ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្ករ​ក្លាយជា​បាយ ការ​ទាមទារ​ដក​ប្រាសាទព្រះវិហារ​ពី​បញ្ជី​បេតិកភណ្ឌ ប្រៀប​ដូច​ចង់ឱ្យ​បាយ​ក្លាយជា​អង្ករ

13 ឆ្នាំ មុន

ជា​ធម្ម​តា​​អង្ករ ​យើង​អាច​យក​ទៅ​បបរ ឬ​ដាំ​បាយ​ក៏​បាន ប៉ុន្តែ​ប្រសិន​បើ​ដាំ​ទៅ​ជា​​​បាយ​ហើយ​​គឺ​មិន​អាច​ក្លាយ​​មក​ជាអង្ករ​វិញ​បាន​ឡើយ ។ យ៉ាង​ណា​មិញ ប្រាសាទ​​ព្រះ​វិហារ​​របស់​កម្ពុជា​កាល​ណា​គណៈ​កម្មាធិ​ការ​បេតិក​ភណ្ឌ​ពិភព​លោក​ទទួល​ចុះ​បញ្ជី​ជា​ស្ថាពរ​ហើយ ក៏​មិន​អាច​មាន​អ្នក​ណា​​ម្នាក់ ឬ​ក្រុម​ណា​មួយ​មក​ជំទាស់​​​ប្តឹង​ឱ្យ​ដក​ ឬ​លុប​ចេញ​ពី​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​បាន​ឡើយ ពី​ព្រោះ​​សមា​ជិក​នៃ​គណៈ​កម្មាធិ​ការ​​បេតិកភណ្ឌ​ពិភព​លោក​​មាន​២១​ប្រទេស​​យល់​ព្រម

ជា​ធម្ម​តា​​អង្ករ ​យើង​អាច​យក​ទៅ​បបរ ឬ​ដាំ​បាយ​ក៏​បាន ប៉ុន្តែ​ប្រសិន​បើ​ដាំ​ទៅ​ជា​​​បាយ​ហើយ​​គឺ​មិន​អាច​ក្លាយ​​មក​ជាអង្ករ​វិញ​បាន​ឡើយ ។ យ៉ាង​ណា​មិញ ប្រាសាទ​​ព្រះ​វិហារ​​របស់​កម្ពុជា​កាល​ណា​គណៈ​កម្មាធិ​ការ​បេតិក​ភណ្ឌ​ពិភព​លោក​ទទួល​ចុះ​បញ្ជី​ជា​ស្ថាពរ​ហើយ ក៏​មិន​អាច​មាន​អ្នក​ណា​​ម្នាក់ ឬ​ក្រុម​ណា​មួយ​មក​ជំទាស់​​​ប្តឹង​ឱ្យ​ដក​ ឬ​លុប​ចេញ​ពី​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​បាន​ឡើយ ពី​ព្រោះ​​សមា​ជិក​នៃ​គណៈ​កម្មាធិ​ការ​​បេតិកភណ្ឌ​ពិភព​លោក​​មាន​២១​ប្រទេស​​យល់​ព្រម​​ ពេល​នោះ​​មាន​សំឡេង​​គាំទ្រ​​ជា​ឯក​ច្ឆន្ទ​ ហើយ​ក៏​មាន​តំណាង​ភាគី​​ប្រទេស​​ថៃ ជា​អ្នក​ឯក​ភាព​យល់​ព្រម​ផង​ដែរ ដោយ​ពេល​នោះ​ថៃ​ក៏​មិន​មាន​ការ​ជំទាស់​អ្វី​ទេ ។ សួរ​ថា ហេតុ​អ្វី​ពេល​ចុះ​បញ្ជី​បេតិ​ក​ភណ្ឌ​​​រួច​រាល់​ហើយ មកដល់​បច្ចុ​ប្បន្ន​​នេះ​ទើប​មាន​ការ​ជំទាស់​​ទៅ​វិញ? ការ​ពិត ​គឺ​រដ្ឋា​ភិបាល​ថៃ​​យក​លេស​​ដើម្បី​យក​ប្រជា​ប្រិយ​ភាព​ពី​ប្រជា​ពល​រដ្ឋ​ថៃ​ និង​ដោយ​សារ​វិបត្តិ​​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ថៃ​បាន​ធ្វើ​ឱ្យ​លោក​អាប់​ភី​ស៊ីត ​ធ្វើ​ការ​ទាម​ទារ​ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ជំទាស់​ម្តង​ហើយ​ម្តង​ទៀត ​ក្នុង​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ ​និង​តវ៉ា​ឱ្យ​អង្គ​ការ​យូណេ​ស្កូ​ដក​ប្រាសាទ​ព្រះ​វិហារ​ចេញ​ពី​បញ្ជី​​បេតិក​ភណ្ឌ​ពិភព​លោក​​ដោយ​ចោទ​ប្រកាន់​ថា ​គណៈ​កម្មាធិ​ការ​បេតិកភណ្ឌ​ពិភព​លោក​ទទួល​​ប្រាសាទ​ព្រះវិហារ​ចុះ​​ក្នុង​​បញ្ជី​បេតិ​ក​ភណ្ឌ​ពិភព​លោក​ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ​ឆ្នាំ​២០០៨ ​ទើប​មាន​ជម្លោះ​​ព្រំ​ដែន​​ និង​មាន​​កា​រផ្ទុះ​​សង្គ្រាម​​រវាង​ថៃ និង​កម្ពុជា ។

