ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្នែក​វប្បធម៌ និង​វិចិត្រសិល្បៈ ការ​ថែរក្សា​ការពារ ជា​កិច្ចការ​ស្មុគស្មាញ​គ្មាន​ទី​បញ្ចប់

14 ឆ្នាំ មុន

វប្បធម៌ និង​វិចិត្រសិល្បៈ​ដ៏​រុងរឿង​របស់ខ្មែរ បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ក្នុងដំណាក់​កាលដែល​ប្រទេស​ កម្ពុជា​ស្ថិត​ក្នុង​វិបត្ដិសង្គម និង​សង្គ្រាមរ៉ាំរ៉ៃ​ជិត​៣​ទស​វត្ស ជាពិសេស​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត​។ ប៉ុន្ដែ​ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាប់​មិន​ដាច់​របស់​រាជរដ្ឋាភិបាល​​ ប្រទេស​ទាំងមូល​បានរួច​ផុត​ពី​សង្គ្រាម។ សន្ដិភាព ឯកភាព​ជាតិ ប្រជាធិបតេយ្យ សន្ដិសុខ និង​សណ្ដាប់ធ្នាប់ សង្គម​ត្រូវ​បាន​កសាង និង​ពង្រឹង​ដែល​ទាំងនេះ​គឺជា​កត្ដាចាំបាច់​បំផុត​សំរាប់​នាំ​ឱ្យ​ប្រទេស ទាំងមូល​ឈាន​មក​ដល់​កំរិត​អភិវឌ្ឍន៍​ដូចសព្វថ្ងៃ ។

វប្បធម៌ និង​វិចិត្រសិល្បៈ​ដ៏​រុងរឿង​របស់ខ្មែរ បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ក្នុងដំណាក់​កាលដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​វិបត្ដិសង្គម និង​សង្គ្រាមរ៉ាំរ៉ៃ​ជិត​៣​ទស​វត្ស ជាពិសេស​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត​។ ប៉ុន្ដែ​ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាប់​មិន​ដាច់​របស់​រាជរដ្ឋាភិបាល​​ ប្រទេស​ទាំងមូល​បានរួច​ផុត​ពី​សង្គ្រាម។ សន្ដិភាព ឯកភាព​ជាតិ ប្រជាធិបតេយ្យ សន្ដិសុខ និង​សណ្ដាប់ធ្នាប់ សង្គម​ត្រូវ​បាន​កសាង និង​ពង្រឹង​ដែល​ទាំងនេះ​គឺជា​កត្ដាចាំបាច់​បំផុត​សំរាប់​នាំ​ឱ្យ​ប្រទេស ទាំងមូល​ឈាន​មក​ដល់​កំរិត​អភិវឌ្ឍន៍​ដូចសព្វថ្ងៃ ។

បន្ថែម​លើ​សកម្មភាព​អភិវឌ្ឍន៍​នៅ​គ្រប់វិស័យ​រាជរដ្ឋាភិបាល​បាន​ផ្ដល់​អាទិភាព​ខ្ពស់ ទៅ​ដល់​វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ ជាមួយនឹង​ចក្ខុវិស័យយុទ្ធសាស្ដ្រ និង​ផែនការ​សកម្មភាព​ដ៏​ច្បាស់លាស់​ដោយ​ចាត់​ទុកថា វប្បធម៌ និង​ជា​វិចិត្រសិល្បៈ គឺជា​ព្រលឹងជាតិ និង​អត្ដសញាណ​ជាតិខ្មែរ ដែល​មានតំលៃ​មហាសាល​ពុំ​អាច​កាត់ថ្លៃ​បាន ព្រមទាំង​ជា​ប្រភព​មិន​ចេះ​រីងស្ងួត​សំរាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​និរន្ដរភាព។

ការ​ដាក់​ចេញ​នូវ​គោលដៅ​វប្បធម៌ “​កម្ពុជាៈ ព្រះរាជាណាចក្រ​នៃ​វប្បធម៌​” នា​ពេល​នេះ គឺពិតជា​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​វប្បធម៌​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​តាម​រយៈការ​ទប់ស្កាត់​ការ​ហូរ​ចូល​នូវ​ឥទ្ធិពល​អវិជ្ជមាន ផ្នែក​វប្បធម៌​ពី​បរទេស និង​ការ​លើកតំកើងវប្បធម៌ និង​អារ្យធម៌​ខ្មែរលើ​ឆាក​អន្ដរជាតិ ។

