ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនិក​ល្បុក្កតោ សាន គឹ​ម​ស៊ា​ន នៅ​តែ​តស៊ូ​ជាមួយ​វិស័យ​នេះ​ក្នុង​វ័យ​75​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​អ្នក​សារព័ត៌មាន លោក​ព្រឹទ្ធាចារ្យ​ក្រមា​មាស សាន គឹ​ម​ស៊ា​ន ដែល​បច្ចុប្បន្ន​ជា​ប្រធាន រាជបណ្ឌិត្យសភា​ល្បុក្កតោ​កម្ពុជា ក្នុង​វ័យ​៧៥ ឆ្នាំ​និង​ជរា​ជាង​មុន…

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​អ្នក​សារព័ត៌មាន លោក​ព្រឹទ្ធាចារ្យ​ក្រមា​មាស សាន គឹ​ម​ស៊ា​ន ដែល​បច្ចុប្បន្ន​ជា​ប្រធាន រាជបណ្ឌិត្យសភា​ល្បុក្កតោ​កម្ពុជា ក្នុង​វ័យ​៧៥ ឆ្នាំ​និង​ជរា​ជាង​មុន នៅ​តែ​អះអាង​ថា លោក​ទៅ​មិន​ឆ្ងាយ​ពី​ល្បុក្កតោ​នោះ​ទេ បើ​ទោះជា​វ័យ​ជ្រេ​ទៅ​ហើយ ហើយ​សុខភាព​ក៏​ទ្រុឌទ្រោម​ក្តី ។ លោក​អះអាង​ថា ដរាបណា​លោក​នៅ​តែ​មាន​កម្លាំង និង​មាន​សុខភាព​អាច​ទៅ​រួច គឺ​នៅ​តែ​ស៊ូ មិន​បោះបង់​ជា​ដាច់ខាត ។

លោក សាន គឹ​ម​ស៊ា​ន ថ្លែង​ថា ល្បុក្កតោ គឺជា​ការ​តស៊ូ​ចងក្រង​និង​ធ្វើ​ឲ្យ​មហាជន​ទទួលស្គាល់ ដោយ​មានការ​រួមចំណែក​របស់​លោក​។ លោក​បាន​ថ្លែង​ការ​សរសើរ​ដល់​ក្មេង​ៗ​ថា ហ្វឹក​ហាត់គុន​ល្បុក្កតោ​បាន​ស្ទាត់​ល្អ បើ​ធៀប​នឹង​ក្នុង​ពេល​ដែល​លោក​សកម្ម​ក្នុង​ការ​ប្រមូល​ក្មេង​ៗ​ឲ្យ​មក​ហ្វឹក​ហាត់​នោះ​។

លោក សាន គឹ​ម​ស៊ា​ន បន្ត​ថា មនុស្ស​ជា​ច្រើន​យល់​ថា ក្រោយ​ពេល​លោក​លា​ចេញពី​ប្រធាន
សហព័ន្ធ គឺ​លោក​លែង​រវល់​នឹង​ល្បុក្កតោ ប៉ុន្តែ​ការ​ពិត​គឺ​លោក​សកម្ម​ជាង​មុន​ផង ក្នុង​នាម​ជា
ប្រធាន​រាជបណ្ឌិត្យសភា​ល្បុក្កតោ​កម្ពុជា ដោយ​ធ្វើការ​បំផុស​និង​ប្រមែប្រមូល​សមាសភាព​ថ្មី​ៗ ឲ្យ​មក​ធ្វើ​ជា​ធនធាន​របស់​ល្បុក្កតោ ។

