ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​ថ្មី​របស់ Lamborghini អាច​ធ្វើ​ឱ្យ Ferrari ច្រណែន​បាន

4 ឆ្នាំ មុន

Lamborghini គឺជា​ក្រុមហ៊ុន​រថយន្ត​ដែល​ទើបតែ​ដាក់​ឱ្យ​មាននូវ​បច្ចេកវិទ្យា​ជំនួយការ​សម្លេង Amazon Alexa នៅ​លើ​រថយន្ត​របស់​ខ្លួន​។ ពោល​គឺ​រថយន្ត​ស្ព័​រ Lamborghini Huracan Evo ម៉ូ​ដែល​ឆ្នាំ​២០២០​។…

Lamborghini គឺជា​ក្រុមហ៊ុន​រថយន្ត​ដែល​ទើបតែ​ដាក់​ឱ្យ​មាននូវ​បច្ចេកវិទ្យា​ជំនួយការ​សម្លេង Amazon Alexa នៅ​លើ​រថយន្ត​របស់​ខ្លួន​។ ពោល​គឺ​រថយន្ត​ស្ព័​រ Lamborghini Huracan Evo ម៉ូ​ដែល​ឆ្នាំ​២០២០​។ កន្លង​មក​គេ​ធ្លាប់តែ​ឃើញ​មាននៅ​ម៉ូ​ដែល​រថយន្ត​ធម្មតា​ៗ​ដូច​ជា​រថយន្ត Toyota, Audi និង Ford​។ តែ​សម្រាប់​រថយន្ត​ស្ព័​រ​ល្បី​ៗ​មិន​ទាន់​មាននៅ​ឡើយ​ទេ​។ នេះ​គឺ​អាច​ធ្វើ​ឱ្យ Ferrari មិន​ច្រណែន​មិន​បាន​។

វី​ដេ​អូ​មួយ​ដែល​ចេញផ្សាយ​ដោយ Lamborghini បង្ហាញ​ពី​របៀប ដែល​បច្ចេកវិទ្យា Amazon Alexa ធ្វើការ​នៅ​ក្នុង​រថយន្ត​។ គេ​អាច​បញ្ជា​មុខងារ​នៅ​ក្នុង​រថយន្ត​បានជា​ច្រើន​ប្រភេទ ដោយ​គ្រាន់តែ​និយាយ​ប្រាប់​តែ​ប៉ុណ្ណោះ​។ ការ​បញ្ជា​ដូច​ជា ការ​ផ្លាស់​ប្តូរ​ពណ៌​ភ្លើង​ខាងក្នុង​រថយន្ត បញ្ជា​ម៉ាស៊ីនត្រជាក់ ពិនិត្យ​មើល​ព័ត៌មាន​បូម​កង់ ព័ត៌មាន​ប៉ុង​កង់ និង ការ​ចាក់​ភ្លេង​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​អាច​បញ្ជា​បើកទ្វារ​ផ្ទះ​ដាក់​ឡាន ពេល​ដែល​រថយន្ត​មក​ដល់​ខាង​មុខ​ផ្ទះ​។ តែ​នៅ​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ Amazon Alexa នឹង​មាននៅ​លើ​គ្រប់​ម៉ូ​ដែល Huracan Evo ឆ្នាំ​២០២០ ទាំងអស់ ឬ​ក៏ ត្រូវ​បន្ថែម Option ឬ​អត់​នោះ​ទេ​។

នាយក​ក្រុមហ៊ុន Lamborghini លោក Stefano Domenicali បាន​ប្រាប់​ថា ​៖ «Lamborghini គឺជា​រថយន្ត​ឆ្ពោះទៅ​កាន់​អនាគតកាល ហើយ​នេះ​គឺជា​លើក​ទី​មួយ​ដែល​ក្រុមហ៊ុន​រថយន្ត​បាន​ដាក់​ឱ្យ​មានការ​បញ្ជា​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​តាម​រយៈ Amazon Alexa​។ ចក្ខុវិស័យ​របស់​យើង​សម្រាប់ Alexa គឺ​ធ្វើ​ឱ្យ​វា​ទៅ​ជា​ការ​បញ្ជា​បែប​ធម្មជាតិ ហើយ Lamborghini អាច​សម្រេច​ទៅ​បាន​ដោយ​ដាក់​វា​ឱ្យ​មាននៅ​លើ​អេ​ក្រង់​បង្ហាញ​ព័ត៌មាន​»​។

លោក​បាន​បន្ត​ថា​៖ «​បច្ចេកវិទ្យា​នេះ​នឹង​ជួយ​ឱ្យ​ម្ចាស់​រថយន្ត Lamborghini ទទួល​បាន​ភាព​ងាយស្រួល​ដោយ​គ្រាន់តែ​បញ្ជា​ដោយ​សម្លេង ខណៈ​ដែល​កំពុង​ផ្តោតអារម្មណ៍​លើ​ការ​បើកបរ​។ ពួក​យើង​រំពឹង​ថា វា​នឹង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​របស់​អ្នកបើកបរ​នៅ​ពេល​យើង​ដឹក​ជញ្ជូន​អតិថិជន​នៅ​ឆ្នាំ​នេះ​»​។

នេះ​មិនមែន​គ្រាន់តែ​ជា​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ Lamborghini Huracan Evo នោះ​ទេ​។ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន Lamborghini បាន​ណែនាំ​នូវ​បច្ចេកវិទ្យា​ប៉ុង​ក្រោយ (Rear-Wheel-Drive) នៅ​លើ​រថយន្ត​ស្ព័​រ សម្រាប់​អ្នក​ស្រឡាញ់​រថយន្ត​ស្ព័​រ​។ បច្ចេកវិទ្យា​នេះ​អាច​បញ្ជូន​កម្លាំង​ដល់​ទៅ ៦១០​សេះ ទៅ​កាន់​កង់​ក្រោយ​ឱ្យ​វិល​ទៅ​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