ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ ទេសភាព​ស្រស់​ស្អាត បំបាត់​អស់​ក្តី​កង្វល់ (​វី​ដេ​អូ)


ខេត្ត​ប៉ៃលិន ៖ បើ​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​ចង់ទៅ​លេង​ទឹកជ្រោះ​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ គឺ​ចេញពី​ទីរួមខេត្ត​ចម្ងាយ​ប្រមាណ​៧​ទៅ​៨​គីឡូម៉ែត្រ ដោយ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៧ ឆ្ពោះទៅ​ទិស​ខាងត្បូង ស្ថិត​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត​ត​ប៉ៃលិន ដែល​អម​ដោយ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ដងផ្លូវ មាន​ចំការ​ដំណាំ ដាំ​ដុះ​នៅ​រប​ចិញ្ចើម​ផ្លូវ ដូច​ជា ដំណាំ​ពោត ដំឡូង​មី ដើម​ស្វាយកែវ​រមៀត និង​ដំណាំ​ធុ​រ៉េ​ន​ជាដើម ។

លើស​ពី​នេះ បើ​គេ​បើកបរ​ម៉ូតូ ឬ​រថយន្ត រហូត​ទៅ​ដល់​កៀក​នឹង​កន្លែង​ឡើង​លេង (​ទឹកធ្លាក់​) ហើយ​ក្រឡេក​មើល​ទេសភាព​ព្រៃ​ភ្នំ គឺ​បញ្ចេញ​ពណ៌​ខៀវស្រងាត់​គួរ​ឱ្យ​ទាក់ទាញ​ដួងចិត្ត និង​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ បំបាត់​នូវ​ក្តី​កង្វល់​ផង​ដែរ ។

តែ​ពេល​ទៅ​ដល់​មាត់ច្រក​ទ្វារ សូមកុំ​ភ្លេច​បង់ប្រាក់​ថ្លៃ​សំបុត្រ​ចូល​ទស្សនា ឬ​លេង​ទឹកជ្រោះ ដោយ​​ម៉ូតូ​១​គ្រឿង​តម្លៃ​៣០០០​រៀល រថយន្ត​តូច ១០០០០​រៀល រថយន្ត​ទួ​រី​ស​ទេសចរណ៍ ១៥០០០​រៀល រថយន្តក្រុង​២៥០០០​រៀល និង​ភ្ញៀវ​ទេសចរណ៍​បរទេស​ម្នាក់​១​ដុល្លារ​ផង​ដែរ ។ ដោយឡែក​ភ្ញៀវ​ទេសចរណ៍​ខ្មែរ អត់​ត្រូវ​បង់ប្រាក់​ចូល​ទៅ​លេង​នោះ​ទេ ដោយ​គ្រាន់តែ​បង់ថ្លៃ​ម៉ូតូ​ប៉ុណ្ណោះ ។

បើ​តាម​ការ​រៀបរាប់​ពី​យុវជន​ម្នាក់​ឈ្មោះ ឈី​វ វ៉ា​ន់​ណែ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​មេការ​លក់ដូរ​ប្រចាំ​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ​ខាងលើ បានឱ្យ​ដឹង​ថា ពួក​គាត់​ជួល​កន្លែង​គេ​លក់ដូរ​នៅ​ក្នុង​រមណីយដ្ឋាន ដោយ​ថ្ងៃ​ធម្មតា​ជួនកាល​មាន​ភ្ញៀវ​ច្រើន ជួនកាល​មាន​តិចតួច ហើយ​​ថ្ងៃ​ខ្លះ​មាន​ភ្ញៀវ​៥​ទៅ​៦​រថយន្ត ។ តែបើ​សិន​នៅ​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍ មាន​១០​ទៅ​២០​រថយន្ត ដោយសារ​ភ្ញៀវ​នាំ​គ្នា​ទៅ​លេង​តាម​រមណីយដ្ឋាន​ផ្សេង​ទៀត នៅ​ក្នុង​ក្រុង​ប៉ៃលិន។

