ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​អ្នក​ញៀន​ល្បែង​អេ​ឡិច​ត្រូ​និក​4​ទីតាំង

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២០ បាន​ឆ្មក់ចូល​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​ខុសច្បាប់​ជា​បន្ដបន្ទាប់​ចំនួន​៤ទីតាំង​ និង​ឃាត់​មនុស្ស​​៥៦​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​៣៦​នាក់ ទូ​បាញ់​ត្រី​១៥…

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២០ បាន​ឆ្មក់ចូល​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​ខុសច្បាប់​ជា​បន្ដបន្ទាប់​ចំនួន​៤ទីតាំង​ និង​ឃាត់​មនុស្ស​​៥៦​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​៣៦​នាក់ ទូ​បាញ់​ត្រី​១៥ ទូ​ស្លុត​ម៉ាស៊ីន​៦០​ ​លុយ​១៨.៩៣៨​ដុល្លារ លុយ​ខ្មែរ​(ពីរ​លាន​ប្រាំបី​សែន​បី​ម៉ឺន​រៀល​)​ ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​សារាចរ​ណែនាំ​លេខ ០៧​ស​.​រ​.​ណ​.​ន ចុះ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ របស់​រាជរដ្ឋាភិបាល​ស្តី​ពី​ការ​ពង្រឹង​ការ​គ្រប់គ្រង​បិទ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និក តាម​រយៈ​អុ​ិ​ន​ធើ​រ​ណេ​ត​(​អន​ឡាញ​) ក្នុង​និង​ក្រៅ​ប្រទេស នៅ​វេលា​ខាងលើ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​លោក និង​មានការ​សម្របសម្រួល​ផ្នែក​ច្បាប់​ពី​លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រះ​សីហ​នុ កម្លាំង​ជំនាញ​នៃ​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​សហការ​ជាមួយនឹង​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៣ បាន​ចុះ​ធ្វើការ​បង្ក្រាប​ល្បែងភ្នាល់​ហ្គេ​ម​ខុសច្បាប់​ជា​បន្ដបន្ទាប់​ចំនួន​៤​ទីតាំង ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ទីតាំង​ល្បែងភ្នាល់​ខុសច្បាប់​ទី​១-​យីហោ​មណ្ឌល​កម្សាន្ត​តា​ចុង​ហ័​រ ស្ថិត​នៅ​ភូមិ​១ សង្កាត់​លេខ​៣ អ្នកគ្រប់គ្រង​ទីតាំង​ឈ្មោះ ណេ​ង ឈុ​ន​ពីង ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន សមត្ថកិច្ច​នគរបាល​រក​ឃើញ​តុ​ល្បែង​បាញ់​ត្រី​ចំនួន​៦ តុ​ស្លុត​ម៉ាស៊ីន​ចំនួន​៣០​ទូ អ្នកលេង​១៧​នាក់ (​ស្រី្ត​ម្នាក់​) ជា​ជនជាតិ​ចិន បុគ្គលិក​៦​នាក់ ( ស្រី្ត​៤​នាក់​) លុយ​១០,៨១៣​ដុល្លារ លុយ​ខ្មែរ​ចំនួន​ពីរ​លាន​បួន​ម៉ឺន​បី​ពាន់​រៀល (​របស់​ម្ចាស់​ទីតាំង​) លុយ​៥៩​រៀល លុយ​ខ្មែរ​២១៥០០​ដុល្លារ (​ជា​របស់​ភ្ញៀវ​) ទូរស័ព្ទ​១៣​គ្រឿង (​ជា​របស់​ភ្ញៀវ​) និង​ម៉ូតូ​៣​គ្រឿង សៀវភៅបញ្ជី​៥​ក្បាល និង​ឯកសារ​មួយ​ចំនួន​កាត​បញ្ចូល​ប៉ុង​ហ្គេ​ម​មួយ​ចំនួន​ធំ ។

