ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ទីតាំង​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់​៤​ទីតាំង​ផ្សេង​គ្នា

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ នគរបាល​ស្នងការដ្ឋាន​ខេត្ត ព្រះ​សីហ​នុ​បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ភ្នាល់​ហ្គេ​ម​ខុសច្បាប់​ជា​បន្ដបន្ទាប់​ចំនួន​៤​ទីតាំង និង​ឃាត់ខ្លួន​មនុស្ស​៥៦​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​៣៦​នាក់ ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​១៥​ទូ​,…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ នគរបាល​ស្នងការដ្ឋាន​ខេត្ត ព្រះ​សីហ​នុ​បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ភ្នាល់​ហ្គេ​ម​ខុសច្បាប់​ជា​បន្ដបន្ទាប់​ចំនួន​៤​ទីតាំង និង​ឃាត់ខ្លួន​មនុស្ស​៥៦​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​៣៦​នាក់ ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​១៥​ទូ​, ស្លុត​ម៉ាស៊ីន​ចំនួន​៦០​ទូ​, លុយ​១៨.៩៣៨​ដុល្លារ​, លុយ​២.៨៣០.០០០​រៀល និង​ម៉ូតូ​ចំនួន​៣​គ្រឿង ។

លោក​ឧត្តមសេនីយ៍ ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​តាម​សារាចរ​ណែនាំ​លេខ​០៧ ស​.​រ​.​ណ​.​ន ចុះ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ របស់​រាជរដ្ឋាភិបាល​ស្តី​ពី​ការ​ពង្រឹង​ការ​គ្រប់គ្រង​បិទ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាម​រយៈ​អុីន​ធី​ណេ​ត​អន​ឡាញ​ក្នុង​និង​ក្រៅប្រទេស តាម​ពេលវេលា​ខាងលើ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​លោក និង​មានការ​សម្របសម្រួល ផ្នែក​ច្បាប់​ពី លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង ខេត្ដ​ព្រះ​សីហ​នុ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយនឹង​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន នគរបាល​ក្រុងព្រះសីហនុ ប៉ុស្ដិ៍​នគរបាល រដ្ឋបាល សង្កាត់​លេខ​៣ បាន​ចុះ​ធ្វើការ​បង្ក្រាប​ទីតាំង​ភ្នាល់​ហ្គេ​ម​ខុសច្បាប់​ជា​បន្ដបន្ទាប់​ចំនួន​៤​ទីតាំង ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នាំ​មក​កាន់​ការិយាល័យ នគរបាល ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដើម្បី ធ្វើការ​សាកសួរ​តាម​នីតិវិធី រីឯ​ទូ​ហ្គេ​ម​បាញ់​ត្រី និង​ស្លុត​ម៉ាស៊ីន លោក​ព្រះរាជអាជ្ញា​រង​បាន ឯកភាព​ឲ្យ​រក្សា​ទុក​ក្នុង​ទីតាំង ដែល​បាន​ពិនិត្យ​ជាក់ស្ដែង ដើម្បី​មាន​ចំណាត់ការ​បន្ត​នៅ​ពេល​ក្រោយ​ទៀត ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