សមិទ្ធផល​ជា​ច្រើន​ដែល​កើត​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​នៅ​លើឆាក​អន្ដរជាតិ គឺ​ស្ដែង​ឡើង​តាម​រយៈ​ការ​ចុះបញ្ជី​អង្គរ​ជា​បេតិកភណ្ឌ​ពិភពលោក​កាលពី ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​១៩៩២ ការ​បញ្ចូល​របាំ​ក្បាច់បុរាណ​ខ្មែរ “​របាំ​ព្រះរាជ​ទ្រព្យ​” ក្នុង​បញ្ជី​បេ​តិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​កាលពី ថ្ងៃ​ទី​៧ វិច្ឆិកា ឆ្នាំ​២០០៣ និង “​ល្ខោន ស្រមោល​ស្បែក​ធំ​” នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ ២០០៥​។

ជា​ពិសេស​ព្រឹត្ដិការណ៍​ប្រវត្ដិសាស្ដ្រ គឺ​នៅ​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០០៨ ប្រាសាទ​ព្រះវិហារ​ដែល​ជាទី​សក្ការៈ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជីបេតិកភណ្ឌ​ពិភពលោក ហើយ​នៅ​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០០៩ ប្រទេស​កម្ពុជា​ទទួល​បានជំនឿ​ទុកចិត្ដ និង​ការ​គាំទ្រ​ដ៏​ធំធេង​ពី​សំណាក់អន្ដរជាតិ​ដោយ​បាន​ជាប់​ឆ្នោត​លំដាប់​លេខ​២ ជា​សមាជិក​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក​ថែម​ទៀត ។

ទន្ទឹម​នឹង​ជោគជ័យ​នា​ពេល​កន្លង​មកយើង​នៅ​មាន​កិច្ចការ​សំខាន់​ៗ​ជា​ច្រើន​ទៀត ដែល​ត្រូវ​បំពេញជា​ពិសេស​កិច្ចការ​ទាញប្រយោជន៍​ពី​បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបីរបស់​ជាតិ ។ ជា​អាទិ៍ ប្រាសាទសំបូរព្រៃគុក នៅ​ខេត្ដកំពង់ធំ ប្រាសាទបន្ទាយឆ្មារ​នៅ​ខេត្ដបន្ទាយ​មាន​ជ័យ ប្រាសាទ​បាណ​ន់ ប្រាសាទឯក​ភ្នំ ប្រាសាទ​ស្នឹង នៅ​ខេត្ដបាត់ដំបង ប្រាសាទ​វត្ដ​នគរ និង​បន្ទាយ​ព្រៃនគរ​នៅ​ខេត្ដកំពង់ចាម ប្រាសាទភ្នំជីសូរ ភ្នំ​បា​យ៉ង់ ភ្នំ​ដា នៅ​ខេត្ដតាកែវ ។​ល​។ សុទ្ធសឹងតែ​មាន លក្ខណសម្បត្ដិ​គ្រប់គ្រាន់​ក្នុង​ការ​ទាក់ទាញភ្ញៀវ​ទេសចរ ប៉ុន្ដែ​ទាមទារ​ឱ្យ​យើង​យកចិត្ដទុកដាក់​កែ​លំអ​កសាង​បន្ថែម​នូវ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ចាំបាច់​មួយ​ចំនួន​បន្ថែម​ទៀត ​សំរាប់​ការពង្រីក​គោលដៅ​ទេសចរណ៍វប្បធម៌​។

ចំណែក​បេតិកភណ្ឌ​វប្បធម៌​អរូបី ដូច​ជា សិល្បៈ​ទស្សនីយភាព សិល្បៈ​សូន​រូប ប្រពៃណី ទំនៀមទំលាប់ និង​ពិធីបុណ្យ​នានា​សុទ្ធតែអាចយ​កមក​កែ​ច្នៃ និង​បង្កើត​ជា​ផលិតផល ឧស្សាហកម្ម​វប្បធម៌ សំរាប់​ជា​ជំនួយ​ដល់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ។ ជាក់ស្ដែងសកម្មភាព​ពង្រឹង​ឧស្សាហកម្ម​វប្បធម៌ ដូច​ជា ការ​បង្កើត​នូវ​ទំរង់ និង​ទស្សនីយភាព​សិល្បៈថ្មី​ៗ សិប្បកម្ម​គ្រប់​ប្រភេទ សិល្បៈ​ភាពយន្ដ និង​ការ​បង្កើត​ព្រឹត្ដិការណ៍​វប្បធម៌ដូច​ជា មហោស្រព​ខ្លែង មហោស្រព​សិល្បៈ​ទស្ស នី​យ​ភាព មហោស្រព​ប្រឡង​ម្ហូប​ខ្មែរ ការបង្ហាញ​សំលៀក​បំពាក់​ប្រពៃណី ការ​តាំងពិព័រណ៍​វប្បធម៌ គឺ​សុទ្ធតែ​ជា​ការ​អភិវឌ្ឍន៍នូវ​ទំនិញ និង​សេវាកម្ម​វប្បធម៌ សំដៅ​ទាក់ទាញ​អ្នក​ប្រើប្រាស់ ព្រមទាំង​បង្ហាញ​អត្ដសញ្ញាណ​ជាតិខ្មែរ​ ឱ្យ​សាធារណជន​ក្នុង​និងក្រៅប្រទេស​បាន​ស្គាល់​កាន់តែ​ច្បាស់ ។