​យោង​តាម ASTV Manager Online ចុះ​​ផ្សាយ​​កាល​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០១១ តាម​រយៈ​លោក​ប៉ាក់​និដ្ឋាន ​វឌ្ឍ​នា​យ៉ា​កន ​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ថៃ បាន​បញ្ជាក់​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ អាប់​ភី​ស៊ីត បាន​ប្រគល់​ភារ​កិច្ច​​ឱ្យ​លោក​សុវីទ ឃុន​គិត​ទិ រដ្ឋ​មន្ត្រី​ក្រសួង​​ធន​ធាន​ធម្ម​ជាតិ និង​បរិ​ស្ថាន​ ដើម្បី​​ចូល​រួម​ប្រជុំ​​គណៈ​កម្មា​ធិការ​​បេតិក​ភណ្ឌ​ពិភព​លោក ហើយ​អាប់​ភី​ស៊ីត​អះ​អាង​​ទៀត​ថា «ថៃ​ចង់​ឱ្យ​ផ្អាក​​ការ​ចុះ​បញ្ជី​​ប្រាសាទ​ព្រះវិហារ​​​ជា​បេតិក​ភណ្ឌ​​ពិភព​លោក​សិន» ។

​ការ​ទាម​ទារ​​ដោយ​ងងឹត​ងងល់​​របស់​ភាគិ​ថៃ​​បែប​នេះ គឺ​កម្ពុជា​មិន​អាច​ទទួល​យក​បាន​​ជា​ដាច់​ខាត​ ពី​ព្រោះ​​ដើម​ចម​នៃ​បញ្ហា​​មិន​មែន​បណ្តាល​មក​ពី​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារ​​នោះ​ទេ គឺ​​កើត​ឡើង​ដោយ​សារ​ភាគី​ថៃ​លួចគូស​ផែន​​ទី​សម្ងាត់​​ជា​ឯក​តោ​ភាគី ឬ​ហៅ​ថា ផែន​ទី​ចោរ​ដែល​​មាន​បំណង​ឈ្លាន​ពាន​ចង់​បាន​ទឹក​ដី​កម្ពុជា ​​ជា​ពិសេស​ប្រាសាទ​ព្រះវិហារ ។ ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​​អស់​​ពេល​ជិត​បី​ឆ្នាំ​មក​ហើយ។ ដូច្នេះ ​កុំ​ថា​ឡើយ​បី​ឆ្នាំ សូម្បី​តែ​១ ឬ​២​វិនាទី ក៏​មិន​អាច​បង្ខំ​​ឱ្យ​គណៈ​កម្មាធិ​ការ​បេតិក​ភណ្ឌ​ពិភព​លោក​ដក ឬ​លុប​ប្រាសាទ​ព្រះ​វិហារ​​ចេញ​ពី​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​បាន​ដែរ ។

