ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំងបំរើសេវាអ៊ិនធើរណេតយីហោ«ឡាក់គីឆាយ៉ា» កន្លែងភ្នាល់បាល់ដ៏ធំមួយនៅកណ្តាលក្រុងសៀមរាប

13 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ សមត្ថ​កិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​សៀម​រាប កាល​ពី​ម្សិល​មិញ​បាន​បើក​ប្រតិ​បត្តិ​ការ​ឆ្មក់​ចូល​បង្ក្រាប​ទី​តាំង​ចាក់ ​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ិន​​ធើរ​ណេត ដ៏​ធំ​មួយ​កន្លែង​ដែល​មាន​យី​ហោ «ឡាក់​គី​ឆា​យ៉ា»​ របស់​ថៅកែ​ជន​ជាតិ​ម៉ាឡេ​ស៊ី ស្ថិត​នៅ​ជាប់​ផ្សារ​កណ្តាល​​ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​ទេស​ចរណ៍​សៀម​រាប ដោយ​បាន​រឹប​អូស​​វត្ថុ​តាង​ប្រព្រឹត្ត​បទ​ល្មើស​មួយ​ចំនួន និង​ឃាត់​ខ្លួន​មនុស្ស​ស្រី ប្រុស​ចំនួន​៨​នាក់​ផង​ដែរ ។ លោក​វរ​សេនីយ៍

ខេត្ត​សៀមរាប ៖ សមត្ថ​កិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​សៀម​រាប កាល​ពី​ម្សិល​មិញ​បាន​បើក​ប្រតិ​បត្តិ​ការ​ឆ្មក់​ចូល​បង្ក្រាប​ទី​តាំង​ចាក់​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ិន​​ធើរ​ណេត ដ៏​ធំ​មួយ​កន្លែង​ដែល​មាន​យី​ហោ «ឡាក់​គី​ឆា​យ៉ា»​ របស់​ថៅកែ​ជន​ជាតិ​ម៉ាឡេ​ស៊ី ស្ថិត​នៅ​ជាប់​ផ្សារ​កណ្តាល​​ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​ទេស​ចរណ៍​សៀម​រាប ដោយ​បាន​រឹប​អូស​​វត្ថុ​តាង​ប្រព្រឹត្ត​បទ​ល្មើស​មួយ​ចំនួន និង​ឃាត់​ខ្លួន​មនុស្ស​ស្រី ប្រុស​ចំនួន​៨​នាក់​ផង​ដែរ ។ លោក​វរ​សេនីយ៍ ភឹង ចន្តា​រ៉េត នាយ​ការិយា​ល័យ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​ខេត្ត​សៀម​រាប ដែល​បា​នដឹក​នាំ​កំលាំង​ផ្ទាល់​ចុះ​បង្ក្រាប​ទៅ​លើ​ទី​តាំង​ចាក់​ភ្នាល់​បាល់ «ឡាក់​គី​ឆា​យ៉ា» ​នោះ​បាន​ថ្លែង​ប្រាប់​ថា រាល់​ការ​លេង​ល្បែង​ស៊ី​សង ​គ្រប់​រូប​ភាព​នៅ​ក្នុង​ខេត្ត​សៀម​រាប មិន​ត្រូវ​បាន​អនុ​ញ្ញាត​ជា​ដាច់​ខាត​ ជា​ពិសេស​ល្បែង​ចាក់​ភ្នាល់​បាល់​ ដែល​ប្រ​មុខ​រាជ​រដ្ឋា​ភិបាល​បាន​ហាម​ប្រាម ។ ក៏​ប៉ុន្តែ​កន្លង​មក​ក្រុម​អ្នក​ឆ្មក់​លេង​គេ​មាន​​ល្បិច​ខ្ពស់​ដែរ​ ពិបាក​នឹង​តាម​ដាន ។

លោក​បាន​បន្ត​ទៀត​ថា ការ​បង្ក្រាប​ទៅ​លើ​ទី​តាំង​ចាក់​ភ្នាល់​បាល់​ខុស​ច្បាប់​យី​ហោ​«ឡាក់​គី​ឆា​យ៉ា» នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ដាក់​បណ្តាញ​យ៉ាង​ល្អិត​ល្អន់​ឱ្យ​ចូល​ទៅ​ចាក់​បាល់​នៅ​ក្នុង​ហាង​នោះ​ ដើម្បី​យក​វិក្កយ​​បត្រ​ចាក់​បាល់​ទុក​ជា​ភស្តុ​តាង​ត្រឹម​ត្រូវ ។ ជា​មួយ​គ្នា​នោះ​ដែរ​បុរស​ម្នាក់​​​​ឈ្មោះ​ស៊យ ឧត្តម ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ក្នុង​ប្រតិ​បត្តិ​ការ​បង្ក្រាប​នោះ​បាន​និយាយ​ថា គាត់​ពុំ​បាន​ចាក់​បាល់​នៅ​ក្នុង​ហាង​នោះ​​ទេ គឺ​គាត់​មក​ហាង​នេះ​ឆែក​មើល​លទ្ធ​ផល​បាល់​ទាត់​ប៉ុណ្ណោះ ព្រោះ​គាត់​បាន​ចាក់​នៅ​កន្លែង​ផ្សេង ។ ប៉ុន្តែ​គាត់​បដិ​សេធ​មិន​ប្រាប់​ឈ្មោះ​កន្លែង​ដែល​គាត់​ចាក់​បាល់​នោះ​ទេ ។ ដោយ​ឡែក​នារី​ម្នាក់​ទៀត​ឈ្មោះ​ស៊ិន សោភ័ណ្ឌ ជា​បុគ្គ​លិក​បំរើ​ការ​របស់​ហាង​អ៊ិន​ធើរ​ណេត «ឡាក់​គី​ឆាយ៉ា» ដែល​ត្រូវ​​បាន​បង្ក្រាប​នោះ បាន​បញ្ជាក់​ប្រាប់​ថា វា​ពិត​ជា​មាន​ការ​ចាក់​ភ្នាល់​បាល់​នៅ​ទី​​នេះ​អ៊ឺចឹង​មែន ប៉ុន្តែ​រូប​នាង​ពុំ​យល់​អំពី​បច្ចេក​ទេស​នៃ​ការ​លេង​ល្បែង​នោះ​ទេ ដោយ​សារ​តែ​រូប​នាង​ទើប​តែ​មក​ធ្វើ​ការ​បាន​តែ​ជាង​២០​ថ្ងៃ​​ប៉ុណ្ណោះ ។