លោក​ឧបនាយករដ្ឋមន្ដ្រី សុខ អាន បានថ្លែង​ក្នុង​សុន្ទរកថា​របស់​លោក​ក្នុង​ពិធី​បិទសន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​ឆ្នាំ​២០០៩​ថា ដើម្បី​បន្ដ​កិច្ចការថែរក្សា​ការពារ​សម្បត្ដិ​វប្បធម៌​អារ្យធម៌​ជាតិ និង​ការ​អនុវត្ដន៍​គោលនយោបាយ​វប្បធម៌របស់​រាជរដ្ឋាភិបាល​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ខ្ញុំ​សូម​ឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បន្ដ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​បង្កើន​កិច្ចសហការ​ជាមួយ​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ជាតិ​និង​អន្ដរជាតិ​ទាំងអស់ ជា​ពិសេស​វិស័យ​ឯកជន ដើម្បី​ប្រើប្រាស់​សក្ដានុពល​វប្បធម៌​ខ្មែរ សំរាប់​បង្កើតជា​ផលិតផល​វប្បធម៌​ថ្មី​ៗ​ក្នុង​ទិស​ដៅ​ចូលរួមកាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន ​នៅទូ​ទាំង​ប្រទេស​ដោយ​ផ្ដោត​ការ​យកចិត្ដ​ទុកដាក់​លើ​សកម្មភាព​មួយ​ចំនួន​ដូច​ខាងក្រោមៈ

១-​ត្រូវ​បង្កើន​ការ​បណ្ដុះបណ្ដាល​ធនធាន មនុស្ស និង​ត្រូវ​អភិវឌ្ឍន៍​សមត្ថភាព​មន្ដ្រី​រាជការ​សំរាប់​វិស័យ​វប្ប​ធ​ម៊ និង​វិចិត្រសិល្បៈ​ឱ្យសម​ស្រប​ទៅ​តាម​តំរូវការ​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ។

២-​បន្ដ​ពង្រឹង​សកម្មភាព​ទាញ​យកប្រយោជន៍​ពី​សក្ដានុពល​សម្បត្ដិ​វប្បធម៌ ដែល មាននៅ​ទូ​ទាំង​ប្រទេស ។ ក្នុង​ន័យ​នេះ ក្រសួង​វប្បធម៌ និង​វិ​ចិ​ត្រិ​សល្បៈ​គួរ​ផ្ដោត​ការយកចិត្ដទុកដាក់​ទៅ​លើ​ការងារ​មួយ​ចំនួន​ដូច ខាងក្រោមៈ
-​បន្ដ​រៀបចំ​តំបន់​បេតិកភណ្ឌ​វប្បធម៌ បន្ថែម​ទៀត​នៅ​តាម​បណ្ដា​ខេត្ដ​ដូច​ជា​នៅខេត្ដកំពង់ធំ តាកែវ បន្ទាយ​មាន​ជ័យ បាត់ដំបង កំពង់ចាម កណ្ដាល និង​កំពត ឱ្យទៅជា​មណ្ឌល​វប្បធម៌​ដ៏​ទាក់ទាញ​សំរាប់​បំរើសេវា​ទេសចរណ៍វប្បធម៌​ដែល​កាន់តែ​មានការ​កើនឡើង​នា​ពេល​បច្ចុប្បន្ន ។
-​ត្រូវ​ខិតខំ​ពង្រីក​រមណីយដ្ឋាន​វប្បធម៌ ព្រោះថា រមណីយដ្ឋាន​ទាំងនេះ ក៏​អាច​ជាគោលដៅ​ដ៏​មាន​សក្ដានុពល​សំរាប់​ការ​ថតភាពយន្ដ​ផង​ដែរ ។ ជា​ការ​ពិត វិស័យ​ភាពយន្ដ​របស់​កម្ពុជា​មិន​អាច​ប្រកួតប្រជែង​ជាមួយ​ភាពយន្ដ​អន្ដរជាតិ​បាន​នោះ​ទេ​នា​ពេលបច្ចុប្បន្ន​នេះ ប៉ុន្ដែ​កម្ពុជា​មាន​សក្ដានុពល​ភាពធំធេង​ទាំង​សម្បត្ដិ​វប្បធម៌ និង​ធម្មជាតិ ដែលអាច​ឱ្យ​យើង​ទាញ​យក​ផលប្រយោជន៍​បានតាម​រយៈ​ការ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍ កាន់តែ​ខ្ពស់​ថា “​កម្ពុជា​ជាទី​កន្លែង​ដ៏​សម​ស្រប បំផុត​សំរាប់​ការ​ថត​ខ្សែភាពយន្ដ​អន្ដរជាតិ​” ។ក្នុង​ន័យ​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ គួរ​បន្ដ​កិច្ច​សហប្រតិបត្ដិការ​ជាមួយអាជ្ញា​ធរមាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​យន្ដការ “​ច្រកចេញ​-​ចូល​តែមួយ​ផ្នែក​សិល្បៈ​ភាពយន្ដ និង​វី​ដេ​អូ​” ដើម្បីបង្ក​លក្ខណៈ​ងាយស្រួល​ដល់​ក្រុមហ៊ុន​ជាតិ និង​អន្ដរជាតិ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ភាពយន្ដនៅ​កម្ពុជា ។