លោក​ថ្លែង​ថា «​រាល់ថ្ងៃ​ខ្ញុំ​ចាស់​មែន សុខភាព​ប្រែប្រួល​មែន ប៉ុន្តែ​ខ្ញុំ​អត់​ដកខ្លួន​ពី​ល្បុក្កតោ​ទេ គឺ​នៅ​សកម្ម តែ​មក​ខ្ញុំ​ធ្វើ​ការងារ​ខាងលើ​ច្រើន​ជាង ទើប​អ្នកខ្លះ​ថា តា សាន គឹ​ម​ស៊ា​ន អត់​មាន​សកម្ម​ភាព​» ។ លោក​ថា ការងារ​របស់​លោក មិនមែន​ត្រឹមតែ​បន្ត​បើក​ក្លិប​ដើម្បី​បង្ហាត់​ក្មេង​ៗ ដូច​​ដើម​នោះ​ទេ លោក​ក៏​បាន​បណ្ដុះ​កូនប្រុស​ឲ្យ​បន្ត​តំណែង និង​ទើបតែ​រៀបចំ​ដឹកនាំ​អ្នក​គុន​ល្បុក្កតោ​រាប់រយ​នាក់​ឲ្យ​ថត​ភាពយន្ត​រឿង​«​ព្រលឹង​ល្បុក្កតោ​» ដើម្បី​បំផុស​ឲ្យ​កីឡា​មួយ​នេះ កាន់តែ​ជ្រួតជ្រាប​ដល់​ពិភពលោក​។

លោក សាន គឹ​ម​ស៊ា​ន ថ្លែង​ថា សព្វថ្ងៃ​នៅ​ពេល​លោក​កាន់តែ​ចាស់ ខួរក្បាល​កាន់តែ​មិនសូវ​ស្រឡះ​​ដូច​មុន ប៉ុន្តែ​មិន​បាន​បន្ធូរ​ដៃ​ទេ គឺ​រឹតតែ​សកម្ម​ក្នុង​កីឡា​នេះ ដែល​តាម​គម្រោង​គឺ​លោក​នឹង​តស៊ូ​នៅ​ក្នុង​កីឡា​ល្បុក្កតោ លុះណាតែ​កម្លាំង​ទៅ​លែង​រួច ។ ខ្លួន​កាន់តែ​ចាស់ គឺ​កាន់តែ​សប្បាយ​នឹង​ដឹង​ឮ​ពី​ល្បុក្កតោ ជា​ពិសេស​សូ​ម្បី​តែ​ឃើញ​ក្មេង​ៗ​កាន់តែ​ពូកែ កាន់តែ​ស្រឡាញ់ ល្បុក្កតោ ក៏​លោក​សប្បាយ​និង​រំភើបចិត្ត​ដែរ ។

លោក​បាន​ថ្លែង​កោតសរសើរ​ក្មេង​ៗ នៅ​ក្នុង​កម្មវិធី​ប្រកួត​មុន​ៗ​ថា ធ្លាប់តែ​បង្ហាត់​សិស្ស​មុន​ៗ ពិបាក លុះដល់​ឃើញ​ក្មេង​ៗ​ឥឡូវ​ពូកែ គឺ​រឹត​តែ​លែង​ចង់​ឈឺ លែង​ចង់​ចាស់ ហើយ​មានចិត្ត
ចង់​ស្លាប់​រស់​ជាមួយ​ល្បុក្កតោ​តែ​ម្ដង ។ ក្មេង​ៗ បច្ចុប្បន កាន់តែ​មាន​បច្ចេកទេស​ល្អ​ជាង​រៀមច្បង និង​សិស្ស​ដែល​លោក​ធ្លាប់​បង្ហាត់​កន្លង​មក ។

លោក​បាន​ទាំង​បង្ហាញ​ការ​ភ្ញាក់ផ្អើល​និង​រំភើប នៅ​ពេល​ឃើញ​ក្មេង​ៗ​ទាំងនោះ​បង្ហាញ​ឲ្យ​លោក​ឃើញ​ពី​ឆន្ទៈ ក្នុង​ការ​លះបង់​ចង់​ហាត់​កីឡា​នេះ​ចេញពី​បេះដូង ដែល​លោក​បាន​ហៅ​សកម្ម
ភាព​នេះ​ថា គឺជា​ការ​រួមចំណែក​អភិរក្ស និង​អភិវឌ្ឍន៍​គុន​ល្បុក្កតោ ដែល​ជា​កេរដំណែល​របស់
បុព្វបុរស​ខ្មែរ ។