ចំណែក​នៅ​រដូវ​បុណ្យ​ទាន​វិញ មាន​ភ្ញៀវ​ទេសចរណ៍​ចូល​ទៅ​លេង​ជា​ច្រើន​កុះករ មាន​រថយន្ត​ចាប់ពី​៥០ ទៅ​៦០​រថយន្ត និង​រាប់រយ​ផង​ដែរ មក​ពី​តាម​បណ្តា​ខេត្ត​នានា ដូច​ជា​បណ្តា​យ​មាន​ជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ និង​រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំពោះ​ម្ហូបអាហារ​នៅ​ក្នុង​រមណីយដ្ឋាន​មួយ​នេះ ថ្ងៃ​ធម្មតា ក៏​ដូច​ជា​ថ្ងៃ​បុណ្យ​ទាន​ដែរ គឺ​តម្លៃ​មិន​ប្រែប្រួល​នោះ​ឡើយ ដូច​ជា មាន់​ស្រែ​ដុត​១​ក្បាល ត្រី​ដុត​ក្រ​វ៉ា​ញ និង​ត្រី​បំពង​ជាដើម ។ ចំណែក​ឆា​ក្តៅ​សាច់​គោ និង​សាច់​មាន់ ឆា​ក្រ​វ៉ា​ញ​សាច់​គោ និង​សាច់​មាន់ ឆា​ព្រៃ​សាច់​គោ និង​សាច់​មាន់ ឆា​ង៉ាំ​ង៉ូ​វ​សាច់​មាន់ ឆា​ខ្ញី​សាច់​មាន់ ឆា​កែង​សាច់​គោ ខាត់ណា​ប្រេងខ្យង ឆា​បន្លែ​គ្រប់មុខ បាយ​ឡុកឡាក់​សាច់​គោ និង​មានមុខ​ម្ហូប​ជា​ច្រើន ។​ល​។ ចំណែក​ម្ហូប​ដែល​ពិសេស​ពេញ​និយម និង​លក់ដាច់​ជាងគេ​បំផុត​នៅ​ក្នុង​រមណីយដ្ឋាន​នេះ គឺ​សម្លម្ជូរ​ដើម​ចេក​ព្រៃ សាច់​ត្រី និង​ញាំ​ចេក​ព្រៃ​សាច់​មាន់​នេះ​ផង​ដែរ ។

ចំពោះ​ម៉ូតូ ឬ​រថយន្ត ដែល​ភ្ញៀវ​ទេសចរណ៍​ជិះ​ទៅ​លេង​រមណីយដ្ឋាន​នេះ មិន​ធ្លាប់​មាន​បាត់ ឬ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នោះ​ឡើយ ព្រោះ​មាន​សន្តិសុខ​ឈរ​ចាំ​យាម​តាំង​ពីមុខ​ផ្លូវ​ចូល​រហូត​ដល់​កន្លែង​លេង រីឯ​នៅ​រដូវ​បុណ្យ​ទាន​មាន​នគរបាល​ផ្នែក​ទេសចរណ៍​ជួយ​សម្រួល​ដល់​ភ្ញៀវ​រហូត​ដល់​ចប់​ថ្ងៃ​បុណ្យ ។ ហើយ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​នោះ​ត្រូវ​បង់ប្រាក់​ថ្លៃ​ភ្ញៀវ​ម៉ូតូ​១​គ្រឿង​២០០០​រៀល និង​រថយន្ត​១​គ្រឿង​៣០០០​រៀល ដើម្បី​ឱ្យ​សន្តិសុខ​ការពារ ខណ​:​ចូល​ទៅ​លេង​ទឹកជ្រោះ ។

ប្រភព​ដដែល​បញ្ជាក់​ថា ចំណែកឯ​ផ្លូវ​មាន​លក្ខណៈ​ធំ​ទូលាយ​ជាង​មុន តែ​ហុយ​បន្តិច ព្រោះ​អាជ្ញាធរ​កំពុង​តែ​ចាប់ផ្តើម​ធ្វើការ​ឈូស​ឆាយ​អស់​រយ​:​ពេល​ជិត​១​ឆ្នាំ​មក​ហើយ ក៏​មានការ​ហុយ​ពេល​រាំង​ស្ងួត និង​រអិល​បន្តិច​ពេល​មាន​ភ្លៀង​ធ្លាក់ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក លឹ​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ទឹកធ្លាក់​អូរ​តា​វ៉ៅ នា​ពេល​បច្ចុប្បន្ន​កំពុងធ្វើការ​អភិវឌ្ឍ ដោយសារ​ពង្រីក​ផ្លូវ​ឱ្យ​ធំ ។ ហើយ​អាជ្ញាធរ​ខេត្ត​មាន​គម្រោង​នឹង​ក្រាល​កៅស៊ូ​សម្រាប់​បង្ក​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​ធ្វើ​ដំណើរ​ចេញ​-​ចូល​ទៅ​មក​លេង​កម្សាន្ត​ក្នុង​រមណីយដ្ឋាន ។

លោក​បន្ត​ទៀត​ថា កាលពីមុន រមណីយដ្ឋាន​នេះ គ្រប់គ្រង​ដោយ​ក្រម​ហ៊ុន​ឯកជន តែ​រហូត មក​ដល់​ឥឡូវនេះ ហួស​សុពលភាព ហើយ​ត្រូវ​ខេត្ត​យក​មក​វិញ ដើម្បី​ត្រៀម​ដាក់​ដេញថ្លៃ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ផ្សេង​ចូល​គ្រប់គ្រង ដើម្បី​បន្ត​អភិវឌ្ឍ និង​យក​ថវិកា​ចូលជាតិ​ផង​ដែរ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ បច្ចុប្បន្ន​ទឹកធ្លាក់​ភ្នំ​ខៀវ នា​រដូវប្រាំង​នេះ មានទឹក​ហូរ​ថយ​ចុះ​បន្តិច រីឯ​នៅ​រដូវប្រាំង​វិញ​មានទឹក​ហូរ​ច្រើន ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​ចូល​ទៅ​លេង​កំសាន្ត​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