៣-​បន្ដ​ជំរុញ​ការ​ផ្ដល់​សេវា​លើ​វិស័យ សិល្បៈ​ទស្សនីយភាព និង​សិល្បៈ​សូន​រូប ព្រម ទាំង​សិល្បៈ​សិប្បក​ម្មៈ

-​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ត្រូវ​បន្ដកិច្ច​សហប្រតិបត្ដិការ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម ទៀត​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អង្គការជាតិ និង​អន្ដរជាតិ និង​វិស័យ​ឯកជន ដើម្បីបន្ដ​រៀបចំ​ឱ្យ​បាន​កាន់តែ​ប្រសើរ​នូវ​ព្រឹត្ដិការណ៍​នៃ​ទិវា​វប្បធម៌​ជាតិ​៣​មីនា និង​ម​ហោស្រព​វប្បធម៌​ប្រពៃណី​សិល្បៈ​ជាតិ ជា​អាទិ៍ មហោស្រព​សិ​​ល្បៈ​ទស្សនីយភាព ម​ហោស្រព​ខ្លែង​ខ្មែរ ការ​បង្ហាញ​គំរូ​សំលៀក​បំពាក់ខ្មែរ មហោស្រព​ម្ហូប​ខ្មែរ មហោស្រព​សិល្បៈ សូន្យ​រូប និង​សិល្បៈ​សិប្បកម្ម និង​ការ​តែងនិពន្ធ ។ខ្ញុំ​ពិតជា​មាន​ជំនឿ​ថា ព្រឹត្ដិការណ៍វប្បធម៌​ទាំងនេះ​នឹង​បង្ក​លក្ខណៈ​កាន់តែប្រសើរ​ដល់​ការ​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ​តាម រយៈ​ការ​បង្ហាញ​ស្នាដៃ​វប្បធម៌​ថ្មី​ៗ ការ​លក់ផលិតផល​វប្បធម៌​ផ្សេង​ៗ និង​ទាក់ទាញភ្ញៀវ​ទេសចរ​។

-​បន្ដ​ឱ្យ​មានការ​ចូលរួម​ពី​សំណាក់​វិស័យ ឯកជន ដើម្បី​ជំរុញ​វិស័យ​សិល្បៈ​ទស្សនី​យភាព សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្បកម្ម​ឱ្យ ទៅ​ជា​ឧស្សាហកម្ម​វប្បធម៌ សំដៅ​បង្កើត និង ចែកចាយ​ផលិតផល ព្រមទាំង​ផ្ដល់​សេវាកម្ម វប្បធម៌​ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​តំរូវការរបស់​ទីផ្សារ​ក្នុងស្រុក និង​អន្ដរជាតិ ។

