តី​មិន​ស្គាល់ឈ្មោះ​នោះ​ទេ ។ រីឯ​ម៉ូតូ​មួយ​គ្រឿង​ដែល​ត្រូវ​ជនសង្ស័យ​ប្លន់​យក​ទៅ​មិន​បាន​សំរេច​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥​ ពណ៌​ខ្មៅ ។

តាម​សម្ដី​ស្ត្រីជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​កំពុង​តែ សំ​រាន​លង់លក់​ជាមួយ​ប្តី​និង​កូនប្រុស​តូច​នៅ​ក្នុង​រោង​លក់​អីវ៉ាន់​ចាប់ហួយ និង​មាន​ទាំង​សាំង​ទៀត​ផង ព្រមទាំង​បាន​ទុក​ម៉ូតូ​មួយ​គ្រឿង​នៅ​ខាងក្រោយ​រោង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​ម៉ោង​កើតហេតុ ស្រាប់តែ​មាន​បុរស​ជា​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស ពណ៌​ខ្មៅ មក​ឈប់​ត្រង់​ចំណុច​រោង​លក់​អីវ៉ាន់​របស់​គាត់ ដោយ​បុរស​ជា​ជនសង្ស័យ​ម្នាក់​បាន​ដើរទៅ​ហៅ​គាត់​ចាក់​សាំង​ឱ្យ លុះ​ពេល​គាត់​ចុះ​ដើរមក​ចាក់​សាំង​នៅ​ខាង​មុខ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​គ្នា​២​នាក់ បាន​ដើរទៅ​ជិត​មុង​កូន​និង​ប្តី​របស់​គាត់​កំពុង​តែ​ដេក រួច​ហើយ​ជនសង្ស័យ​ម្នាក់​នោះ ក៏​បាន​យក​កាំបិត​បុ័ងតោ​មក​គំរាម ភ្ជង់​កូន​តូច​របស់​គាត់​ដោយ​ទាមទារ​យក​សោ​ម៉ូតូ ពេល​នោះ​ដែរ​គាត់​បាន​ហុច​សោ​ឱ្យ​ដែរ តែ​ដោយសារ​ម៉ូតូ​របស់​គាត់​មុន​នឹង​ដេក គឺ​ប្តី​របស់​គាត់​បាន​ដោះ​ក្បាល​ប៊ូស៊ី​ចេញ ទើប​ធ្វើ​អោយ​ជនសង្ស័យ​ធាក់​អត់​ឆេះ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ធាក់​អត់​ឆេះ ​ហើយ​ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​ប្រទាញប្រទង់​ដណ្ដើម​យក​កូន​ពី​ជនសង្ស័យ​វិញ ហើយ​ស្រែ​កថា «​ចោរៗ​» ឱ្យ​គេ​ជួយ ទើប​ប្តី​របស់​គាត់ និង​អ្នកដំណើរ​តាម​ផ្លូវ​ចេញ​មក​បាន​យក​ដំបង​ដេញ​វាយ​ជនសង្ស័យ​ទាំង​ពីរ​នាក់ បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ទាំង​ពីរ​នាក់ ហើយ​ជនសង្ស័យ ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់​ទៅ ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​សាកសួរ​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង និង​ណែនាំ​ឱ្យ​ជន​រង​គ្រោះ​ទៅ ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល ព្រែក​ហូរ ដើម្បី​សមត្ថកិច្ច​កំណត់​មុខសញ្ញា និង​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