យោង​ទៅ​តាម​របាយ​ការណ៍​បង្ក្រាប​របស់​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ក្នុង​ប្រតិ​បត្តិ​ការ​នោះ​គេ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​​៨នាក់​ ក្នុង​នោះ​ស្រី្ត​៣​នាក់​ជា​បុគ្គ​លិក​បំរើ​ការ​ និង​ប្រុស​​៥​នាក់​​ជា​អ្នក​ចាក់​បាល់​ ។ ក្រៅ​ពី​នោះ​ក៏​បាន​រឹប​អូស​វត្ថុ​តាង​ប្រព្រឹត្ត​បទ​ល្មើស​​មួយ​ចំនួន​ ក្នុង​នោះ​ប្រាក់​ចំនួន​៩៨២​​ដុល្លារ​ ម៉ូតូ​ចំនួន​៤​គ្រឿង កុំព្យូទ័រ​ចំនួន​១១​គ្រឿង និង​កាមេ​រ៉ា​សន្តិ​សុខ​ចំនួន​៤​គ្រឿង រួម​ទាំង​វត្ថុ​តាង​ផ្សេងៗ​ដែល​​បំពាក់​នៅ​​ក្នុង​​ហាង​​នោះ ។​ សូម្បី​តែ​ជំនាង​ផ្ទះ​ទៀន​ធូប​ និង​ចាន​ឆ្នាំង​ក៏​រឹប​អូស​យក​ដែរ ។ ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​សៀម​រាប-ឧត្តរ​មាន​ជ័យ លោក​ហេង ផេង ដែល​បាន​ចុះ​ដឹក​នាំ​ប្រតិ​បត្តិ​ការ​បង្ក្រាប​នា​ពេល​នោះ​បាន​មាន​ប្រសាសន៍​ថា ទី​តាំង​បំរើ​សេវា​​អ៊ិន​ធើរ​ណេត យី​ហោ «ឡាក់គី​ឆាយ៉ា» នេះ​វា​ពិត​ជា​ទី​កន្លែង​ភ្នាល់​បាល់​ដ៏​ធំ​មែន នេះ​បើ​យោង​ទៅ​លើ​វត្ថុ​តាង​មួយ​ចំនួន​ដែល​ឆែក​ឆេរ​ចាប់​​បាន​នៅ​នឹង​កន្លែង​ ក្នុង​នោះ​រួម​មាន​វិក្កយ​បត្រ​រួម​និង​គណនី​ចាក់​ភ្នាល់​បាល់​​ផង​ដែរ ។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា យ៉ាង​ហោច​ណាស់​អ្នក​ចាក់​បាល់​ត្រូវ​មាន​ទោស​ពី​៧​ថ្ងៃ​ទៅ​៣០​ថ្ងៃ ។ ដោយ​ឡែក​អ្នក​ជាប់​ពាក់​ព័ន្ធ​ដូច​ជា​អ្នក​ស៊ី​សង និង​ថៅកែ​ត្រូវ​មាន​ទោស​ចាប់​ពី​១​ឆ្នាំ​ទៅ​៣​ឆ្នាំ​ ឬ​បង់​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​ទៅ​២០​លាន​រៀល ។ សូម​បញ្ជាក់​ផង​ដែរ​ថា ទី​តាំង​ចាក់​ភ្នាល់​បាល់​​តា​ម​ប្រព័ន្ធ​អ៊ិន​ធើរ​ណេត​ដ៏​ធំ​ដែល​មាន​យី​ហោ «ឡាក់​គី​ឆាយ៉ា» របស់​ថៅកែ​ជន​ជាតិ​ម៉ាឡេ​ស៊ី ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើ​ការ​បង្ក្រាប​ខាង​លើ​នោះ ប៉ូលិស​ក្រុង​សៀម​រាប និង​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​ស្វាយ​ដង្គំ បាន​​ធ្វើ​ការ​ឆែក​ឆេរ​ម្តង​រួច​មក​ហើយ គឺ​នៅ​ថ្ងៃ​ទី​១៦ សីហា ឆ្នាំ​២០១០ ដោយ​បាន​​ទាំង​ធ្វើ​កិច្ច​សន្យា​ផ្អាក​អាជីវ​កម្ម​ជា​បណ្តោះ​អាសន្ន​ តែ​មិន​ដឹង​យ៉ាង​ម៉េច​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​មាន​ការ​បើក​លេង​វិញ​យ៉ាង​​គគ្រឹក​គគ្រេង​ដូច្នេះ ៕