វិទ្យាស្ថានភូមិរូបវិទ្យាអាមេរិក USGS រាយការណ៍ថា មានការរញ្ជួយដីខ្លាំង២ កើតនៅប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃទី២៩ ទៅ៣០ កញ្ញា ចន្លោះពេលគ្នាត្រឹមតែ១នាទី ។ ការរញ្ជួយដីទីមួយកើតមាននាវេលាម៉ោង២និង១០នាទីម៉ោងក្នុងស្រុក នៅកន្លែងមួយចំងាយ១០៥គីឡូម៉ែត្រ ភាគពាយ័ព្យក្រុងដូបូ ក្នុងប្រជុំកោះ KEPULAUAN ARU ក្នុងដែនទឹកភាគអាគ្នេយ៍ ខេត្តប៉ាពូអាស៊ី ហើយស្ថិតក្នុងជំរៅ២១គីឡូម៉ែត្រ ក្រោមសមុទ្រ ។ ការរញ្ជួយដីនេះមានកំលាំង៦,៦រីស្ទ័រ ។ ចំណែកការរញ្ជួយដីទី២ ខ្លាំងជាងការរញ្ជួយដីលើកទីមួយ កត់សំគាល់ឃើញនៅកន្លែងដដែលនេះ មួយនាទីក្រោយការរញ្ជួយដីលើកទីមួយ ។ ការរញ្ជួយដីលើកទី២ មានកំលាំងដល់ទៅ៧,២រីស្ទ័រ ហើយចំណុចកណ្តាលរបស់វាស្ថិតនៅជំរៅ១២គីឡូម៉ែត្រ ក្រោមសមុទ្រ ។ ក្នុងពេលភ្លាមៗ ពុំទាន់មានសេចក្តីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតឡើយ រួចការប្រកាសអាសន្នស៊ូណាមី ក៏ត្រូវបានលុបចោលវិញដែរ ។ ការរញ្ជួយដីទាំង២នេះ កើតក្នុងតំបន់មួយស្ថិតនៅឆ្ងាយក្នុងសមុទ្រគឺនៅចន្លោះកោះញូវហ្គីណេ និងភាគខាងជើងអូស្ត្រា លី ៕
ចែករំលែកព័តមាននេះ