យោង​តាម​ប្រភព​ ASTV Manager Online ចុះ​ផ្សាយ​ថ្ងៃ​ទី​១ មីនា ​ឆ្នាំ​២០១១ បាន​ដក​ស្រង់​​សម្តី​របស់​លោក​កូអ៊ីជីរ៉ូ ​ម៉ាត់​ស៊ូ​​អ៊ូ​រ៉ា (Koichiro Matsuura) ដែល​ត្រូវ​​បាន​ផ្សាយ​ក្នុង​​ទី​ភ្នាក់​ងារ​​ព័ត៌​មាន​ចិន ស៊ីន​ហួ ​បាន​មាន​ប្រសាសន៍​​ថា «ប្រទេស​​ថៃ​មាន​ការ​តាំង​ចិត្ត​សុំ​ឱ្យ​យូ​ណេ​ស្កូ​ដក​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​​ចេញ ប៉ុន្តែ​ខ្ញុំ​​បាន​ជំរាប​ទៅ​លោក​អាប់​ភី​ស៊ីត ​និង​លោក​កាស៊ីត ​ភីរម្យ ថា ការ​ដក​ប្រាសាទ​ព្រះ​វិហារ​​​ចេញ​ពី​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​​នោះ​​ប្រព្រឹត្ត​ទៅ​មិន​បាន​ឡើយ នៅ​គ្រប់​រូប​ភាព ពី​ព្រោះ​ប្រាសាទ​ព្រះ​វិហារ​មាន​តម្លៃ​លេច​ធ្លោ​ជា​សកល» ។ លោក Koichiro Matsuura បាន​បន្ថែម​ទៀត​ថា «កន្លែង​បេតិក​ភណ្ឌ​ពិភព​លោក ប្រាសាទ​ព្រះ​វិហារ​ស្ថិត​នៅ​ក្រោម​ការទទួល​ខុស​ត្រូវ​របស់​យូណេស្កូ»។

អង្គ​ការ​យូណេស្កូ​មាន​​នីតិ​វិធី​​រៀង​រាល់​ខែ​កុម្ភៈ នៃ​ឆ្នាំ​នីមួយ​ៗ គឺ​សមា​ជិក​នៃ​អង្គ​ការ​យូណេស្កូ ត្រូវ​ផ្ញើ​គំរោង​ផែន​ការ​អភិ​រក្ស និង​ថែ​រក្សា​បេតិក​ភណ្ឌ​ពិភព​លោក​ ឬ​ដាក់​ពាក្យ​ស្នើ​សុំ​បញ្ចូល​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​នៃ​ប្រទេស​នីមួយ​ៗ​ត្រូវ​ផ្ញើ​ទៅ​អង្គ​ការ​យូណេស្កូ​១​ឆ្នាំ​មុន​កិច្ច​ប្រជុំ​នៃ​គណៈ​កម្មា​ធិការ​បេតិក​ភណ្ឌ​ពិភព​លោក ដើម្បី​ឱ្យ​សមា​ជិក​នៃ​គណៈ​កម្មា​ធិការ​បេតិក​ភណ្ឌ​ពិភព​លោក​ត្រួត​ពិនិត្យ​មុន​ពេល​ប្រជុំ និង​ប្រតិ​កម្ម​ក្នុង​ការ​យល់​ព្រម ឬ​មិន​យល់​ព្រម​នៃ​ការ​ចុះ​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក។​ ចុះ​ហេតុ​អ្វី​ពេល​នោះ​មិន​ជំទាស់​ តែ​បែរ​ជា​ជំទាស់​គ្មាន​ដឹង​ទិស​តំបន់​អ្វី​ទាំង​អស់​នៅ​ពេល​នេះ​ទៅ​វិញ ដែល​ការ​ជំទាស់​​នេះ​គឺ​ពុំ​មាន​តម្លៃ​នោះ​ទេ។

យើង​បាន​ដឹង​ហើយ​ថា សមា​ជិក​ទាំង​២១​ប្រទេស​នៃ​គណៈ​​កម្មា​ធិការ​បេតិក​ភណ្ឌ​ពិភព​លោក​គ្រប់​គ្នា​គេ​បាន​ពេញ​ចិត្ត​ និង​វិនិច្ឆ័យ​អំពី​លក្ខណ​សម្បត្តិ​ពេញ​លេញ​ដែល​ជា​តម្លៃ​លេច​ធ្លោ​ជា​សកល​នៃ​ប្រាសាទ​ព្រះ​វិហារ ទើប​សម្រេច​ចុះ​ប្រាសាទ​ព្រះ​វិហារ​ចូល​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក។