ទីតាំង​ទី​២-​យីហោ​ហ្គេ​ម​កម្សាន្ត​តាក​វិ​ន​ផៃ ស្ថិត​ក្នុង​ក្រុម​២ ភូមិ​១ សង្កាត់​លេខ​៣ អ្នកគ្រប់គ្រង​ទីតាំង​ឈ្មោះ MENG YAO PENG ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន រក​ឃើញ​តុ​ហ្គេ​ម​បាញ់​ត្រី​២ តុ ទូ ហ្គេ​ម​នាគ​៨ ទូ​ប៉ម​៣ ទូ​ហ្គេ​ម​វ៉ៃ​គ្នា​១ សៀវភៅបញ្ជី​៨​ក្បាល ភ្ញៀវ​៤​នាក់ (​ទូរស័ព្ទ​៥​គ្រឿង​) បុគ្គលិក​២​នាក់​(​ស្រី្ត​ម្នាក់​) ទូរស័ព្ទ​១​គ្រឿង លុយ​១៤៧៨​ដុល្លារ លុយ​ខ្មែរ​៤០០០០​រៀល កាក់​៧០០​កាក់ ។

ទីតាំង​ទី​៣-​គ្មាន​ស្លាក​យីហោ ស្ថិត​ក្នុង​ក្រុម​២ ភូមិ​១ សង្កាត់​លេខ​៣ អ្នកគ្រប់គ្រង​ឈ្មោះ XU YI BIAO ភេទ​ប្រុស អាយុ​២១​ឆ្នាំ រក​ឃើញ​មាន​ទូ​ហ្គេ​ម​ត្រី​២ ទូ​ហ្គេ​ម​សត្វ​ចំនួន​៨ ទូ​ហ្គេ​ម​វ៉ៃ​គ្នា​១ ទូ​កាក់​ចំនួន​៦០០ ឃាត់ខ្លួន​ម្នាក់ ។

ទីតាំង​ទី​៤-​យីហោ​កាស៊ីណូ​ហៃ​ទុន​វ៉ា​ន ស្ថិត​ក្នុង​ក្រុម​២ ភូមិ​១ សង្កាត់​៣ គ្រប់គ្រង​ដោយ​ឈ្មោះ អុ​ឹ​ង គ័ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ រក​ឃើញ​មាន​តុ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៥​គ្រឿង ម៉ាស៊ីន​ស្លុត​១៨​ទូ ទូ​ចាក់​សេះ​៤ ទូ​ចាប់​តុក្កតា​១ លុយ​៣២៦៩​ដុល្លារ (​ដក​ពី​កាស៊ីណូ​) លុយ​៣៣៧៨​ដុល្លារ (​ដក​ពី​អ្នកលេង ) ទូរស័ព្ទ​ដៃ​ចំនួន​២២​គ្រឿង ឃាត់ខ្លួន​ថៅកែ និង​បុគ្គលិក​៤​នាក់ ឃាត់ខ្លួន​អ្នកលេង​២៣​នាក់ ។

សរុប​ទាំង​៤​ទីតាំង​ខាងលើ នគរបាល​បាន​ឃាត់ខ្លួន​មនុស្ស​៥៦​នាក់​(​ស្រី្ត​៦​នាក់​) ខ្មែរ​២០​នាក់ (​ស្រី្ត​៥​នាក់​) ជនជាតិ​ចិន​៣៦​នាក់ (​ស្រី្ត​ម្នាក់​) ទូ​បាញ់​ត្រី​១៥ តុ​ស្លុត​ម៉ាស៊ីន​៦០ លុយ​ដុល្លារ​១៨.៩៣៨​ដុល្លារ លុយ​ខ្មែរ​២.៨៣០.០០០​រៀល ម៉ូតូ​៣​គ្រឿង ទូរស័ព្ទ​ដៃ​៣៩​គ្រឿង សៀវភៅបញ្ជី​៥​ក្បាល និង​ឯកសារ​មួយ​ចំនួន កាក់​ហ្គេ​ម​១៣០០​កាក់ កា​តប​ញ្ជូ​ល​ប៉ុង​លេង​ហ្គេ​ម​មួយ​ចំនួន​ធំ ។

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ខាងលើ បាន​នាំ​មក​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដើម្បី​ធ្វើការ សាកសួរ​តាម​នីតិវិធី ។ រីឯ​ទូ​ហ្គេ​ម​បាញ់​ត្រី និង​ស្លុត​ម៉ាស៊ីន លោក​ព្រះរាជអាជ្ញា​រង​បាន​ឯកភាព​ឲ្យ​រក្សា​ទុក​ក្នុង​ទីតាំង​ដែល​បាន​ពិនិត្យ ជាក់​ស្ដែង​ដើម្បី​មាន​ចំណាត់ការ​បន្ដ​នៅ​ពេល​ក្រោយ​ទៀត ៕​

អត្ថបទសរសេរ ដោយ