លោកគ្រូ​តា​ក្រមា​មាស សាន គឹ​ម​ស៊ា​ន ប្រធាន​រាជបណ្ឌិត្យសភា​ល្បុក្កតោ​កម្ពុជា បាន​ថ្លែង នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​គុន​ល្បុក្កតោ​ជ្រើសរើសជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៩ ដែល​ទើប បញ្ចប់​ថ្មី​ៗ​នេះ​ថា តាម​រយៈ​ការ​សង្កេត កីឡាករ កីឡាការិនី​ដែល​បង្ហាញខ្លួន​ឆ្នាំ​នេះ​គឺ​មាន​សមត្ថ ភាព​និង​បច្ចេក​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​ឆ្នាំ​មុន ។ កីឡាករ​បច្ចុប្បន្ន​មាន​បច្ចេកទេស​ល្អ​ជាង​រៀមច្បង និង​សិស្ស​ជំនាន់​មុន​ៗ ពិសេស​ការ​សម្តែង​ទ្វារ​មេ​គុន​ព្រលឹង​ល្បុក្កតោ ។

នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ គ្រូ ព្រឹទ្ធាចារ្យ គ្រូ​បង្វឹក និង​កីឡាករ​កីឡាការិនី ព្រឹទ្ធាចារ្យ​ក្រមា មាស​រូប​នេះ​លើក​ឡើង​ថា «​ខ្ញុំ​ខាន​មើល ខាន ឃើញ​ចៅ​ៗ ចៅទួត ហាត់គុន​ល្បុក្កតោ​មួយ​រយៈ ពេល​ខ្លី ស្រាប់តែ​មក​មើល​លើក​នេះ ភ្ញាក់ផ្អើល​មែនទែន ! ល្អ​ណាស់ ជោគជ័យ​ល្បុក្កតោ​! ក្មួយ​ៗ ចៅ​ៗ បង្ហាញ​ស្នៀត​ទ្វារ​មេ​គុន ព្រលឹង ល្បុក្កតោ​ល្អ​ជាង​គ្រូ​ៗ​ផង ។ សំខាន់ ក្មួយ​ៗ​ធ្វើ ចេញពី​ព្រលឹង​ជាតិ ដែល​មាន​ក្នុង​បេះដូង​យើង​ទាំងអស់​គ្នា ។ ខ្ញុំ​ឃើញ​ក្មួយ​ៗ ចៅ​ៗ​ទាំងអស់ ធ្វើ​ចេញពី​កម្លាំង​ចិត្ត កម្លាំងកាយ ចេញពី​បេះដូង ខ្ញុំ​រន្ធត់​មែនទែន ! ខ្ញុំ​ស្ទើរតែ​មិន​ជឿ​ថា ព្រលឹង ជាតិ​នេះ ខ្លាំងក្លា​មិន​នឹក​ស្មាន​ដល់​»​។

ស្ថាបនិក​ល្បុក្កតោ​រូប​នេះ ដែល​ក៏​ជាទី​ប្រឹក្សា ក្រសួង​វប្បធម៌​ធម៌​និង​វិចិត្រសិល្បៈ​ផង​នោះ​បន្ថែម​ថា ៖ «​ពេល​ខ្ញុំ​បង្ហាត់​រៀមច្បង និង​គ្រូ ពួក​យើង​ពី​មុន​ៗ​មក ខ្ញុំ​គិត​ថា ដូច​ជា​មិនសូវ ល្អ​ប៉ុន្មាន​ទេ មិនមែន​បង្អាប់​ទេ ។ ប៉ុន្តែ​ពេល មក​ឃើញ​ការ​ប្រកួត​និង​សម្តែង​របស់​ចៅ​ៗ បច្ចុប្បន្ន គឺ​អស្ចារ្យ​មែនទែន ! ខ្ញុំ​យល់​ឃើញ​ថា អ្វី​ដែល​ខ្ញុំ​បាន​ខិតខំ​បង្ហាត់បង្រៀន​តាំងពី ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៩ មិន​នឹក​ស្មានថា អ្វី​ដែលខ្ញុំ​បាន​បង្កើត និង​ខំប្រឹង​កន្លង​មក លទ្ធផល​នៅ ឆ្នាំ​នេះ​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​ចំពោះ​ខ្ញុំ​» ។

លោក សាន គឹ​ម​ស៊ា​ន ប្រកាស​ថា លោក​អត់​រួញរា​ក្នុង​ការ​តស៊ូ និង​លះបង់ ដើម្បី​ល្បុក្កតោ​នោះ​ទេ ដរាបណា​លោក​នៅ​តែ​មាន​លទ្ធភាព​ដើរ​បាន អង្គុយ​បាន និង​មាន​កម្លាំង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