ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈ​មួយ​ចំនួន​ដែល​អ្នកមាន​តែងតែ​ប្រកាន់ខ្ជាប់​ជា​និច្ច

4 ឆ្នាំ មុន

លោក អា​ឡិច បា​ណា​យ៉ា​ន់ (Alex Banayan) ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​មួយ​រូប​បាន​ចំណាយពេល​៧​ឆ្នាំ​ក្នុង​ការ​សិក្សា​មនុស្ស​ដែល​ជោគជ័យ ។ លោក​បាន​ធ្វើ​បទ​សម្ភាស​ជាមួយនឹង​លោក ប៊ី​ល ហ្គេ​ត​ស៍…

លោក អា​ឡិច បា​ណា​យ៉ា​ន់ (Alex Banayan) ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​មួយ​រូប​បាន​ចំណាយពេល​៧​ឆ្នាំ​ក្នុង​ការ​សិក្សា​មនុស្ស​ដែល​ជោគជ័យ ។ លោក​បាន​ធ្វើ​បទ​សម្ភាស​ជាមួយនឹង​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) អ្នកស្រី ឡេ​ឌី ហ្គា​ហ្គា (Lady Gaga) លោក ឡា​រី ឃី​ង (Larry King) និង​បុគ្គល​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មនុស្ស​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជា​ច្រើន​ទៀត​ដើម្បី​រក​គន្លឹះ​មួយ​ដែល​ជួយ​ឲ្យ​ពួក​គេ​មានជីវិត​សព្វ​ថ្ងៃនេះ ។ ជា​លទ្ធផល លោក​បាន​ប្រទះ​ឃើញ​ពី​ចំណុច​ខ្លះ​ៗ​ដែល​បុគ្គល​ដែល​ជោគជ័យ​តែងតែ​ប្រកាន់ខ្ជាប់​ដូច​ៗ​គ្នា​៖

១. ភាព​ក្លាហាន ៖
ពេល​ដែល​លោក ហ្គេ​ត​ស៍ នៅ​អាយុ ១៩​ឆ្នាំ ពេល​នោះ​ក្រុមហ៊ុន MITS បាន​ចេញ​ឧបករណ៍​កុំព្យូទ័រ​តូច​មួយ ។ លោក​និង​មិត្ត​ជិត​ស្និ​ទ្ធិ​របស់​លោក​គឺ​លោក ផល អេ​ឡេ​ន (Paul Allen) បាន​សរសេរ​សំបុត្រ​មួយ​ទៅ​កាន់​ស្ថាបនិក​របស់ MITS ដើម្បី​លក់​កម្មវិធី​Software ឲ្យ​ទៅ​ពួក​គេ ។ ពេល​នោះ​ពួក​គេ​មិន​ទទួល​បានការ​ឆ្លើយ​តប​ទេ ហើយ​ពួក​គេ​ចរចា​គ្នា​ថា​គួរ​ទាក់ទង​ទៅ​ក្រុមហ៊ុន​ដោយ​វិធី​ណា ។

លោក ប៊ី​ល បាន​ហុច​ទូរស័ព្ទ​ទៅ​ឲ្យ​មិត្ត​តែ​មិត្ត​របស់​លោក​បាន​និយាយ​ថា «​ឯង​ធ្វើ​ទៅ ! ឯង​ពូកែ​ខាង​នេះ​ជាង​ខ្ញុំ​» ។ ជា​លទ្ធផល លោក ប៊ី​ល ជា​អ្នក​ដែល​ទាក់ទង​ទៅ​ពួក​គេ​តែ​និយាយ​ថា​លោក​ជា​លោក​ផល ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​លោក​លក់​កម្មវិធី​កុំព្យូទ័រ​ដំបូង ។ មេរៀន​សំខាន់​ពី​រឿង​នេះ​គឺ​សមត្ថភាព​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​មិន​ចេះ ឬ​មិន​ចូល​ចិត្ត​ធ្វើ​ដែល​ជួយ​បង្កើត​ឱកាស​ឲ្យ​មនុស្ស ។ អនាគត​របស់​អ្នក​អាច​នឹង​ពឹងផ្អែក​លើ​ភាព​ក្លាហាន​ក្នុង​ការ​លើក​ទូរស័ព្ទ​មួយ​នេះ ។

២. ធ្វើ​ជា​អ្នកគ្រប់គ្រង​ខ្លួនឯង​៖
ពេល​ដែល​អ្នកស្រី ឡេ​ឌី ហ្គា​ហ្គា រស់នៅ​ទីក្រុង​ញូយ៉ក​និង​ព្យាយាម​ក្លាយជា​តារា​ល្បី អ្នកស្រី​បាន​ជួបនឹង​បញ្ហា​ធំ​មួយ​គឺ​ការ​រក​កន្លែង​ដែល​ចង់​ជួល​អ្នកស្រី​ឲ្យ​ច្រៀង ។ ដូច្នេះ​អ្នកស្រី​ប្រើ​លុយ​ដែល​រកបាន​ពី​ការ​រត់​តុ​ទៅ​ព្រី​ន​ក្រដាស​ខិតប័ណ្ណ​ផ្សព្វផ្សាយ​ពី​ខ្លួនឯង ។ ប៉ុន្តែ​ពេល​ដែល​អ្នកស្រី​ព្យាយាម​តថ្លៃ​ជាមួយនឹង​ម្ចាស់​ក្លឹ​ប​ទាំងនោះ ពួក​គេ​មិន​ព្រម​តាម​អ្នកស្រី​ឡើយ​ដូច្នេះ​អ្នកស្រី​បាន​ទាក់ទង​ទៅ​កាន់​ពួក​គេ​សា​ជា​ថ្មី​តាម​ទូរស័ព្ទ និង​ក្លែងបន្លំ​ជា​អ្នកគ្រប់គ្រង​របស់​ខ្លួន​ហើយ​ជា​លទ្ធផល ម្ចាស់​ក្លឹ​ប​ទាំងនោះ​ក៏​ព្រម​តាម​អ្នកស្រី ។

អ្វី​ដែល​អ្នក​អាច​រៀន​ពី​រឿង​នេះ​បាន​គឺ​ការ​រង​ចាំ​មនុស្ស​ដទៃ​ឲ្យ​ទទួលស្គាល់​សមត្ថភាព​និង​ទេព​កោសល្យ​របស់​អ្នក​មិន​អាច​ជួយ​អ្នក​ជោគជ័យ​លឿន​បាន​ទេ ។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​ធ្វើ​ជា​អ្នកគ្រប់គ្រង​របស់​ខ្លួនឯង និង​អ្នក​ផ្សព្វផ្សាយ​ខ្លួនឯង ។ អ្នក​មិន​គួរ​រង​ចាំ​រហូត​មាន​មនុស្ស​ជ្រើសរើស​អ្នក​ទេ តែ​អ្នក​អាច​ចាប់ផ្តើម​ជ្រើសរើស​ខ្លួនឯង​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