ប្រទេស​ថៃ​ជា​សមា​ជិក​មួយ​ក្នុង​ចំណោម​សមា​ជិក​គណៈ​កម្មា​ធិការ​ទាំង​២១​ប្រទេស ពិត​ជា​បាន​ដឹង​យ៉ាង​ប្រាកដ​អំពី​របៀប​វារៈ និង​នីតិ​វិធី​នៃ​ការ​ចុះ​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌ​​ថា រាល់​ពេល​ប្រជុំ​មិន​អាច​ជំទាស់​ក្នុង​ការ​ដក​ប្រាសាទ​ព្រះ​វិហារ​ចេញ​ពី​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​បាន​ឡើយ ហើយ​អ្វី​ដែល​គួរ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ពេល​នេះ​ដែរ គឺ​បន្ទាប់​ពី​ថៃ​បាន​បរា​​​ជ័យក្នុង​​​ការ​រារាំង​ជំទាស់​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​ពុំ​បាន​សំរេច​តាម​ផែន​ការ​​របស់​ខ្លួន​នោះ បែរ​ជា​លោក​នាយក​រដ្ឋ​មន្ត្រី អាប់​ភីស៊ីត យក​កំហឹង​មក​ដោះ​ស្រាយ​បញ្ហា​ ដោយ​បញ្ជា​ឱ្យ​កង​ទ័ព​ថៃ​បាញ់​បំផ្លាញ​ប្រាសាទ​ព្រះ​វិហារ​ឱ្យ​រង​ការ​បាក់​បែក​ជា​ដំណំ​កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ កុម្ភៈ ឆ្នាំ​២០១១ កន្លង​មក។ ការ​ប្រព្រឹត្ត​នូវ​អំពើ​ទាំង​នេះ ចាត់​ទុក​ថា ជា​ការ​រំលោភ​អនុ​សញ្ញា​ឡាអេ ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៤៥ ស្តីពី​ការ​​ការ​ពារ​សម្បត្តិ​វប្ប​ធម៌ កេរមរតក​នៃ​មនុស្ស​ជាតិ ក្នុង​ករណី​មាន​ជម្លោះ​ប្រដាប់​អាវុធ និង​អនុ​សញ្ញា​​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​១៩៧២ ស្តីពី​ការ​ការ​ពារ​បេតិក​ភណ្ឌ​ធម្ម​ជាតិ និង​វប្ប​ធម៌​ពិភព​លោក។ តួ​យ៉ាង​ដូច​ប្រសាសន៍​របស់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ក្រោយ​ពី​បាន​ជួប​លោក​កូអ៊ី​ជីរ៉ូ ម៉ាត់​ស៊ូ​អ៊ូ​រ៉ា បាន​បញ្ជាក់​ថា ការ​បាញ់​បំផ្លាញ​ប្រាសាទ​ព្រះ​វិហារ​ នេះ «​ជា​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ប្រឆាំង​សាសនា គឺ​ការ​បំផ្លាញ​វត្ត និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​វប្ប​ធម៌ គឺ​ការ​បំផ្លាញ​ប្រាសាទ​ដែល​ជា​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​យ៉ាង​ខ្លាំង​ដែល​ថៃ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​មិន​អាច​ប្រកែក​បាន​ឡើយ»។

ដូច្នេះ ​កម្ពុជា​មាន​កាតព្វ​កិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ផង និង​ប្រាសាទ​ព្រះ​វិហារ​ផង ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​រួច​ហើយ​នោះ គឺ​ថៃ​មិន​អាច​រំលោភ​លើ​សេចក្តី​សម្រេច​របស់​អង្គ​ការ​យូណេស្កូ​បាន​ទេ។ ក្នុង​ន័យ​ថា «អង្ករ​បាន​ក្លាយ​ជា​បាយ​រួច​ទៅ​ហើយ»៕                  

(រួម ជាតិ)