៤-​ពង្រឹង​ការ​អនុវត្ដន៍​ច្បាប់​ស្ដី​ពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ឱ្យទៅ​ជាកត្ដាចាំបាច់​ក្នុង​ការ​លើកទឹកចិត្ដ​អ្នកនិពន្ធ​ឱ្យ បង្កើត​ស្នាដៃ​ថ្មី​ៗ និង​ទាក់ទាញ​អ្នក​វិនិយោគ ក្នុង​វិស័យ​ឧស្សាហកម្ម​វប្បធម៌ ។ ក្នុង​ន័យនេះ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ិ​ល្បៈ​ត្រូវ​បន្ដផ្សព្វផ្សាយ​បទដ្ឋាន​គតិ​យុ​ត្ដ ខ្នាត​សិល្បៈ​ខ្មែរ ដល់​អ្នកនិពន្ធ សិប្បករ សិល្បករ សិល្ប​ការិនី ក្រុមហ៊ុន ផលិតកម្ម​ចំរៀង ភាពយន្ដ វី​ដេ​អូ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ស្នាដៃ​សិល្បៈ​ដែល​ត្រូវបាន​ផលិត​ចេញ​មាន​លក្ខណៈ​សម​ស្រប​ទៅ តាម​តំលៃ​វប្បធម៌ ទាំង​អត្ថន័យ អត្ថរូប និង អត្ថរស ហើយ​គោរព​ឱ្យ​បាន​នូវ​សិទ្ធិ​របស់សិល្បករ សិប្បករ​ដូច​គ្នា ។

ទន្ទឹម​នឹង​នេះ ក្រសួង​ត្រូវ​បន្ដ​ពង្រឹង​ការអនុវត្ដន៍​ច្បាប់​ស្ដី​ពី​កិច្ច​ការពារ​បេតិកភណ្ឌវប្បធម៌ និង​អនុ​ក្រឹ​ិ​ត្យ​ស្ដី​ពី​ការ​អនុវត្ដន៍ កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌​ជំរុញ​ការ​ទប់ស្កាត់​ការ​លួច​ជីក​កកាយ ការ​ចរាចរណ៍​វត្ថុ​បុរាណដោយ​ខុសច្បាប់ការ​បំផ្លិច បំផ្លាញ​រមណីយដ្ឋា​ន​ប្រាសាទបុរាណ​ជាដើម ។ ដោយឡែក ក្រសួងក៏​ត្រូវ​រៀបចំ​ព្រះរាជក្រឹត្យ​កំណត់ព្រំដែន​នៃ​បរិវេណ​រមណីយដ្ឋាន​ដែល​ត្រូវ​ការពារ​ដូច​មាន​ចែង​ក្នុង​មាត្រា​៦​នៃ​កិច្ច​ការពារបេតិកភណ្ឌ​វប្បធម៌ ដើម្បី​ជំរុញ​អភិរក្ស និងអភិវឌ្ឍ​រមណីយដ្ឋាន​ប្រាសាទបុរាណ​ប្រកប ដោយ​ចីរភាព​។

លើស​ពី​នេះ​ត្រូវ​រៀបចំ​ឱ្យបាន​សំរេច​ជា​បន្ទាន់​នូវ​អនុក្រឹត្យ​ចំនួន​៣ ស្ដី​ពីការ​គ្រប់គ្រង​សិល្បៈ​ទស្សនីយភាព ការ​គ្រប់គ្រង​សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្បកម្ម និងការ​បង្កើត​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​ក្នុង​ការផ្ដល់​សេវាកម្ម​ដល់​វិស័យ​ឯកជន​ក្នុង​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​វប្បធម៌​ឱ្យ​មាន​ប្រសិទ្ធភាព​។

កិច្ចការ​ថែរក្សា​ការពារ និង​អភិវឌ្ឍ​វប្បធម៌​អារ្យធម៌​ជាតិ គឺជា​កិច្ចការ​ដែល​ប្រកបដោយ​ភាព​ស្មុគស្មាញ និង​គ្មាន​ទី​បញ្ចប់ ព្រមទាំង​ទាមទារ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាប់មិន​ដាច់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ការ​ចូលរួមចំណែក​គ្រប់​រូបភាព​ពី​សំណាក់​អង្គការ​ជាតិ និង​អន្ដរជាតិ វិស័យ​ឯកជន និង​មហាជន​។ សម្បត្ដិ​វប្បធម៌ គឺជា​សម្បត្ដិ​របស់​យើង​ទាំងអស់​គ្នា ដូច្នេះ​ខ្ញុំ​ពិតជា​មាន​ជំនឿ​យ៉ាង​មុតមាំថា កិច្ច​សហប្រតិបត្ដិការ​ដ៏​ល្អ ជិត​ស្និទ្ធ និង ស្មោះត្រង់​រវាង​គ្រប់​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ ទាំងអស់​នឹង​នាំ​មក​នូវ​ការ​ថែរក្សា និង​អភិវឌ្ឍន៍​វប្បធម៌​ប្រកបដោយ​ផ្លែផ្កា ៕